ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន​ទម្លាយ​អាថ៌កំបាំង​ដែល​នាំឲ្យ​លោក​បង្កើត​អង្គរក្ស​ការពារ​ខ្លួន​លោក​រាប់​ពាន់​នាក់​


រូបឯកសារ៖ នាយករដ្ឋ​មន្រ្តី​កម្ពុជា ហ៊ុន សែន និង​ភរិយា និយាយ​ជាមួយ​រដ្ឋ​មន្រ្តី​ក្រសួង​ការពារ​ជាតិ​ឡាវ​បន្ទាប់ពីបន្ទាប់​ពី​កាត់ខ្សែបូរ​រួច​ក្នុង​ទិវា​នយោបាយ​ឈ្នះៗ​និង​សម្ពោធ​វិមាន​ឈ្នះ ឈ្នះ​កាលពី​ព្រឹកថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ២០១៨ក្នុង​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា។(ទុំ ម្លិះ/VOA)

ក្នុង​សុន្ទរកថា​នៅ​ពិធី​រំឭក​ខួប​២០​ឆ្នាំ​នៃ​ការ​បង្កើត​បញ្ជា​ការដ្ឋាន​កងទ័ព​ជើង​គោក ​ លោក​ ហ៊ុន សែន​បាន​និយាយ​ថា ​លោក​បញ្ចេញ​អាថ៌កំបាំង​មួយ​ដែល​ថា ត្រូវ​ចាប់​ខ្លួន​ដោយ​ក្រុម​ដែល​មិន​ទទួល​ស្គាល់​លទ្ធផល​នៃ​ការ​បោះឆ្នោត​ វៀបចំ​ដោយ​អ.ស.ប.​អ៊ុនតាក់​កាល​ពី​ឆ្នាំ​១៩៩៣។

លោក​បន្ថែម​ថា លោក​ត្រូវ​បាន​ចាប់​ខ្លួន​ព្រោះ​លោក​ចង់​ទទួល​ស្គាល់​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ឆ្នាំ​១៩៩៣ ​តែ​ក្រុម​ដែល​ចាប់​ខ្លួន​លោក​នោះមិន​ចង់​ឲ្យ​លោក​ទទួល​ស្គាល់​លទ្ធផល​នៃការ​បោះ​ឆ្នោត​នោះ​ទេ។

លោក​បន្តថា ​លោក​សុខ​ចិត្ត​លា​លែង​ពី​តំណែង​នាយករដ្ឋមន្ត្រី​ជា​ជាង​បដិសេធ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោតដើម្បី​ចៀស​វាង​ការ​បង្ហូរ​ឈាមនិង​ដើម្បី​រក្សាសន្តិភាព។

អាថ៌កំបាំង​ដែល​លោក​ ហ៊ុន សែន​ ទម្លាយ​នេះ​មិន​ស៊ី​គ្នា​និង​ព័ត៌មាននិង​ព្រឹត្តិ​ការណ៍​កន្លង​មក​ដែល​ថា ​លោក​ប្រឆាំង​លទ្ធផល​នៃ​ការ​បោះឆ្នោត ​ដែល​គណបក្ស​រាជានិយម​ហ៊្វុនស៊ីនប៉ិច​ជាអ្នក​ឈ្នះ​នោះ​ទេ។ ​ទោះ​ជា​យ៉ាង​ណា​ក្តី ​លោក ​ហ៊ុន សែន​ នៅតែ​ហៅ​ថា ការ​បោះ​ឆ្នោត​រៀប​ចំដោយ​អ.ស.ប.​នោះ​ជា​«ការ​បោះឆ្នោត​ស្មោក​គ្រោក»។​

ក្នុង​ការ​ទម្លាយ​អាថ៌កំបាំង​នេះ​ លោក​ ហ៊ុន សែន ​មិន​បាន​លាត​ត្រដាង​ឈ្មោះ​ឬ​ក្រុម​ដែល​ចាប់​ខ្លួន​លោក​នោះ​ទេ។ លោក​និយាយ​ថា​ កាល​ណោះ​លោក​ទៅ​ផ្ទះ​របស់​គេ​ដោយ​មិន​មាន​អង្គរក្ស​ការពារ​ក្នុង​នាម​ជា​នាយក​រដ្ឋមន្ត្រី។​ លោក​ ហ៊ុន សែន​ ទម្លាយ​អាថ៌កំបាំង​ដើម្បី​បង្ហាញ​ហេតុផល​ដែល​នាំ​ឲ្យ​លោក​បង្កើត​កង​អង្គរក្ស​ផ្ទាល់​ខ្លួន។​

លោក ហ៊ុន​សែន​ ទម្លាយ​អាថ៌កំបាំងនេះ​ដោយ​ភ្ជាប់​ទៅ​នឹង​គម្រោង​បង្កើត​តំបន់​អបគមន៍​រដ្ឋប្រហារ​មិន​បាន​សម្រេច​កាលពី​ឆ្នាំ​១៩៩៤ ​ក្រោយ​ពេល​គណបក្ស​ប្រជាជន​កម្ពុជា​ចាញ់​ឆ្នោត ៕

XS
SM
MD
LG