ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​កម្ពុជា​ប្រារព្ធ​ខួប​លើក​ទី​ ៣០ ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស


រដ្ឋាភិបាល​កម្ពុជា​​ប្រារព្ធ​ខួប​ទី​៣០​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ ដោយ​មាន​ការ​ចូលរួមពី​តំណាង​អង្គទូត ​អង្គការ​សហប្រជាជាតិ​ និង​មន្ត្រីជាន់ខ្ពស់​កម្ពុជា​ជាច្រើន​រូប នៅ​វិមាន​សន្តិភាព​ ក្នុង​រាជធានី​ភ្នំពេញ កាល​ពីថ្ងៃទី២៣​ ខែតុលា​ ឆ្នាំ២០២១។​ (ហ៊ាន​ សុជាតា​/វីអូអេ)

កាលពី​ព្រឹកថ្ងៃសៅរ៍ ទី​២៣ ​កន្លងទៅ​នេះ រដ្ឋាភិបាល​កម្ពុជា​បាន​ប្រារព្ធ​ខួប​លើក​ទី​ ៣០ ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស នៅ​វិមាន​សន្តិភាព​ ក្នុង​រាជធានី​ភ្នំពេញ​ ដោយ​មាន​ការ​ចូលរួមពី​តំណាង​អង្គទូត ​អង្គការ​សហប្រជាជាតិ​ និង​មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា​ជាច្រើន​រូប។​ ពួកគេ​សាទរ​នៅ​ជោគ​ជ័យ​មួយ​ចំនួន​ដែលកម្ពុជា​ទទួល​បាន​ ហើយ​ជំរុញ​ឲ្យ​កម្ពុជា​បន្ត​គោរព​គោល​ការណ៍​សាកល​នៃ​កិច្ច​ព្រមព្រៀងនេះ។

កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ ដែល​មានកម្ពុជា​ និង​ប្រទេស​ហត្ថ​លេខី​ចំនួន​១៨​ផ្សេងទៀត​ ​ត្រូវបាន​ចុះហត្ថ​លេខា​កាល​ពី ៣០ឆ្នាំ​មុន គឺ​ ​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១​ ដើម្បី​បញ្ចប់​សង្រ្គាម​ប្រដាប់​អាវុធ​នៅ​កម្ពុជា។​

កិច្ចព្រមព្រៀង​នេះ ត្រូវ​បាន​គេ​មើល​ឃើញថា ​ជា​មូលដ្ឋាន​សម្រាប់​ឲ្យ​កម្ពុជាដឹក​នាំ​ប្រទេស​តាម​គន្លង​ប្រជាធិបតេយ្យ​ សេរី​ពហុបក្ស និង​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស។

នៅ​ឯ​វិមាន​សន្តិភាព​ ក្នុង​រាជធានី​ភ្នំពេញ ​ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក​ Mikami Masahiro ថ្លែង​តំណាង​អង្គទូត​នានា​នៅ​កម្ពុជា​ថា នីតិរដ្ឋ​ លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិ​មនុស្ស​ គឺជា​គុណតម្លៃ​សាកល ហើយ​លោក​សាទរ​នូវ​សមិទ្ធិផល​ដែល​កម្ពុជា​បាន​សម្រេច​រយៈពេល​ ៣០ឆ្នាំ​ កន្លង​មក​នេះ។

លោក​ថ្លែង​យ៉ាង​ដូច្នេះ តាមរយៈ​អ្នក​បក​ប្រែ​ថា៖​ «កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​តែមួយ​មុខ​មិនអាច​បញ្ចប់​សង្គ្រាមសុីវិលបានទេ។​ ​[...] សន្តិភាព​ និង​ការ​អភិវឌ្ឍ​នៅពេល​បច្ចុប្បន្ន ក៏ជា​លទ្ធផល​ និង​ការ​ខិតខំ​ប្រឹងប្រែង​របស់​ប្រជាជន​កម្ពុជា​ខ្លួនឯង ក្នុង​ការ​បញ្ចប់​សង្គ្រាម​សុីវិល និង​ការ​ស្តារ​សន្តិភាព​ឡើងវិញ»។

ដោយ​ឡែក​ លោក Jean-Yves Le Drain រដ្ឋមន្ត្រី​កិច្ចការ​អឺរ៉ុប​ និង​ការ​បរទេស​បារាំង ថ្លែង​នៅ​ក្នុង​ពិធី​ប្រារព្ធ​ខួប​ ៣០​ឆ្នាំ​នៃ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ដដែល​នេះ​ថា​ ​ពហុភាគី​និយម ដើរ​តួនាទីចាំបាច់​សម្រាប់​ស្ថិរភាព​នៅ​តំបន់​ឥណ្ឌូប៉ាសុីហ្វិក ដែល​ក្នុងនោះ​មាន​ប្រទេស​កម្ពុជា​ផងដែរ។

លោក​ថ្លែង​តាម​រយៈ​អ្នក​បកប្រែ​ថា៖ «នៅ​ក្នុង​គ្រប់​វិស័យ​ទាំងអស់​ ត្រូវការ​មាគា៌​មួយ​ដែល​គោរព​អធិបតេយ្យជាតិ​ ស្រប​នឹង​ច្បាប់​អន្តរជាតិ​ និង​ធានា​បាន​សេរីភាព​[...] មាគា៌​មួយ​ដែល​ធានា​ការ​ប្រកួត​ប្រជែង ប៉ុន្តែ​មិន​បង្កឲ្យ​មាន​ភាពតានតឹង​ និង​បង្ក​ជម្លោះ»។ ​

រយៈពេលជាង ​៣០ឆ្នាំ​មក​នេះ​ រដ្ឋាភិបាលកម្ពុជា​លើក​ឡើង​ថា​ ជា​រយៈពេល​មួយ​ដែល​គ្រប់​គ្រាន់​សម្រាប់​កម្ពុជា ក្នុងការ​វាយ​តម្លៃ​នូវមេរៀន​របស់​ខ្លួន​មួយ​ចំនួន​ ក្រោយ​កិច្ច​ព្រមព្រៀង​នេះ។

តំណាង​ឲ្យ​លោក​នាយករដ្ឋ​មន្ត្រី ​ហ៊ុន​ សែន លោក​ឧបនាយក​រដ្ឋមន្ត្រី​ ប្រាក់​ សុខុន រដ្ឋ​មន្ត្រី​ការ​បរទេស​កម្ពុជា បាន​បញ្ជាក់​ថា​ ជោគជ័យ​និង​ការ​អភិវឌ្ឍ​ទាំងនោះ​ កើតចេញពី​កិច្ច​ខំ​ប្រឹង​របស់​រដ្ឋាភិបាល​ខ្លួន​ ដែល​ដឹកនាំ​ឲ្យ​លោក ហ៊ុន សែន ដែល​លោក​ហៅ​ថា​ «ជា​ស្ថាបត្យករ​ទី ១​ និង​សំខាន់​បំផុត​នៃ​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស»។

លោក​ក៏​បាន​កត់​សម្គាល់​ផងដែរ​ថា កិច្ច​ប្រឹងប្រែង​ទាំង​នេះ​បាន​ទទួល​ការ​ជ្រោមជ្រែង​ពី​ប្រទេស​ហត្ថលេខី​មួួយ​ចំនួន​ រួមទាំង​ប្រទេស​ដែល​មិន​មែន​ជា​ហត្ថលេខីផ្សេង​ទៀត​ ដូចជា​ប្រទេស​ចិន​ជាដើម។​

លោក​ ប្រាក់ សុខុន បាន​លើក​ឡើងថា​ ក្រៅ​អំពី​ការណ៍​ដែល​អាជ្ញាធរ​អន្តរកាល​សហប្រជាជាតិ​នៅ​កម្ពុជា ឬហៅ​កាត់ថា​ អ៊ុនតាក់​ «មិន​បាន​សម្រេច​បេសកកម្ម​របស់​ខ្លួន​ទាំងស្រុង»​ មុន​នឹង​ចាកចេញ​ពី​កម្ពុជា​ហើយ​នោះ​ ការណ៍​ដែល​ធ្វើ​ឲ្យ​កម្ពុជា​មិន​អាច​ទទួល​សន្តិភាព​ពេញ​លេញ​នោះ​ គឺ​«ការ​ប៉ុនប៉ង​ជា​បន្ត​បន្ទាប់​ក្នុងការ​ផ្លាស់​របប​តាម​មធ្យោបាយ​ដែល​គ្មាន​លក្ខណៈប្រជា​ធិបតេយ្យ»។ ​

លោក​ថ្លែង​ថា៖ «ប៉ុន្តែ​លទ្ធិ​ប្រជាធិបតេយ្យ​ នេះ​ជា​លទ្ធិ​តាម​បែប​លោក​ខាងលិច​ ដោយ​មិន​បាន​គិតគូរ​រាប់​បញ្ចូល​នូវ​លក្ខណៈ​ពិសេស​របស់​កម្ពុជា​ […] នរណា​ក៏ដឹង​ដែរ​ថា​ ប្រជាធិបតេយ្យ​មិនមែន​កើត​ឡើង​ដោយ​ឯកឯង​ ឬ​ក៏​ជួយ​បាន​នោះ​ទេ។ ប្រជាធិបតេយ្យ​ ក៏​មិនមែន​ជា​ទំនិញ​ដែល​នាំ​ចេញ​នាំចូល​ពីប្រទេស​មួយ​ទៅ​ប្រទេស​មួយ​ទៀត​នោះ​ដែរ​ បើទោះ​ជា​ជះ​លុយ​រាប់រយ​លាន​ដុល្លារ​ក៏ដោយ»។

ទោះ​ជា​យ៉ាង​ណា​ ​ក្នុង​ខួប​ ៣០ ​ឆ្នាំ​នៃ​ការចុះ​កិច្ច​ព្រមព្រៀង​នេះ ក្រុម​សង្គម​ស៊ីវិល​ ​អ្នក​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ អ្នក​វិភាគ​នយោបាយ​ និង​សង្គម​ អ្នក​ការទូត​នៅ​លោក​ខាង​លិច​ ក៏ដូច​ជា​យុវជន​ បាន​ពិភាក្សា​គ្នា​ជា​បន្តបន្ទាប់​អំពី​ស្មារតី និង​គុណតម្លៃ​នៃ​កិច្ចព្រមព្រៀង​ដែល​មាន​លក្ខណៈ​សាកល​មួយ​នេះ។

ពួកគេ​យល់​ថា មាន​ចំណុច​ជាច្រើន​ផ្សេងទៀត​ដែល​កម្ពុជា​គួរបន្ត​រក្សា​គោលការណ៍​សិទ្ធិ​មនុស្ស​សាកល​ទាំងនោះ​ ហើយ​ជៀសវាង​ការ​បកស្រាយ​កិច្ចព្រមព្រៀងនេះ​ ក្នុងគោល​ដៅ​កេង​ចំណេញ​នយោបាយ​ និង​ប្រយោជន៍​ផ្ទាល់​បក្ស​ពួក​ជាដើម៕

XS
SM
MD
LG