ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ខ្មែរ​ក្រៅ​ស្រុក​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​ការរំលោភ​សិទ្ធិមនុស្ស


បាតុករ​កាន់​ផ្ទាំង​បដា​ដែល​មាន​រូប​អ្នក​ជាប់​ពន្ធនាគារ​នៅ​កម្ពុជា​ដោយសារ​សកម្មភាព​សង្គម​​និង​ទាមទារ​ឲ្យ​ដោះលែង​ពួកគេ ក្នុង​អំឡុង​បាតុកម្ម​មួយ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​២២ ខែ​តុលា ឆ្នាំ​២០២១។ (ម៉ែន គឹមសេង/វីអូអេ)
បាតុករ​កាន់​ផ្ទាំង​បដា​ដែល​មាន​រូប​អ្នក​ជាប់​ពន្ធនាគារ​នៅ​កម្ពុជា​ដោយសារ​សកម្មភាព​សង្គម​​និង​ទាមទារ​ឲ្យ​ដោះលែង​ពួកគេ ក្នុង​អំឡុង​បាតុកម្ម​មួយ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​២២ ខែ​តុលា ឆ្នាំ​២០២១។ (ម៉ែន គឹមសេង/វីអូអេ)

ការប្រារព្ធ​ខួប​លើក​ទី៣០​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​នៅ​ឆ្នាំ​នេះ​បាន​រៀបចំ​ធ្វើ​ឡើង​ដោយ​សមាគម​ខ្មែរ​គណបក្ស​ប្រឆាំង​នៅ​ក្រៅប្រទេស​នៅ​ទូទាំង​ពិភពលោក​ដោយ​ភាគ​ច្រើន​ធ្វើ​ទៅ​តាម​អនឡាញ​ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩។

កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​ដែលត្រូវ​បាន​ចុះ​ហត្ថលេខា​កាល​ពី​ថ្ងៃ​ទី​២៣​ខែ​តុលា​ឆ្នាំ​១៩៩១​បាន​បញ្ចប់​នូវ​ការ​កាប់​សម្លាប់​គ្នា​រវាង​ខ្មែរ​និង​ខ្មែរ​អស់​រយៈពេល​ជិត២​ទសវត្សរ៍​ដែល​បាន​ចាប់​ផ្តើម​ដោយ​មាន​របប​វាល​ពិឃាត​ខ្មែរ​ក្រហម​ដែល​បាន​ចូល​កាន់​អំណាច​នៅ​ក្នុង​ឆ្នាំ​ខែ​មេសា​ឆ្នាំ​១៩៧៥។

របប​ប្រល័យ​ពូជសាសន៍​ខ្មែរក្រហម​បាន​កាប់​សម្លាប់​ពលរដ្ឋ​កម្ពុជារហូត​ដល់ជិត​២លាន​នាក់ តាម​រយៈ​ការ​ធ្វើ​ឃាត​ការ​បង្អត់​អាហារ​និងធ្វើ​ពលកម្ម​ហួស​កម្លាំង​មុន​ការចូលឈ្លានពានរបស់​វៀតណាម​ដែល​បាន​ផ្តួល​រំលំ​របប​ខ្មែរ​ក្រហម​កុម្មុយនីស្ត​ហើយ​បាន​ធ្វើឲ្យ​មាន​សង្គ្រាម​ស៊ីវិល​មួយ​កើត​ឡើង។

កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​បាន​ត្រួសត្រាយ​ផ្លូវ​ឲ្យ​មាន​ការបោះ​ឆ្នោត​តាម​បែប​លទ្ធិ ប្រជាធិបតេយ្យ​លើក​ដំបូង​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ​១៩៩៣​ហើយ​នាំ​ទៅ​ដល់​ការបញ្ចប់​ប្រកប​ដោយ​ប្រសិទ្ធភាពនូវ​សង្គ្រាម​ត្រជាក់​ក្នុង​តំបន់​អាស៊ីផង​ដែរ។

ជំនួយ​ពី​ប្រទេស​លោក​ខាង​លិច​ចាប់​ផ្តើម​ហូរចូល​ប្រទេស​កម្ពុជា​ហើយ​កម្ពុជា​ត្រូវ​បាន​គេ​ប្រកាស​ថា​ជា​ប្រទេស​ក្មេង​មួយ​ក្រោយ​អន្តរកាល​នៃ​ជម្លោះឆ្ពោះ​ទៅ​កាន់​លទ្ធិប្រជាធិបតេយ្យ​មួយ។

កាលពី​ថ្ងៃ​ទី២៣​ខែ​តុលា​កន្លង​ទៅ​នេះ​អង្គការ Khmer Network​ បាន​រៀបចំ​ពិធី​តាម អនឡាញ​មួយ​ដែល​រំលឹក​ពី​ប្រវត្តិ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​នេះ។ វាគ្មិន​ទាំង​នោះ ភាគ​ច្រើន​ជា​វេជ្ជបណ្ឌិត​ទន្តពេទ្យ​និង​បញ្ញាវន្ត​ខ្មែរ​ដែល​រស់​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​និង​នៅ​ប្រទេស​បារាំង។ អង្គការ​នោះ​ក៏​បាន​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​សម្រាប់​កម្ពុជា​ឬ Commission of Inquiry for Cambodia ដែល​បាន​ប្រមូល​ចងក្រង​អំពី​ការរំលោភ​សិទ្ធិ​មនុស្ស ការរំលាយ​លទ្ធិ​ប្រជាធិបតេយ្យ​ការ​ចាប់​ឃុំឃាំង​និង​ការ​សម្លាប់​សមាជិក​គណបក្ស​ប្រឆាំង​និង​សកម្មជន​សិទ្ធិ​មនុស្ស។

ទន្តពេទ្យចូល​និវត្តន៍​លោក​ស្រី Nicole Ung បាន​មាន​ប្រសាសន៍​ថា គោលបំណង​នៃ​ការ​បង្កើត​គណៈកម្មការ​ស៊ើបអង្កេត​នេះ​ឡើង​ក៏​ដើម្បី​ធ្វើ​ការ​ទាក់ទាញ​ពី​សំណាក់​អន្តរជាតិ​ឲ្យ​ចាប់​អារម្មណ៍​និង​យកចិត្ត​ទុកដាក់​ពី​ការ​អនុវត្ត​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ពី​រដ្ឋាភិបាល​កម្ពុជា​ផង​ដែរ។

លោក​ស្រី​បាន​ថ្លែង​ថា៖ «ចំពោះ​គណៈកម្មការ​ស៊ើប​អង្កេត​សម្រាប់​កម្ពុជា​មាន​ភារកិច្ច​ស្តាប់​សាកសួរ​និង​ប្រមូល​អង្គហេតុ​ទាំង​អស់ទាក់ទង​នឹង​ការអនុវត្ត​និង​ការរំលោភ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១​និង​សន្ធិ​សញ្ញា​អន្តរជាតិ​ដទៃ​ទៀតដែល​កម្ពុជា​បាន​ចុះ​ហត្ថលេខា»។

នៅ​ខែ​វិច្ឆិកា​ឆ្នាំ​២០១៧ ​តុលាការ​កំពូល​បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គណបក្ស​ប្រឆាំង​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្រោម​ការ​ចោទប្រកាន់​ថា​មាន​គោលបំណង​ផ្តួល​រំលំ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន។

ចាប់តាំង​ពី​ការបោះឆ្នោត​នៅ​ខែកក្កដា​ឆ្នាំ​២០១៨​មក​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ​ហ៊ុន សែន ​បាន​កាន់កាប់​អាសនៈ​ទាំង​អស់​នៅ​ក្នុង​សភា។ ពួក​អាជ្ញាធរ​បាន​ចាប់​ខ្លួន​អតីត​សមាជិក​គណបក្ស​ប្រឆាំង​និង​អ្នក​ធ្វើ​យុទ្ធនាការ​ដើម្បី​សិទ្ធិ​មនុស្ស។

ពួក​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ជាង​១៥០​នាក់ប្រឈម​នឹង​ការកាត់ទោស​លើ​បទ​ចោទប្រកាន់​ពាក់ព័ន្ធ​នឹង​សកម្មភាព​ញុះញង់​និង​ការ​ក្បត់ជាតិ។​លោក​កឹម សុខា​ដែល​ជា​មេដឹកនាំ​គណបក្ស​ប្រឆាំង​ដ៏​សំខាន់​កំពុង​ប្រឈម​ការកាត់ទោស​ពី​ការ​ក្បត់​ជាតិ​ដែរ។

លោក Garet Evans ​អតីត​រដ្ឋមន្ត្រី​ការបរទេស​អូស្ត្រាលី​និង​ជា​ស្ថាបនិក​កិច្ចព្រមព្រៀង​នោះ បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP​ ដែល​បាន​ចុះផ្សាយ​កាល​ពី​ថ្ងៃ​ទី២០​ខែ​តុលា​នេះ​ថា៖ «យើង​បាន​ធ្វើ​ការងារ​នេះ​យ៉ាង​ល្អ​អំពី​ការធ្វើ​ឲ្យមាន​សន្តិភាព​ប៉ុន្តែ​បាន​បរាជ័យ​អំពី​លទ្ធិ​ប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស»។

លោក ​Evans​ បាន​ថ្លែង​បន្ត​ទៀត​ថា​វា​ជា​កំហុស​មួយ​ដែល​បាន​យល់ព្រម​ទៅតាមការទាមទារ​របស់​លោក​ហ៊ុន សែន ក្នុង​ការ​ចែករំលែកអំណាច​ក្រោយ​ការបោះឆ្នោត​ឆ្នាំ​១៩៩៣​នោះ​បន្ទាប់ពី​លោកហ៊ុន សែន​បាន​ចាញ់ឆ្នោត។

ការកាន់​អំណាច​របស់លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​ដែលកាន់​អំណាចអស់​រយៈពេល​ជិត៤០​ឆ្នាំកន្លងទៅ​នេះ​បាន​ដឹកនាំ​ការ​បង្ក្រាបទៅ​លើ​ក្រុម​ប្រឆាំង​ឥត​ឈប់ឈរ។

លោក ​ឡុង បូតា ​ជា​សមាជិក​ជាន់​ខ្ពស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​និង​ជា​វាគ្មិន​នៅក្នុង​ការ​ពិភាក្សា​នោះ​ដែរ​បាន​សម្តែង​នូវ​ការ​មិនពេញចិត្ត​ចំពោះ​ការបោះឆ្នោត​ចាប់តាំង​ពី​ឆ្នាំ១៩៩៣​នៅ​ក្រោម​ការត្រួត​ពិនិត្យ​របស់​អង្គការ​សហប្រជាជាតិ​មក។ លោក បាន​ថ្លែង​ថា គណបក្ស​ទាំង​អស់​បាន​រងការ​បំភិតបំភ័យ​ពី​គណបក្ស​កាន់អំណាច​ហើយ​ដែល​នៅ​ទីបំផុត​គណបក្ស​ប្រជាធិបតេយ្យ​សេរីនិយម​ព្រះពុទ្ធ​សាសនា​របស់​លោកតា​សឺន សាន​និង​គណបក្ស​ហ៊្វុនស៊ីនប៉ិច​បាន​ត្រូវ​កម្ទេច។

លោក បាន​ថ្លែង​ថា៖ «ថ្វីបើ​យើង​មាន​ការវិវត្ត​អំពី​រឿង​ការបោះឆ្នោត​ក្រោម​អង្គការ​សហប្រជាជាតិ​អ៊ុនតាក់​នៅ​ឆ្នាំ ១៩៩៣​ដែល​ខ្ញុំ​ហើយ​នឹង​ភរិយា​ខ្ញុំ​បាន​ចូលរួម​ជា​បេក្ខភាព​ដែរ​នោះ វា​មិន​មាន​ការត្រឹមត្រូវ។ពួក​កុម្មុយនីស្ត​បាន​បំផ្លាញ​ទាំង​អស់​គណបក្ស​សេរី​និយម​នោះ»។

លោក អេង ហ៊ន​ អតីត​វេជ្ជបណ្ឌិត​ខ្មែរ​ដែល​ចូល​និវត្តន៍​រស់នៅ​ក្នុង​ប្រទេស​បារាំង​បាន​ជំរុញ​លើក​ទឹកចិត្ត​ប្រជាពលរដ្ឋ​ខ្មែរ​ឲ្យ​សិក្សា​និង​ស្វែង​យល់​អំពី​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​និង​ខិតខំ​រៀន សូត្រ​ដើម្បី​ជួយ​កសាង​ប្រទេស​របស់​ខ្លួន។ លោក​បាន​ថ្លែង​ថា យុវជន​ខ្មែរ​ត្រូវតែ​សិក្សា​ពី​ប្រវត្តិសាស្ត្រ​ជៀសវាង​ពី​ការ​បោកប្រាស់​និង​ការ​បំភ្លៃ​ប្រវត្តិសាស្ត្រ​ពី​ប្រទេស​ជិត​ខាង​របស់​ខ្លួន​ហើយ​នឹង​ប្រកាន់ខ្ជាប់​និង​គោរព​សន្ធិសញ្ញា​អន្តរជាតិ​ដូចជា​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស។ លោក​បាន​ទាមទារ​ឲ្យ​លុបចោល​សន្ធិសញ្ញា​ទ្វេភាគី​រវាង​កម្ពុជា​និង​វៀតណាម​ដែល​បាន​ធ្វើ​ឡើង​មុន​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​នេះ។

លោក​បាន​ថ្លែង​ថា៖ «ក្រោម​ការកាប់​សម្លាប់​នៃ​បន​ខ្មែរ​ក្រហម​នៅ​ក្នុង​ឆ្នាំ១៩៧៥​និង​ក្រោមលេស​ជួយ​រំដោះ​ដើម្បី​ឆ្លៀត​ឱកាស​ចូល​ឈ្លានពានកម្ពុជា​ពី​សំណាក់​ប្រទេស​វៀតណាម​អង្គការ​សហប្រជាជាតិ បាន​សម្រេចនូវ​ផែនការ​បង្រួប​បង្រួម​ជាតិ​មួយ​នៅ​ថ្ងៃ​ទី២៣ ខែ​តុលា ១៩៩១ ដែល​ហៅ​ថា កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ដែល​មាន​ប្រទេស​១៩​ជា​ហត្ថលេខី​ទទួល​ស្គាល់ រួម​ទាំង​កម្ពុជា​ផង​ដែរ។ កិច្ចព្រមព្រៀង​នេះ​អម​ដោយ​រដ្ឋធម្មនុញ្ញ​តាម​បែប​ប្រជាធិបតេយ្យ​ថ្មី​មួយ មាន​គោលបំណង​កសាង​កម្ពុជា​ដែល​រងគ្រោះ​បំផ្លាញកន្លង​មកឲ្យ​ក្លាយ​ជា​ប្រទេស​ពេញ​សិទ្ធិ​ឡើង​វិញ​ធានា​នូវ​អធិបតេយ្យភាព​ឯករាជ្យភាព​បូរណភាព​ទឹកដី​និង​ឯកភាព​នៃ​កម្ពុជា»។​

ស្រប​ពេល​ជាមួយ​គ្នា​នោះ​ដែរ សមាគម​ខ្មែរ​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​ក៏​បាន​រៀបចំ​ពិធី​ដើម្បី​រំឭក​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ផងដែរ​ដោយ​មាន​ការចូលរួម​ពី​អតីត​រដ្ឋមន្ត្រី​ការ បរទេស​អូស្រ្តាលី​លោក Gareth Evans ​ដែល​ជា​ស្ថាបនិក​ម្នាក់​នៃកិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​នេះ។

អង្គការ​សិទ្ធិ​មនុស្ស​ទាំង​នៅ​ក្នុង​ស្រុក​និង​អន្តរជាតិ បាន​សម្តែង​នូវ​ការ​ខកចិត្ត​ចំពោះ​បញ្ហា​សិទ្ធិ មនុស្សនិង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ ដោយ​ឡែក ​អង្គការ​សិទ្ធិ​មនុស្ស Human Rights Watch​ដែល​មាន​ទីតាំង​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​បាន​រាយការណ៍​ថា​នៅ​ក្រោម​ការដឹកនាំ​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ សូម្បី​តែ​លទ្ធិ​ប្រជាធិតេយ្យ​និង​សិទ្ធិ​មនុស្ស​បន្តិចបន្តួច​បាន​ដួល​រលំ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ។

បើ​តាម​អង្គការ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​បាន​រាយការណ៍​ថា​គេ​ឃើញ​មាន​ការបង្ក្រាប​កាន់តែ​ខ្លាំង​ឡើង​ក្នុង​អំឡុង​នៃ​ការ​រាត្បាត​ជំងឺ​កូវីដ១៩​នេះ​ដោយ​មាន​មនុស្ស​ជាង​១០០​នាក់​បាន​ត្រូវ​ចាប់ខ្លួន​និង​ចោទ​ប្រកាន់​ថា​រំលោភ​ច្បាប់​កូវីដ។ គណៈកម្មការ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​បាន​ព្រមាន​ថា​អ្នក​ទាំង​នោះ​មិន​បាន​ទទួល​ការ​កាត់ទោស​ឲ្យ​បាន​ត្រឹមត្រូវ​ទេ៕

កំណត់​និពន្ធ៖ ប្រិយមិត្ត​អាច​ចូល​អាន​និង​ទស្សនា​ព័ត៌មាន​ទាក់ទងនានា​បន្ថែម​ទៀត​នៅ​ក្នុង​ទំព័រ​សេចក្តី​រាយការណ៍​ពិសេស​របស់​វីអូអេក្រោម​ចំណង​ជើង «ខួប​៣០​ឆ្នាំ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស៖ អ្នក​បន្ត​មរតក» ត្រង់​នេះ៖ https://khmer.voanews.com/cambodiappa30

អត្ថបទ​ទាក់ទង

XS
SM
MD
LG