ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីត​មេដឹកនាំ​អេហ្ស៊ីប​លោក Hosni Mubarak ស្លាប់​ក្នុង​អាយុ៩១ឆ្នាំ


រូបឯកសារ៖ អតីត​ប្រធានាធិបតី​អេហ្ស៊ីប លោក Hosni Mubarak លើក​ដៃ​ស្វាគមន៍​អ្នក​គាំទ្រ​របស់​លោក​នៅ​មន្ទីរ​ពេទ្យ​យោធា Maadi ដែល​លោក​កំពុង​ទទួល​ការ​ព្យាបាល​ជំងឺ​នៅ​ទីនោះ។
រូបឯកសារ៖ អតីត​ប្រធានាធិបតី​អេហ្ស៊ីប លោក Hosni Mubarak លើក​ដៃ​ស្វាគមន៍​អ្នក​គាំទ្រ​របស់​លោក​នៅ​មន្ទីរ​ពេទ្យ​យោធា Maadi ដែល​លោក​កំពុង​ទទួល​ការ​ព្យាបាល​ជំងឺ​នៅ​ទីនោះ។

អតីត​មេដឹកនាំ​ប្រទេស​អេហ្ស៊ីប​លោក Hosni Mubarak បាន​ស្លាប់​ក្នុង​អាយុ៩១ឆ្នាំ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទូរទស្សន៍​រដ្ឋ​នៅ​ថ្ងៃ​អង្គារ​នេះ។

លោក Mubarak បាន​ដឹកនាំ​ប្រទេស​អេហ្ស៊ីប​ជិត ៣០ ឆ្នាំ មុន​ពេល​លោក​បាន​ចេញ​ពី​ដំណែង​នៅ​ឆ្នាំ ២០១១ បន្ទាប់ពី​មាន​ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ​រយៈពេល ១៨ ថ្ងៃ។

លោក​បាន​លេច​ឡើង​តាម​រយៈ​មុខ​តំណែង​នៃ​ជួរ​កង​ទ័ព​អាកាស​របស់​ប្រទេស​អេហ្ស៊ីប ដោយ​ក្រោយ​មក​ក្លាយជា​មេបញ្ជាការ​យោធា និង​ជា​អនុ​រដ្ឋមន្ត្រី​ការពារ​ជាតិ។ បន្ទាប់​មក​នៅ​ឆ្នាំ ១៩៧៥ លោក​បាន​ក្លាយជា​អនុ​ប្រធានាធិបតី​អេហ្ស៊ីប ដែល​នៅ​ពេល​នោះ​លោក Anwar Sadat គឺ​ជា​ប្រធានាធិបតី។

ក្រោយ​មក​នៅ​ឆ្នាំ ១៩៨១ នៅ​ពេល​ដែល​លោក Sadat ត្រូវ​បាន​ពួក​សកម្ម​ប្រយុទ្ធ​ឥស្លាម​ធ្វើ​ឃាត លោក Mubarak បាន​ក្លាយជា​ប្រធានាធិបតី និង​បាន​រក្សា​អំណាច​របស់​លោក​ដោយ​ប្រកាន់​គោល​ជំហរ​ធ្វើ​ជា​សម្ព័ន្ធ​មិត្ត​បស្ចិម​ប្រទេស​ដ៏​ទុក​ចិត្ត​ម្នាក់ ដែល​គោរព​កិច្ច​ព្រមព្រៀង​សន្តិភាព​ឆ្នាំ ១៩៧៩ ជាមួយ​នឹង​ប្រទេស​អ៊ីស្រាអែល ទោះបីជា​មាន​ការ​ប្រឆាំង​តវ៉ា​ខ្លាំងក្លា​នៅ​ស្ទើរតែ​ទូទាំង​តំបន់​មជ្ឈិម​បូព៌ា​ក៏​ដោយ។

នៅ​ក្នុង​ប្រទេស​អេហ្ស៊ីប លោក Mubarak បាន​ដឹកនាំ​ដោយ​ប្រើ​កណ្ដាប់​ដៃ​ដែក ដោយ​លោក​បាន​ដាក់​ឲ្យ​អនុវត្ត​ច្បាប់​ស្ថានការណ៍​បន្ទាន់ ដែល​អនុញ្ញាត​ឲ្យ​កង​កម្លាំង​សន្តិសុខ​ប្រើ​អំណាច​បង្ក្រាប​លើ​អ្នក​ប្រឆាំង នឹង​រារាំង​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ។

នៅ​ខែ​មករា ឆ្នាំ ២០១១ ការ​តវ៉ា​ទ្រង់ទ្រាយ​ធំ​ប្រឆាំង​នឹង​រដ្ឋាភិបាល​របស់​លោក​បាន​ផ្ទុះ​ឡើង​នៅ​ក្នុង​ទីក្រុង​ឡឺគែរ និង​ទីក្រុង​ផ្សេង​ទៀត​ក្នុង​ប្រទេស​អេហ្ស៊ីប។ នៅ​ថ្ងៃ​ទី ១១ ខែ​កុម្ភៈ ឆ្នាំ ២០១១ លោក​អនុ​ប្រធានាធិបតី Omar Suleiman បាន​ប្រកាស​ថា លោក Mubarak ចុះ​ចេញ​ពី​តំណែង ហើយ​ក្រុម​ប្រឹក្សា​កំពូល​របស់​យោធា​នឹង​ដឹកនាំ​ប្រទេស។

លោក Mubarak និង​ក្រុម​គ្រួសារ​បាន​រត់​គេច​ទៅ​កាន់​ផ្ទះ​លំហែ​កាយ​របស់​ខ្លួន​នៅ​សមុទ្រ​ក្រហម។ ប៉ុន្តែ​ក្រោយ​មក​ត្រូវ​បាន​ចាប់​ខ្លួន និង​កាត់ទោស​ពាក់ព័ន្ធ​នឹង​ការ​ស្លាប់​របស់​ក្រុម​អ្នក​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល។ នៅ​ថ្ងៃ​ទី ២ ខែ​មិថុនា ឆ្នាំ ២០១២ លោក​ត្រូវ​បាន​គេ​រក​ឃើញ​ថា​មាន​ទោស​ពី​បទ​សម​គំនិត ដោយសារ​លោក​មិន​បាន​រារាំង​ការ​សម្លាប់​មនុស្ស​រាប់​រយ​នាក់​ដែល​បាន​ងើប​បះបោរ​ប្រឆាំង​នឹង​លោក។

លោក​ត្រូវ​បាន​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​មួយ​ជីវិត​ជាមួយ​នឹង​អតីត​រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​របស់​លោក​គឺ​លោក Habib Al-Adly ប៉ុន្តែ​តុលាការ​កំពូល​អេហ្ស៊ីប​ក្រោយ​មក​បាន​លើក​លែង​ទោស​ឲ្យ​ពួកគេ​ទាំង​ពីរ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG