នៅថ្ងៃអង្គារនេះ ប្រទេសចិន និងកូរ៉េខាងត្បូងបានរាយការណ៍អំពីករណីឆ្លងថ្មីបន្ថែមទៀតនៃមេរោគកូរ៉ូណាវីរុសថ្មី ឬ COVID-19 ស្របពេលដែលទីផ្សារភាគហ៊ុននៅក្នុងប្រទេសជប៉ុនបានធ្លាក់ចុះជាបន្តនៅថ្ងៃទីពីរ និងស្របពេលដែលប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ស្នើថវិកាពីសភាចំនួន ២ ពាន់ ៥ រយលានដុល្លារ ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនៃមេរោគនេះ។
មន្ត្រីសុខាភិបាលចិនបាននិយាយថា មានករណីស្លាប់ថ្មីដោយសារមេរោគនេះចំនួន ៧១ ករណី និងករណីឆ្លងដោយសារមេរោគនេះចំនួន ៥០៨ ករណីទៀត ដោយធ្វើឲ្យចំនួនអ្នកស្លាប់សរុបនៅក្នុងប្រទេសចិនតាំងពីមេរោគនេះបានផ្ទុះឡើងដំបូងកាលពី ២ ខែមុនមក កើនដល់ជាង ២.៦៦៣ នាក់ ហើយអ្នកឆ្លងកើនដល់ ៧៧.៥០០ នាក់។
ប្រទេសកូរ៉េខាងត្បូងគឺជាប្រទេសដែលមានអ្នកឆ្លងមេរោគនេះច្រើនជាងគេបំផុតនៅក្រៅប្រទេសចិន ដោយចំនួនអ្នកឆ្លងសរុបកើនដល់ប្រហែល ១.០០០ នាក់ នៅថ្ងៃអង្គារនេះ ដោយមានអ្នកស្លាប់ចំនួន ១០ នាក់។
ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae In បានហៅស្ថានការណ៍នេះថាមានលក្ខណៈ «ធ្ងន់ធ្ងរខ្លាំង» នៅពេលដែលលោកធ្វើទស្សនកិច្ចទៅកាន់ទីក្រុង Daegu នៅថ្ងៃអង្គារនេះ ដែលនៅទីនោះ មានករណីឆ្លងច្រើនជាងគេបំផុតនៅក្នុងប្រទេស។ លោក Moon Jae In បានសន្យាថា រដ្ឋាភិបាលនឹងគាំទ្រពេញទំហឹង ហើយលោកបានបន្ថែមទៀតថា ប្រទេសកូរ៉េខាងត្បូងនឹង «ទទួលបានជោគជ័យ» នៅក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគនេះ។
រីឯនៅតំបន់មជ្ឈិមបូព៌ាវិញ ប្រទេសអ៊ីរ៉ង់បានបញ្ជាក់ថា ករណីឆ្លងមេរោគនេះនៅក្នុងប្រទេសកើនដល់ ៩៥ នាក់ ដោយមានអ្នកស្លាប់យ៉ាងតិច ១៥ នាក់។
កាលពីថ្ងៃចន្ទម្សិលមិញ រដ្ឋាភិបាលមួយចំនួនទៀតក៏បានប្រកាសអំពីករណីឆ្លងមេរោគនេះដំបូងផងដែរនៅក្នុងប្រទេសរបស់ខ្លួនដូចជាប្រទេសអ៊ីរ៉ាក់ អាហ្វហ្គានីស្ថាន គុយវ៉ែត បារ៉ែន និងអូម៉ង់ជាដើម៕