ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីត​មេ CFF ស្លាប់​ដោយ​កូវីដ​ពេល​ជាប់គុក​មួយ​ជីវិត​ដោយ​រដ្ឋប្រហារ​មិន​បាន​សម្រេច


រូបឯកសារ៖ លោក រីឆាដ គិរី គីម (ពាក់វ៉ែនតា) អតីត​មេដឹកនាំ​ចលនា​កងទ័ព​សេរីជាតិ​កម្ពុជា ដើរចេញពី​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០០១ បន្ទាប់ពី​លោក​ត្រូវបាន​កាត់ទោស​ឱ្យជាប់​ពន្ធនាគារ​អស់មួយ​ជីវិត​ពាក់ព័ន្ធនឹង​ការធ្វើ​រដ្ឋប្រហារ​មិនបាន​សម្រេច​នៅខែវិច្ឆិកា ឆ្នាំ២០០០។
រូបឯកសារ៖ លោក រីឆាដ គិរី គីម (ពាក់វ៉ែនតា) អតីត​មេដឹកនាំ​ចលនា​កងទ័ព​សេរីជាតិ​កម្ពុជា ដើរចេញពី​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០០១ បន្ទាប់ពី​លោក​ត្រូវបាន​កាត់ទោស​ឱ្យជាប់​ពន្ធនាគារ​អស់មួយ​ជីវិត​ពាក់ព័ន្ធនឹង​ការធ្វើ​រដ្ឋប្រហារ​មិនបាន​សម្រេច​នៅខែវិច្ឆិកា ឆ្នាំ២០០០។

អតីត​មេដឹកនាំ​ចលនា​កងទ័ព​សេរី​ជាតិ​កម្ពុជា​ គឺ​លោក ​រីឆាដ គិរី​ គីម​ បាន​ស្លាប់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នៅ​ប្រទេស​កម្ពុជា ​ដោយសារ​ជំងឺ​កូវីដ​១៩។ នេះ​បើតាម​សេចក្តី​រាយការណ៍​របស់​សារព័ត៌មាន​នៅ​កម្ពុជា។

លោក នុត សវនា ​អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ បាន​ថ្លែង​ប្រាប់​សារព័ត៌មាន​ថ្មីៗដែល​ផ្សាយ​តាម​អនឡាញ​ដោយ​បញ្ជាក់​ថា​ លោក ​រីឆាដ គីរី​ គីម ​ដែល​ជា​ខ្មែរ​អាមេរិកាំង ​បាន​ស្លាប់នៅ​ល្ងាច​ថ្ងៃ​ទី១០​ ខែមិថុនា ​នៅ​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​ខ្មែរ​-សូវៀត។

លោក នុត សវនា​ បាន​ថ្លែង​ថា៖ «គាត់​ឆ្លងកូវីដ-១៩ ​ហើយ​ចាស់​ រួមមាន​ជំងឺ​ប្រចាំ​កាយ​ផង។ យើង​សង្គ្រោះ​គាត់ ដោយ​យក​ទៅ​ពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត​ដែរ​ ប៉ុន្តែ​យក​ទៅ​អត់ទាន់។​ គាត់​ ក៏​ស្លាប់​កាលពី​ម៉ោង​៦ល្ងាច​ កាលពី​ម្សិលមិញ»។

លោក រីឆាដ គិរី​ គីម ​អាយុ​៧២​ឆ្នាំ ​ជា​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ដែល​នៅ​រដ្ឋ​ Oregon​កំពុង​ជាប់​ទោស​អស់​មួយ​ជីវិត​នៅ​ពន្ធនាគារ​ព្រៃស​ក្នុង​ប្រទេស​កម្ពុជា​ពាក់ព័ន្ធ​នឹង​ការធ្វើ​រដ្ឋប្រហារ​មិន​បាន​សម្រេច​ កាលពី​ចុង​ឆ្នាំ​២០០០។

ចលនា​កងទ័ព​សេរី​ជាតិ​កម្ពុជា ​(Cambodia Freedom Fighters (CFF))​ ដែល​លោក រីឆាដ គិរី​ គីម​ ដឹកនាំ​ជាមួយ​នឹង​លោក ឈុន យ៉ាសិទ្ធ ​ដែល​ជាខ្មែរ​អាមេរិកាំង​ម្នាក់ទៀត​ បាន​បើក​ការប្រយុទ្ធ​នៅពេល​ព្រឹក​ព្រលឹម​ស្រាងៗ​ ថ្ងៃទី​២៤ ​ខែវិច្ឆិកា ​ឆ្នាំ​២០០០នៅ​រាជធានី​ភ្នំពេញ​ ដោយ​សំដៅ​លើ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​ និងក្រសួង​ការពារ​ជាតិ​ និង​អង្គភាព​អង្គរក្ស​ង៧០។

ទីភ្នាក់ងារ​សារព័ត៌មាន​ AP បាន​រាយការណ៍​ថា ​ការវាយប្រហារ​នោះ បាន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់៧​នាក់ ​ក្នុង​នោះ​៦​នាក់​ ជា​អ្នកវាយ​ប្រហារ​ និង​១​នាក់​ ជា​ជនស៊ីវិល ​និង​រងរបួស​យ៉ាងហោចណាស់​១២​នាក់។

អាជ្ញាធរ​កម្ពុជា ​បាន​បង្រ្កាប​ភ្លាមៗ​ និង​ចាប់ខ្លួន​អ្នកវាយប្រហារ​បាន​ជាច្រើន​នាក់​នៅ​ពេល​យប់នោះ។​ លោក រីឆាដ​ គិរី​ គីម​ ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន​នៅ​ខេត្ត​សៀមរាប​ក្នុងពេល​ត្រៀម​ឡើង​យន្តហោះ​ទៅ​ប្រទេស​ថៃ។

តុលាការ​កម្ពុជា​ បាន​ចោទ​ប្រកាន់មនុស្ស​ចំនួន​៣២​នាក់​ពី​បទ​ភេរវកម្ម ចារកម្ម​ ពាក់ព័ន្ធ​នឹង​ក្រុមប្រដាប់​អាវុធ ​និង​ចូលរួម​ពាក់ព័ន្ធ​ក្នុង​ការវាយប្រហារ​នោះ។ នៅ​ថ្ងៃទី​២២ ខែមិថុនា​ ឆ្នាំ​២០០១ តុលាការ​រាជធានី​ភ្នំពេញ ​បាន​កាត់​ទោស​លោក រីឆាដ គិរី​ គីម​ និង​មេដឹកនាំ​៤នាក់​ទៀត ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត។ មនុស្ស​ចំនួន​២៥​នាក់​ទៀត ​ត្រូវ​បាន​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​ពី​៣ឆ្នាំ​ ដល់​២០​ឆ្នាំ​ និង​២​នាក់​ទៀត​ត្រូវ​បាន​ទម្លាក់​ចោល​ការចោទប្រកាន់៕​

XS
SM
MD
LG