ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ឆ្លង​ជំងឺ​កូវីដ​១៩​នៅ​តាម​​ពន្ធនាគារ​បន្ត​កើន​ឡើង​និង​មាន​ករណី​ស្លាប់​ម្នាក់​នៅ​ខេត្ត​កំពង់ស្ពឺ​


រូបឯកសារ៖ ស្រ្តីជាអ្នកទោសនិងកូនរបស់ពួកគេ ចូលរួមកម្មវិធីមួយនៅពន្ធនាគារព្រៃស រាជធានីភ្នំពេញ កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៥។
រូបឯកសារ៖ ស្រ្តីជាអ្នកទោសនិងកូនរបស់ពួកគេ ចូលរួមកម្មវិធីមួយនៅពន្ធនាគារព្រៃស រាជធានីភ្នំពេញ កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៥។

ករណី​ឆ្លង​ជំងឺ​កូវីដ​១៩​បន្ត​កើន​ឡើង​នៅ​តាម​ពន្ធនាគារ រហូត​ដល់​រាប់​រយ​ករណី ដែល​ក្នុង​នោះ ក៏​មាន​ករណី​ស្លាប់​ស្រ្តី​ម្នាក់ដោយ​សារ​ជំងឺ​កូវីដ​១៩​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​កំពង់​ស្ពឺ ដែល​នាំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​បន្ថែម​នៃ​ការ​ឆ្លង​រាល​ដាល​ខ្លាំង។

ពន្ធនាគារ​នៅ​កម្ពុជា​ត្រូវ​បាន​ក្រុម​សិទ្ធិ​មនុស្ស​បង្ហាញ​ក្តី​ព្រួយ​បារម្ភ​ពី​ភាពចង្អៀត​ណែន​ខ្លាំង​និង​លទ្ធភាព​ខ្ពស់​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩ ខណៈ​ប្រទេស​កម្ពុជា​កំពុង​ប្រឈម​ការឆ្លង​ខ្លាំង​ក្លា ចាប់​តាំង​ពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ​មក។

បន្ទាប់​ពីពន្ធនាគារ​ក្នុង​ខេត្ត​ព្រះ​សីហនុ​ដែល​ត្រូវ​បាន​រាយការណ៍​ពី​ករណី​ឆ្លង​ដំបូង​គេ​មាន​អ្នក​ជាប់​ឃុំ​នៅពន្ធនា​គារ​រាជធានី​ភ្នំពេញ ខេត្ត​កណ្តាល និង​ចុង​ក្រោយ​នេះ នៅ​ក្នុង​ខេត្ត​កំពង់​ស្ពឺ ក៏​ត្រូវ​បាន​រាយការណ៍​ថា​ឆ្លង​ជំងឺ​កូវីដ​១៩​ផង​ដែរ។

លោក ចាត ស៊ីនាង ប្រធាន​ពន្ធនាគារ​ខេត្ត​កណ្តាល​ថ្លែង​ប្រាប់​ VOA​ នៅ​ថ្ងៃ​អង្គារ​នេះ​ថា លោក​បាន​ផ្តល់​របាយ​ការណ៍​ស្តីពី​ស្ថាន​ភាព​និង​តួ​លេខ​នៃ​អ្នក​ឆ្លង​ជំងឺ​កូវីដ​១៩​នៅ​ក្នុង​ពន្ធនាគារទៅ​កាន់​រដ្ឋបាល​ខេត្ត​និង​ក្រសួង​ពាក់ព័ន្ធ ប៉ុន្តែ​លោក​បាន​បដិសេធ​មិន​ប្រាប់​ចំនួន​នា​ពេល​នេះ​ដោយបង្វែរ​សំណួរ​ទៅ​កាន់​រដ្ឋបាល​ខេត្ត​កណ្តាល​វិញ។

លោក​បញ្ជាក់​ថា៖ «ខ្ញុំ​អត់​ដឹង​ទេ គាត់[សារ​ព័ត៌​មាន]​បាន​លេខ​ពី​ការ​យក​មក​ចុះ​អាហ្នឹង​រឿង​របស់​គាត់។ ខ្ញុំ​អត់​ដឹង​ទេ។ ការងារ​ហ្នឹង​ខ្ញុំ​អត់​ដឹង​ដែរ​ពី​ព្រោះ​ការងារ​ខ្ញុំ​គ្រប់គ្រង​តែ​សន្តិ​សុខ​ទេ តែ​រឿង​ពាក់​ព័ន្ធ​នឹង​ការងារ​ព្យាបាល ហ្នឹង​ខាង​សុខាភិបាល។ អញ្ចឹង​គឺ​ពេល​ដែល​យក​មក​ហ្នឹង ខាង​សុខា​ភិបាល​ គេ​អ្នក​ទៅ​ពិនិត្យ។ អញ្ចឹង​លទ្ធផល​បែបណា​មាន​ខាង​សុខាភិបាល​ហើយ​គេ​ដឹង​ច្បាស់។ ហើយ​ចំពោះ​ខ្ញុំ​គិត​ថា ធ្វើ​ម៉េច​ធានា​ឲ្យ​បាន​នូវ​កិច្ចការ​ងារ​គ្រប់គ្រង​សន្តិសុខ​ទេ​បាទ»។

លោក គង់ សោភ័ណ្ឌ​ អភិបាល​ខេត្ត​កណ្តាល បាន​ឲ្យ​ដឹង​ថា​អាជ្ញាធរ​បាន​យក​សំណាក​របស់​អ្នក​ជាប់​ឃុំ​ដែល​សង្ស័យ​ទៅ​ធ្វើ​តេស្ត​និង​ត្រួត​ពិនិត្យអគារ​ពន្ធនាគារ​ទាំង​មូល។ លោក​បន្ត​ថា​អ្នក​ជាប់​ពាក់ព័ន្ធត្រូវ​បាន​ដាក់​ឲ្យ​នៅ​ដោយ​ឡែក ដើម្បី​តាម​ដាន​និង​ផ្តល់​ការ​ព្យាបាល។

លោកថ្លែង​ថា៖ «យើង​យក​តែ​ចំណែក​ណា​ដែល​មាន​ការ​ពាក់ព័ន្ធ​នឹង​ការ​ឆ្លង​ព្រោះ​អគារ​វា​ខុសៗ​គ្នា​ហើយ​អ្នក​ទោស​គឺ​អត់​ដូច​យើង​ប្រជា​ជន​នោះ​ទេ។ ប្រជា​ជន​គាត់​ដើរ​ឡើង​ដើរ​ចុះ ដល់​អ្នក​ទោស​គាត់​នៅ​ឯណា​នៅ​ហ្នឹង។ អញ្ចឹង​អគារ​ណា​ដែលវា​មាន​បញ្ហា​ប្រឈម​យើង​យក​មើល​តែ​អគារ​ហ្នឹង​ទៅ​រួច​រាល់​ហើយ»។

ទោះ​ជា​យ៉ាងណា អភិបាល​ខេត្ត​រូប​នោះ​ក៏​បដិសេធ​មិន​ផ្តល់​ចំនួន​អ្នក​ជាប់​ឃុំក្នុង​ពន្ធនាគារ​ខេត្ត​កណ្តាល​ដែល​បាន​ឆ្លង​កូវីដ​១៩ ដោយ​ថា​ពេល​នេះ​កំពុង​ស្ថិត​នៅ​«ដំណាក់កាល​ព្យាបាល​និង​គ្រប់គ្រង​សុវត្ថិភាព»​នៅ​ឡើយ។ លោក​បញ្ជាក់​ថា​រហូត​ដល់​ពេល​លែង​មាន​អ្នក​ឆ្លង​ជំងឺ​កូវីដ១៩ ទើប​រដ្ឋបាល​ខេត្ត​អាច​បញ្ចេញ​តួលេខ​នៃ​អ្នក​ឆ្លង​ជំងឺ។

រូប​ឯកសារ៖ មណ្ឌលអប់រំកែប្រែទី០១ ខណ្ឌដង្កោ ក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជាកាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០។(ទុំ ម្លិះ/VOA)
រូប​ឯកសារ៖ មណ្ឌលអប់រំកែប្រែទី០១ ខណ្ឌដង្កោ ក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជាកាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០។(ទុំ ម្លិះ/VOA)

សារព័ត៌មាន​ក្នុង​ស្រុក​ Fresh News​ ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​បាន​រាយការណ៍​ថា​គិត​មក​ត្រឹម​ថ្ងៃ​ច័ន្ទ ទី​៣១ ខែ​ឧសភា អ្នក​ជាប់​ឃុំនិង​មន្រ្តី​ពន្ធនាគារ​ខេត្ត​កណ្តាល​ចំនួន​៣៦៩​នាក់​ហើយ ដែល​ត្រូវ​បានធ្វើ​តេស្តឃើញ​វិជ្ជមានជំងឺ​កូវីដ​១៩។

វីអូអេ​មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​លោក នុត សាវនា អ្នក​នាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហា​ផ្ទៃ​បាន​នៅ​ឡើយ​ទេ​នៅ​ថ្ងៃ​អង្គារ​នេះ។

លោក វ៉ី សំណាង អភិបាល​ខេត្ត​កំពង់​ស្ពឺ បាន​បញ្ជាក់​ប្រាប់​VOA​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​មាន​អ្នក​ទោស​ជា​ស្រ្តី​ម្នាក់​វ័យ​ជាង​៦០​ឆ្នាំ បាន​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ​១៩ ខណៈ​អ្នក​ទោស​រូប​នោះ​មាន​ជំងឺ​ប្រចាំ​កាយ​ធ្ងន់ធ្ងរ។ លោក​បន្ថែម​ថា​នា​ពេល​បច្ចុ​ប្បន្ន​នេះ មាន​អ្នក​ជាប់​ឃុំ​ជាង​១០០​នាក់​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​កំពង់​ស្ពឺ​បាន​ឆ្លង​ជំងឺ​កូវីដ​១៩។

បើ​តាម​អភិបាល​ខេត្ត​កំពង់ស្ពឺ អាជ្ញាធរ​ពន្ធនាគារ​បាន​បែង​ចែកអ្នក​ទោស​ជាប់​ពាក់​ព័ន្ធ​នឹង​ជំងឺ​កូវីដ​១៩​ពី​អ្នក​ទោស​ដទៃ​ទៀត ដើម្បី​បញ្ចៀស​ការ​ឆ្លង​រាលដាល​បន្ត។ លោក​បញ្ជាក់​ថា​ដោយ​ហេតុ​ថា​អគារ​ពន្ធនាគារ​មាន​ទំហំ​តូច ការ​រក្សា​សុវត្ថិភាព​ពី​ការ​ឆ្លង​ជំងឺ​កូវីដ​១៩ កំពុង​ជា​បញ្ហា​មួយ​ផង​ដែរ។

លោក​ថ្លែង​ថា៖ «យើង​ធ្វើ​អត់​បាន​ត្រង់​ចំណុច​ហ្នឹង​ដោយ​សារ​តែ​អគារ​ហ្នឹង​វា​តូច​អញ្ចឹង​យើង​មិន​អាច​រក្សា​គម្លាត​បី​កុំ​បី​ការពារ​តាម​លោក​បាន​ទេ។ យើង​អាច​អនុវត្ត​ដូច​ថា​លាង​ដៃ​លាង​អី​ អញ្ចឹង​បាន។ តែ​ចំណុច​រក្សា​គម្លាត​នៅ​ក្នុង​ពន្ធនាគារ​យើង​រក្សា​[មិន]​បាន ដូច​ថា​ទីតាំង​យើង​វា​តូច​ដែរ។ អញ្ចឹង​យើង​បាន​បែង​ចែក​អ្នក​ដែល​រក​ឃើញ​ថា​វិជ្ជមាន​កូវីដ ឬ​ក៏​សង្ស័យ យើង​ដាក់​មួយ​កន្លែង​ទៅ។ អ្នក​ដែល​អត់​មាន​យើង​ដាក់​មួយ​ចំហៀង​ទៅ។ អាហ្នឹង​យើង​គ្រាន់​តែ​បែង​ចែក​អញ្ចឹង ហើយ​ជំរុញ​ឲ្យ​គាត់​ធ្វើ​អនាម័យ»។

អភិបាល​ខេត្ត​កំពង់ស្ពឺ​ឲ្យ​ដឹង​បន្ថែម​ថា​នា​ពេល​បច្ចុប្បន្ន​នេះ​រដ្ឋបាល​ខេត្ត​កំពុង​ពិភាក្សា​ពីលទ្ធភាព​នៃ​ការ​ផ្តល់​វ៉ាក់សាំងបង្ការដល់​អ្នក​ជាប់​ឃុំ​ផង​ដែរ។

ខណៈ​ករណី​ឆ្លង​ជំងឺ​កូវីដ​១៩​បន្ត​កើន​ឡើង​នៅ​តាម​ពន្ធនាគារ​មួយចំនួន អង្គការ​អន្តរជាតិ​និង​សង្គម​ស៊ីវិលបាន​អំពាវនាវ​ឲ្យ​មាន​ការ​កែ​សម្រួល​ភាព​ចង្អៀត​ណែន​នៅ​តាម​ពន្ធនាគារ ដែល​មាន​អ្នក​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​នៅ​ទូទាំង​ប្រទេស​កម្ពុជាប្រមាណ​៤​ម៉ឺន​នាក់។

រូប​ឯកសារ៖ នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រី ចក់ សុភាព ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅខាងក្រៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១។ (ទុំ ម្លិះ/វីអូអេ)
រូប​ឯកសារ៖ នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រី ចក់ សុភាព ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅខាងក្រៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១។ (ទុំ ម្លិះ/វីអូអេ)

អ្នកស្រី ចក់ សុភាព នាយិកា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា មាន​ប្រសាសន៍​ថា​នេះជា​រឿង​គួរ​ឲ្យ​ព្រួយ​បារម្ភ ដោយ​សារ​ករណី​ឆ្លង​ជំងឺ​កូវីដ​១៩​នៅ​តាម​ពន្ធនាគារ​បន្ត​កើន​ឡើង​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ។ អ្នកស្រីជំរុញ​ឲ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​លើ​សុខភាពរបស់អ្នក​ជាប់​ឃុំ ដើម្បី​ធានា​ថា​ពួក​គេ​មិន​ឆ្លង​ជំងឺ​កាច​សាហាវ​នេះ។

អ្នកស្រីថ្លែង​ថា៖ «បញ្ហា​នៃ​ការ​យក​ចិត្ត​ទុក​ដាក់​មក​លើ​សុខមាលភាព ហើយ​និង​សិទ្ធិ​ទទួល​បាន​សុខ​ភាព​សាធារណៈ​របស់​អ្នក​ដែល​ជាប់​ពន្ធនាគារ​នេះ គឺ​ជា​សិទ្ធិ​មួយ​ចាំបាច់​ដែរ ដែល​អាជ្ញាធរ​លោក​ត្រូវ​ពិនិត្យ​អំពីលទ្ធភាព​របស់​ខ្លួន​នៅ​ក្នុង​ការ​ឆ្លើយ​តប​ជា​ពិសេស​នៅ​ក្នុង​ដំណាក់​កាល​នៃ​ការ​ឆ្លង​រីក​រាល​ដាល​នៅ​ក្នុង​ពន្ធនាគារ​នេះ»។

ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស​រូប​នោះ​ក៏​ជំរុញ​ឲ្យ​មាន​ការ​ចែក​រំលែក​ព័ត៌មាន​ចាំបាច់​មួយ​ចំនួន ជា​ពិសេស​សម្រាប់​ក្រុមគ្រួសារ ឬ​ក៏​សាច់​ញាតិ​របស់​អ្នក​ជាប់​ឃុំ។

មក​ទល់​ពេល​នេះ ពន្ធនាគារយ៉ាង​តិច​ចំនួន​៥​ហើយ ត្រូវ​បាន​រាយការណ៍​ថាមាន​ការ​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ​១៩ រួម​មាន​ពន្ធនា​គារ​រាជ​ធានី​ភ្នំពេញ​ (PJ) ពន្ធនាគារ​ព្រៃ​ស ឬ​មណ្ឌល​អប់រំ​កែ​ប្រែ​ទី​១​សម្រាប់​អ្នក​ជាប់​ឃុំ​បុរស ពន្ធនាគារ​ខេត្ត​ព្រះ​សីហនុ ពន្ធនា​គារ​ខេត្ត​កណ្ដាល​និង​ពន្ធនាគារ​ខេត្ត​កំពង់ស្ពឺ។

របាយការណ៍​រួម​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ​ចំនួន​២ គឺ​អង្គការ​ Amnesty International និង Human Rights Watch​ បាន​ដាក់​ការ​សង្ស័យ​និង​អះ​អាង​ថា​អ្នក​ជាប់​ឃុំ​រាប់​រយ​នាក់​ផ្សេង​ទៀត​នៅ​ពន្ធនាគារ​ខេត្ត​ព្រះ​សីហនុ​និង​រាជ​ធានី​ភ្នំពេញ​ (PJ) ត្រូវ​បាន​ធ្វើ​តេស្ដ​រក​ឃើញវិជ្ជមានវីរុស​កូវីដ​១៩។ ក៏​ប៉ុន្តែ​អង្គការ​ទាំង​២​នេះ​មិន​បានផ្តល់​តួលេខ​ជាក់​លាក់​នៃ​ករណី​ឆ្លង​ក្នុង​ពន្ធ​នាគារ​ទាំង​២​នេះ​ទេ។

កន្លង​ទៅ អង្គការ​អន្តរជាតិ​ទាំង​នេះ​ បានទទូច​ឲ្យ​រដ្ឋា​ភិបាល​កម្ពុជា​បញ្ចេញ​នូវ​តួលេខ​ពិត​ប្រាកដ​នៃ​អ្នក​ជាប់​ឃុំ​ដែល​ត្រូវ​បាន​រក​ឃើញ​ថា​មាន​ជំងឺ​កូវីដ​១៩។ ពួកគេក៏​ស្នើ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ដោះ​លែង​ជា​បន្ទាន់​អ្នក​ជាប់​ឃុំដែល​រង់ចាំ​ការ​កាត់​ទោស​និង​អ្នក​ដែល​អាច​មាន​សិទ្ធិ​ទទួល​បាន​ការ​ដោះ​លែង​ឲ្យ​បាន​ស្ថិត​នៅ​ក្រៅ​ឃុំ ក៏​ដូចជា​អ្នក​ជាប់​ឃុំ​ទាំង​ឡាយ​ណា​ដែល​ប្រឈម​នឹង​ហានិភ័យ​ឆ្លង​ខ្ពស់៕

XS
SM
MD
LG