ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​សុខាភិបាល៖ មនុស្ស​១០​នាក់​ទៀត​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ​១៩ ខណៈ​ករណី​ឆ្លង​បន្ត​កើន​ឡើង


រូប​ឯកសារ៖ បុគ្គលិកសុខាភិបាលយកសំណាកពីពលរដ្ឋដើម្បីធ្វើតេស្តរកជំងឺកូវីដ១៩ ពីប្រជាពលរដ្ឋក្នុងខណ្ឌទួលគោក ក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា កាលពីថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០២១។ (ទុំ ម្លិះ/វីអូអេ)
រូប​ឯកសារ៖ បុគ្គលិកសុខាភិបាលយកសំណាកពីពលរដ្ឋដើម្បីធ្វើតេស្តរកជំងឺកូវីដ១៩ ពីប្រជាពលរដ្ឋក្នុងខណ្ឌទួលគោក ក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា កាលពីថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០២១។ (ទុំ ម្លិះ/វីអូអេ)

ក្រសួង​សុខាភិបាល​កម្ពុជា​បាន​ឲ្យ​ដឹងនៅ​ថ្ងៃ​ពុធ​នេះ​ថា​មនុស្ស​១០​នាក់​ទៀត​បាន​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ​១៩ ខណៈ​ករណី​ឆ្លង​សរុប​ក្នុង​មួយ​ថ្ងៃ​មាន​ជាង​៧០០​នាក់ ដែលបន្ត​កើន​ឡើង។

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ ក្រសួង​សុខាភិបាលឲ្យ​ដឹង​ថា​អាជ្ញាធរ​រក​ឃើញ​ករណី​ស្លាប់​១០​នាក់​បន្ថែម​ទៀត ដែល​នាំ​ឲ្យ​ករណី​ស្លាប់​សរុប​កើន​ឡើង​ដល់​២៣០​នាក់។ ចំណែក​ករណី​ឆ្លង​ថ្មី មាន​ចំនួន៧៥០​នាក់​ដែល​ក្នុង​នោះ​មាន​៧១៦ ជា​ចង្កោម​នៃ​ការ​ឆ្លង​ក្នុង​សហគមន៍​២០​កុម្ភៈ និង​៣៤​នាក់​ជា​ករណីនាំ​ចូល ដែល​ជា​អ្នកដំណើរ​ពី​ក្រៅ​ប្រទេស។

កាល​ពី​ថ្ងៃ​អង្គារ ក្រសួង​សុខាភិបាល​បាន​រាយការណ៍​ករណី​ឆ្លង​ថ្មី​ចំនួន​៦១៦​នាក់ និង​ករណី​ស្លាប់​ថ្មី​ចំនួន​៦​នាក់។

ចុង​ក្រោយ​នេះ ជំងឺ​កូវីដ​១៩​បាន​បន្ត​ឆ្លង​ទៅ​ដល់​សហគមន៍​កម្មករ​រោងចក្រ​កាត់ដេរ និង​អ្នក​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ផង​ដែរ។

ក្រសួង​សុខាភិបាល​បន្ថែម​ថា​មាន​ករណី​ជា​សះ​ស្បើយ​ចំនួន​៦៥៣​នាក់។ ចំនួន​ករណី​ឆ្លង​ជំងឺ​កូវីដ១៩​សរុប​ក្នុង​ប្រទស​កម្ពុជា ចាប់​តាំង​ពី​ផ្ទុះ​ឆ្លង​ជំងឺ​នេះ បាន​កើន​ឡើង​ដល់​៣១.៤៦០​នាក់។

នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​ (CDC)​ របស់​កម្ពុជា​ បញ្ជាក់​នៅ​លើ​ហ្វេសប៊ុក​របស់​ខ្លួន​ថា​ជំងឺ​កូ​វីដ​១៩​នៅ​តែ​បន្ត​គំរាម​កំហែង​ជាប់​ជានិច្ច​ដោយ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​បន្ត​ប្រយ័ត្ន​ជាប់​ជានិច្ច៕

XS
SM
MD
LG