ក្រសួងការបរទេសបានបដិសេធចោលដាច់ខាតចំពោះការចេញផ្សាយដំណឹងតាមប្រព័ន្ធតេឡេក្រាម ទាក់ទិននឹងការគាំទ្រខាងយោធាទៅឱ្យប្រទេសអ៊ុយក្រែន ហើយថាអ្វីដែលកម្ពុជាបានជួយក្នុងការផ្តល់ការបណ្តុះបណ្តាលបច្ចេកទេសបោសសម្អាតមីនដល់អ្នកដោះមីនជនជាតិអ៊ុយក្រែននោះ គឺជាកិច្ចការមនុស្សធម៌។
បើតាមព័ត៌មានជាលក្ខណៈក្រាហ្វិក ដែលចេញផ្សាយតាមប្រព័ន្ធតេឡេក្រាមមួយឈ្មោះ Demografiya upala មានការបង្ហាញជំហរប្រទេសនានា ពាក់ព័ន្ធនឹងសង្គ្រាមនៅអ៊ុយក្រែន ហើយក្នុងនោះកម្ពុជាត្រូវបានគេដាក់ឱ្យស្ថិតក្នុងចំណោមក្រុមប្រទេសដែលផ្តល់ជំនួយយោធាដល់អ៊ុយក្រែន។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា។
សេចក្តីប្រកាសចុះថ្ងៃទី ២៤ ខែមករា បានលើកឡើងជាភាសាអង់គ្លេស ហើយត្រូវបានប្រែសម្រួលជាខេមរភាសាតាមន័យដើមថា៖ «ក្រសួងបញ្ជាក់ឡើងវិញថា ការសម្រេចចិត្តផ្តល់ការបណ្តុះបណ្តាលបច្ចេកទេសសម្អាតគ្រាប់មីនដល់អ្នកដោះមីនអ៊ុយក្រែន នៅប្រទេសកម្ពុជា ក្រោមកិច្ចសហប្រតិបត្តិការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) គឺត្រូវបានធ្វើឡើងដោយឈរលើមូលដ្ឋានមនុស្សធម៌សុទ្ធសាធ ដែលស្រដៀងគ្នានឹងបេសកកម្មថែរក្សាសន្តិភាពរបស់ខ្លួននៅតំបន់អាហ្វ្រិក និងមជ្ឈិមបូព៌ា ដោយមានការឧបត្ថម្ភពីអង្គការសហប្រជាជាតិ»។
ក្រសួងការបរទេសកម្ពុជាទទូចសុំឱ្យប្រព័ន្ធតេឡេក្រាមឈ្មោះ Demografiya upala កែតម្រូវចំពោះការផ្សព្វផ្សាយដែលបានថ្លែងខាងលើ ដោយហេតុថា ការចាត់ចូលក្រុមប្រទេសដែលផ្តល់ការគាំទ្រខាងយោធាឱ្យអ៊ុយក្រែនយ៉ាងដូច្នេះ «មិនត្រឹមតែមិនពិតទេ តែថែមទាំងអាចធ្វើឱ្យខូចប្រយោជន៍ប្រទេសកម្ពុជាដែលជាប្រទេសស្រលាញ់សន្តិភាព ហើយប្រកាន់ខ្ជាប់គោលនយោបាយការបរទេសអព្យាក្រឹត ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួន»។
អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) លោក ហេង រតនា ប្រាប់វីអូអេនៅថ្ងៃពុធនេះថា កម្ពុជាមិនបានផ្តល់ផ្នែកហ្វឹកហ្វឺន ឬជំនួយផ្នែកយោធាដល់អ៊ុយក្រែននោះទេ គឺកម្ពុជាគ្រាន់តែផ្តល់ការបណ្តុះបណ្តាលជំនាញដោះមីនដល់អ៊ុយក្រែន តាមទីភ្នាក់ងារ JICA តែប៉ុណ្ណោះ។ លោកបន្ថែមថា ការចេញផ្សាយមួយដែលថា កម្ពុជាបានផ្តល់ជំនួយផ្នែកយោធាដល់អ៊ុយក្រែន គឺបានកែតម្រូវឡើងវិញរួចហើយ ដែលការណ៍នេះអាចមកពីការភាន់ច្រឡំព័ត៌មាន។
លោកថ្លែងថា៖ «យើងធ្វើការជាមួយ JICA ហើយបើប្អូនមើល Profile JICAឱ្យច្បាស់ [គឺ] JICA អត់មានពាក់ព័ន្ធជាមួយកងទ័ពយោធាអីក៏គេមិនចូលរួមដែរ។ អ៊ីចឹងយើងផ្តល់តែការហ្វឹកហ្វឺន[ជំនាញដោះមីន] ផ្នែកមនុស្សធម៌សុទ្ធសាធ»។
ដោយឡែក លោក ណុប វី នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ឬហៅកាត់ថា ខេមបូចា កត់សម្គាល់ថា ការឆ្លើយតបរបស់ក្រសួងការបរទេសកម្ពុជាទៅនឹងការផ្សាយព័ត៌មានតាមប្រព័ន្ធតេឡេក្រាមទាក់ទងកម្ពុជាថាបានផ្តល់ជំនួយយោធាទៅឱ្យអ៊ុយក្រែននោះ គឺជារឿងត្រឹមត្រូវ ដែលវាស្របទៅនឹងច្បាប់នៃរបបសារព័ត៌មាន។
លោកប្រាប់វីអូអេនៅថ្ងៃពុធនេះថា៖ «របៀបដែលក្រសួងការបរទេស ដែលមានការស្នើឱ្យមានការកែតម្រូវ ហើយការច្រានចោលចំពោះការលើកឡើងថា កម្ពុជាផ្នែកមួយដែលស្ថិតនៅក្នុងក្រុមគាំទ្រយោធាទៅអ៊ុយក្រែននេះ ខ្ញុំគិតថា ជារឿងមួយដែលត្រឹមត្រូវ»។
ការផ្តល់ក្រុមគ្រូជំនាញបច្ចេកទេសបោសសម្អាតគ្រាប់មីនរបស់កម្ពុជាទៅបណ្តុះបណ្តាលអ្នកដោះមីនអ៊ុយក្រែននេះ ត្រូវបានធ្វើឡើង បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានជំនួបតាមទូរសព្ទជាលើកដំបូងជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្ស៊ែលឡិនស្គី (Volodymyr Zelenskyy) កាលពីថ្ងៃទី ១ ខែ វិច្ឆិកា ឆ្នាំ ២០២២ ដែលកាលនោះ លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ទៅអ៊ុយក្រែនថា ក្រោមកិច្ចសហការរបស់ប្រទេសជប៉ុន តាមរយៈមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា CMAC កម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការបញ្ជូនអ្នកដោះមីនរបស់កម្ពុជា ទៅជួយបណ្តុះបណ្តាលដល់អ្នកដោះមីនរបស់អ៊ុយក្រែន តាមពេលវេលាសមស្រប។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជានិងសេចក្តីរាយការណ៍របស់បណ្តាញព័ត៌មានក្នុងស្រុកកន្លងមក។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាលោក អាន សុខខឿន តាមរយៈទូរសព្ទបាននៅឡើយទេ នៅថ្ងៃពុធនេះ។
ប្រទេសកម្ពុជានៅសល់គ្រាប់មីនបន្ទាប់ពីសង្គ្រាមរយៈពេលបីទសវត្សរ៍និងជម្លោះផ្ទៃក្នុងដែលបានបញ្ចប់ក្នុងឆ្នាំ ១៩៩៨ ដោយមានឧបករណ៍មិនទាន់ផ្ទុះប្រមាណពី ៤ ទៅ៦ លានឧបករណ៍ នៅមិនទាន់ត្រូវបានបោសសម្អាតអស់នៅឡើយ។
អង្គការឃ្លាំមើលមីន (Landmine Monitor) នៅក្នុងរបាយការណ៍ឆ្នាំ ២០២២ របស់ខ្លួនបានចុះបញ្ជីប្រទេសកម្ពុជា និងអ៊ុយក្រែនក្នុងចំណោមប្រទេសទាំងប្រាំបួនដែលមានការផ្ទុកគ្រាប់មីនដ៏ច្រើន មានន័យថាពួកគេមានផ្ទៃដីច្រើនគីឡូម៉ែត្រការ៉េដែលគ្រាប់មីនមិនទាន់ត្រូវបានបោសសម្អាត។ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន AP។
សារព័ត៌មាន AP បានឱ្យដឹងទៀតថា អ្នកដោះមីនកម្ពុជា ស្ថិតក្នុងចំណោមអ្នកដែលមានបទពិសោធន៍ច្រើនបំផុតក្នុងពិភពលោកសម្រាប់កិច្ចការដោះមីន ហើយអ្នកដោះមីនកម្ពុជាជាច្រើនពាន់នាក់ត្រូវបានបញ្ជូនទៅធ្វើការនៅតំបន់អាហ្វ្រិក និងមជ្ឈិមបូព៌ា ក្នុងទសវត្សរ៍ចុងក្រោយនេះក្រោមការឧបត្ថម្ភរបស់អង្គការសហប្រជាជាតិ៕