ក្រុមមន្ត្រីបារាំងនិងអាល្លឺម៉ង់បានបើកសន្និសីទកំពូលនៅក្នុងប្រទេសបារាំងកាលពីថ្ងៃអាទិត្យ នៅពេលដែលមានសម្ពាធកាន់តែខ្លាំងឡើងលើអធិការបតីអាល្លឺម៉ង់លោក Olaf Scholz ឱ្យយល់ព្រមបញ្ជូនរថក្រោះធុនធ្ងន់ Leopard 2 ទៅឱ្យអ៊ុយក្រែន។
លោកអធិការបតីមិនបាននិយាយថា តើអាល្លឺម៉ង់នឹងយល់ព្រមផ្តល់ឱ្យអ៊ុយក្រែននូវរថក្រោះចម្បាំងនោះដែរឬទេ ក៏ប៉ុន្តែ ទីភ្នាក់ងារសារព័ត៌មាន Reuters បានដកស្រង់សម្តីលោកអធិការបតីមកចុះផ្សាយថា ការសម្រេចបែបនេះនឹងត្រូវធ្វើឡើងនៅក្នុងសម្របសម្រួលជាមួយសម្ពន្ធមិត្តរួមទាំងសហរដ្ឋអាមេរិកផងដែរ។
ប្រធានាធិបតីបារាំងលោក Emmanuel Macron បាននិយាយថា លោកមិនច្រានចោលពីលទ្ធភាពនៃការបញ្ជូនរថក្រោះប្រភេទ Leclerc ទៅឱ្យអ៊ុយក្រែនទេ។ ក៏ប៉ុន្តែ លោកបានព្រមានថា ការបញ្ជូនរថក្រោះនោះមិនត្រូវធ្វើឱ្យប៉ះពាល់ដល់សន្តិសុខរបស់បារាំង ឬពង្រីកសង្គ្រាមរវាងអ៊ុយក្រែននិងរុស្ស៊ីទេ។
រដ្ឋមន្ត្រីការបរទេសចក្រភពអង់គ្លេសលោក James Cleverly បាននិយាយកាលពីថ្ងៃអាទិត្យនៅក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ Sky News ថា លោកចង់ឃើញអ៊ុយក្រែនបានទទួលយុទ្ធោបករណ៍ដូចជារថក្រោះធុន Leopard 2។ សមាជិករដ្ឋសភាសហរដ្ឋអាមេរិកលោក Michael McCaul ដែលជាប្រធានថ្មីនៃគណៈកម្មាធិការកិច្ចការបរទេសខាងគណបក្សសាធារណរដ្ឋរបស់សហរដ្ឋអាមេរិកបានប្រាប់កម្មវិធី «This Week» របស់បណ្តាញទូរទស្សន៍ ABC ថា សហរដ្ឋអាមេរិកគួរផ្តល់រថក្រោះចម្បាំងប្រភេទធ្ងន់ Abrams ដល់អ៊ុយក្រែនដើម្បីលើកទឹកចិត្តប្រទេសអាល្លឺម៉ង់ឱ្យបញ្ជូនរថក្រោះ Leopard របស់ខ្លួនដែរ។
សមាជិកព្រឹទ្ធសភាខាងគណបក្សប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិកលោក Chris Coons ក៏បានប្រាប់បណ្តាញទូរទស្សន៍ ABC ដែរថា វាជាពេលវេលាដើម្បីទុកចោលមួយឡែកនូវការព្រួយកង្វល់របស់សហរដ្ឋអាមេរិកអំពីការផ្តល់រថក្រោះប្រភេទ Abrams នោះ។
អត្ថាធិប្បាយរបស់ក្រុមមេដឹកនាំកាលពីថ្ងៃអាទិត្យបន្ទរទៅតាមមន្ត្រីអឺរ៉ុបកាលពីថ្ងៃសៅរ៍ប្រឆាំងការមិនសម្រេចរបស់អាល្លឺម៉ង់អំពីការបញ្ជូនរថក្រោះធុនធ្ងន់របស់ខ្លួនទៅឱ្យអ៊ុយក្រែន។ រដ្ឋមន្ត្រីការបរទេស Latvia លោក Edgars Rinkevics បានអំពាវនាវដល់រដ្ឋាភិបាលអាល្លឺម៉ង់ឱ្យបញ្ជូនរថក្រោះ Leopard ទៅឱ្យអ៊ុយក្រែននៅពេលឥឡូវនេះ។
រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់បាននិយាយកាលពីថ្ងៃអាទិត្យថា អាល្លឺម៉ង់នឹងមិនជំទាស់ទេ ប្រសិនបើប៉ូឡូញសម្រេចចិត្តបញ្ជូនរថក្រោះផលិតដោយអាល្លឺម៉ង់ទៅកាន់អ៊ុយក្រែនដើម្បីជួយក្នុងការប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។
លោកស្រី Annalena Baerbock បានប្រាប់ទូរទស្សន៍បារាំង LCI ថា ខណៈពេលដែលប៉ូឡូញមិនបានស្នើសុំការអនុញ្ញាតឱ្យនាំចេញរថក្រោះ Leopard 2 របស់ខ្លួនទៅកាន់អ៊ុយក្រែន នៅឡើយ លោកស្រីបាននិយាយថា ប្រសិនបើសំណើនេះត្រូវបានធ្វើឡើង «យើងនឹងមិនឈររាំងផ្លូវនោះទេ»៕
ព័ត៌មានខ្លះសម្រាប់សេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារព័ត៌មាន AP ទីភ្នាក់ងារព័ត៌មាន AFP និងទីភ្នាក់ងារព័ត៌មាន Reuters។