ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សម្រាប់​អាស៊ាន ​កម្ពុជា​អាច​ដើរ​«តួនាទី​ពិសេស​ជាង​គេ»លើ​បញ្ហា​ឧបទ្វីប​កូរ៉េ


បុរសម្នាក់កំពុង​ឈរ​មើល​ទូរទស្សន៍​ស្តី​អំពី​ព័ត៌មាន​ក្នុង​ស្រុក​ស្តី​អំពី​ការ​គំរាមកំហែងរបស់​កូរ៉េខាងជើងក្នុងការ​បាញ់​មីស៊ីល​​នៅ​តំបន់ Guam។
បុរសម្នាក់កំពុង​ឈរ​មើល​ទូរទស្សន៍​ស្តី​អំពី​ព័ត៌មាន​ក្នុង​ស្រុក​ស្តី​អំពី​ការ​គំរាមកំហែងរបស់​កូរ៉េខាងជើងក្នុងការ​បាញ់​មីស៊ីល​​នៅ​តំបន់ Guam។

សង្រ្គាម​ពាក្យ​សម្តី​រវាង​សហរដ្ឋអាមេរិក និង​កូរ៉េ​ខាង​ជើង​ បាន​កើត​ឡើង​ជា​បន្ត​បន្ទាប់។ ក្នុង​កិច្ច​ប្រជុំ​កំពូល​រដ្ឋមន្រ្តី​ការបរទេស​អាស៊ាន​ក្នុង​ទីក្រុង​ម៉ានីល​ កាល​ពី​ពេល​ថ្មីៗ​នេះ ប្រទេស​ទាំង​១០​ដែល​ជា​សមាជិក​អាស៊ាន ​បាន​បង្ហាញ​«សារ​ខ្លាំងៗ»លើ​បញ្ហា​ការ​សាកល្បង​បាញ់​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង។

ពួកគេ​ក៏​បាន​ស្នើ​ទៅ​កូរ៉េ​ខាង​ជើង​ ប្រសិន​បើ​អាស៊ាន​អាច​ដើរ​តួនាទី​ណា​មួយ​ក្នុង​ការ​សម្របសម្រួល។ សម្រាប់​អាស៊ាន មន្រ្តី​កូរ៉េ​ខាង​ត្បូង​បាន​អះអាង​ថា កម្ពុជា​អាច​ដើរ​«តួនាទី​ពិសេស​ជាង​គេ»​លើ​បញ្ហា​ឧបទ្វីប​កូរ៉េ។

រដ្ឋមន្រ្តី​ការបរទេស​កម្ពុជា លោក ប្រាក់ សុខុន ​កាល​ពី​ថ្ងៃ​ពុធ ​បាន​ថ្លែង​ថា ប្រទេស​ជាសមាជិក​អាស៊ាន បាន​ផ្ញើរ​«សារ​ខ្លាំងៗ»​ទៅ​ប្រទេស​កូរ៉េ​ខាង​ជើង​ លើ​បញ្ហា​អាវុធនុយក្លេអ៊ែរ និង​ការ​បាញ់​គ្រាប់​មីស៊ីល​ជា​បន្ត​បន្ទាប់។ លោក​បាន​បញ្ជាក់​ដូច្នេះ បន្ទាប់​ពី​វិល​ត្រឡប់​មក​ពី​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​លើក​ទី៥០​ និង​កិច្ច​ប្រជុំ​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត ដែល​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​ទី​ក្រុង​ម៉ានីល​នៃប្រទេស​ហ្វីលីពីន។

ហានិភ័យ​នៃ​ជម្លោះ​យោធា​រវាង​សហរដ្ឋ​អាមេរិក និង​កូរ៉េខាងជើង ​បាន​កើន​ឡើង​ជា​បន្ត បន្ទាប់​ពី​រដ្ឋាភិបាល​កូរ៉េ​ខាង​ជើង​បាន​និយាយ​កាល​ពី​ថ្ងៃ​ពុធ​ថា ខ្លួន​កំពុង​តែ«ពិនិត្យ​យ៉ាង​ដិត​ដល់» លើ​គម្រោង​នៃ​ការ​វាយ​ប្រហារ​គ្រាប់​មីស៊ីល​ទៅ​លើ​តំបន់ Guam ​ដែល​ជា​ទឹកដី​របស់​អាមេរិក​នៅ​មហា​សមុទ្រ​ប៉ាស៊ីហ្វិក។

ការ​លើក​ឡើង​របស់​រដ្ឋាភិបាល​កូរ៉េ​ខាង​ជើង​កើត​ឡើង ​បន្ទាប់​ពី​ប្រធានាធិបតី​អាមេរិក​លោក​ ដូណាល់ ត្រាំ បាន​ប្រាប់​ទៅ​កូរ៉េ​ខាង​ជើង​ថា រាល់​ការ​គំរាម​កំហែង​ណា​មួយ​មក​លើ​សហរដ្ឋ​អាមេរិក​នឹង​ប្រឈម​ជាមួយ​អ្វី​ដែល​លោក​ប្រធានាធិបតី​បាន​ហៅ​ថា «ភ្លើង​ និង​កំហឹង»។

រដ្ឋមន្រ្តី​ការបរទេស​កម្ពុជា លោក ប្រាក់ សុខុន បាន​ថ្លែង​ថា ប្រទេស​កម្ពុជា​ក៏​ដូចជា​អាស៊ាន ចង់​បន្ធូរ​បន្ថយ​ភាព​តាន​តឹង​នៅ​ឧបទ្វីប​កូរ៉េ ដោយ​ចង់​ឲ្យ​មាន​ការ​ចរចា​គ្នា ដើម្បី​ដោះស្រាយ​បញ្ហា​ដោយ​សន្តិភាព។ លោក​បន្តថា​ អាស៊ាន​ក៏បាន​បង្ហាញសារ​ខ្លាំងៗ​ចំពោះ​កូរ៉េ​ខាងជើង​ផងដែរ។

រូបឯកសារ៖ រដ្ឋមន្ត្រី​ក្រសួងការបរទេសកម្ពុជា​ លោក​ ប្រាក់​ សុខុន​ ធ្វើ​បឋកថា​ស្តីពី «ស្ថានការណ៍​ពិភពលោក​បច្ចុប្បន្ន​ និង​អាទិភាព​នយោបាយ​ការបរទេសកម្ពុជា​» នៅឯ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា-ជប៉ុន នៅ​រាជធានី​ភ្នំពេញ កាលពីថ្ងៃទី៣០​ ខែ ឧសភា​ ឆ្នាំ​ ២០១៧។ (ហ៊ុល រស្មី/VOA)
រូបឯកសារ៖ រដ្ឋមន្ត្រី​ក្រសួងការបរទេសកម្ពុជា​ លោក​ ប្រាក់​ សុខុន​ ធ្វើ​បឋកថា​ស្តីពី «ស្ថានការណ៍​ពិភពលោក​បច្ចុប្បន្ន​ និង​អាទិភាព​នយោបាយ​ការបរទេសកម្ពុជា​» នៅឯ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា-ជប៉ុន នៅ​រាជធានី​ភ្នំពេញ កាលពីថ្ងៃទី៣០​ ខែ ឧសភា​ ឆ្នាំ​ ២០១៧។ (ហ៊ុល រស្មី/VOA)

លោក​រដ្ឋមន្រ្តី​បាន​បញ្ជាក់​ថា៖ «យើង​ស្នើ​ឲ្យ​កូរ៉េ​ខាង​ជើង​ធ្វើ​ការ​បញ្ឈប់​នូវ​ការ​បាញ់​កាំជ្រួច​របស់ខ្លួន គោរព​អនុវត្ត​ទៅ​តាម​សេចក្តី​សម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ​របស់​អង្គការ​សហប្រជាជាតិ។ លោក​បន្តថា​៖ «ហើយ​ក៏​ឯកភាព​ជាមួយ​ប្រទេស​អាស៊ាន​ដទៃ​ទៀត នៅ​ក្នុង​បញ្ជូន​សារ​ដ៏ខ្លាំង​មួយ​ទៅ​កូរ៉េ​ខាង​ជើង។ នេះ​ជា​ហេតុ​ដែល​នាំ​ឲ្យ​កម្ពុជា​យើង​ចូលរួម​ជាមួយ​នឹង​អាស៊ាន​ទាំង​អស់​ក្នុង​ការ​ចេញ​នូវ​សេចក្តី​ថ្លែងការណ៍​ដោយ​ឡែក​មួយ គឺ​សេចក្តី​ប្រកាស​ដោយ​ឡែក​មួយ​របស់​អាស៊ាន​ទាក់ទង​ទៅ​នឹង​ឧបទ្វីប​កូរ៉េ​នេះ​ឯង»។

លោក​រដ្ឋមន្រ្តី​បន្ត​ថា អាស៊ាន​ក៏បាន​ស្នើ​ទៅ​កូរ៉េ​ខាង​ជើង ប្រសិន​បើ​អាច​ដើរ​តួនាទី​សម្រប​សម្រួល​ណាមួយ។

លោក​មាន​ប្រសាសន៍​ថា៖ «ទីមួយ​អាស៊ាន​យើង​សំណូម​ពរ​ដើរ​តួនាទី​ណាមួយ​នៅ​ក្នុង​ការ​ស្វែង​រក​សន្តិភាព​ឲ្យ​ឧបទ្វីប​កូរ៉េ»។ លោក​បញ្ជាក់​ថា រដ្ឋមន្រ្តី​ការបរទេស​កូរ៉េ​ខាង​ជើង លោក Ri Yong Ho មិន​ឆ្លើយ​តប​ទាល់​តែ​សោះ​លើ​បញ្ហា​នេះ។

លោក ប្រាក់ សុខុន បាន​បន្ថែម​ថា បញ្ហា​កូរ៉េ​ខាង​ជើង គឺ​ត្រូវ​តែ​មាន​«ការ​ថ្លឹង​ថ្លែង»​ចំពោះ​ការ​បញ្ចេញ​ជំហរ​ផង​ដែរ ខណៈ​លោក​ថា ភាពតានតឹង​បាន​កើត​ឡើង​នៅ​ពេល​ដែល​សហរដ្ឋអាមេរិក និង​សម្ព័ន្ធ​មិត្ត​ បាន​ធ្វើ​សមយុទ្ធ​យោធា ដែល​កូរ៉េ​ខាង​ជើង​យល់​ថា ជា​ការ​គំរាមកំហែង​មួយ។

លោក​រដ្ឋមន្រ្តីបាន​អំពាវនាវ​ឲ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ «មេត្តា​អត់ធ្មត់ និង​ជៀសវាង​ធ្វើ​សកម្មភាព​ធ្វើ​ឲ្យ​សភាពការណ៍​តានតឹង​ថែម​ទៀត»។

លោក​បន្ត​ថា ប្រទេស​កម្ពុជា ក៏​ដូចជា​អាស៊ាន​ បាន​គំាទ្រ​គំនិត​ផ្តួច​ផ្តើម​របស់​ចិន និង​រុស្ស៊ី ដែល​ចង់​ឲ្យ​មាន​ការ​បញ្ឈប់​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង ការ​បញ្ឈប់​បាញ់​សាកល្បង​មីស៊ីល និង​សមយុទ្ធ​យោធា​រវាង​សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត។

លោក ​ប្រាក់ សុខុន បាន​ឲ្យ​ដឹង​ទៀត​ថា រដ្ឋមន្រ្តី​ការបរទេស​កូរ៉េខាង​ជើង លោក Ri Yong Ho ​បាន​ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​ថា បញ្ហា​បច្ចុប្បន្ន​នេះ ជា​រឿង​អយុត្តិធម៌​សម្រាប់​កូរ៉េ​ខាង​ជើង ហើយ​ការ​មាន​អាវុធ​នុយក្លេអ៊ែរ​នេះ​ គឺ​ដើម្បី​ការពារ​ខ្លួន​តែ​ប៉ុណ្ណោះ។

លោក Ko Yunju អនុប្រធាន​នៃ​ការិយាល័យ​ទទួល​បន្ទុក​កិច្ចការ​កូរ៉េ​ខាង​ជើង នៃ​ក្រសួង​ការបរទេស​កូរ៉េ​ខាង​ត្បូង បាន​ថ្លែង​ប្រាប់​ VOA ខណៈ​លោក​ចូលរួម​កិច្ច​ពិភាក្សា​មួយ​នៅ​រាជធានីភ្នំពេញ ស្តី​ពី​អំពី​បញ្ហា​ប្រទេស​កូរ៉េ​ខាង​ជើង​កាល​ពីថ្ងៃ​ទី​១៧ ខែកក្កដា ថា បញ្ហា​កូរ៉េ​ខាង​ជើង​ជា​បញ្ហា​អន្តរជាតិ​ ដែល​ប្រទេស​ទាំងអស់ ក្នុង​នោះ​មាន​អាស៊ាន​ផងដែរ​ត្រូវ​តែ​យក​ចិត្ត​ទុកដាក់។

លោក Ko Yunju អនុប្រធាន​នៃ​ការិយាល័យ​ទទួល​បន្ទុក​កិច្ចការ​កូរ៉េ​ខាង​ជើង​នៃ​ក្រសួង​ការបរទេស​កូរ៉េ​ខាង​ត្បូង ថ្លែង​ក្នុងកិច្ច​ពិភាក្សា​មួយ​នៅ​រាជធានីភ្នំពេញ ស្តី​ពី​អំពី​បញ្ហា​ឧបទ្វីបកូរ៉េ​ កាល​ពីថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ២០១៧។ (ស៊ុន​ ណារិន/VOA)
លោក Ko Yunju អនុប្រធាន​នៃ​ការិយាល័យ​ទទួល​បន្ទុក​កិច្ចការ​កូរ៉េ​ខាង​ជើង​នៃ​ក្រសួង​ការបរទេស​កូរ៉េ​ខាង​ត្បូង ថ្លែង​ក្នុងកិច្ច​ពិភាក្សា​មួយ​នៅ​រាជធានីភ្នំពេញ ស្តី​ពី​អំពី​បញ្ហា​ឧបទ្វីបកូរ៉េ​ កាល​ពីថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ២០១៧។ (ស៊ុន​ ណារិន/VOA)

លោក​ក៏​បាន​អំពាវនាវ​ឲ្យ​ប្រទេស​កូរ៉េ​ខាង​ជើង «ផ្លាស់ប្តូរ​ឥរិយាបថ» និង​បង្ហាញ​«ភាព​ស្មោះត្រង់»​សម្រាប់​ការ​ចរចា ដើម្បី​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី។

លោក Ko Yunju បាន​បន្ត​ថា ប្រទេស​កម្ពុជា​អាច​ដើរ«​តួនាទី​ពិសេស​ជាង​គេ»​លើ​បញ្ហា​ឧបទ្វីបកូរ៉េ ដោយសារ​កម្ពុជា​មាន​ទំនាក់​ទំនង​ល្អ​ជា​ប្រវត្តិសាស្រ្ត​ជាមួយ​កូរ៉េ​ខាង​ជើង។

លោក​បាន​បញ្ជាក់​ថា៖ «ខ្ញុំគិត​ថា​កម្ពុជា ក្នុង​នាម​ជា​សមាជិក​អាស៊ាន ​អាច​ដើរ​តួនាទី​សំខាន់​ណាស់។ ប្រទេស​កម្ពុជា​មាន​ទំនាក់​ទំនង​ល្អជា​ប្រវត្តិសាស្រ្ត​ជាមួយ​ប្រទេស​កូរ៉េ​ខាង​ជើង។ យើង​រំពឹង​ថា កម្ពុជា​អាច​ដើរ​តួនាទី​ពិសេស​ជាង​គេ ដើម្បី​បញ្ចុះ​បញ្ចូល​ប្រទេស​កូរ៉េ​ខាង​ជើង​ឲ្យ​វិល​មក​តុចរចា​ និង​បញ្ចប់​ការ​បង្ក​ជា​ហេតុ​នៃ​មីស៊ីល»។

ទំនាក់​ទំនង​រវាង​ប្រទេស​កម្ពុជា​និង​កូរ៉េ​ខាង​ជើង បាន​បន្សល់​ទុក​តាំង​ពី​ព្រះបាទ​នរោត្តម សីហនុ​ អំឡុង​សម័យ​កាល​ដឹកនាំ​ដោយ​មេដឹកនាំ​ផ្តាច់​ការ​កូរ៉េខាងជើង​ លោក គីម អ៊ីលស៊ុង ដែល​កាល​នោះ​លោក​បាន​សង់​ព្រះរាជ​ដំណាក់​ថ្វាយ​ព្រះបាទ​នរោត្តម សីហនុ​ ក្នុង​ឆ្នាំ​១៩៧៤។ ទំនាក់​ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ​បាន​ចាប់​ផ្តើម​តាំងពី​ឆ្នាំ​១៩៦៥ ហើយ​ព្រះបរម​រតនកោដ្ឋ ​ក៏​ធ្លាប់​មាន​អង្គរក្ស​ជា​ជនជាតិ​កូរ៉េ​ខាង​ជើង​ផងដែរ។

លោក ពូ សុធីរៈ នាយកប្រតិបត្តិ​នៃ​វិទ្យាស្ថានខ្មែរ​សម្រាប់​សហ​ប្រតិបត្តិការ និង​សន្តិភាព បាន​ថ្លែង​ប្រាប់​ VOA​ ថា ប្រសិន​បើ​មាន​ការ​ស្នើ​សុំ​ផ្លូវ​ការ​ណាមួយ លោក​យល់​ថា​កម្ពុជា​អាច​ដើរ​តួនាទី​ជា​អ្នក​សម្រប​សម្រួល​បាន ដោយ​សារ​ទំនាក់ទំនង​ល្អ​ជា​ប្រវត្តិសាស្រ្ត​នៃ​ប្រទេស​កម្ពុជា និង​កូរ៉េ​ខាង​ជើង។

លោក​បាន​ថ្លែង​ប្រាប់ ​VOA ​ថា​៖ «មតិ​ផ្ទាល់​របស់​ខ្ញុំ​យល់​ឃើញ​ថា បើ​សិន​សហគមន៍​អន្តរជាតិ ជាពិសេស​សមាជិក​របស់​ Six Party(នៃ​ភាគី​ទាំង​៦ កូរ៉េ​ខាងជើង កូរ៉េខាងត្បូង អាមេរិក ជប៉ុន ចិន និងរុស្ស៊ី) ស្នើ​ផ្ទាល់​ចំពោះ​កម្ពុជា​ថា សុំ​សម្រប​សម្រួល​ផង ប្រហែល​ជា​កម្ពុជា​អាច​ឈាន​ទៅ​ប្រកាន់​យក​ជំហរ​អី​មួយ​ច្បាស់លាស់​ជាង​ហ្នឹង»។

លោក​បន្ថែម​ថា៖ «ខ្ញុំ​ក៏​មើល​ឃើញ​ថា​កម្ពុជា​មាន​កត្តា​ល្អ ដែល​អាច​ដើរ​តួនាទី​មាន​ប្រយោជន៍​សម្រាប់​ភាគី​ទាំង​អស់ ឈាន​ទៅ​រក​ការ​ព្រមព្រៀង​មួយ បញ្ចប់​ជម្លោះ​នៅ​ឧបទ្វីប​កូរ៉េ ជា​ពិសេស​រឿង​អាវុធ​នុយក្លេអ៊ែរ ដែល​បង្ក​អសុវត្ថិភាព»។ លោក​បន្ត​ថា​ជិត​១០ឆ្នាំ​មក មិន​មាន​ការ​ចរចា​ណាមួយ​កើត​ឡើង​រវាង​ភាគី​ពាក់ព័ន្ធ​នោះ​ទេ។

លោក ពូ សុធីរៈ នាយកប្រតិបត្តិ​នៃ​វិទ្យាស្ថានខ្មែរ​សម្រាប់​សហ​ប្រតិបត្តិការ និង​សន្តិភាព ថ្លែង​ក្នុងកិច្ច​ពិភាក្សា​មួយ​នៅ​រាជធានីភ្នំពេញ ស្តី​ពី​អំពី​បញ្ហា​ឧបទ្វីបកូរ៉េ​ កាល​ពីថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ២០១៧។ (ស៊ុន​ ណារិន/VOA)
លោក ពូ សុធីរៈ នាយកប្រតិបត្តិ​នៃ​វិទ្យាស្ថានខ្មែរ​សម្រាប់​សហ​ប្រតិបត្តិការ និង​សន្តិភាព ថ្លែង​ក្នុងកិច្ច​ពិភាក្សា​មួយ​នៅ​រាជធានីភ្នំពេញ ស្តី​ពី​អំពី​បញ្ហា​ឧបទ្វីបកូរ៉េ​ កាល​ពីថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ២០១៧។ (ស៊ុន​ ណារិន/VOA)

ជាមួយ​ភាព​តានតឹង​ដែល​កើត​ចេញ​ពី​បញ្ហា​អាវុធ​នុយក្លេអ៊ែរ​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ជើង សំណួរ​ត្រូវ​បាន​លើក​ឡើង​ថា​ តើ​ប្រទេស​ជា​សមាជិក​អាស៊ាន អាច​ធ្វើ​អ្វី​បាន​ខ្លះ​ដើម្បី​កាត់​បន្ថយ​ភាព​តានតឹង​នេះ ជា​ពិសេស​ប្រទេស​កម្ពុជា​ដែល​បាន​ធ្វើ​ឲ្យ​មាន​តុល្យភាព​នៃ​ទំនាក់ទំនង​ល្អ​ជាមួយ​ប្រទេស​កូរ៉េ​ទាំង​ពីរ។

អ្នក​ជំនាញ​និយាយ​ថា​ កម្ពុជា​គួរ​តែ​មាន​តួនាទី​សកម្ម​ជាង​នេះ ទៅលើ​បញ្ហា​នៅ​កូរ៉េ​ខាង​ជើង ដោយ​ប្រើ​ប្រាស់​យន្តការ​អាស៊ាន។ ទោះជា​យ៉ាងណា ការ​ប្រើប្រាស់​គោល​នយោបាយ​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​ប្រទេស​ណាមួយ​ នៅ​តែ​ជា​សំណួរ​សម្រាប់​កម្ពុជា។ រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជាក់​ថា ប្រទេស​កម្ពុជា​មិន​កាន់​ជើង​ខាង​ណា​នោះ​ទេ លើ​បញ្ហា​ឧបទ្វីប​កូរ៉េ​ខាង​ជើង។

លោក ឈាង វណ្ណារិទ្ធិ ​នាយក​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​ការ​សិក្សា​យុទ្ធសាស្រ្ត​មាន​ប្រសាសន៍​ថា ដោយ​សារ​ទំនាក់ទំនង​ជិត​ស្និទ្ធិ​រវាង​ប្រទេស​ទាំងពីរ កម្ពុជា​អាច​ចូលរួម​ក្នុង​ការ​កាត់​បន្ថយ​ភាព​តានតឹង​នៅ​កូរ៉េ​ខាង​ជើង​ នៅ​ពេល​មាន​ការ​ស្នើ​សុំ​ណា​មួយ​មក​កម្ពុជា។

លោក​បាន​ថ្លែង​ប្រាប់ VOA ថា៖

«អញ្ចឹង​ទេ​ក្នុង​ករណី​ដែល​ប្រទេស​កូរ៉េ​ទាំង​ពីរ​ហ្នឹង​មក​ស្នើ​សុំ​ឲ្យ​កម្ពុជា​ធ្វើ​ជា​អាជ្ញា​កណ្តាល ឬ​ក៏​យក​ប្រទេស​កម្ពុជា​ទៅ​ជា​កន្លែង​ដើម្បី​ពិភាក្សា​ណាមួយ។ ខ្ញុំ​គិត​ថា​ កម្ពុជា​អាច​ធ្វើ​បាន ក៏​ប៉ុន្តែ​បើ​ឲ្យ​កម្ពុជា​យើង​ទៅ​ទំនាក់​ទំនង​ដើម្បី​ស្វែង​រក​ដំណោះស្រាយ ប្រហែល​ជា​មិន​អាច​ទេ»។ លោក​បញ្ជាក់​ថា ​កម្ពុជា​ក៏​អាច​ជា​ទីតាំង​សម្រាប់​ការ​ចរចា​រវាង​ប្រទេស​កូរ៉េ​ទាំង​ពីរ​ផង​ដែរ។

លោក​មាន​ប្រសាសន៍​ថា៖ «បើ​ទីតាំង​ពិភាក្សា​រវាង​កូរ៉េ​ទាំង​ពីរ ប្រហែល​ជា​ភាគី​កម្ពុជា​ស័ក្តិសម​ដែរ​ដែល​ប្រទេស​ទាំង​ពីរ​អាច​ជឿ​ទុក​ចិត្ត​បាន​ដែរ»។

ប្រទេស​កម្ពុជា​បាន​ព្យាយាម​ធ្វើ​ឲ្យ​មាន​តុល្យភាព​នៃ​ទំនាក់ទំនង​ជាមួយ​ប្រទេស​កូរ៉េ​ទាំងពីរ បើ​ទោះជា​កម្ពុជា​មិនមាន​ប្រយោជន៍​សេដ្ឋកិច្ច​ជាមួយ​ប្រទេស​កូរ៉េ​ខាង​ជើង។ កម្ពុជា​មាន​ទំនាក់ទំនង​សេដ្ឋកិច្ច​ជាមួយ​កូរ៉េ​ខាងត្បូង​ច្រើន ក្នុង​នោះ​មាន​ការ​វិនិយោគ ទេសចរណ៍​ និង​ការ​បញ្ជូន​កម្លាំង​ពលករ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ជាដើម។

បណ្ឌិត​ផ្នែក​វិទ្យាសាស្រ្ត​នយោបាយ លោក សុខ​ ទូច មាន​ប្រសាសន៍​ថា​ព្រះមហាក្សត្រ​បច្ចុប្បន្ន​ និង​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន មិន​បាន​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​កូរ៉េខាង​ជើង​នោះ​ទេ ដូច្នេះ​លោក​មើល​ឃើញ​ថា​ទំនាក់​ទំនង​នេះ​មិន​ដូច​ទំនាក់​ទំនង​កាល​ពី​អតីតកាល​នោះ​ទេ។​

លោក​បន្ត​ថា​ ដោយ​សារ​បញ្ហា​កូរ៉េ​ខាង​ជើង​មាន​ប្រទេស​មហាអំណាច​មួយ​ចំនួន​នៅ​ពីក្រោយ ដូច្នេះ​ប្រទេស​កម្ពុជា​នឹង​មិន​មាន​លទ្ធភាព​អាច​ធ្វើ​ជា​អ្នក​សម្រប​សម្រួល​បាន​នោះទេ។

លោក សុខ ទូច មាន​ប្រសាសន៍​ថា៖ «កូរ៉េ​(ខាង​ជើង)ជា​ឧបករណ៍​របស់​ចិន សព្វថ្ងៃ​នេះ ដើម្បី​ពង្រឹង​កម្លាំង​របស់​ខ្លួន​ទប់​ជាមួយ​អាមេរិក។ ចិន​ប្រើ​ប្រាស់​កូរ៉េ​ខាង​ជើង​ជា​រនាំង ដើម្បី​ឲ្យ​អាមេរិកកាំង ហូរ​ថវិកា​ឲ្យ​បាន​ច្រើន ដើម្បី​កាត់​បន្ថយ​កំណើន​សេដ្ឋកិច្ច​របស់​អាមេរិក ព្រោះ​ចិន​មាន​បំណង តាម​គោល​នយោបាយ​របស់​បក្ស​របស់​គេ គឺ​គេ​នៅ​ឆ្នាំ​២០២០ គេ​នឹង​ក្លាយ​ជា​មហាអំណាច​សេដ្ឋកិច្ច​នៅ​លើ​ពិភព​លោក»។

លោក​បន្តថា​ ប្រសិន​បើ​អាស៊ាន​មាន​បញ្ហា​ប្រឈម​ជាមួយ​កូរ៉េ​ខាង​ជើង នោះ​កម្ពុជា​នឹង​ដើរ​តួនាទី​សំខាន់​ក្នុង​បញ្ហា​ទាំង​នេះ៕

XS
SM
MD
LG