ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​ សម្ដែង​ការ​មិន​សប្បាយ​ចិត្ត​នឹង​ការ​សាកល្បង​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង


រូបឯកសារ៖ រដ្ឋមន្រ្តីក្រសួងការបរទេសដែលទើបឡើងកាន់តំណែងថ្មី លោក ប្រាក់ សុខុន ជួបជាមួយលោកឯកអគ្គរដ្ឋទូតអាមេរិក William Heidt នៅរាជធានីភ្នំពេញ កាលពីថ្ងៃពុធ ទី១១ ខែឧសភា ឆ្នាំ២០១៦។ (ឡេង ឡែន/VOA)
រូបឯកសារ៖ រដ្ឋមន្រ្តីក្រសួងការបរទេសដែលទើបឡើងកាន់តំណែងថ្មី លោក ប្រាក់ សុខុន ជួបជាមួយលោកឯកអគ្គរដ្ឋទូតអាមេរិក William Heidt នៅរាជធានីភ្នំពេញ កាលពីថ្ងៃពុធ ទី១១ ខែឧសភា ឆ្នាំ២០១៦។ (ឡេង ឡែន/VOA)

​បញ្ហា​ឧបទ្វីប​កូរ៉េ​ក្នុង​អំឡុង​ពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ​ ​កំពុង​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​បណ្ដា​ប្រទេស​នា​នា​ ដោយ​សារ​រដ្ឋាភិបាល​កូរ៉េ​ខាង​ជើង​ បាន​​បាញ់​សាកល្បង​គ្រាប់​មីស៊ីល​ជា​ច្រើន​​ដង​នា​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ។

លោក​ ​ប្រាក់ សុខុន​ ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា ​លើក​ឡើង​ថា​ ​ក្រុម​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​ ​បាន​សម្ដែង​ការ​មិន​សប្បាយ​ចិត្ត​នឹង​ការ​បាញ់​បង្ហោះ​មីស៊ីល​សាកល្បង​របស់​កូរ៉េ​ខាងជើង​ ​និងបាន​ឯកភាព​គ្នា​ ដើម្បី​ដោះស្រាយ​បញ្ហា​ឧបទ្វីប​កូរ៉េ​ ​ដែល​កំពុង​មាន​ភាព​តានតឹង​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លង​មក​ហើយ។​

បន្ទាប់​ពី​វិល​ត្រឡប់​មក​ពី​កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​ការបរទេស​អាស៊ាន​លើក​ទី៥០​ និង​កិច្ច​ប្រជុំ​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​នៅ​ទី​ក្រុង​ម៉ានីល​ ​ប្រទេស​ហ្វីលីពីន​ ​លោក​ ​ប្រាក់ សុខុន​ ​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ ​នា​ព្រឹក​ថ្ងៃ​ពុធ​នេះ​ថា​ ​រដ្ឋមន្រ្តី​ការ​បរទេស​អាស៊ាន​ បាន​ប្រជុំ​ពិភាក្សា​ពិគ្រោះ​យោបល់​ពិសេស​ដាច់​ដោយ​ឡែក​មួយ​ក្រៅ​ពី​ការ​ប្រជុំ​អាស៊ាន​ ​ដើម្បី​ពិភាក្សា​លើ​បញ្ហា​ឧបទ្វីប​កូរ៉េ​ ក្រោយ​ពី​មាន​ការ​ឡើង​កម្ដៅ​ជា​បន្ត​បន្ទាប់​នោះ។​

លោក​រដ្ឋមន្ត្រី​រូប​នេះ​បន្ថែម​ថា​ ​ក្រុម​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ទាំង​អស់ ​បាន​គាំទ្រ​គំនិត​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ឧបទ្វីប​កូរ៉េ​នេះ​ ​ប៉ុន្តែ​លោក​ថា​ ​រដ្ឋ​មន្ត្រី​ការបរទេស​ប្រទេស​កូរ៉េ​ខាង​ជើង ​មិន​បាន​បញ្ចេញ​មតិ​ច្រើន​នោះ​ទេ​ ​ដោយ​គ្រាន់តែនិយាយ​ថា​ ​ជា​ការ​អយុត្តិធម៌​ដែល​ប្រទេស​កូរ៉េ​ខាងជើង​ត្រូវ​បាន​រង​ការ​ចោទ​ប្រកាន់​តែ​ម្នាក់​ឯង​ ពាក់ព័ន្ធ​នឹង​អាវុធ​នុយក្លេអ៊ែរ​ ​និង​ថា​ ​កូរ៉េខាងជើង​ប្រឆាំង​តែ​សត្រូវ​របស់​ខ្លួន​តែ​មួយ​គត់​ គឺ​សហរដ្ឋអាមេរិក។

ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​ ​លោក​ ​ប្រាក់ សុខុន​ ​បន្ថែម​ដោយ​សំដៅ​លើការ​លើក​ឡើងរបស់​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ានទៅ​កាន់​រដ្ឋមន្ត្រី​ការ​បរទេស​កូរ៉េ​ខាងជើង​ក្នុង​ពេល​ប្រជុំ​នោះ​ថា៖

«សុំ​ឲ្យ​គាត់​ពិចារណា​ ​បន្ទន់​ឥរិយាបថ​ ​គិត​ឡើង​វិញ ​ហើយ​កុំឲ្យ​ធ្វើ​អី​ដែល​វា​អាច​ធ្វើ​ឲ្យ​សភាពការណ៍​កាន់​តែ​ធ្ងន់ធ្ងរ​ ​ហើយ​និងសុំ​ឲ្យ​គាត់​យល់​អំពី​ការ​មិន​សប្បាយ​ចិត្ត​របស់​ប្រទេស​អាស៊ាន​ទាំង ​១០​ដែរ។ គឺ​គាត់​អត់​ឆ្លើយ​ហ្មង ងក់ក្បាល​ក៏​មិន​ងក់ គ្រវីក្បាល​ ក៏​មិនគ្រវី»។

​បញ្ហា​ឧបទ្វីប​កូរ៉េ​ក្នុង​អំឡុង​ពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ​ ​កំពុង​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​បណ្ដា​ប្រទេស​នា​នា​ ដោយ​សារ​រដ្ឋាភិបាល​កូរ៉េ​ខាង​ជើង​ បានបាញ់​សាកល្បង​គ្រាប់​មីស៊ីល​ជា​ច្រើនដង​នា​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ។

តប​ទៅ​នឹង​ការ​សាក​ល្បង​អាវុធ​ប្រល័យ​លោក​ដ៏​គឃ្លើន​ របស់​កូរ៉េ​ខាង​ជើង​ សហរដ្ឋ​អាមេរិក​បានដាក់​ពង្រាយ​កងទ័ព​ជើង​ទឹក​របស់​ខ្លួន​នៅ​ឧបទ្វីប​កូរ៉េ​ ​ដែល​បញ្ហា​នេះ​បាន​ធ្វើ​ឲ្យ​ស្ថានការណ៍​យោធា​មាន​ការ​ប្រឈម​មុខ​ដាក់​គ្នា​យ៉ាង​តឹងតែង។​

កាល​ពី​ថ្ងៃ​សៅរ៍​ ​រដ្ឋមន្ត្រី​ការបរទេស​នៃ​បណ្ដា​ប្រទេស​សមាគម​អាស៊ាន​ទាំង​អស់​ ​បាន​បង្ហាញ​នូវ ​«ការ​ព្រួយ​បារម្ភ​ដ៏​ខ្លាំងក្លា»​ ​អំពី​ការ​កើន​ឡើង​នូវ​ភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ​ ​ដែល​ក្នុង​នោះ​មាន​ទាំង​ការ​បាញ់​គ្រាប់​ផ្លោង​មីស៊ីល​ឆ្លង​ទ្វីប​របស់​កូរ៉េ​ខាង​ជើង​ចំនួន​ពីរ​លើក​កាល​ពី​ខែ​កក្កដា​ ​កន្លង​ទៅ​នេះ​ផង​ដែរ។​ ពួកគេ​ បាន​ស្នើ​ឲ្យ​កូរ៉េ​ខាង​ជើង​គោរព​តាម​សេចក្ដី​សម្រេច​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ ​និង​បញ្ឈប់​ការ​សាកល្បង​គ្រាប់​ផ្លោង​មីស៊ីល​តទៅទៀត៕​

XS
SM
MD
LG