ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​តតាំង​គ្នា​រវាង​សហរដ្ឋអាមេរិក​និង​កូរ៉េខាង​ជើង​កើត​ឡើង​ស្រប​ជាមួយ​នឹង​ហានិភ័យ​វិនាសកម្ម


រូប​ផ្គុំគ្នា​ដែល​មាន​រូប​លោក គឹម ជុងអ៊ុន មេដឹកនាំ​កូរ៉េខាង​ជើង (ឆ្វេង) និង​លោក ដូណាល់ ត្រាំ ប្រធានាធិបតី​អាមេរិក។
រូប​ផ្គុំគ្នា​ដែល​មាន​រូប​លោក គឹម ជុងអ៊ុន មេដឹកនាំ​កូរ៉េខាង​ជើង (ឆ្វេង) និង​លោក ដូណាល់ ត្រាំ ប្រធានាធិបតី​អាមេរិក។

ហានិភ័យ​នៃ​ជម្លោះ​យោធា​រវាង​សហរដ្ឋ​អាមេរិក និង ​កូរ៉េខាងជើង ​បាន​កើន​​ឡើង​ជា​បន្ត​បន្ទាប់​ពី​រដ្ឋាភិបាល​កូរ៉េខាងជើង​បាន​និយាយ​កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ​ថា ខ្លួន​កំពុង​តែ «ពិនិត្យ​យ៉ាង​ដិត​ដល់» លើ​គម្រោង​នៃ​ការ​វាយ​ប្រហារ​គ្រាប់​មីស៊ីល​ទៅ​លើ​តំបន់ Guam ​ដែល​ជា​ទឹកដី​របស់​អាមេរិក​នៅ​មហា​សមុទ្រ​ប៉ាស៊ីហ្វិក។

ការ​លើកឡើង​ពី​សំណាក់​រដ្ឋាភិបាល​កូរ៉េខាងជើង​ដូចនេះ​ កើត​ឡើង​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ បន្ទាប់​ពី​ប្រធានាធិបតី​អាមេរិក​លោក​ ដូណាល់ ត្រាំ បាន​ប្រាប់​ទៅ​កូរ៉េ​ខាង​ជើង​ថា រាល់​ការ​គំរាម​កំហែង​ណា​មួយ​មក​លើ​សហរដ្ឋ​អាមេរិក​នឹង​ប្រឈម​ជាមួយ​នឹង​អ្វី​ដែល​លោក​ប្រធានាធិបតី​បាន​ហៅ​ថា «ភ្លើង​ និង​ កំហឹង»។ គួរ​បញ្ជាក់​ថា សូម្បី​តែ​ការ​វាយ​ប្រហារ​មាន​កម្រិត​មួយ​ពី​សំណាក់​សហរដ្ឋអាមេរិក​ទៅ​លើ​កូរ៉េខាងជើង​ គឺ​ទំនង​នឹង​បង្ក​ឲ្យ​មាន​ការ​វាយប្រហារ​ដោយ​ប្រល័យ​តប​មក​វិញ​ ដែល​ការណ៍​នេះ​ភ្លាមៗ​អាច​ក្លាយ​ជា​សង្រ្គាម​នុយក្លេអ៊ែរ​យ៉ាង​ទូលំទូលាយ​មួយ។

នៅ​ក្នុង​ស្ថានភាព​ដ៏​ប្រសើរ​បំផុត​មួយ ការ​វាយ​ប្រហារ​ស្កាត់​ទុក​មុន​ពី​សំណាក់​សហរដ្ឋ​អាមេរិកទៅ​លើ​កន្លែង​បង្ហោះ​គ្រាប់​មីស៊ីល ឬ​កន្លែង​ផលិត​អាវុធ​នុយក្លេអ៊ែរ របស់​ប្រទេស​កូរ៉េខាងជើង​ នឹង​មិនប៉ះពាល់​ខ្លាំង​ដល់សមត្ថភាព​ប្រយុទ្ធរបស់​ប្រទេស​នោះ​ឡើយ។ ប៉ុន្តែ​ការ​វាយប្រហារ​ស្កាត់​ទុក​មុននេះ​ប្រហែល​អាច​ជំរុញ​ឲ្យ​មេដឹកនាំ​កូរ៉េ​ខាង​ជើង​ លោក​ Kim Jong Un ស្វះ​ស្វែង​រក​ផ្លូវ​ពិភាក្សា​ ជា​ជាង​ប្រថុយ​ប្រថាន​នឹង​សង្រ្គាម​មួយ ដែល​រូប​លោកផ្ទាល់​ដឹង​ច្បាស់​ថា មិន​អាច​យក​ឈ្នះ​បាន​ឡើយ។

លោក​ Shin In-Kyun អ្នក​វិភាគ​ផ្នែក​សន្តិសុខ​នៃ​អង្គការ​បណ្តាញការពារ​ជាតិ​កូរ៉េ​ខាង​ត្បូង​ និយាយ​ថា៖ «ប្រសិន​បើ​គាត់ (លោក Kim Jong Un) ​មាន​ភាព​អត់ធ្មត់ និង​ព្យាយាម​ស្វែង​រកដំណោះស្រាយ​តាមរយៈ​ការ​ចរចា​ជាមួយ​នឹង​សហរដ្ឋអាមេរិក ដោយ​ប្រើប្រទេស​ចិន និង​រុស្ស៊ី គាត់​ប្រហែល​អាច​នៅ​រស់​រាន​បាន»។

ទោះ​បី​យ៉ាង​ណា​ក៏ដោយ ហេតុផលសម្រាប់​ចំណាត់​ការ​តាម​មធ្យោបាយ​យោធា​ដើម្បី​កំចាត់​ការ​គំរាមកំហែង​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង គឺ​ថា ថា្នក់​ដឹកនាំ​ដ៏​គឃ្លើន​នៅ​ក្រុង​ព្យុងយ៉ាង មិន​អាច​ត្រូវ​ទុកចិត្ត​បាន​ថា នឹង​រក្សា​ឥរិយាបថ​មិន​គឃ្លើន​នោះ​ទេ។

អ្នក​វិភាគ​តំបន់​អាស៊ី​ភាគ​ឦសាន លោក Bruce Klingner នៃ​អង្គការ​ The Heritage Foundation បាន​និយាយ​ថា៖ «អ្នក​ខ្លះ​គិត​ថា លោក​ Kim Jong Un គឺ​ឆ្កួត​លីលា ហើយ​ប្រហែលនឹង​ធ្វើការ​វាយ​ប្រហារ។ ប៉ុន្តែ​គាត់​នឹង​គិតគ្រប់​ជ្រុងជ្រោយជា​មុន​សិន ហើយសម្រេចមិន​ឆ្លើយ​តប​នឹង​ការ​វាយ​ប្រហារ​ពី​សំណាក់​សហ​រដ្ឋ​អាមេរិក​ទេ»។

កូរ៉េខាងជើង​បាន​ព្រមាន​ថា ខ្លួន​នឹង​បង្រៀន «ធម៌ក្តៅ» ទៅ​កាន់​សហរដ្ឋអាមេរិក តាម​រយៈ​ការ​ឆ្លើយ​តប​ចំពោះ​ចំណាត់​ការ​យោធា​ជាមួយ​នឹង​អាវុធនុយក្លេអ៊ែរ​។

ប៉ុន្តែ​ក្រុម​អ្នក​ជំនាញ​ផ្នែកយុទ្ធសាស្រ្ត​យោធា​និយាយ​ថា ការ​វាយប្រហារ​មាន​កម្រិត​មួយ​នឹង​កាន់​តែ​បំផុស​ឲ្យ​មាន​ការ​វាយប្រហារ​អាវុធ​ដ៏​ប្រល័យ ក៏ដូចជាអាវុធ​គីមី ប្រឆាំង​នឹង​កូរ៉េខាងត្បូង​ផង​ដែរ។ ហើយ​ការណ៍​នេះ​អាច​បង្ក​ជា ជម្លោះ​ដ៏​ធំ​មួយ​តាម​បណ្តោយ​ព្រំដែន​ ដែល​មាន​ដាក់​ពង្រាយ​យោធាយ៉ាង​ខ្លាំង​ រវាង​ប្រទេស​កូរ៉េ​ទាំង​ពីរ និង​អូសទាញកងទ័ព​អាមេរិក​ជាង​ ២ម៉ឺន ប្រាំបី​ពាន់​នាក់​ឲ្យ​ចូល​ដៃ​ប្រយុទ្ធ​ជាមួយភាគី​កូរ៉េខាងត្បូង។

កូរ៉េខាងជើង​មាន​សមត្ថភាព​បាញ់​គ្រាប់​កាំភ្លើង​កាណុង​ធំ​ ចំនួន​ ៣សែន​គ្រាប់​ ក្នុង​រយៈពេល​មួយ​ម៉ោង​ដំបូង នៅ​ក្នុង​ការ​វាយប្រហារ​មួយ​ ដែល​អាច​ទៅ​ដល់ពលរដ្ឋ​កូរ៉េខាង​ត្បូង​ចំនួន​ពាក់កណ្តាល​ ដែល​ក្នុង​នោះ​រួម​មាន​ពលរដ្ឋ ១០ លាន​នាក់​រស់​នៅ​ក្រុង​សេអ៊ូល​ផង​ដែរ។

ការ​វាយប្រហារ​លាត​សន្ធឹង​ជាង​នេះ ដើម្បី​ចាត់​ទី​ដៅ​លើ​កន្លែង​ផលិតមីស៊ីល​ និង​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​ ទាំងអស់​ចាំបាច់​ត្រូវ​តែ​រួម​មាន​ផែនការ​នានា​សម្រាប់​ការ​ចូល​លុកលុយ​ពេញលេញ​ទៅ​លើ​ប្រទេស​នោះ។

លោក Bruce Klingner​ នៃ​អង្គការ The Heritage Foundation បាន​និយាយ​ថា៖ «ដើម្បី​ធានា​ថា អ្នក​បាន​បំបាត់​គ្រប់​សមត្ថភាព​នុយក្លេអ៊ែរ និង​មីស៊ីល​របស់​កូរ៉េខាងជើង គឺ​ពិត​ជា​ត្រូវ​ការ​ការ​បញ្ចប់​របប​ដឹកនាំ​នៅ​កូរ៉េខាងជើង​។

នៅ​ទី​បំផុត​ ក្រុម​អ្នកជំនាញ​ផ្នែក​យុទ្ធសាស្រ្ត​យោធា​និយាយ​ថា កងកម្លាំង​អាមេរិកអាច​យក​ឈ្នះ​សង្រ្គាម​ប្រឆាំង​នឹងកូរ៉េខាង​ជើង ប៉ុន្តែការ​ប្រយុទ្ធ​គ្នា​នឹង​បង្ក​វិនាសកម្ម​នៅ​ក្នុង​តំបន់ និង​ធ្វើ​ឲ្យ​មនុស្ស​រាប់​លាន​នាក់​បាត់បង់​ជីវិត។

លើស​ពី​នេះ​ទៅ​ទៀត ​ក៏​មាន​លទ្ធភាព​ដែល​ថា ចិន​នឹង​ចូល​ប្រយុទ្ធ​ដើម្បី​ផ្តល់​ជំនួយ​ដល់កូរ៉េខាងជើង ​ដែល​ជា​សម្ព័ន្ធមិត្ត​របស់​ខ្លួន ដោយ​ធ្វើ​ឲ្យជម្លោះ​បង្ហូរ​ឈាម​គ្នា​នេះ កាន់​តែ​ចុះ​ដុនដាប​ត​ទៅ​ទៀត៕

ប្រែសម្រួល​ដោយ ណឹម សុភ័ក្រ្តបញ្ញា

XS
SM
MD
LG