មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un បានឆ្លើយឆ្លងសារលិខិតជាច្រើនជាមួយមេដឹកនាំកូរ៉េខាងត្បូងគឺលោក Moon Jae-in តាំងពីខែមេសាមក។ នេះបើតាមការប្រកាសរបស់រដ្ឋាភិបាលកូរ៉េខាងត្បូងនៅថ្ងៃអង្គារដែលជាសញ្ញាវិជ្ជមានមួយថារដ្ឋាភិបាលកូរ៉េខាងជើងបានត្រៀមខ្លួនបន្តការចូលរួមជាមួយអន្តរជាតិ។
ផ្នែកមួយនៃការឆ្លើយឆ្លងគ្នានោះមេដឹកនាំកូរ៉េទាំងពីរបានឯកភាពគ្នាស្តារឡើងវិញនូវខ្សែទូរសព្ទទំនាក់ទំនងពិសេសរវាងកូរ៉េទាំងពីរនៅភូមិ Panmunjom ដែលជាភូមិព្រំដែនរវាងប្រទេសកូរ៉េទាំងពីរ។ ការហៅទូរសព្ទលើកទីមួយធ្វើឡើង នៅវេលាម៉ោង១០ព្រឹកម៉ោងក្នុងស្រុក នៅថ្ងៃអង្គារ។ នេះបើយោងទៅលើសេចក្តីថ្លែងការណ៍របស់ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង។
ដោយឡែកមន្ត្រីកូរ៉េខាងត្បូងមួយចំនួនបាននិយាយថាបណ្តាញទំនាក់ទំនងឆ្លងព្រំដែនពីផ្សេងទៀតក៏ត្រូវបានដាក់ឲ្យដំណើរការឡើងវិញផងដែរដែលក្នុងនោះមានបណ្តាញទំនាក់ទំនងផ្នែកយោធានិងមួយទៀតគឺបណ្តាញសម្រាប់ការិយាល័យសម្របសម្រួលអន្តរកូរ៉េទាំងពីរដែលកូរ៉េខាងជើងផ្តាច់កាលពីឆ្នាំទៅ។
ទីភ្នាក់ងារព័ត៌មានមជ្ឈិមផ្លូវការរបស់កូរ៉េខាងជើងក៏បានបញ្ជាក់ពីការស្តារឡើងវិញនូវបណ្តាញទំនាក់ទំនងទាំងនេះនិងការឆ្លងឆ្លើយលិខិតរវាងមេដឹកនាំកូរ៉េទាំងពីរដែរដោយហៅទង្វើនោះថាជា «ជំហានដ៏ធំមួយក្នុងការស្តារទំនុកចិត្តគ្នាទៅវិញទៅមកនិងលើកកម្ពស់ការបង្រួបបង្រួម» រវាងប្រទេសកូរ៉េទាំងពីរ។
ការសន្ទនាគ្នាឡើងវិញនេះគឺជារឿងដ៏សំខាន់សម្រាប់ទំនាក់ទំនងរវាងកូរ៉េទាំងពីរដែលបានអាក់ខានរយៈពេល២ឆ្នាំកន្លងទៅ។ អ្នកវិភាគមួយចំនួនកំពុងរង់ចាំមើលថាតើកូរ៉េខាងជើងនឹងបន្តការពិភាក្សាគ្នាឡើងវិញជាមួយសហរដ្ឋអាមេរិកឬព្រមទទួលយកជំនួយអន្តរជាតិសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ដែរ ឬយ៉ាងណា៕