ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉ូ​ខាង​ជើង​ងាក​ទៅ​រក​ទម្លាប់​ចាស់​ដោយ​ប្រើ​ការ​ប្រឈម​ផង​និង​ការ​សន្ទនា​ផង


រូបឯកសារ៖ មេដឹកនាំ​កូរ៉េខាងជើង លោក Kim Jong Un ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​មជ្ឈិមបក្ស​​លើក​ទី៨ កាល​ពី​ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១។
រូបឯកសារ៖ មេដឹកនាំ​កូរ៉េខាងជើង លោក Kim Jong Un ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​មជ្ឈិមបក្ស​​លើក​ទី៨ កាល​ពី​ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១។

កាលពី​ខែ​មិថុនា មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក Kim Jong Un ​បាន​បញ្ជា​ឲ្យ​ប្រទេស​ខ្លួន​ប្រុង​ប្រៀប​ទាំង​«ការសន្ទនា​និង​ការប្រឈម»​ជាមួយ​សហរដ្ឋ​អាមេរិក។​ ទម្លាប់ចាស់​នេះ​មិន​បាន​ធ្វើ​ឲ្យ​សហ​រដ្ឋ​អាមេរិក ​និង​កូរ៉េ​ខាង​ត្បូង​ចំណាយ​ពេល​យូរ​ដើម្បី​ត្រៀម​សម្រាប់ទិស​ដៅ​ទាំង​២​នេះ​ទេ។​ ​

កាលពី​២​សប្តាហ៍​មុន ​កូរ៉េ​ខាង​ជើង​បាន​បង្ហើប​ថា ​ខ្លួន​បើក​ឲ្យ​មាន​ការ​ទាក់ទង​គ្នា​ច្រើន​ឡើង​ជាមួយ​ពិភព​ខាង​ក្រៅ​ ប៉ុន្តែ​នៅ​សប្តាហ៍​នេះ កូរ៉េ​ខាង​ជើង​បាន​រិះគន់​រដ្ឋាភិបាល​ក្រុង​សេអ៊ូល​និង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ចំពោះ​ការ​ធ្វើ​សមយុទ្ធ​យោធា​រួម​គ្នា។​ នេះជាការ​ប្រែ​ក្រឡាស់​លឿន​ហួស​ពី​បទដ្ឋាន​កូរ៉េខាង​ជើង​ខ្លូន​ឯង។​

នៅ​ថ្ងៃ​ពុធ​នេះ លោក​ Kim Yong Chol ​ឧត្តមសេនីយ៍​ និង​ជា​អ្នក​នយោបាយ​ជាន់​ខ្ពស់​របស់​កូរ៉េ​ខាង​ជើង ​បាន​ព្រមាន​ថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ​និង​រដ្ឋាភិបាល​ក្រុង​សេអ៊ូល​នឹង​ប្រឈម​«វិបត្តិ​សន្តិសុខ​ដ៏​ធ្ងន់ធ្ងរ» ​ពីព្រោះ​តែ​ជម្រើស​ខុស​របស់​ពួកគេ​ក្នុង​ការធ្វើ​សមយុទ្ធ។​

កាលពី​មួយ​ថ្ងៃ​មុន ​លោក​ស្រី ​Kim Yo Jong ​ប្អូនស្រី​ដ៏​មាន​ឥទ្ធិពល​របស់​លោក​ Kim Jong Un ​មេដឹកនាំ​កូរ៉េ​ខាងជើង​ បាន​ហៅ​ការ​សម្រេច​ចិត្ត​របស់​កូរ៉េ​ខាង​ត្បូង​ថា​«ជា​ការ​វៀចវេរ»​ ដោយ​និយាយ​ថា ​សមយុទ្ធ​នេះ​បង្ហាញ​ថា​ កូរ៉េ​ខាង​ជើងចាំបាច់​ត្រូវតែធ្វើ​ឲ្យ​ជឿនលឿន​សមត្ថភាព​ខាង​វាយ​ប្រហារ​បង្ការ​ជាមុខ។​

ក្នុង​ការ​បង្ហាញ​នូវ​ការ​តវ៉ា​ប្រឆាំង​នឹង​សមយុទ្ធ​នេះ កូរ៉េ​ខាងជើង​ កាលពី​ថ្ងៃ​អង្គារ​ និង​ថ្ងៃពុធបាន​បដិសេធ​មិន​ឆ្លើយការ​ហៅទូរសព្ទ​របស់​កូរ៉េ​ខាង​ត្បូង​តាម​រយៈ​បណ្តាញ​ទូរសព្ទ​ចំនួន​ពីរដែល​ទើប​តភ្ជាប់​កាលពី​ពេល​ថ្មី​ៗ​នេះ​ទេ។​

កូរ៉េ​ខាង​ជើង​បាន​ស្តីបន្ទោស​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ និង​រដ្ឋាភិបាល​ក្រុង​សេអ៊ូល​ចំពោះ​ការ​កើន​ឡើង​នូវ​ការ​តានតឹង​នេះ​ក៏ដោយ តែ​យុទ្ធសាស្ត្រ​នេះ​មិន​មែន​ជារឿង​ថ្មី​នោះ​ទេ។ ​

អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​បាន​ប្រើ​ការ​គំរាម​កំហែង​ផង​ និង​ការ​ចរចា​ផង​ដើម្បី​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ​និង​រដ្ឋាភិបាល​ក្រុង​សេអ៊ូល។ ​នេះ​បើ​តាម​ពួក​អ្នកជំនាញ៕​

XS
SM
MD
LG