ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េខាង​ជើង​ផ្តល់​សារ​​មិន​ច្បាស់​លាស់​​​ស្តីពី​ការ​​ចរចា​ជាមួយ​អាមេរិក​


រូប​ឯកសារ៖ រូប​អ្នកស្រី Kim Yo Jong ប្អូន​ស្រី​របស់​មេ​ដឹកនាំ​កូរ៉េ​ខាង​ជើង​​លោក Kim Jong Un ត្រូវ​គេ​បង្ហាញ​​លើ​កញ្ចក់​ទូរទស្សន៍​​នៅ​ស្ថានីយ​រថភ្លើង​មួយ​កន្លែង​​ក្នុង​​ទី​ក្រុង​សេអ៊ូល កាល​ពី​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០២០។
រូប​ឯកសារ៖ រូប​អ្នកស្រី Kim Yo Jong ប្អូន​ស្រី​របស់​មេ​ដឹកនាំ​កូរ៉េ​ខាង​ជើង​​លោក Kim Jong Un ត្រូវ​គេ​បង្ហាញ​​លើ​កញ្ចក់​ទូរទស្សន៍​​នៅ​ស្ថានីយ​រថភ្លើង​មួយ​កន្លែង​​ក្នុង​​ទី​ក្រុង​សេអ៊ូល កាល​ពី​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០២០។

ប្រទេស​កូរ៉េ​ខាង​ជើង​នៅ​ថ្ងៃ​អង្គារ​នេះ​បាន​បដិសេធ​នូវ​លទ្ធភាព​នៃ​ការ​ជួប​ចរចា​ជាមួយ​សហរដ្ឋ​អាមេរិក។​ ការ​បដិសេធ​នេះ​កើត​មាន​ឡើង​ជា​ច្រើន​ថ្ងៃ​បន្ទាប់​ពី​មេដឹកនាំ​កូរ៉េខាង​ជើង​គឺ​លោក​ Kim Jong Un បាន​បង្ហើប​ឲ្យ​ដឹង​ពីលទ្ធភាព​នៃ​ការជួប​សន្ទនា​គ្នា។​ អ្នក​ស្រី Kim Yo Jong​ ដែល​ជា​ប្អូនស្រី​ដ៏មាន​ឥទ្ធិពល​មួយ​រូប​របស់​មេដឹកនាំ​កូរ៉េបាន​លើក​ឡើង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា​សហរដ្ឋ​អាមេរិក​ហាក់​ដូច​ជា​មាន​ការរំពឹងខុស​ទៅ​លើការ​ថ្លែង​ក្នុង​ពេល​ថ្មីៗ​នេះ​របស់​បង​ប្រុសអ្នក​ស្រី។

នៅ​ក្នុង​កិច្ច​ប្រជុំរបស់​គណបក្សគ្រប់​គ្រង​អំណាច​កាល​ពី​សប្តាហ៍​កន្លង​ទៅក្នុង​រដ្ឋធានី​ព្យុងយ៉ាង លោក​Kim Jong Un បាន​និយាយ​ថា​ប្រទេស​របស់​លោក​ត្រូវ​តែ​ត្រៀម​ខ្លួន​ដើម្បី​ធ្វើ​«ការសន្ទនា​និង​ការ​ប្រឈម»។​

ទី​ប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក​លោក ​Jake Sullivan​ បានប្រាប់​កម្មវិធី​ព័ត៌មាន​ទូរទស្សន៍​ ABC​អាមេរិក​ថា​ការ​លើក​ឡើង​របស់​លោក​ Kim Jong Un គឺ​ជា​សញ្ញា​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ប៉ុន្តែលោក​ចង់​បាន​សញ្ញា​ដ៏​ច្បាស់​លាស់​មួយ​ពី​រដ្ឋាភិបាល​ទីក្រុង​ព្យុងយ៉ាង។ លោក​ក៏​បាន​គូស​បញ្ជាក់​ជា ថ្មី​ថា​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ចង់​បន្ត​ការ​ចរចាដោយ​ផ្ទាល់​ឡើង​វិញ​ស្តីពី​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាង​ជើង។​

រដ្ឋបាល​របស់​លោក​ប្រធានាធិបតី​ Joe Biden ​បាន​បញ្ចប់​ការ​ត្រួត​ពិនិត្យ​គោល​នយោបាយ​របស់​ខ្លួន​ស្តីពី​ប្រទេស​កូរ៉េ​ខាង​ជើង​កាល​ពី​ខែ​មុន​ដោយ​លើក​ឡើង​ថា​ខ្លួនបើក​ចំហ​ចំពោះ​ការជួប​ចរចា​ ប៉ុន្តែ​ទទូច​ថា​ប្រទេស​កូរ៉េខាង​ជើង​ត្រូវ​តែ​បោះ​បង់​ចោលអាវុធ​នុយក្លេអ៊ែរ។​

ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅ​កាន់​ទី​ក្រុង​សេអ៊ូល​ប្រទេស​កូរ៉េខាង​ត្បូងក្នុង​សប្តាហ៍​នេះ​លោក​ Sung Kim ​អ្នក​តំណាង​អាមេរិក​ទទួល​បន្ទុក​កិច្ច​ការ​ប្រទេស​កូរ៉េខាង​ជើងបាន​លើក​ឡើង​ថា​ លោក​សង្ឃឹម​ថា​កូរ៉េខាង​ជើង​នឹង​ឆ្លើយ​តប​ដោយ​វិជ្ជមាន​ដើម្បី​ជួបជា​មួយ​អាមេរិក«នៅ​ពេល​ណា​ឬ​កន្លែង​ណា​ក៏​បាន​ដោយ​គ្មាន​លក្ខខណ្ឌ​ជា​មុន»។​

អ្នក​តំណាងអាមេរិក​រូប​នេះកំពុង​ជួប​ប្រជុំជា​មួយសមភាគីកូរ៉េខាង​ត្បូង​និង​ជប៉ុន​នៅ​សប្តាហ៍​នេះ​ដើម្បី​ពិនិត្យ​មើលពី​ជំហរ​រួម​គ្នា​ស្តីពី​បញ្ហាប្រទេស​កូរ៉េខាង​ជើង។​

អ្នក​វិភាគ​មួយ​ចំនួន​លើក​ឡើង​ថា​ការ​លើក​ឡើង​របស់​ប្អូន​ស្រី​មេដឹកនាំ​កូរ៉េខាង​ជើង​រូប​នេះ​ហាក់​ដូច​ជាបង្ហាញ​ថា​មាន​ការ​វិវឌ្ឍ​ទៅ​មុខ​តិច​តួច​សម្រាប់​បន្ត​ការ​ចរចា​គ្នា​ឡើង​វិញស្តី​ពី​បញ្ហា​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង៕​

XS
SM
MD
LG