ទីភ្នាក់ងារព័ត៌មានមជ្ឈិមកូរ៉េ (KCNA) របស់ប្រទេសកូរ៉េខាងជើងបានរាយការណ៍នៅថ្ងៃចន្ទនេះថា មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un បានជំរុញមន្ត្រីក្រោមឱវាទឲ្យផ្តោតលើការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ខណៈសេដ្ឋកិច្ចមានស្ថានភាព «មិនល្អ»។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានReuters។
លោក Kim Jong Un បានជំរុញដូចនេះនៅពេលលោកថ្លែងសុន្ទរកថាកាលពីថ្ងៃអាទិត្យម្សិលមិញក្នុងពិធីប្រារព្ធខួបលើកទី ៧៦ នៃការបង្កើតគណបក្សពលករកូរ៉េ (Worker's Party of Korea)។
សេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងជើងបានជួបប្រទះបញ្ហាដោយសារការដាក់ទណ្ឌកម្មរបស់អន្តរជាតិជាច្រើនឆ្នាំទាក់ទិននឹងកម្មវិធីអាវុធនុយក្លេអ៊ែររបស់ប្រទេសនេះ និងមួយផ្នែកដោយសារគ្រោះទឹកជំនន់។
លោក Kim Jong Un បានថ្លែងថា ប្រទេសកូរ៉េខាងជើងប្រឈមនឹង «ភារៈកិច្ចដ៏ធំសម្បើមដើម្បីអភិវឌ្ឍសេដ្ឋកិច្ចរដ្ឋ»និងដើម្បីសម្រេចឲ្យបាននូវគោលដៅសេដ្ឋកិច្ចដែលបានបង្កើតឡើងនៅក្នុងការប្រជុំរបស់គណបក្សនិងរបស់រដ្ឋាភិបាលកាលពីពេលថ្មីៗនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន KCNA។
លោកបានបន្តថា៖ «មធ្យោបាយតែមួយគត់ដើម្បីជំរុញទៅមុខឲ្យបានក្លៀវក្លានូវកិច្ចការដ៏សំខាន់ដែលមិនធ្លាប់មានពីមុននេះ ថ្វីបើស្ថានភាពមិនល្អក៏ដោយ គឺគណបក្សទាំងមូលត្រូវតែរួមសាមគ្គីគ្នា»។
លោកបានបន្ថែមថា មន្ត្រីនានា «គួរតែពិចារណាជានិច្ចកាលថាតើកិច្ចការរបស់ពួកគេមានប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋឬក៏បង្កជាបញ្ហាដល់ប្រជាពលរដ្ឋដែរឬក៏យ៉ាងណានោះ»៕