ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​ដោះគ្រាប់បែក​ក្រោម​ទឹក​ដោយ​ប្រើ​បច្ចេកទេស​ថ្មី


រូបថត​ថត​ពី​គេហទំព័រ​​ប្លក់​របស់​ក្រសួង​ការ​បរទេស​សហរដ្ឋ​​អាមេរិក​​ ​បង្ហាញ​កម្មវិធី​ដោះមីន​នៅ​ក្រោម​ទឹក​ដែល​ឧបត្ថម្ភ​ថវិកា​ដោយ​រដ្ឋាភិបាល​អាមេរិក។
រូបថត​ថត​ពី​គេហទំព័រ​​ប្លក់​របស់​ក្រសួង​ការ​បរទេស​សហរដ្ឋ​​អាមេរិក​​ ​បង្ហាញ​កម្មវិធី​ដោះមីន​នៅ​ក្រោម​ទឹក​ដែល​ឧបត្ថម្ភ​ថវិកា​ដោយ​រដ្ឋាភិបាល​អាមេរិក។

អាជ្ញាធរ​កម្ពុជា​បាន​ស្រង់​យក​គ្រាប់​បែក​ដែល​មិន​ទាន់​ផ្ទុះ​មួយ​គ្រាប់​ ដែល​បាន​ទម្លាក់​ពី​យន្តហោះចម្បាំង​តាំងពី​សម័យ​សង្គ្រាម​អាមេរិកាំង​នៅ​វៀតណាម និង​កម្ពុជា​ចេញ​ពី​ក្នុង​ទឹកទន្លេ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ បន្ទាប់​ពី​អ្នក​នេសាទ​នៅ​ក្នុង​ខេត្ត​កណ្តាល​ បាន​ប្រទះ​ឃើញ​នៅ​ពេល​បង់​សំណាញ់​ចាប់​ត្រី។

លោក​ ហេង រតនា​ អគ្គនាយក​នៃ​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា​ បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា៖ «គ្រាប់​នោះ​ធ្លាក់​នៅស្រុក​ល្វាឯម​ នៅ​ឃុំ​ល្វាសរគឺ​នៅ​ក្នុង​ទឹក​។ ធ្លាក់​ទៅក្នុង​ទន្លេ​ត្រាំ​ទឹក​ប្រហែល​ជា​នៅ​៥ម៉ែត្រ​ជាង‍»។

​គ្រាប់​បែក​ដែល​ស្រង់​ចេញ​នោះប្រភេទ​ Mark 82 ឬ MK82 ​មាន​ទម្ងន់​ជាង​២០០គីឡូក្រាម​ត្រូវ​បាន​ក្រុម​ដោះមីន​នៃ​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា (ស៊ីម៉ាក់) ​ ដឹក​យក​ទៅ​កាត់​ក្បាល​មុន​នឹង​ដឹក​យក​ទៅ​រក្សា​ទុក​នៅ​កន្លែង​របស់​ខ្លួន។​
​ការ​ដោះ​មីន​លើក​នេះ​ធ្វើ​ឡើង​ដោយ​ក្រុម​ពិសេស​ ដែល​មាន​ជំនាញ​ដោះ​មីន​ក្រោម​ទឹក​ដែល​ទទួល​បាន​ការ​ហ្វឹកហ្វឺន​ពី​សហរដ្ឋអាមេរិក។ នោះ​គឺ​ជា​លើក​ដំបូង​ក្នុង​ការ​ប្រើប្រាស់​ជំនាញ​ និង​ឧបករណ៍​ដែល​ពួកគេ​បាន​សិក្សា។​

លោក​ ហេង រតនា​ បាន​បន្ថែម​ថា៖ «ក្នុង​ករណី​ក្រោម​ទឹក​ហ្នឹង​ យើង​ទើប​ប្រទះ​ចំណុច​ជ្រៅ​អញ្ចឹង​វា​ពីមុន​យើង​ពិបាក​យក។ ឥឡូវ​យើង​យក​តាម​អ្នក​ជំនាញ​ គឺ​ងាយ​ស្រួល​យក​ជាង។ វា​ជា​លើក​ទីមួយ​របៀប​យក​ទឹកជ្រៅ​គ្រាប់​ធំអញ្ចឹង‍»។​

មាន​គ្រាប់​បែក​ជិត​បី​លានតោន​ត្រូវ​បាន​ទម្លាក់​ក្នុង​ប្រទេស​កម្ពុជា​ ក្នុង​អំឡុង​ពេល​សង្គ្រាម​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ប្រទេស​វៀតណាម​ ហើយ​បាន​រាលដាល​មក​ដល់​ប្រទេស​កម្ពុជា ក្នុង​ទសវត្សរ៍​១៩៧០។​ មាន​គ្រាប់​បែក​មួយ​ចំនួន​បាន​ផ្ទុះ​ ហើយ​ខ្លះ​ទៀត​មិន​ទាន់​ផ្ទុះ​ដែល​បាន​នៅ​រាយប៉ាយ​លើ​ដី​ និង​ក្នុង​ទឹក។

លោក​ ហេង រតនា​ បាន​បន្ថែម​ថា​៖ «តាម​ចំនួន​ទម្លាក់​ បើ​យើង​គិត​តាម​ចំនួន​ទម្លាក់ ​វា​មាន​ជាង​ពីរលាន​ប្រាំពីរ​សែន​តោន។ បើ​គិត​ជា​ចំនួន​គ្រាប់​ គឺ​យើង​ទើប​រក​បាន​ប្រមាណ​បីបួន​ពាន់​គ្រាប់​ទេ​ ដែល​យើង​ឃើញ​ថា​អត់​ផ្ទុះ‍»។​

កម្ពុជា​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ ដែល​រងគ្រោះ​ខ្លាំង​ពី​គ្រាប់​មីន ​និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ។ អស់​រយៈ​ពេល​ជិត២០ឆ្នាំ​ក្រោយ​ពី​សង្គ្រាម​ស៊ីវិល​បាន​បញ្ចប់​ ប្រទេស​កម្ពុជា​បាន​បោស​សម្អាត​តំបន់​ដែលមានគ្រាប់​មីន​បាន​តែ​មួយ​ភាគបី​ប៉ុណ្ណោះ៕

XS
SM
MD
LG