ភ្នំពេញ៖ លោកហេង រតនា អគ្គនាយកនៃមជ្ឈមណ្ឌលបោសសម្អាតមីននៅកម្ពុជាដែលហៅកាត់ថា ស៊ីម៉ាក់ បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថាមជ្ឈមណ្ឌលរបស់លោកបានបង្កើតគណៈកម្មការស៊ើបអង្កេតក្នុងស្រុកមួយដោយមានការសហការជាមួយអង្កការGolden Westដើម្បីធ្វើការស្រាវជ្រាវករណីផ្ទុះគ្រាប់មួយដែលបណ្តាលឲ្យទាហានអាមេរិកាំងចំនួនបួននាក់រងរបួស។
កាលពីថ្ងៃអង្គារនៅកន្លែងស្រាវជ្រាវនិងអភិវឌ្ឍនៃមជ្ឈមណ្ឌលបោសសម្អាតមីនខេត្តកំពង់ឆ្នាំងមានព្រឹត្តិការណ៍ផ្ទុះគ្រាប់មួយដែលបណ្តាលឲ្យទាហានអាមេរិកាំងដែលជាអ្នកជំនាញដោះគ្រាប់មីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួនបួននាក់រងរបួស។
លោកហេងរតនាបាននិយាយថា រហូតមកដល់ពេលនេះ CMAC ពុំអាចសន្និដ្ឋានបានថា ការផ្ទុះគ្រាប់នេះបណ្តាលមកពីមូលហេតុអ្វី និងគ្រាប់ប្រភេទអ្វីនៅឡើយទេ ដរាបណាលទ្ធផលស៊ើបអង្កេតមិនទាន់បានបង្ហាញជាផ្លូវការ។
«អញ្ចឹងយើងអត់ទាន់ហ៊ានសន្និដ្ឋានថាយ៉ាងម៉េចទេ គ្រាន់តែដឹងថា ផ្ទុះគ្រាប់។ ហើយតែគ្រាន់តែថា លទ្ធភាពផ្ទុះមូលហេតុផ្ទុះពិតប្រាកដ យើងអត់ទាន់អាចបញ្ជាក់ជាទូទៅបាននៅឡើយទេ ពីព្រោះយើងកំពុងតែស៊ើបអង្កេតបន្ថែម»។
ជនរងគ្រោះទាំងបួននាក់ត្រូវបានមន្ត្រីស្ថានទូតសហរដ្ឋអាមេរិកបានបញ្ជាក់អត្តសញ្ញាណមកថា គឺលោកឡិនអូស្ទីន លោក ម៉ាធូ សែហ្វឺ បានរងរបួសស្រាល ចំណែកលោកដេវីអ ហ្គ្រូ និងលោក ហ្វីលីព ហ្គីលរងរបួសធ្ងន់។
ក្រោយពីកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំងនិងបានដឹកតាមឧទ្ធម្ភាចក្រមកមន្ទីរពេទ្យកាល់ម៉ែត្រក្រុងភ្នំពេញ។
លោកJohn Simmons អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជាបានប្រាប់ VOA តាមសារអេឡិចត្រូនិច ឬអ៊ីម៉ែលមកថា ជនរងគ្រោះទាំងបួននាក់ត្រូវបានបញ្ជូនទៅព្យាបាលនៅទីក្រុងបាងកកប្រទេសថៃ។
លោកបាននិយាយថា លោកមិនមានព័ត៌មានអ្វីបន្ថែមអំពីឧប្បត្តិហេតុនេះទេ រហូតដល់ចប់ការស៊ើបអង្កេត។
លោកTerry Murphree អនុប្រធានស្តីទីនៃស្ថានបេសកកម្មសហរដ្ឋអាមេរិកបាននិយាយនៅក្នុងពិធីបិទលំហាត់ហ្វឹកហ្វឺនស្តីពីការសម្របសម្រួលនៃផែនការផ្តល់ជំនួយសង្គ្រោះគ្រាមហន្តរាយ និងជំនួយមនុស្សធម៌នៅក្នុងទីក្រុងភ្នំពេញថា ទាហានអាមេរិកាំងដែលរងរបួសទាំងបួននាក់នេះបានធ្វើកិច្ចការយ៉ាងល្អផ្នែកមនុស្សធម៌នៅកម្ពុជា។
«កិច្ចការរបស់ទាហានទាំងនេះ និងអ្នកដែលហ៊ានលះបង់ដូចពួកគេរាល់គ្នានេះដែលមានឆន្ទះក្នុងការធ្វើកិច្ចការដ៏លំបាកនិងគ្រោះថ្នាក់នៅកន្លែងដ៏សែនឆ្ងាយពីផ្ទះដូចនេះហើយដែលបានធ្វើឲ្យប្រសើរឡើងនូវជីវិតមនុស្សទូទាំងពិភពលោក»។
ទាហានសហរដ្ឋអាមេរិកទាំងបួននាក់ជាអ្នកជំនាញផ្នែកដោះមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលទើបមកពីកោះអូគីណាវ៉ារបស់ប្រទេសជប៉ុនរួចហើយមកប្រទេសកម្ពុជាដើម្បីជួយបង្រៀនដល់កងកម្លាំងដោះមីននៅកម្ពុជា៕