ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ខ្មែរ​អាមេរិកាំង​ដំបូង​ប្រកួត​ផ្តាច់ព្រ័ត​ជា​តំណាង​រាស្ត្រ​នៅ​រដ្ឋ​កាលីហ្វញ៉ា


កញ្ញា​ អេលីហ្សាបែត ហេង​ បេក្ខជន​តំណាងរាស្ត្រ​​ខាង​គណបក្សសាធារណរដ្ឋដែល​កំពុង​ប្រកួតប្រជែង​យក​អាសនៈ​សភាជាតិ​នៅ​មណ្ឌលសភា​​ទី​១៦​ក្នុង​រដ្ឋ​កាលីហ្វញ៉ា​នៅ​ថ្ងៃទី​៦​ខែ​វិច្ឆិកាខាងមុខនេះ។ (រូបថតពី​ហ្វេសប៊ុក Elizabeth Heng)

វីដេអូ​ឃោសនា​រកសំឡេងឆ្នោត​ដែលបើកឆាកឡើងមានរំលេច​ដោយរូបថតខ្លះៗស្តីពី​ប្រវត្តិសាស្រ្ត​ដ៏​ជូរចត់​របស់​ប្រទេស​កម្ពុជា​នៅក្រោម​របប​ខ្មែរ​ក្រហម​បានក្លាយជា​ចំណុច​ពិសេស​មួយ​សម្រាប់​បេក្ខ​ជន​អភិរក្ស​និយម​ដែល​កំពុង​ប្រកួតប្រជែង​យក​អាសនៈ​សភាជាតិ​នៅ​មណ្ឌលសភាទី​១៦​ក្នុង​រដ្ឋ​កាលីហ្វញ៉ា​នៅ​ថ្ងៃទី​៦​ខែ​វិច្ឆិកាខាងមុខ​នេះ។ ​

វីដេអូ​ឃោសនា​នេះ​ក៏ធ្លាប់បាន​បណ្តាល​ឱ្យមាន​ការតវ៉ា​ដ៏ខ្លាំងក្លា​ប្រឆាំង​នឹង​ក្រុមហ៊ុនហ្វេសប៊ុក​និង​ធ្វីតធឺផងដែរនៅពេល​ដែល​ក្រុមហ៊ុន​បណ្តាញ​សង្គម​ទាំងពីរនេះ​បាន​ផ្អាកមិន​ឱ្យ​ផ្សាយ​បណ្តោះ​អាសន្ន​ហើយ​វា​គឺ​ជាការបង្ហាញ​នូវ​លក្ខណៈពិសេសរបស់​បេក្ខជន​តំណាងរាស្ត្រអេលីហ្សាបែត ហេង​(Elizabeth Heng) ដែលកំពុង​ធ្វើការ​ឃោសនា​រកសំឡេងឆ្នោត​ដោយ​ទិសស្លោក​ថា​«ជោគ​ជ័យធំៗអាច​ទទួល​បានពី​គូប្រជែង​ដ៏ខ្លាំង‍»​នៅក្នុង​ការខិតខំ​ប្រឹងប្រែង​ដើម្បី​ផ្តួល​គូប្រជែង​ដែល​កំពុង​កាន់​តំណែង​គឺលោក​ជីម កូស្តា​ (Jim Costa) អ្នក​តំណាងរាស្ត្រ​មកពីគណបក្ស​ប្រជាធិបតេយ្យ។

កញ្ញា​អេលីហ្សាបែត ហេង​ដែល​មាន​អាយុ​៣៣ឆ្នាំមានកំណើត​នៅ​ទីក្រុង​សាន់ហូស្សេ រដ្ឋ​កាលីហ្វញ៉ា​ មាន​គោលបំណង​ប្រែក្លាយ​មណ្ឌលសភា​នេះ​ពី​គណបក្ស​ប្រជាធិបតេយ្យ​ទៅ​ជា​សាធារណរដ្ឋ​វិញ​ដោយ​នាង​មានជំនឿ​ថា​នឹងផ្តល់​ឱកាស​ការងារ​ដល់​អ្នកបោះឆ្នោត​អាច​សម្រេច​ជោគជ័យ​បាន​ដោយ​ការ​ខិតខំ​ប្រឹងប្រែង​ធ្វើការងារ​និង​ការប្តេជ្ញាចិត្ត​ខ្ពស់។ ​

កញ្ញា​អេលីហ្សាបែត ហេង​បាន​បញ្ជាក់​ក្នុង​បទសម្ភាស​ជាមួយ​វីអូអេ​ថា៖

«ខ្ញុំពិតជាមានជំនឿ​ថាយើង​ត្រូវ​ការ​សំឡេងថ្មីមួយ​ដែល​មាន​ទស្សនវិស័យ​ថ្មី​ដើម្បី​ប្រយុទ្ធ​សម្រាប់​សហគមន៍យើង​និងបញ្ហានានា​ដែលសហគមន៍​ជួបប្រទះ‍»។​

​នាងបាន​បន្ថែម​ថា​ការរស់នៅក្នុង​សហគមន៍​នេះ​និង​បទពិសោធន៍​ដែល​បាន​ធ្វើការ​នៅ​រដ្ឋសភា​សហរដ្ឋ​អាមេរិក​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន​នឹង​ជួយ​ឱ្យ​ដោះស្រាយ​បញ្ហា​ខ្វះការងារធ្វើ​ ច្បាប់​ប្បញ្ញត្តិ​នានា​ដាក់​លើ​របរជំនួញខ្នាតតូច​ប៉ុន្តែ​គាំទ្រ​ច្បាប់​ប្បញ្ញត្តិណា​ដែល​កាត់​បន្ថយ​ការិយាធិបតេយ្យ និង​ទាមទារ​ឱ្យ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ស្តារឡើងវិញ​នូវ​ការងារ​ពាក់ព័ន្ធ​នឹង​ផ្នែកកសិកម្ម។

មណ្ឌលសភាទី​១៦នេះដែលរួមមាន​ក្រុង​ហ្វ្រែសស្នូ (Fresno) ​ម៉ាដេរ៉ា (Madera) ​និង​មឺស៊ីដ (Merced) ​គឺជា​មណ្ឌល​ដែល​ពលរដ្ឋ​មានចំណូល​ទាបជាងគេ​នៅក្នុង​រដ្ឋ​។ តាម​រយៈ​វីដេអូ​ឃោសនា​រកសំឡេង​ឆ្នោត​នេះ កញ្ញា​អេលីហ្សាបែត ហេង​បាន​បង្ហាញពីសង្កាត់ដែល​មិន​មាន​ការ​អភិវឌ្ឍ​ដោយ​ដើរកាត់មុខ​ហាង​ដែល​មិនមានសកម្មភាព​លក់ដូរ​ហើយ​ត្រូវ​បិទចោល​និង​បាន​ថ្លែង​ថា៖​«សូម​ក្រឡេក​មើល​នៅជុំវិញ​ទីនេះ​។ នេះ​គឺជា​អ្វី​ដែល​អ្នក​នឹង​ទទួល​បាន​ក្នុង​រយៈ​ពេល​១៤ឆ្នាំ​ទៀត​ចាប់ពីពេល​នេះទៅ​បើសិន​ជា​អ្នក​មិន​រៀបចំ​ផែនការ​សម្រាប់​អនាគត​ដ៏​ប្រសើរ​ជាងពេល​នេះទេ‍»។​ រយៈពេល​១៤ឆ្នាំ​គឺជា​ពេល​ដែល​លោក​ជីម កូស្តា​កាន់តំណែង​ជា​អ្នក​តំណាងរាស្រ្ត​នៅ​រដ្ឋ​ធានី​វ៉ាស៊ីនតោន។ មណ្ឌល​នេះ​មានពលរដ្ឋ​ដើម​កំណើតអាស៊ី​ចំនួន​ជិត​៩ភាគរយ ​ស្បែកស​ជាង​២៥​ភាគរយ​ និង​ដើមកំណើត​អាមេរិក​ឡាទីន​ចំនួន​ជាង​៥៨ភាគរយ។

កញ្ញា​បាន​បន្ថែម​ថា៖

«ដូច្នេះ​ខ្ញុំ​ជឿ​ថា​វាជា​ការសំខាន់ណាស់​សម្រាប់​យើង​វិនិយោគ​លើការហ្វឹកហ្វឺន​វិជ្ជាជីវៈ និង​បច្ចេកវិទ្យា​សម្រាប់​ការងារ​និង​ជំនាញ​ខាងពាណិជ្ជកម្ម‍»។

ជំនាញ​ដែល​បេក្ខជន​អេលីហ្សាបែត ហេង​យល់​ថា​ចាំបាច់​សម្រាប់​សហគមន៍នោះមានដូច​ជា​ជំនាញ​ផ្សារដែក​ ជួសជុល​គ្រឿង​អគ្គិសនី ជួសជុល​បំពង់ទឹក​ និង​ឧស្សាហកម្ម​បច្ចេកវិទ្យា​ដូច​ជា​វិទ្យាសាស្រ្ត​កំព្យូទ័រ​។

ដោយមានឪពុកម្តាយ​ជា​អតីត​ជនភៀសខ្លួនមកពី​ប្រទេស​កម្ពុជា កញ្ញា​អេលីហ្សាបែត​ ហេង​បាន​ធំ​ឡើង​នៅ​ក្នុង​ទីក្រុង​ហ្វ្រេសស្នូ​ រដ្ឋ​កាលីហ្វញ៉ា​។ លោក​ឪពុក​ជាវ ហេង និង​ម្តាយ​ស៊ីវ ឃឺ បាន​មកដល់​សហរដ្ឋ​អាមេរិក​ក្នុង​ឆ្នាំ​១៩៨៣​បន្ទាប់​ពី​បាន​រស់នៅ​អស់រយៈពេល​ជិត​៤ឆ្នាំ​ក្រោម​របប​កុម្មុយនីស្ត​ខ្មែរ​ក្រហម​។ លោក​ជាវ ហេង​ជា​អ្នកភ្នំពេញ​រីឯលោកស្រី​ស៊ីវ ឃឺ​ជាអ្នកខេត្ត​កណ្តាល​ហើយ​ពួកគាត់​អាច​និយាយ​បាន​ច្រើន​ភាសា​ដែលមានដូច​ជា​ខ្មែរ ឡាវ បារាំង និង​ភាសាចិន។​

ពេល​មកដល់​សហរដ្ឋ​អាមេរិក​ដំបូង​ លោក​ជាវ ហេង​បាន​ធ្វើការជា​កម្មករ​សំណង់​និង​ប្រពន្ធ​ធ្វើការ​ជា​ជាង​កាត់ដេរ​សម្លៀកបំពាក់ដើម្បី​សន្សំថវិកា​បានគ្រប់គ្រាន់​បើកហាង​គ្រឿងទេស​មួយ​នៅ​ទីក្រុង​ហ្វ្រេសស្នូ​រហូតដល់​សព្វថ្ងៃ​នេះ។ នេះជា​របរប្រចាំ​ត្រកូល​មួយ​ដែល​បាន​បន្ត​តាំង​ពី​ជីដូនជីតា​របស់​កញ្ញា​អេលីហ្សាបែត ហេង​ហើយ​នាង​បាន​ជួយ​ការងារ​នៅក្នុង​ហាង​នេះ​ផងនិង​ទៅរៀន​នៅ​សាលាបឋម​សិក្សា​ អនុវិទ្យាល័យ ​និង​វិទ្យាល័យ​ផង។

ការចាប់អារម្មណ៍​នឹង​នយោបាយ​របស់​បេក្ខជន​តំណាងរាស្ត្រអេលីហ្សាបែត​បាន​បង្ហាញ​ឱ្យ​ដឹង​ក្នុង​ឆ្នាំ​២០០៧​តាម​រយៈ​បទសម្ភាស​មួយ​ជាមួយ​នឹង​ព្រឹត្តិបត្រ​របស់​សាកលវិទ្យាល័យ​Stanford ​ដែលនៅ​ពេល​ត្រូវ​សួរ​ថា​តើ​នាង​នឹង​ចូលប្រឡូក​ក្នុងឆាក​នយោបាយ​ក្នុង​រយៈពេល​ពីរឬបីឆ្នាំ​ខាងមុខ​ទេ។ ពេលនោះ​នាង​ឆ្លើយថា​«ប្រាកដណាស់‍»។​

កញ្ញា​អេលីហ្សាបែត ហេង​បាន​តំណាង​ឱ្យ​សិស្ស​វិទ្យាល័យ​សាន់នីសាយ (Sunnyside High School) ​ឡើងថ្លែង​សុន្ទរកថា​ទទួលសញ្ញា​បត្រ​សម្រាប់​សិស្ស​រួមជំនាន់​ក្នុងឆ្នាំ​២០០៣។ អេលីហ្សាបែត​ទទួល​បាន​សញ្ញា​បត្រ​បរិញ្ញាបត្រ​ខាង​វិទ្យាសាស្ត្រ​នយោបាយ​និង​នយោបាយ​សហរដ្ឋ​អាមេរិក​ពី​សាកល​វិទ្យាល័យ​ស្តែនហ្វដ (Stanford University) ​ក្នុង​ឆ្នាំ​២០០៧​ហើយ​បាន​បញ្ចប់​ថ្នាក់​អនុបណ្ឌិត​គ្រប់គ្រង​ជំនួញ​ក្នុង​ឆ្នាំ​២០១៧​ពីសាកលវិទ្យាល័យ​យេល (Yale University) ។

មណ្ឌល​សភា​ដែល​បេក្ខជន​អេលីហ្សាបែត​ ហេង​កំពុង​ប្រកួតប្រជែង​នេះ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាធិបតេយ្យ​អស់​រយៈពេល​ជាង​៤០ឆ្នាំ​ហើយ។ លោក​ជីម កូស្តា គឺជា​អ្នកតំណាងរាស្ត្រដែល​បាន​តំណាង​ឱ្យ​មណ្ឌល​នេះ​តាំងពីឆ្នាំ​២០១៣។ លោក​គឺជា​អ្នក​នយោបាយ​ជើងចាស់ដែល​បាន​ជាប់ឆ្នោតតាំងពីឆ្នាំ​១៩៧៨ ដោយកាន់តំណែងជាច្រើន​ជាបន្តបន្ទាប់ ដូច​ជា​អ្នក​តំណាងរាស្ត្រ​ប្រចាំ​រដ្ឋ​កាលីហ្វញ៉ា​ សមាជិកព្រឹទ្ធសភា​ប្រចាំ​រដ្ឋ និង​តំណាងរាស្ត្រ​ថ្នាក់ជាតិតាំងពីឆ្នាំ​២០០៥​ដល់​បច្ចុប្បន្ន។

មណ្ឌល​សភា​នេះ​បាន​គាំទ្រ​លោកស្រី​ហ៊ីលឡារី គ្លីនតុន​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​ក្នុង​ឆ្នាំ​២០១៦​ដោយ​ឈ្នះនាំមុខ​បាន​កម្រិត​២១,៣ពិន្ទុ។

រដ្ឋកាលីហ្វញ៉ា​មាន​អាសនៈសភា​ជាតិ​ចំនួន​៥៣​ហើយ​ក្នុងនោះ​អ្នកតំណាងរាស្ត្រ​គណបក្ស​ប្រជាធិបតេយ្យ​គ្រប់គ្រង​បាន​ចំនួន​៣៩។

លោក​កូស្តា​រៃអង្គាស​ថវិកា​បានច្រើនជាង​បេក្ខជន​អេលីហ្សាបែត ហេង ដោយ​ទទួល​បាន​ទឹកប្រាក់​ចំនួន​១,៥៦លានដុល្លារ​ទល់នឹង​១លានដុល្លារ​។ នេះ​បើតាម​របាយការណ៍​របស់​គណៈកម្មការ​បោះឆ្នោត​របស់​សហព័ន្ធ​ត្រឹមថ្ងៃ​ទី​៣០ខែ​កញ្ញា។

ក្រុមការងារ​បោះឆ្នោត​របស់​លោក​ជីម កូស្តា​មិន​បាន​ឆ្លើយតប​នឹង​សំណើសុំ​សម្ភាសពី​វីអូអេ​ទេ។ ប៉ុន្តែ​វីដេអូ​ឃោសនា​រកសំឡេងឆ្នោត​របស់​លោក​បាន​បង្ហាញពី​ជោគជ័យ​របស់​លោក​កូស្តា​នៅ​មណ្ឌល​នេះ​និង​បាន​រិះគន់​បេក្ខជន​អេលីហ្សាបែត ហេង​ថា​មិន​បាន​ទៅបោះឆ្នោត​ចំនួន​១០ដង​ក្នុង​ការបោះឆ្នោត​ចំនួន​១៩លើក។

មណ្ឌលសភានេះមាន​ពលរដ្ឋ​ចំនួន​៧៦០.០០០នាក់​ប៉ុន្តែ​មាន​អ្នកចុះឈ្មោះ​បោះឆ្នោត​តែ​ចំនួន​២៦០.០០០​នាក់​ប៉ុណ្ណោះ​ហើយនេះគឺជា​អ្វី​ដែល​កញ្ញា​អេលីហ្សាបែត ហេង​ប្តេជ្ញាថា​ខិតខំ​ធ្វើការ​ដើម្បី​ឱ្យ​ពលរដ្ឋ​ចេញមកបោះឆ្នោត​ឱ្យ​បានច្រើន​ដោយ​ត្រូវ​គោះទ្វារ​ហៅ​ពួកគេ​ចេញ​មក​បោះឆ្នោត។

នាងបាន​បញ្ជាក់​បន្ថែម​ថា៖

«យើង​កំពុង​ធ្វើកិច្ចការ​នេះ​ជារៀងរាល់ថ្ងៃ​ដើម្បី​ជំរុញពលរដ្ឋ​ឱ្យ​ចេញ​មក​បោះឆ្នោត។ វាជាការសំខាន់​ណាស់​សម្រាប់​សហគមន៍​យើង​ចូលរួមពាក់ព័ន្ធ​ដើម្បី​ឱ្យពួកគេ​បាន​ជាផ្នែក​មួយ​នៃការ​សម្រេច​ចិត្ត‍»។

កញ្ញា​អេលីហ្សាបែត ហេង​គឺជា​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ដំបូង​ដែល​បាន​ឈាន​មក​ដល់​កម្រិត​ខ្ពស់​នេះ​នៅក្នុង​នយោបាយ​របស់​សហរដ្ឋ​អាមេរិកបន្ទាប់ពី​បាន​ផ្តួល​គូប្រជែង​នានា​ដែលមកពី​គណបក្សសាធារណរដ្ឋ​ដូចគ្នា​នៅក្នុង​ការបោះឆ្នោត​បឋមកាលពី​ថ្ងៃទី​៥​ខែ​មិថុនា​។ កាលពីឆ្នាំ​២០១០​លោក​ សេម មាស​នៃ​ទីក្រុង​ហាវើហ៊ីល (Haverhill) នៅ​រដ្ឋ​ម៉ាស្សាឈូសិត​បាន​ចូលរួមប្រកួត​ប្រជែង​ក្នុងក្របខណ្ឌ​គណបក្សសាធារណរដ្ឋ​ដើម្បី​តំណាង​ឱ្យមណ្ឌល​សភា​ទី​៥នៅ​រដ្ឋ​សភាជាតិប៉ុន្តែ​មិន​បាន​ជោគជ័យ​ដោយ​លោក​បាន​ចាញ់​ត្រឹម​កម្រិត​ការប្រកួត​ប្រជែង​បឋមនៅក្នុង​បក្ស។បច្ចុប្បន្ន​លោក​មុំ រ៉ាឌី គឺជា​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​តែម្នាក់គត់​ដែលបានជាប់​ឆ្នោតជា​អ្នកតំណាងរាស្ត្រប្រចាំ​សភា​ប្រចាំ​រដ្ឋ​ម៉ាស្សាឈូសិតដោយ​តំណាងឱ្យ​មណ្ឌល​លេខ​១៨នៃក្រុង​មីតដល់សិច (Middlesex) ។

លោក​អ៊ូ វីរៈ ប្រធាន​វេទិការ​អនាគតបាន​បញ្ជាក់​ថា៖

«ក្នុងនាមជាពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ អតីត​កុមារ​ភៀសខ្លួន និង​អ្នករស់រាន​មានជីវិត​ពី​របបខ្មែរ​ក្រហម​ ខ្ញុំ​ពិតជា​មាន​មោទនភាព​នឹង​ជោគជ័យ​របស់​នាង​អេលីហ្សាបែត ហេង​‍»។

លោក​អ៊ូ វីរៈ​ធ្លាប់​បានរស់នៅក្នុង​ទីក្រុង​ហ្វ្រេសស្នូនិង​សាន់ហូហ្សេ​រដ្ឋ​កាលីហ្វញ៉ា។

លោក​បាន​បន្ថែម​ថា៖

«ខ្ញុំ​សង្ឃឹម​ថា​ជោគជ័យ​របស់​នាង​នឹង​នាំ​មក​នូវ​មោទនភាព​សម្រាប់​សហគមន៍​ខ្មែរ​ដែល​ត្រូវ​ការ​ឱ្យ​មាន​ជោគជ័យ​បន្ថែម​ទៀត​ដើម្បី​ជា​គំរូ​សម្រាប់​ពួកគេ។ បើសិនជា​នាង​ជោគជ័យ​ក្នុងនាម​ជា​ខ្មែរ​អាមេកាំងដំបូង​ទៅកាន់តំណែង​ក្នុង​រដ្ឋសភាជាតិ​សហរដ្ឋ​អាមេរិក​ ខ្ញុំ​សង្ឃឹម​ថា​នឹង​ជួយ​ឱ្យ​យុវជន​ខ្មែរ-អាមេរិកាំង​ជាច្រើន​ទៀត​ចាប់អារម្មណ៍​នឹង​នយោបាយ​សហរដ្ឋ​អាមេរិក​និង​ធ្វើ​កិច្ច​ការ​ជាច្រើន​ទៀត​ដើម្បី​បាន​សំឡេង​តំណាង​ច្រើន​កាន់តែ​ធំជាងមុន​លើ​ទិសដៅ​របស់​សហរដ្ឋ​អាមេរិក‍»។

កញ្ញា​អេលីហ្សាបែត ហេង ជឿថា​ដំណើររឿង​របស់ក្រុមគ្រួសារនាងដែល​ខិតខំ​ប្រឹងប្រែង​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​នឹង​ជាចំណាប់អារម្មណ៍​មួយ​ដល់​អ្នកបោះឆ្នោត​អាស៊ី​នៅក្នុង​សហគមន៍​នេះ​ដោយ​សារ​តែ​នាង​នៅតែ​ផ្សារភ្ជាប់​នឹង​ពួកគេ​ដដែល​បើទោះបី​ជា​នាង​ទទួល​បាន​ការសិក្សា​ខ្ពង់ខ្ពស់​ពី​សាកលវិទ្យាល័យ​Stanford និង សាកលវិទ្យាល័យYale​ដែលជា​សាកលវិទ្យាល័យ​មួយ​ក្នុង​ចង្កោមសាកលវិទ្យាល័យ​លំដាប់កំពូល​នៅ​សហរដ្ឋ​អាមេរិក។

លោក​អៀ សុផល​សាស្ត្រាចារ្យ​នៃ​មហាវិទ្យាល័យ​សហគមន៍​Occidental ​បាននិយាយ​ថា​លោក​អាច​នឹង​គាំទ្រ​កញ្ញា​អេលីហ្សាបែតហេង​ដរាបណា​បេក្ខជនរូបនេះ​អាច​បង្ហាញ​ថា​គាត់​ប្រើប្រាស់​រឿង​រ៉ាវ​ពី​ជនជាតិ​ខ្មែរ​អាមេរិកាំង​«ប្រកបដោយ​ភាព​ត្រឹមត្រូវ‍»​គឺ មិន​មែន​«គ្រាន់តែ​ជា​ឈ្នាន់​ឈាន​ទៅ​បាន​អំណាច​ទេ‍»។

«អ្វី​ដែល​ខ្ញុំ​សង្ឃឹម​ថា​នាង​នៅចាំបាន​គឺ​ថា​រឿងរ៉ាវ​ជាជនភៀសខ្លួន​នៃ​គ្រួសារ​របស់​នាង​ដែល​តស៊ូ​នេះ​គឺ​មិន​គ្រាន់តែ​ជាអ្វីមួយដែល​នាង​យកមកប្រើ​ដើម្បី​កេងចំណេញ​នយោបាយ​ក្នុង​នាម​បេក្ខជន​គណបក្ស​សាធារណរដ្ឋ​ទេ។ នាងមិនអាច​យកបាន​អំណាចហើយ​និង​ងាកមក​បម្រើ​គោល​នយោបាយ​របស់​លោក​ប្រធានាធិបតី​ត្រាំ​ទេ។ នាង​ត្រូវ​តែ​ចងចាំ​ថា​បើ​គេ​ឱ្យ​អ្វី​ហើយ​គេ​ក៏ចង់​បាន​អ្វីមួយ​មកវិញដែរ‍»។​

កញ្ញា​អេលីហ្សាបែត ហេង​គឺជា​អ្នកគាំទ្រ​លោក​ប្រធានាធិបតីដូណាល់ ត្រាំ។ នាង​បាន​និយាយ​តាម​បន្ទាត់នយោបាយ​នៃ​គណបក្ស​សាធារណរដ្ឋ​ដែល​រិះគន់​គោល​នយោបាយ​អន្តោប្រវេសន៍​នាពេល​បច្ចុប្បន្ន​ថា​«មិនដំណើរការ‍»​ហើយ​នាង​នឹង​ធ្វើ​ការ​ដើម្បី​ការពារ​ព្រំដែន​និង​បង្កើន​វិធានការ​សន្តិសុខ​ដើម្បី​«រារាំង​ឧក្រិដ្ឋជននិង​ភេរវករ‍»​មិន​ឱ្យ​ចូល​ក្នុង​សហរដ្ឋ​អាមេរិក​ប៉ុន្តែ​លើក​ទឹកចិត្ត​ឱ្យ​មាន​ជនអន្តោ​ប្រវេសន៍​ស្របច្បាប់​។ នេះ​បើ​តាមការ​បញ្ជាក់​ក្នុង​គេហទំព័រ​របស់​នាង។

កាលពី​ខែ​កញ្ញា​ឆ្នាំមុន លោក​ប្រធានាធិបតី​ត្រាំ​ក៏បាន​បញ្ជា​ឱ្យ​បញ្ចប់​កម្មវិធី​ការពារ​ជនអន្តោ​ប្រវេសន៍ដែល​ត្រូវ​ឪពុក​ម្តាយ​នាំ​ចូល​សហរដ្ឋ​អាមេរិក​ដោយ​ខុស​ច្បាប់​កាលពី​នៅក្មេងៗ​ដែល​បាន​ផ្តល់​ជូន​ក្នុង​រដ្ឋបាល​លោក​ប្រធានាធិបតី​អូបាម៉ា។ ​លោក​ត្រាំ​បាន​ស្នើ​ឱ្យ​សភា​ជាតិ​អនុម័ត​ច្បាប់​ថ្មី​ជំនួស​វិញ។ មាន​យុវជន​ចំនួន​៨០០.០០០នាក់​ត្រូវ​បាន​ច្បាប់​នេះ​ការពារ។ សម្រាប់​សហគមន៍​ខ្មែរ​វិញ​គឺ​មាន​យុវជន​ចំនួន​៤០នាក់​ដែលត្រូវការពារ​ដោយ​ច្បាប់​«ការបង្អាក់​សកម្មភាព​លើ​ជនដែល​មក​ដល់​ពីកុមារភាព‍»​។ នេះបើតាមតួលេខ​នៃក្រសួង​អន្តោប្រវេសន៍​និង​សញ្ជាតិ​របស់​សហរដ្ឋ​អាមេរិក។

នៅពេល​ដែល​វីអូអេ​សួរ​ថា​តើ​នាង​នឹង​ដោះស្រាយ​យ៉ាង​ណា​ពី​បញ្ហា​ពលរដ្ឋ​កម្ពុជា​ដែល​បាន​ធ្វើ​ខុស​ច្បាប់​នៅ​សហរដ្ឋ​អាមេរិក​ហើយ​ត្រូវ​បញ្ជូន​ត្រឡប់​ទៅវិញ នាង​អេលីហ្សាបែត​ ហេង បាន​ស្នើ​ថា​គឺត្រូវ​ដោះស្រាយ​ករណី​នីមួយៗ​ប្រកបដោយ​«មេត្តាធម៌‍»​ដោយ​បញ្ជាក់​ថា​ពលរដ្ឋ​កម្ពុជា​ជាច្រើន​ដែល​មក​ដល់​សហរដ្ឋ​អាមេរិក​ក្នុងនាម​ជា​ជន​ភៀសខ្លួន​ត្រូវ​សម្រប​ខ្លួន​តាម​សង្គមថ្មី​ហើយ​ត្រូវ​ប្រឈម​មុខ​នឹង​ឧបសគ្គ​ជាច្រើនក្នុងនោះ​មាន​ភាសា​និង​វប្បធម៌។ អ្នកខ្លះ​ទៀត​មិន​យល់​ពី​សារៈប្រយោជន៍​នៃ​ការចូល​សញ្ជាតិ​ផង​ដែល​ជាហេតុ​អាច​ត្រូវ​បណ្តេញ​ទៅកម្ពុជា​វិញ​ក្នុង​គ្រា​ដែល​មាន​ការ​ធ្វើ​ខុសច្បាប់។

មានពលរដ្ឋ​កម្ពុជា​ជាង​៦០០នាក់​ហើយ​ត្រូវ​បាន​បណ្តេញ​ចេញតាំងពីសហរដ្ឋ​អាមេរិក​ចុះកិច្ចព្រមព្រៀង​ជាមួយ​នឹង​កម្ពុជា​ក្នុង​ឆ្នាំ​២០០២។​

កញ្ញា​អេលីហ្សាបែត ហេង​បាន​បន្ថែម​ថា៖

«បញ្ហា​អន្តោប្រវេសន៍​គឺ​ជា​អាទិភាព​មួយក្នុង​យុទ្ធនាការរបស់​ខ្ញុំ​ ដូចលោក​បាន​ឃើញ​តាម​បណ្តាញ​សារព័ត៌មាន​ជាតិ​ហើយ​ថា​នេះជាបញ្ហា​ដែល​យើង​ជជែក​គ្នា​ជាប្រចាំ​ហើយ​ខ្ញុំ​ចង់​ជួយ​កែទម្រង់​បញ្ហា​អន្តោប្រវេសន៍​ឱ្យ​បាន​ត្រឹមត្រូវ​សម្រាប់​ប្រទេស​របស់យើង‍»។​

យ៉ាងណាក៏ដោយ​ នាង​អេលីហ្សាបែត ហេង បញ្ជាក់​ថា​នាង​មានវិធី​ផ្ទាល់ខ្លួន​ដើម្បី​ធ្វើការងារ​ឱ្យ​បាន​ជោគជ័យ​ហើយ​នឹង​មិន​ធ្វើ​ជា​«អ្នកប្រថាប់ត្រា‍»​សម្រាប់​គណបក្ស​នយោបាយ​ណាមួយ​ឡើយ៕

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG