ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បេក្ខជន​ខ្មែរ​​ដំបូង​ម្នាក់​សម្រេច​ឈរ​ឈ្មោះ​​បោះឆ្នោត​នៅ​ក្រុង Arlington ​ក្បែរ​រដ្ឋធានី​វ៉ាស៊ីនតោន​


លោក Choun Chanda និងប្រធាន​ផ្នែក​​រចនា​​នៃ​យុទ្ធនាការ​លោក​គឺ​លោក​ Minh Pham ​​​ដែល​ជា​ពលរដ្ឋ​អាមេរិក​កំណើត​វៀតណាម​ ថត​រូប​នៅ​ក្នុង​ពិធី​​ក្នុង​ពិធី​ជួប​ជុំ​សំណេះសំណាល​ជាមួយ​អ្នក​បោះឆ្នោត​ដំបូង​ នៅ​ឯ​ស្ថានីយ​យោធា​សហគមន៍ John Lyon Veterans of Foreign Wars Post 3150 ដែល​ជា​​កន្លែង​ជួប​ប្រជុំ​សម្រាប់​សហគមន៍​អ្នក​យោធា​ក្នុង​ក្រុង​Arlington កាល​​ពី​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០១៨។ (សឹង សុផាត/VOA)
លោក Choun Chanda និងប្រធាន​ផ្នែក​​រចនា​​នៃ​យុទ្ធនាការ​លោក​គឺ​លោក​ Minh Pham ​​​ដែល​ជា​ពលរដ្ឋ​អាមេរិក​កំណើត​វៀតណាម​ ថត​រូប​នៅ​ក្នុង​ពិធី​​ក្នុង​ពិធី​ជួប​ជុំ​សំណេះសំណាល​ជាមួយ​អ្នក​បោះឆ្នោត​ដំបូង​ នៅ​ឯ​ស្ថានីយ​យោធា​សហគមន៍ John Lyon Veterans of Foreign Wars Post 3150 ដែល​ជា​​កន្លែង​ជួប​ប្រជុំ​សម្រាប់​សហគមន៍​អ្នក​យោធា​ក្នុង​ក្រុង​Arlington កាល​​ពី​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០១៨។ (សឹង សុផាត/VOA)

​បេក្ខជន​ខ្មែរ​អាមេរិកាំង​វ័យ​ក្មេង​​​លោក ​​​​Choun Chanda ​ត្រូវ​​គេ​ជឿ​ថា​ ជា​បេក្ខជន​ដើម​កំណើត​អាស៊ី​ដំបូង​ដែល​ប្រាថ្នា​ប្រកួត​ចូល​កាន់​តំណែង​នៅ​មូលដ្ឋាន​នេះ។

ដោយ​មាន​ទីតាំង​នៅ​ក្បែរ​រដ្ឋធានី​វ៉ាស៊ីនតោន​ ក្រុង​ Arlington នៃ​រដ្ឋ Virginia ជា​ក្រុង​មួយ​ដែល​មាន​ប្រជាជនមាន​ការ​ចេះដឹង​ខ្ពស់​និង​សម្បូរ​ទ្រព្យ​សម្បត្តិ​បំផុត​មួយ​នៅ​សហរដ្ឋ​អាមេរិក។ ម៉្យាង​ទៀត​ក្រុងនេះ​មាន​ពលរដ្ឋ​អាមេរិកស្បែក​ស​ភាគ​ច្រើន​រស់​នៅ។ ទោះយ៉ាង​នេះ​ក្តី ​ក៏​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​វ័យ​ក្មេង​លោក​ Choun Chanda មិន​រារែក​នៅ​ពេល​មាន​អាសនៈ​មួយ​នៅ​ក្នុង​ក្រុមប្រឹក្សាក្រុង​បាន​ទំនេរ​ ក្រោយ​ការ​បោះឆ្នោត​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៧។

លោក Choun Chanda បាន​មើល​ឃើញស្ថានភាព​នេះ ថា​ជា​ឱកាសរបស់​លោក​ដើម្បី​ប្រឡូក​ចូល​ក្នុងការងារ​សាធារណៈ​នៅ​មូលដ្ឋាន​មួយ ដែល​បាន​ក្លាយ​ជាទី​លំនៅ​របស់​លោក​រួច​ទៅ​ហើយ។ បើ​យោងតាម​មន្ទីរ​ចុះ​បញ្ជី​អ្នក​បោះឆ្នោត​និង​រៀបចំការ​បោះឆ្នោតនៃក្រុង​ Arlington លោក Choun Chanda ជា​ពលរដ្ឋ​អាមេរិក​កំណើត​អាស៊ី​ដំបូង​គេ​ដែល​ឈរ​ឈ្មោះ​ប្រកួត​យក​អាសនៈ​ក្នុង​ក្រុង​នេះ។

លោក Chanda ថ្លែង​ប្រាប់ VOA ថា៖

«ខ្ញុំ​មិនឃើញ​មាន​បេក្ខជន​ដែលមាន​ប្រវត្តិ​ជា​យោធិន ខ្ញុំ​មិនឃើញ​មានបេក្ខជន​ដែល​មាន​ប្រវត្តិ​ជា​ជន​អន្តោប្រវេសន៍ ហើយ​ខ្ញុំ​មិន​ឃើញ​មាន​បេក្ខជន​ដែល​មាន​ប្រវត្តិ​ខាង​បច្ចេកវិទ្យា​ឈរ​ឈ្មោះ​ទេ។ នេះ​ជា​មូលហេតុ​ខ្ញុំ​សម្រេច​ឈរ​ឈ្មោះ»។

ប៉ុន្តែប្រវត្តិរូប​មិន​មែន​ជា​មូលហេតុ​តែ​មួយ​ប៉ុណ្ណោះ​ទេ។ ក្រុង​ Arlington ក៏​បាន​ទាក់ទាញចំណាប់​អារម្មណ៍​របស់​ Chanda ផង​ដែរ​ ដោយ​លោក​ថែម​ទាំង​សរសេរ​នៅ​លើ​គេហទំព័រ​បេក្ខភាពរបស់​លោក​ថា៖

«ខ្ញុំ​មិន​មាន​ជម្រើស​អាច​ទៅ​កើត​នៅ​ទី​ណា​តាម​ចិត្ត​ចង់​បាន​នោះទេ។ ខ្ញុំ​មិន​មាន​ជម្រើស​ថា​ តើ​ទី​ភ្នាក់ងារ​តាំង​ទី​លំនៅ​ជន​ភៀសខ្លួន​សម្រេច​ឲ្យ​គ្រួសារខ្ញុំ​ទៅ​តាំង​ទី​នៅ​ទី​ណា​នោះ​ទេ។ ខ្ញុំ​មិន​មាន​ជម្រើស​ថា ​តើ​យោធា​បញ្ជូន​ខ្ញុំ​ទៅទី​ណា​នោះ​ទេ។ ប៉ុន្តែ​ខ្ញុំមាន​ជម្រើស​សម្រេច​ខ្លួន​ឯង​ថា ​ចង់​នៅ​ទី​ណា​ពេល​នេះ។ ហើយ​ខ្ញុំ​សម្រេច​យក​ក្រុង​ Arlington។ ខ្ញុំ​នឹង​រៀប​អាពាហ៍ពិពាហ៍​នៅ Arlington។ កូនៗរបស់​ខ្ញុំ​នឹង​រត់​លេង​ក្នុង​ឧទ្យាន​របស់​ Arlington។ ខ្ញុំ​នឹង​ស្លាប់​នៅ​ Arlington ហើយ​នឹង​ត្រូវ​គេ​កប់​នៅ​ឈាបនដ្ឋាន​ជាតិ Arlington»។

ក្រុមប្រឹក្សា​ក្រុង​ Arlington ដែល​មាន​សមាជិក​៥​នាក់ ជា​ស្ថាប័ន​គ្រប់គ្រងរដ្ឋបាល​ក្នុងក្រុង​នេះ។ ការងារ​ជា​សមាជិក​ក្រុមប្រឹក្សា​ក្រុង​ជា​ការងារ​ក្រៅ​ម៉ោង​ ប៉ុន្តែ​ដែល​អាច​ជា​ស្ពាន​ទៅ​កាន់​អាជីព​នយោបាយ។ ប៉ុន្តែ​លោក Choun Chanda ថា​លោក​មិន​ប្រាថ្នាចង់​ក្លាយ​ជា​អ្នក​នយោបាយ​ទេ។

ឯកសារឃោសនា​បោះឆ្នោត​សម្រាប់​ចែកចាយ​នៅ​ក្នុង​ពិធី​សំណេះសំណាលដំបូង​របស់​បេក្ខជន Choun Chanda កាល​ពី​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០១៨។
ឯកសារឃោសនា​បោះឆ្នោត​សម្រាប់​ចែកចាយ​នៅ​ក្នុង​ពិធី​សំណេះសំណាលដំបូង​របស់​បេក្ខជន Choun Chanda កាល​ពី​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០១៨។

លោក Chanda មាន​អាយុ​៣០​ឆ្នាំ ហើយ​ជា​អ្នក​គ្រប់គ្រង​កម្មវិធី​ម្នាក់​នៅ​ឯ​ក្រុមហ៊ុន​សន្តិសុខ​អ៊ីនធឺណិត​ឈ្មោះ Securonix ។ លោក​បាន​មក​រស់​នៅសហរដ្ឋ​អាមេរិកតាំងពី​នៅ​ជាកុមារ នៅ​ពេល​ដែល​ក្រុម​គ្រួសារ​របស់​លោក​បាន​រត់​ភៀស​ខ្លួន​ពី​របប​ខ្មែរក្រហម​ ដែល​បាន​គ្រប់គ្រង​អំណាច​ពី​ឆ្នាំ​១៩៧៥​ដល់​១៩៧៩ និង​មាន​ពលរដ្ឋកម្ពុជា​ត្រូវ​ស្លាប់​ប្រមាណ១លាន​៧​សែន​នាក់។

ដោយ​លោក​ដឹង​គុណ​ចំពោះ​ការណ៍​ដែល​គ្រួសារ​លោក​ត្រូវ​បាន​គេ​ជ្រើសរើសពី​ជំរំ​ជន​ភៀស​ខ្លួន​ក្នុង​ ​ប្រទេស​ថៃ​ឲ្យទៅ​តំាំង​ទី​លំនៅនៅ​រដ្ឋ​ Connecticut សហរដ្ឋ​អាមេរិក លោក Chanda ក៏​បាន​សម្រេច​ចិត្ត​ចូល​បម្រើ​ក្នុង​យោធា​អាមេរិក​នៅ​អាយុ​១៧​ឆ្នាំ។ លោក​បានបម្រើ​ការ​នៅ​យោធា​អស់​រយៈពេល​១២ឆ្នាំ ដោយ​ឡើង​តំណែង​ពី​ទាហាន​សាមញ្ញ​ រហូត​ក្លាយ​ជា​ពលបាល​ត្រី មុន​នឹង​លោក​ចាកចេញ​ពី​យោធា ទោះបី​សព្វ​ថ្ងៃ​លោក​នៅ​មានភារកិច្ច​ជាយោធិនបម្រុង​នៅ​ឡើយ។​ ​

លោក Chanda ចាប់​ផ្តើម​ធ្វើ​យុទ្ធនាការឃោសនា​បោះឆ្នោត​កាល​ពី​ខែ​កុម្ភៈ ដោយ​ប្រើ​ពាក្យ​ឃោសនា​ថា​ ដើម្បី​«ធ្វើឲ្យ​ Arlington ក្លាយ​ជា​ផ្កាយ​ខាង​ជើង​ (North Star) នៃ​រដ្ឋ Virginia»។​

ក្រោយ​ពី​លោក​ប្រមូល​បាន​ហត្ថលេខា​គាំទ្រ​ចំនួនយ៉ាង​តិច​១២៥​ពី​អ្នក​បោះឆ្នោត​ក្រុង​ Arlington ​នៅ​ត្រឹម​ថ្ងៃ​ទី​២៩ ខែ​មិនា ដើម្បី​អាច​មានឈ្មោះក្នុង​សន្លឹក​ឆ្នោត​នៃការ​បោះឆ្នោត​បឋម​ លោក Chanda ជឿជាក់​ថា​ លោក​អាច​យក​ឈ្នះ​សមាជិក​ក្រុមប្រឹក្សាក្រុង​បច្ចុប្បន្ន​គឺ​បេក្ខជនឯករាជ្យ ​លោក John Vihstadt នៅ​ក្នុង​ការ​បោះឆ្នោត​នៅ​ខែ​វិច្ឆិកា​ខាង​មុខ។

ប៉ុន្តែ​មុន​នឹង​អាច​ឈាន​ដល់​ការ​បោះឆ្នោត​ខែ​វិច្ឆិកា​បាន​ លោក Chanda ត្រូវ​យក​ឈ្នះ​បេក្ខជនមក​ពី​គណបក្ស​ប្រជាធិបតេយ្យដូច​គ្នា​ គឺ​លោក Matt de Ferranti នៅ​ក្នុងការ​បោះឆ្នោត​បឋម​ថ្ងៃ​ទី​១២ ខែមិថុនា ជា​មុន​សិន។

ការ​បោះឆ្នោត​នៅ​ថ្នាក់​មូលដ្ឋានរបស់​សហរដ្ឋ​អាមេរិក​ដូច​នៅ​ក្នុង​ក្រុង​ Arlington នេះ មាន​កាល​វិភាគ​ប្រហាក់ប្រហែល​នឹង​កាលវិភាគ​នៃ​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​និង​ថ្នាក់​រដ្ឋ​ផង​ដែរ។ ការ​បោះឆ្នោត​ពាក់​កណ្តាល​អាណត្តិ mid-term ក៏​ត្រូវ​ផ្តាច់​ព្រ័ត្រ​នៅ​ខែ​វិច្ឆិកា​ដែរ។

លោក​ Chanda បញ្ជាក់​ប្រាប់ VOA ថា​ ជីវប្រវត្តិ​របស់​លោក​ជា​គុណសម្បត្តិ​ជួយ​ឲ្យ​លោក​អាច​ធ្វើ​ការ​ដោះស្រាយ​បញ្ហា​សំខាន់ៗពីរដែលក្រុង​ Arlington កំពុង​ប្រឈម។ ទី​មួយ​គឺ ឱនភាព​ថវិកា​របស់​ស្រុក និង​ទី​ពីរ​គឺ​បញ្ហា​ត្រូវទាក់ទាញ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ច្រើន​ជាង​មុន​មក​កាន់​ស្រុក​ Arlington ដើម្បី​បំពេញ​អគារ​ការិយាល័យ​ដែលនៅ​ទំនេរ​ខ្វះ​អ្នក​ជួល។

លោក​ Choun Chanda ក៏​យល់​ច្បាស់​ពី​សារៈសំខាន់​នៃ​ការ​រៃ​អង្គាស​ប្រាក់ក្នុង​យុទ្ធនាការ​ឃោសនា​នៅ​អាមេរិក​ដែរ។ មក​ដល់​ពេល​នេះ លោកChoun Chanda​រៃអង្គាស​ប្រាក់​បាន​ជាង​២៨.០០០ដុល្លារហើយ​ ដែល​ភាគ​ច្រើន​តាម​កម្ចី​ផ្ទាល់​ខ្លួន​ពី​ធនាគារ។ គូ​ប្រកួតរបស់​លោកគឺ​លោក De Ferranti បាន​រៃ​អង្គាស​ប្រាក់​ចំនួន​ជាង​៣៥.០០០​ដុល្លារ ភាគ​ច្រើន​ពី​អ្នក​ឧបត្ថម្ភ​ខ្នាត​តូច។

លោក អ៊ុង រិទ្ធី គ្រូ​ប្រឹក្សា​នៃ​វិទ្យាល័យ​ឡូវែល Lowell High School រដ្ឋ​ម៉ាសាឈូសេត កាលពី​ថ្ងៃ​អង្គារ ទី៦ ខែកញ្ញា ឆ្នាំ២០១៦។ លោក​បាន​កាន់​តំណែងបី​អាណត្តិ​ជា​ទីប្រឹក្សា​ក្រុង Lowell ដែល​មាន​សហគមន៍​ខ្មែរ​ធំ​ជាង​គេ​ទី​ពីរ​នៅ​អាមេរិក។ (ទែន សុខស្រីនិត/VOA)
លោក អ៊ុង រិទ្ធី គ្រូ​ប្រឹក្សា​នៃ​វិទ្យាល័យ​ឡូវែល Lowell High School រដ្ឋ​ម៉ាសាឈូសេត កាលពី​ថ្ងៃ​អង្គារ ទី៦ ខែកញ្ញា ឆ្នាំ២០១៦។ លោក​បាន​កាន់​តំណែងបី​អាណត្តិ​ជា​ទីប្រឹក្សា​ក្រុង Lowell ដែល​មាន​សហគមន៍​ខ្មែរ​ធំ​ជាង​គេ​ទី​ពីរ​នៅ​អាមេរិក។ (ទែន សុខស្រីនិត/VOA)

លោក អ៊ុង រិទ្ធី ​ជា​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ដំបូង​ដែលបាន​ជាប់​ឆ្នោតបម្រើការ​ក្នុង​តំណែង​សាធារណៈ​មួយនៅ​សហរដ្ឋ​អាមេរិក ហើយ​លោក​បាន​កាន់​តំណែងបី​អាណត្តិ​ជា​ទីប្រឹក្សា​ក្រុង Lowell រដ្ឋ​ Massachusetts ដែល​មាន​សហគមន៍​ខ្មែរ​ធំ​ជាង​គេ​ទី​ពីរ​នៅ​អាមេរិក។ លោក​បាន​ថ្លែង​យោង​ទៅ​យុទ្ធនាការ​បោះឆ្នោត​របស់​លោក Choun Chanda ថា ថ្វី​បើបេក្ខជន​ឈរ​ឈ្មោះ​ត្រូវ​មាន​សមត្ថភាពរៃ​អង្គាស​ប្រាក់បាន​ច្រើ​ន​ក្តី ក៏​កត្តាចម្បង​មួយ​គឺ​បេក្ខជន​ត្រូវ​ចេះ​បង្កើតទំនុក​ចិត្ត​និងទំនាក់ទំនង​ល្អ​ជាមួយ​អ្នក​បោះឆ្នោត។

លោក​ អ៊ុង រិទ្ធី ថា​ អ្នក​បោះឆ្នោតមិន​សូវ​ខ្វល់​អំពី​បេក្ខភាពអ្នក​ឈរ​ឈ្មោះ​ ដូច​ការ​ខ្វល់ខ្វាយ​របស់​ពួក​គេអំពី​បញ្ហាប្រឈម​នានា​ដែល​មាន​នៅ​ក្នុង​សហគមន៍​របស់​ពួក​គេ​នោះ​ទេ។

លោក Chanda ថា ​អាទិភាព​បន្ទាប់​របស់​លោក​គឺ​ការ​បង្កើត​អង្គការធ្វើ​យុទ្ធនាការ​មួយ​ដែល​មាន​ភាព​រហ័សរហួន។ លោក​បាន​បញ្ជាក់​ថា៖

«ជា​ការពិត វា​ដូច​នឹង​គម្រោងថ្មីអ្វី​មួយ​ដែរ យុទ្ធនាការ​ឃោសនាបោះឆ្នោត​ដូច​នឹង​ការ​ផែនការ​អាជីវកម្ម​បង្កើត​ថ្មី​ startup ដែរ។ ខ្ញុំ​អាច​សង្ខេបបាន​ថា ​ធាតុ​ផ្សំ​សំខាន់​ទាំង​នេះ​នៃ​យុទ្ធនាការ​នេះ​គឺ មនុស្ស​ ដំណើរការ និង​មធ្យោបាយ»។

ក្នុង​ពេល​នេះ លោក Choun Chanda ជា​អ្នក​គ្រប់គ្រង​ដោយ​ខ្លួន​ឯង​នូវ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក រហូតដល់​ការ​បោះឆ្នោត​បឋម​នៅ​ខែ​មិថុនា ដែល​នឹង​សម្រេច​ថា​លោក​អាច​បន្ត​យុទ្ធនាការ​នេះ​ដែរ​ឬ​យ៉ាង​ណា។ ប៉ុន្តែ​ដើម្បី​ជួយ​ដល់​កិច្ចការ​យុទ្ធនាការ​ឃោសនា​ដំបូង​របស់​លោក​នេះ លោក​ Chanda ក៏​បាន​ជួល​ប្រធាន​ផ្នែករចនា​ម្នាក់​ដែល​ជា​ពលរដ្ឋ​អាមេរិក​កំណើត​វៀតណាម​គឺ​លោក Minh Pham និង​អ្នកជំនួយការ​ខាង​ឃោសនាម្នាក់​ទៀត​ ជា​ពលរដ្ឋ​អាមេរិក​កំណើត​ហ្វីលីពីន​គឺលោក​ John Victoria។ លោក Minh Pham ​ថា ​លោកក៏​ថ្មីថ្មោង​ក្នុង​យុទ្ធនាការ​នយោបាយដូច​បេក្ខជនលោក Chanda ​ដែរ ហើយ​ប្រដូច​ដំណើរការ​នេះ​ទៅ​នឹង​ការ​ចាប់​ផ្តើម​អាជីវកម្ម​ថ្មី​មួយ​យ៉ាង​ដូច្នេះ​។

លោក Chanda ពន្យល់​ថា បើ​ទោះ​បី​បណ្ដាញ​សង្គម​ជា​មធ្យោបាយ​សំខាន់​មួយ​សម្រាប់​ទាក់ទង​អ្នក​បោះឆ្នោត ក៏​លោក​ថា​ដើម្បី​អាច​ឲ្យ​គេ​មើល​ឃើញ​ថា​លោក​ជា​សមាជិក​ម្នាក់​នៃ​សហគមន៍​ Arlington នេះ លោក​ត្រូវ​តែ​ជួប​សំណេះសំណាលជាមួយ​អ្នក​បោះឆ្នោត​ឲ្យ​បាន​ច្រើន​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​នៅ​ក្នុង​ក្រុង​ដែល​មាន​ទំហំ​ ៦៧ ​គីឡូម៉ែត្រ​ការ៉េ​នេះ។

«ខ្ញុំ​កំពុងនាំ​សារ​របស់​ខ្ញុំ និង​បុគ្គលិកលក្ខណៈ​របស់​ខ្ញុំមក​កាន់​សហគមន៍​នេះ​ដោយ​ផ្ទាល់​តែ​ម្តង។ ខ្ញុំ​មិន​ចង់​ឲ្យ​សហគមន៍​នេះ​ត្រូវ​មក​រក​ខ្ញុំ​ទៅ​វិញ​ទេ»។

ដោយ​សារ​មូលហេតុ​នេះ​ហើយ ទើប​លោក Chanda បាន​សម្រេច​ធ្វើ​ពិធី​សំណេះសំណាល​ដំបូង​ជាមួយ​អ្នក​បោះឆ្នោត​ នៅ​ឯ​ស្ថានីយ​យោធា​សហគមន៍ John Lyon Veterans of Foreign Wars Post 3150 ដែល​ជាកន្លែង​ជួប​ប្រជុំ​សម្រាប់​សហគមន៍​អ្នក​យោធា​ក្នុង​ក្រុង​Arlington។

លោក Patrick Pope ជា​អតីត​យុទ្ធជន​មួយ​រូប​ដែល​បាន​បម្រើការក្នុង​កងទ័ព​អាកាស​អាមេរិក​អស់​រយៈ​ពេល​២៨​ឆ្នាំ​ ថ្លែង​ទៅ​កាន់ VOA ​នៅ​ក្រៅ​ពិធី​សំណេះសំណាល​ជាមួយ​បេក្ខជន Choun Chanda កាល​ពី​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ។
លោក Patrick Pope ជា​អតីត​យុទ្ធជន​មួយ​រូប​ដែល​បាន​បម្រើការក្នុង​កងទ័ព​អាកាស​អាមេរិក​អស់​រយៈ​ពេល​២៨​ឆ្នាំ​ ថ្លែង​ទៅ​កាន់ VOA ​នៅ​ក្រៅ​ពិធី​សំណេះសំណាល​ជាមួយ​បេក្ខជន Choun Chanda កាល​ពី​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ។

លោក Patrick Pope ជា​អតីត​យុទ្ធជន​មួយ​រូប​ដែល​បាន​បម្រើការក្នុង​កងទ័ព​អាកាស​អាមេរិក​អស់​រយៈ​ពេល​២៨​ឆ្នាំ។ លោក Pope ​បាន​ជួប​លោក Chanda ពី​មុន​រួច​មក​ហើយ ហើយ​លោក​ថ្លែង​ថា ​អ្នក​បោះឆ្នោត​នៅ​ទី​នេះ​មាន​ចិត្ត​បើក​ចំហ​មិន​រើស​អើង​ចំពោះ​បេក្ខជន​ដែល​មាន​មុខមាត់​ខុស​ពី​ជនជាតិ​ស្បែក​សភាគ​ច្រើន​របស់​សហរដ្ឋ​អាមេរិក។ លោក​ពន្យល់​ប្រាប់ VOA ថា៖

«ខ្ញុំគិត​ថា អ្នក​បោះឆ្នោត​នៅ​ Arlington កំពុង​រក​មើល​បេក្ខជន​ណា​ដែល​ថ្មីថ្មោង​ ដែល​មាន​គំនិត​និង​ទស្សនៈថ្មីថ្មោង គឺ​បុគ្គល​ម្នាក់​ដែលមិន​មានចំណង​និង​ខ្សែ​រយៈ​ជ្រាលជ្រៅ​ជាមួយ​ស្ថាប័ន​នយោបាយ ហើយ​ជា​បុគ្គល​ដែល​តំណាង​ឲ្យ​ប្រយោជន៍​ពិត​ប្រាកដ​របស់​សហគមន៍»។​

អ្នកស្រី Lynn Borton អាយុ​៥៦​ឆ្នាំ ជា​ពលរដ្ឋ​ដែល​បាន​រស់​នៅ​ក្នុង​ក្រុងនេះ​តាំង​ពី​ឆ្នាំ​១៩៨៥ កំពុង​សំណេះសំណាល​ជាមួយ​បេក្ខជន​ Choun Chanda នៅ​ស្ថានីយ​សហគមន៍​យោធា John Lyon VFW Post 3150 នៅ​ក្រុង Arlington រដ្ឋ Virginia កាល​ពី​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ឆ្នាំ ២០១៨។
អ្នកស្រី Lynn Borton អាយុ​៥៦​ឆ្នាំ ជា​ពលរដ្ឋ​ដែល​បាន​រស់​នៅ​ក្នុង​ក្រុងនេះ​តាំង​ពី​ឆ្នាំ​១៩៨៥ កំពុង​សំណេះសំណាល​ជាមួយ​បេក្ខជន​ Choun Chanda នៅ​ស្ថានីយ​សហគមន៍​យោធា John Lyon VFW Post 3150 នៅ​ក្រុង Arlington រដ្ឋ Virginia កាល​ពី​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ឆ្នាំ ២០១៨។

អ្នកស្រី Lynn Borton អាយុ​៥៦​ឆ្នាំ ជា​ពលរដ្ឋ​មា្នក់​ទៀត ដែល​បាន​រស់​នៅ​ក្នុង​ក្រុងនេះ​តាំង​ពី​ឆ្នាំ​១៩៨៥។ អ្នក​ស្រី​បាន​ដឹង​អំពី​ព្រឹត្តិការណ៍​សំណេះសំណាល​នេះតាម​រយៈ​ហ្វេសប៊ុក។ ដូច​លោក Pope ដែរ អ្នក​ស្រី​គិត​ថា ​អ្នក​បោះឆ្នោត​ក៏​ត្រូវ​តែ​ស្វែង​យល់​អំពី​បេក្ខជន​ដែល​ឈរ​ឈ្មោះជា​លើក​ដំបូង។

«ខ្ញុំ​គិត​ថា​វា​មាន​ប្រយោជន៍ក្នុងការ​ជួប​មនុស្ស​ម្នា។ យើង​អាច​ស្វែង​យល់និង​វាយតម្លៃ​អំពី [បេក្ខជន] ​នរណា​ម្នាក់ ដោយ​មិន​មានការ​វាយតម្លៃ​ស្រាប់ ​ដូច​ពេល​យើង​ស្វែង​យល់អំ​ពី​អ្នក​នោះ​តាមប្រព័ន្ធ​ផ្សព្វ​ផ្សាយ»។

លោក Pope ថា​បញ្ហា​ប្រឈម​ខ្លាំង​ជាង​គេ​របស់​លោក Choun Chanda ក្នុង​នាម​ជា​បេក្ខជនលើក​ដំបូង​នោះ គឺ​ការណ៍​ដែល​លោក​អាច​ឲ្យ​គេ​ស្គាល់​កាន់​តែ​ច្រើន​រហូត​អាច​ទទួល​បាន​ការ​គាំទ្រ​ពី​គណបក្ស​ប្រជាធិបតេយ្យ។

ប៉ុន្តែ​លោក Pope ជឿជាក់ថា អ្នក​បោះឆ្នោត​ក៏​ត្រូវ​ព្យាយាម​ជួប​ជាមួយ​បេក្ខជន​ទាំង​អស់​ដែរ។​

«​ខ្ញុំ​គិត​ថា ​វា​ជា​រឿង​សំខាន់​ដែល​យើង​ត្រូវស្វែង​យល់​អំពី​បេក្ខជនក្នុង​មូលដ្ឋាន​របស់​យើង។ យើង​មិន​អាច​ស្វែង​យល់បែប​នេះ ​ដោយ​គ្រាន់​តែទទួល​ព័ត៌មាន​តាម​ពាណិជ្ជកម្ម​ក្នុងទូរទស្សន៍​ ឬ​កាសែត​ទេ។ យើងត្រូវ​តែ​ចេញ​ទៅ​ជួប​បេក្ខជន និង​សួរ​ដេញដោល​ពួក​គេ។ ប្រសិន​បើ​យើងរំពឹង​ថា​ អ្នក​តំណាង​របស់​យើងជា​មនុស្ស​សកម្មមួយ​រូប នោះ​យើង​ក៏​ត្រូវ​សកម្ម​ផង​ដែរ​ក្នុង​នាម​ជា​អ្នក​បោះឆ្នោតម្នាក់​ដែល​បាន​ជ្រួតជ្រាប»៕

XS
SM
MD
LG