ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហគមន៍​ខ្មែរ​អាមេរិកាំង​ចាប់​អារម្មណ៍​ការ​បោះឆ្នោត​ពាក់​កណ្តាល​អាណត្តិ​ជាង​មុន


រូបឯកសារ៖ ពលរដ្ឋអន្តោប្រវេសន៍ម្នាក់កំពុងចុះឈ្មោះបោះឆ្នោតពាក់កណ្តាលអាណត្តិ ក្រោយពីលោកបានក្លាយជាពលរដ្ឋអាមេរិកាំងពេញសិទ្ធិ នៅទីក្រុង Los Angeles រដ្ឋកាលីហ្វ័រញ៉ា កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨។

នេះ​គឺ​ជា​ការ​បោះឆ្នោត​ ដែល​នឹង​សម្រេច​លើ​ការ​ដឹកនាំ​របស់​លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ​ផងដែរ​ ដោយ​សារ​ពេលនេះ​គណបក្ស​សាធារណរដ្ឋ​របស់​លោក​កំពុង​គ្រប់គ្រង​ទាំង​ស្ថាប័ន​នីតិប្បញ្ញត្តិ​ គឺ​រដ្ឋសភា​ និង​ព្រឹទ្ធសភា​ និង​នីតិប្រតិបត្តិ គឺ​សេតវិមាន ​ដែល​អាច​ឱ្យ​លោក​ធ្វើ​កិច្ច​ការ​អ្វី​ដោយ​មិន​មាន​ការ​ជំទាស់​ច្រើន​ឡើយ។

ការ​បោះឆ្នោត​បឋមកំពុងតែ​ដំណើរការ​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក​ ដោយ​បាន​ចាប់​ផ្តើម​តាំងពី​ខែ​មីនា​ហើយ​នឹង​បន្ត​រហូត​ដល់​ខែ​កញ្ញា ដោយ​រៀបចំ​នៅ​តាម​រដ្ឋ​នីមួយៗ​តាម​កាល​វិភាគ​ខុសៗគ្នា​ ដើម្បី​ជ្រើស​រើស​បេក្ខជន​សម្រាប់​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​សភា​ជាតិ​នៅ​ថ្ងៃទី​៦ ខែវិច្ឆិកា​ឆ្នាំ​នេះ។

នេះ​គឺ​ជា​ការ​បោះឆ្នោត​ ដែល​នឹង​សម្រេច​លើ​ការ​ដឹកនាំ​របស់​លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ​ផងដែរ​ ដោយ​សារ​ពេលនេះ​គណបក្ស​សាធារណរដ្ឋ​របស់​លោក​កំពុង​គ្រប់គ្រង​ទាំង​ស្ថាប័ន​នីតិប្បញ្ញត្តិ​ គឺ​រដ្ឋសភា​ និង​ព្រឹទ្ធសភា​ និង​នីតិប្រតិបត្តិ គឺ​សេតវិមាន ​ដែល​អាច​ឱ្យ​លោក​ធ្វើ​កិច្ច​ការ​អ្វី​ដោយ​មិន​មាន​ការ​ជំទាស់​ច្រើន​ឡើយ។ ប៉ុន្តែក្រោយ​ការ​បោះឆ្នោត​លើក​នេះ​ បើសិន​ជា​គណបក្ស​ប្រជាធិបតេយ្យ​គ្រប់​គ្រង​រដ្ឋសភា​នោះ​ នឹង​អាច​មាន​ផល​ប៉ះពាល់​ទៅលើ​ការ​ដឹកនាំ​របស់​លោក។

បញ្ហា​ដែល​កំពុង​តែ​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​របស់​អ្នក​បោះឆ្នោត​ខ្មែរ​អាមេរិកាំង គឺ​មាន​បញ្ហា​ជនអន្តោ​ប្រវេសន៍ ​សេដ្ឋកិច្ច ​ការងារ ​សុខាភិបាល​ និង​នយោបាយ​ការបរទេស​ជាដើម។ នេះ​បើ​តាម​មតិ​របស់​ពលរដ្ឋ​មួយ​ចំនួន​ ដែល​វីអូអេ​បាន​សម្ភាស។

លោក ណែម ឈឿង ជា​អ្នក​ផ្តល់ប្រឹក្សា​សេវា​ផ្នែក​ច្បាប់​ខាង​ជនអន្តោប្រវេសន៍​ ដែល​មាន​ការិយាល័យ​នៅ​ទីក្រុង​ឡូវែល រដ្ឋម៉ាស្សាឈូសិត​ បាន​បញ្ជាក់​ថា​ បញ្ហា​អន្តោប្រវេសន៍​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អារម្មណ៍​របស់​អ្នកបោះឆ្នោត​ជា​ច្រើន ​ទាំង​នៅក្នុងសហគមន៍​ខ្មែរ-​អាមេរិកាំង និង​សហគមន៍​ដទៃ​ ដោយ​សារ​តែ​លោក​ប្រធានាធិបតី ត្រាំ ពិបាក​បំពេញ​បាន​តាម​ការ​សន្យា​ក្នុង​ពេល​បោះឆ្នោត។

លោក ​ណែម ឈឿង បាន​បន្ថែម​ថា៖​

«ច្បាប់​អន្តោប្រវេសន៍​ វា​លំបាក​ស្មុគស្មាញ ​ប៉ុន្តែ​ការ​សន្យា​ដោះស្រាយ​របស់​គាត់​ វា​មិន​ដូច​ជា​ការឈ្នះ-ឈ្នះ​ទាំង​សង​ខាង​ទេ​ គឺ​បើ​យើង​ឈ្នះ​ និង​ចាញ់​ក៏​ពិបាក​ដែរ។ ការ​ដោះ​ស្រាយ​យ៉ាង​ណា​ក៏​ដោយ​តាម​ផ្លូវ​នយោបាយ​ យើង​ត្រូវ​គិត​ថា​ ឱ្យ​ភាគី​ទាំងពីរ​ឈ្នះ​ទាំង​សង​ខាង​ទទួល​យក​បាន​ទាំង​សង​ខាង​ ហើយ​បើ​យើង​គិត​ថា​ សង់​ជញ្ជាំង​ដើម្បី​ការពារ​កុំ​ឱ្យ​សាសន៍​ដទៃ​ចូល​មក​សហរដ្ឋ​អាមេរិក ​ឬ​ក៏​ត្រូវ​បណ្តេញ​អ្នក​ខុសច្បាប់​ចេញ​ទាំងអស់​ វា​ហាក់​បី​ដូច​ជា​តឹងរ៉ឹង​ខ្លាំង​ពេក‍។ ដល់​តឹងរ៉ឹង​ខ្លាំង​ពេក​វា​ធ្វើ​មិន​បាន។ ដល់​ធ្វើ​មិន​បាន​លឿន ​ដូច​ការ​សង្ឃឹម​ទុក​ទៅ​អ្នក​បោះឆ្នោត​គាំទ្រ​ចង់​បាន​ក៏​ខកចិត្ត។ អ្នក​ដែល​ប្រឆាំង​ក៏​មិន​សប្បាយ​ចិត្ត»។

លោកប្រធានាធិបតី ត្រាំ ថ្លែងនៅក្នុងវេទិកាឃោសនាបោះឆ្នោតរបស់បេក្ខជននៃគណបក្សសាធារណៈរដ្ឋ នៅឯវិទ្យាល័យ Airport High School រដ្ឋ South Carolina កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨។
លោកប្រធានាធិបតី ត្រាំ ថ្លែងនៅក្នុងវេទិកាឃោសនាបោះឆ្នោតរបស់បេក្ខជននៃគណបក្សសាធារណៈរដ្ឋ នៅឯវិទ្យាល័យ Airport High School រដ្ឋ South Carolina កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨។

រដ្ឋបាល​លោក​ប្រធានាធិបតី​ ត្រាំ ​កំពុង​អនុវត្ត​គោល​នយោបាយ​ «គ្មាន​ការ​អត់​ឱន‍»​ ដល់​ជន​ដែល​ឆ្លងដែន​មក​សហរដ្ឋ​អាមេរិក​ដោយ​ខុសច្បាប់ ដែល​នាំ​ឱ្យ​មាន​ការ​រិះគន់​យ៉ាងខ្លាំង​ពី​អ្នក​នយោបាយ​ខាង​គណបក្ស​ប្រជា​ធិបតេយ្យ ជាពិសេស​គោល​នយោបាយ​បំបែក​កុមារ​ចេញ​ពី​ឪពុកម្តាយ។ គោល​នយោបាយ​បំបែក​កុមារ​ទាំង​នេះ​ត្រូវ​បាន​លោក​បញ្ចប់​កាលពី​សប្តាហ៍​មុន​ ប៉ុន្តែ​នៅ​មាន​កុមារ​ជាង​២០០០​នាក់​មិន​ទាន់​បាន​ជួបជុំ​ឪពុកម្តាយ​គេ​វិញ​នៅ​ឡើយទេ។ លោក​ក៏​នៅ​ទាមទារ​ឱ្យ​សង់​ជញ្ជាំង​ខណ្ឌ​សហរដ្ឋ​អាមេរិកពី​ប្រទេស​ម៉ិកស៊ិក​ ដើម្បី​ទប់​ស្កាត់​លំហូរ​ចូល​នៃ​ជនអន្តោប្រវេសន៍​ខុសច្បាប់។

លោក ​វិបុល តាន់ ​ពលរដ្ឋ​ខ្មែរ-អាមេរិកាំង​ នៅ​រដ្ឋ​ Virginia ​យល់​ថា​ សហរដ្ឋ​អាមេរិក​គួរតែ​មាន​គោល​ជំហរ​ទន់ភ្លន់​ខាង​អន្តោប្រវេសន៍៖

«ខ្ញុំ​អត់​យល់ឃើញ​ថា​ជា​ការ​ចាំបាច់​ ដែល​លោក​ទៅធ្វើ​ជញ្ជាំង​ ឬធ្វើ​ស្អី​ហើយ​ចាប់​ពង្រត់​គ្រួសារ​កូនចៅ​គេ​ចុះ​ឡើង ​ទោះបីជា​គេ​មក​ហ្នឹង​អត់​ច្បាប់​អត់​ទម្លាប់​ក៏ដោយ ​ក៏គាត់​មិន​គួរធ្វើ​អីចឹង​ទេ ​ពីព្រោះ​សម្រួល​តាមផ្លូវ​មនុស្ស​ធម៌​ទៅ​ហើយ​ទប់​ស្កាត់​នៅ​ប្រទេស​ ដែល​ជា​ប្រភព​ពួក​ហ្នឹង​រត់​មក។ យ៉ាងម៉េច​បាន​ជា​ប្រជាជន​ហ្នឹង​ចេះ​តែ​រត់​មក​អាមេរិក​អីចឹង? ខ្ញុំ​យល់​ថា ​សហរដ្ឋ​អាមេរិក​អាច​ធ្វើ​បាន​ល្អ​ជាង​ហ្នឹង‍»។​

ប៉ុន្តែ​លោក ​យឹម ហួន រស់នៅ​ទីក្រុង​ហ្វែហ្វាក់​រដ្ឋ​វីជីនៀ ​បាន​ការពារ​គោលនយោបាយ​របស់​លោក​ប្រធានាធិបតី​ ត្រាំ ​ដែល​ចាត់​វិធាន​ការ​តឹងរ៉ឹង​លើ​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់។

«យើង​មើលឃើញ​ជនជាតិម៉ិកស៊ិក​ចូល​មក​ប៉ាតណាប៉ាតណី​ពេក។ យើង​គ្រប់គ្នា​ឃើញ​ហើយ។ យើង​មិន​ថា​ឃើញ​អ្នក​អន្តោប្រវេសន៍​ដូច​គ្នា​ហេតុអី​មិន​អាណិត​គ្នា​ គឺ​មិនមែន​អីចឹង​ទេ។ យើង​នៅ​ស្រុក​នេះ​ គឺ​យើង​ត្រូវតែ​គាំទ្រ​ស្រុក​នេះ ច្បាប់​ស្រុក​នេះ។ ការ​ដែល​ឱ្យ​ជន​អន្តោប្រវេសន៍​ចូល​មកច្រើន​ហួសហេតុ​ពេក​ហ្នឹង​ ក៏​វា​អត់​ល្អ​ដែរ។ សូម្បី​ស្រុក​យើង​គឺ​យើង​មើល​ឃើញ​ហើយ​តើ​អន្តោប្រវេសន៍​ហ្នឹង​ វា​ចូល​មក​ច្បាប់​មាន​ច្បាប់​អត់​ច្បាប់​វា​យ៉ាងម៉េច? ប្រជាជន​យើង​វេទនា​យ៉ាង​ម៉េច? ធ្វើ​ឱ្យស្រុក​យើង​ដុនដាប​យ៉ាងម៉េច? ហើយ​ស្រុក​គេ​ក៏គេ​គិត​អីចឹង​ដែរ។ នេះ​ជា​យោបល់​របស់​ខ្ញុំ‍»។​

មន្ត្រីគយនិងព្រំដែន ឈរមើលជនអន្តោរប្រវេសន៍ដែលត្រូវបានចាប់ខ្លួនពីបទឆ្លងចូលព្រំដែនសហរដ្ឋអាមេរិកដោយខុសច្បាប់ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨។
មន្ត្រីគយនិងព្រំដែន ឈរមើលជនអន្តោរប្រវេសន៍ដែលត្រូវបានចាប់ខ្លួនពីបទឆ្លងចូលព្រំដែនសហរដ្ឋអាមេរិកដោយខុសច្បាប់ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨។

រដ្ឋបាល​លោក​ ត្រាំ ​ក៏​អនុវត្ត​តឹងរ៉ឹង​លើ​ជន​ដែល​បាន​ធ្វើ​ខុស​ច្បាប់​នៅ​សហរដ្ឋ​អាមេរិក​ផងដែរ ​ដោយ​បាន​បញ្ជូន​ពួកគេ​ត្រឡប់​ទៅ​ប្រទេស​ដើម​វិញ​ បន្ទាប់​ពី​ជាប់​ទោស​គ្រប់​ចំនួន​ច្បាប់​កំណត់។ ចាប់តាំងពី​កម្ពុជា​មាន​កិច្ចព្រមព្រៀង​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក​ក្នុង​ឆ្នាំ​២០០២​មក មាន​ពលរដ្ឋ​ខ្មែរ​ជាង​៦០០​នាក់​ហើយ​ ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​សហរដ្ឋ​អាមេរិក​ក្នុង​នោះ​មាន​ជិត​១០០​នាក់​ត្រូវបាន​បញ្ជូន​ចេញ​ទៅ​កម្ពុជា​វិញ ក្នុង​រដ្ឋបាល​លោក​ ត្រាំ ​ដោយ​មាន​ការ​បណ្តេញ​ចេញ​មួយ​កាលពី​ខែ​មេសា​ ឆ្នាំ​នេះ​ មាន​ចំនួន​៤៣នាក់​ ដែល​ជា​ចំនួន​ច្រើន​ជាងគេ​បំផុត​ក្នុង​មួយ​លើក។

រដ្ឋបាល​លោក ​ត្រាំ ​បាន​ធ្វើ​កំណែ​ទម្រង់​ពន្ធដា​ដោយ​បាន​ប្រកាស​ឱ្យ​ប្រើ​ច្បាប់​ការងារ ​និង​កាត់​បន្ថយ​ពន្ធដារ​កាលពី​ដើម​ឆ្នាំ​២០១៨ ក្នុង​គោល​បំណង​ជួយ​ដល់​ពលរដ្ឋ​ថ្នាក់​កណ្តាល។

លោក ​វិបុល តាន់ ​ចាត់ទុក​ថា​ នេះ​គឺ​ជា​ស្នាដៃ​សម្រេច​បាន​ដ៏​សំខាន់​របស់​លោក​ប្រធានាធិបតី ប៉ុន្តែ​លោក​ថា​ ការ​កាត់​បន្ថយ​ពន្ធ​នេះ​ គឺ​ផ្តល់​ផល​ប្រយោជន៍​ដល់​ក្រុមហ៊ុន​ធំៗ​ច្រើន​ជាង​មក​លើ​ពលរដ្ឋ​ទូទៅ។

«អ្វី​ដែល​លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ​ គាត់​សម្រេច​បាន​ គឺ​មាន​ការ​កាត់​បន្ថយ​ពន្ធ​ ក៏​ប៉ុន្តែ​ការ​កាត់​ពន្ធនេះ​គាត់​ផ្តល់​ផល​ប្រយោជន៍​ដល់​ពួក​ក្រុមហ៊ុន​ធំៗ​ ដែល​មាន​ភាគហ៊ុន​ច្រើន ​ជាជាង​ឱ្យ​ទៅ​ប្រជា​ពលរដ្ឋ​គាត់ ​គឺ​ប្រជាពលរដ្ឋ​ដែល​ទន់ខ្សោយ ​និង​មាន​ចំណូល​ទាប​ ហើយ​ខ្ញុំ​យល់​ថា ​ពួក​ហ្នឹង​អត់​បាន​ទទួល​ផលប្រយោជន៍​ពី​ផែនការ​ពន្ធ​របស់​គាត់​ទេ‍»។

លោក​ វិបុល ​មើល​ឃើញ​ថា ផ្នែក​សេវាសុខភាព​នៅ​តែ​ជា​ចំណោទ​មួយ​ដ៏​ធំ​ដែល​លោក​ប្រធានាធិបតី​មិន​ទាន់​សម្រេច​បាន។ រីឯ​គោល​នយោបាយ​ការបរទេស​វិញ​អ្នក​បោះឆ្នោត​ខ្មែរ​អាមេរិកាំង​បាន​ផ្តល់​ប្រតិកម្ម​ចម្រុះ។

អ្នក​ស្រី​ ជេមី មាជ ​រស់នៅ​ទីក្រុង​ឡុងប៊ិច​ រដ្ឋ​កាលីហ្វញ៉ា ​បាន​បញ្ជាក់​ថា​ អ្នកស្រី​បាន​បោះឆ្នោត​ជូន​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ​ កាលពី​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៦ ​ដោយសារ​អ្នកស្រី​យល់​ថា​គណបក្ស​សាធារណរដ្ឋ​តែង​តែ​យក​ចិត្ត​ទុក​ដាក់​ដល់​គោលនយោបាយ​ក្រៅ​ស្រុក​ជាពិសេស​ជួយ​ដល់​ប្រទេស​កម្ពុជា។

អ្នកស្រី​ ជេមី គឺ​ជា​ភរិយា​លោក​ មាជ សុវណ្ណារ៉ា អតីត​មន្ត្រី​ព័ត៌មាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​ជាប់​ពន្ធនាគារ​នៅ​ប្រទេស​កម្ពុជា​ដោយសារតែ​រឿង​នយោបាយ។ អ្នកស្រី​មើល​ឃើញ​ថា​ រយៈពេល​ជិត​ពីរឆ្នាំ​នេះ​គឺ​រដ្ឋបាលលោក​ប្រធានា​ធិបតី​ ដូណាល់ ត្រាំ​ នេះ​បាន​ចាត់​វិធានការ​មួយ​ចំនួន​ដល់​របប​ក្រុងភ្នំពេញ​ដូចអ្វី​ដែល​អ្នកស្រី​រំពឹង​ទុក។

អ្នកស្រី​បន្ថែម​ថា៖

«ខ្ញុំ​មើល​ទៅ​ឃើញ​ថា​ គាត់​ដូចជា​ជួយ​ទៅ​ស្រុក​ខ្មែរ​ដែរ​ ដូច​ជា​ឧទាហរណ៍​ដក​ទិដ្ឋាការ​មិន​ឱ្យអ្នកនៅ​ស្រុក​ខ្មែរ​មក​សហរដ្ឋ​អាមេរិក​បាន បង្កក​លុយ។ យើង​ឃើញ​ថា​ ច្បាប់​នេះ​នឹង​ចេញ។ អីចឹង​សង្ឃឹម​ថា​គាត់​នឹង​បន្ត​ជួយ​ប្រទេស​ខ្មែរ​បន្ត​ទៀត‍»។​

រូបឯកសារ៖ លោក ហ៊ីង ប៊ុនហៀង មេអង្គរក្ស​លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន​ សែន ឈរនៅអកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ខណៈពេលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរី កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨។
រូបឯកសារ៖ លោក ហ៊ីង ប៊ុនហៀង មេអង្គរក្ស​លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន​ សែន ឈរនៅអកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ខណៈពេលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរី កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨។

សហរដ្ឋ​អាមេរិក​បាន​ដាក់ទណ្ឌកម្ម​លោក​នាយឧត្តមសេនីយ៍​ផ្កាយមាស​បួន ​ហ៊ីង ប៊ុនហៀង មេ​អង្គរក្សរបស់​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន ដោយសារ​សកម្មភាព​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ ​និង​ដាក់​បម្រាម​ទិដ្ឋាការ​លើ​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ការបរទេស​ និង​ក្រុម​គ្រួសារ​របស់​ពួកគេ​ ដោយសារតែមិន​សហការ​លើ​បញ្ហា​ជន​ដែល​ត្រូវ​បណ្តេញ​ចេញ​ពីសហរដ្ឋ​អាមេរិក​ក្នុង​ពេល​កន្លង​មក។​

ប៉ុន្តែ​អ្នកស្រី ជេមី ​បាន​បោះឆ្នោត​ជូន​គណបក្ស​ប្រជា​ធិបតេយ្យ​សម្រាប់​តំណែងតំណាងរាស្រ្ត​ ហើយ​នៅ​ក្នុង​ការ​បោះឆ្នោត​ខាងមុខ​អ្នកស្រី​ នៅ​តែ​មើលឃើញ​ថា​ លោក​តំណាងរាស្រ្ត អាឡាំង លូវឹនសល ដែល​កំពុង​កាន់​តំណែង​បាន​ធ្វើ​កិច្ចការ​ជាច្រើនជួយ​ដល់​សហគមន៍​ខ្មែរ។

«ខ្ញុំ​បោះ​ជូន​គណបក្ស​ប្រជាធិបតេយ្យ​ ព្រោះអី​ខ្ញុំ​គិត​ថា​ លោក​អាឡាំង លូវឹនសល ​ជា​តំណាង​រាស្ត្រប្រចាំ​នៅ​ម្តុំឡុងប៊ិច​ផង ​ហើយ​មើល​ទៅ​គាត់​ឈឺឆ្អាល​នឹង​រឿង​ខ្មែរ។ បេះដូង​គាត់​ចង់​ជួយ​ខ្មែរ​ដល់​អីចឹង​ទៅ​យើង​នឹង​បោះ​គាំទ្រ​គាត់‍»។​

ឡុងប៊ិច​គឺជា​ទីក្រុងមានពលរដ្ឋ​ខ្មែរ​រស់នៅ​ជាង​៥ម៉ឺននាក់ ​គឺ​មាន​ចំនួន​ច្រើនជាង​គេ​បំផុត​សម្រាប់​សហគមន៍​ខ្មែរនៅ​សហរដ្ឋ​អាមេរិក។ ពួកគេ​មាន​បញ្ហា​ខាង​ការងារ សេដ្ឋកិច្ច និង​ការ​បណ្តេញ​ចេញ​ជាដើម។

លោក យឹម ហួន នៃ​ទីក្រុង​ហ្វែរហ្វែក ​រដ្ឋ​វីជីនៀ​ ដែល​ជា​អ្នកគាំទ្រ​លោក​ប្រធានាធិបតី​ ត្រាំ​ យល់​ថា​តាំងពី​ពេល​ឡើង​កាន់​អំណាច គឺ​លោកឃើញ​ថា ​វា​ប្លែក​ច្រើន​ជាពិសេស​លើ​នយោបាយ​ការបរទេស​ជាមួយ​នឹង​ប្រទេស​កូរ៉េខាងជើង។

លោក​បាន​បន្ថែមថា៖​

«ឥឡូវ​ហ្នឹង​យើង​ឃើញ​ថ្មីៗ​នេះ​ មាន​ការ​ជួប​ជាមួយ​នឹង​ គីម ជុងអ៊ុន​ ទៀត​ដូច្នេះ​ជា​ប្រវត្តិសាស្រ្ត​របស់​សហរដ្ឋ​អាមេរិក​ដែល​ប្រធានាធិបតី​មិន​ដែល​ធ្វើ​ដល់​កម្រិត​ហ្នឹង​ទេ‍»។​

លោក​ វិបុល តាន់ យល់​ស្រប​ដែល​ការ​ត្រូវរ៉ូវ​គ្នា​ជាមួយ​នឹង​ប្រទេស​កូរ៉េខាងជើង​ នាំ​ឱ្យ​បន្ធូរ​បន្ថយ​ភាព​តានតឹង ​ប៉ុន្តែ​ថា​ការណ៍​ដែល​លោក​ប្រធានាធិបតី​ ត្រាំ​ ងាក​មក​ចាប់​ដៃ​មេដឹកនាំកូរ៉េខាងជើង​យ៉ាង​រហ័ស​ពេក​ ហើយ​បែរ​ជាបង្ក​ការ​អាក់អន់​ចិត្ត​ជាមួយ​នឹង​ប្រទេស​សម្ព័ន្ធ​មិត្ត​ជាយូរ​មក​ហើយ។

លោក​ វិបុល តាន់ ​បាន​បញ្ជាក់​ថា៖​

«ខ្ញុំ​ដូច​ជា​មិន​ទាន់​ទទួល​យក​បាន​ហើយ​ទៅ​ជា​ប្រែយក​មិត្ត​ដែល​មាន​រាប់​រយ​ឆ្នាំ​មក​ ដែល​មាន​ដូច​ជា​ជាមួយ​សហភាព​អឺរ៉ុប​ កាណាដា ​ជាពិសេស​កាណាដា​ហ្នឹង ​ទៅជា​សត្រូវ​របស់​ខ្លួន​ទៅវិញ។ ខ្ញុំ​ច្របូក​ច្របល់​ហើយ។ មិនមែន​តែ​ខ្ញុំ​មួយ​ទេ ​ដែល​ច្របូក​ច្របល់​ គឺមនុស្ស​ដែល​មាន​ការ​ចេះ​ដឹង​ក៏​គេ​ច្របូកច្របល់ដែរ​ក្នង​បញ្ហា​ហ្នឹង‍»។​

មាន​ពលរដ្ឋ​ខ្មែរ​អាមេរិកាំ​ង​ចំនួន​ជាង​៣០០.០០០​នាក់ កំពុង​រស់​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។ នេះ​បើ​យោងតាម​របាយការណ៍​របស់​មជ្ឈមណ្ឌល​អាមេរិកាំងជឿនលឿន​និយម ដែល​បាន​ចេញ​ផ្សាយ​ក្នុង​ឆ្នាំ​២០១៥។ សមាជិក​សហគមន៍​ខ្មែរ​កំពុងតែ​ចាប់អារម្មណ៍​កាន់តែ​ច្រើន​ នៅ​ក្នុង​នយោបាយ​អាមេរិកាំងដោយ​មាន​អ្នកខ្លះ​ក៏បាន​ឈរ​ឈ្មោះ​ជា​អ្នក​តំណាងរាស្រ្ត ​នៅ​ថ្នាក់​រដ្ឋ​និង​ថ្នាក់ដឹកនាំ​ក្រុង​ជាដើម។ ​

លោក ​គុជ ច័ន្ទលី ជា​អ្នកវិភាគ​នៅ​រដ្ឋម៉ារីឡែន​ យល់​ឃើញ​ថា​ ការ​បោះឆ្នោត​ពាក់​កណ្តាល​អាណត្តិ​នេះ​នឹង​មិន​សូវ​ជា​ល្អ​សម្រាប់​គណបក្ស​សាធារណរដ្ឋ​ទេ​ ដោយ​សារ​តែ​បញ្ហា​ជំពាក់​ជំពិន​នានា​របស់​លោក​ប្រធានាធិបតី​ ត្រាំ លើ​ការស៊ើបអង្កេត​ពី​ការ​លូកដៃ​របស់​ប្រទេស​រុស្ស៊ី​ចូល​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​២០១៦​ និង​ការ​វាយ​ប្រហារ​លើ​បណ្តាញ​ព័ត៌មាន​ជាដើម។​

លោក​ គុជ​ ច័ន្ទលី​ បាន​បន្ថែម​ថា៖​

«លោក​ប្រធានាធិបតី​មាន​ការជំទាស់​ជាមួយ​នឹង​ក្រសួង​ព័ត៌មាន​ខាង​កាសែត​ ខាង​ទូរទស្សន៍ ខាង​វិទ្យុ​ច្រើន​ខ្លាំង​ ហើយ​លោក​ក៏​បាន​ជាប់​ជំពាក់​នឹង​រឿង​រុស្ស៊ី​ជួយ​ឃុបឃឹត​ឱ្យ​ជាប់​ឆ្នោត​ជាដើម។ ដូច្នេះ ហើយ​ពលរដ្ឋ​អាមេរិកាំង​ជា​ម្ចាស់​សន្លឹក​ឆ្នោត​ ដែល​មាន​ដើមកំណើត​ខ្មែរ​ក្តី​ គឺ​ថា​មាន​អារម្មណ៍​មិន​សូវ​ល្អ​ មាន​ការ​មិន​សូវ​កក់ក្តៅ​ ចំពោះ​បេក្ខជន​ណា​ដែល​មកពី​គណបក្ស​សាធារណរដ្ឋ​នោះ​ទេ‍»។

នៅពេល​បច្ចុប្បន្ន​នេះ​ គណបក្ស​សាធារណរដ្ឋ​គ្រប់គ្រង​សភា​តំណាងរាស្ត្រ ​ដោយ​មាន​អ្នក​តំណាង​រាស្ត្រ​ចំនួន​២៤១​នាក់​នៃ​សភាតំណាងរាស្ត្រ ​ដែល​មាន​អាសនៈ​សរុប​៤៣៥។ រីឯ​នៅ​ព្រឹទ្ធសភា​វិញ​គណបក្ស​សាធារណរដ្ឋ​មាន​៥១អាសនៈ ​ហើយ​គណបក្ស​ប្រជាធិបតេយ្យ​មាន​ចំនួន​៤៩​អាសនៈ​ដោយ​រួម​ទាំង​បេក្ខជន​ឯករាជ្យ​ពីរ​នាក់​ផង​ដែរ។

ក្នុង​ប្រវត្តិសាស្រ្ត​នៃ​ប្រទេស​អាមេរិក​ ភាគច្រើន​គណបក្ស​របស់​ប្រធានាធិបតី​ដែល​កំពុង​កាន់​តំណែង​តែងតែ​ចាញ់​នៅក្នុង​ការ​បោះឆ្នោត​ពាក់​កណ្តាល​អាណត្តិ៕

XS
SM
MD
LG