ឧបទ្ទវហេតុដែលកើតមានឡើងជាញឹកញាប់ចាប់តាំងពីខែឧសភាមកកំពុងគំរាមកំហែងដោយការបង្កើនអារិភាពរវាងចិននិងវៀតណាមដែលជាប្រទេសជិតខាងលើការប្រជែងការត្រួតត្រាសមុទ្រចិនខាងត្បូង ក៏ប៉ុន្តែ វៀតណាមត្រូវបានគេមើលឃើញថា បានបិទខ្ទប់ការខឹងសម្បារបស់ខ្លួនក្នុងរយៈពេលខ្លីដោយសារការខ្វះការគាំទ្រដ៏ធំទូលាយ។
ក្រសួងការបរទេសក្នុងទីក្រុងហាណូយបានតវ៉ាកាលពីសប្តាហ៍មុនប្រឆាំងនឹងសេចក្តីប្រកាសរបស់រដ្ឋាភិបាលក្រុងប៉េកាំងចំពោះការធ្វើសមយុទ្ធយោធានៅក្នុងឈូងសមុទ្រតុងគឹង។ ការផ្លាស់ប្តូរការចោទប្រកាន់នេះបានកើតមានឡើងបន្ទាប់ពីចិនទំនងដាក់គំនាបទៅលើប្រទេសវៀតណាមនិងក្រុមហ៊ុន Repsol ដែលទទួលកិច្ចសន្យារបស់ប្រទេសអេស្ប៉ាញឲ្យបញ្ឈប់គម្រោងរុករកប្រេងនៅផ្ទៃទឹកដែលមានទឹកប្រាក់រាប់លានដុល្លារនៅក្នុងផ្នែកមួយទៀតនៃសមុទ្រចិនខាងត្បូងនៅចុងខែកក្កដា។
កាលពីខែកក្កដា ពួកសកម្មជនគាំទ្រសមុទ្រចិនទំនងជាលួចចូលក្នុងប្រព័ន្ធកុំព្យូទ័ររបស់ក្រុមហ៊ុនអាកាសចរណ៍នៅឯចំណតយន្តហោះ២។ ចិននិងវៀតណាមបានលុបចោលជំនួបរបស់រដ្ឋមន្រ្តីការបរទេសនៅឯសន្និសីទក្នុងតំបន់ក្នុងទីក្រុងម៉ានីលកាលពីខែមុន។ កាលពីខែមិថុនា មន្រ្តីយោធាចិនម្នាក់បានបំព្រួញដំណើរទស្សនកិច្ចទៅកាន់ប្រទេសវៀតណាម ជាចំណាត់ការមួយដែលពួកអ្នកវិភាគបានហៅថា ជាការតវ៉ាប្រឆាំងនឹងការរុករកប្រេងឥន្ធនៈនៅផ្ទៃទឹករបស់វៀត ណាម។
លោក Carl Thayer ជាសាស្រ្តាចារ្យឯកទេសតំបន់អាស៊ីអាគ្នេយ៍នៅសាកលវិទ្យាល័យ New South Wales ក្នុងប្រទេសអូស្រ្តាលីនិយាយថា៖ «មានការដើរថយក្រោយជាបន្តបន្ទាប់។ ដូច្នេះ វៀតណាមកំពុងបង្ហាញអស់លោកអំពីកំហឹង»។
លោក Thayerបាននិយាយទៀតថា «ខ្ញុំក៏គិតពីមនោសញ្ចេតនារបស់វៀតណាមប្រឆាំងនឹងចិនគឺជារឿងបំពុលបរិយាកាសដែលថាតើ រដ្ឋាភិបាលត្រូវប្រឈមនឹងស្ថានភាពនៅសមុទ្រចិនខាងត្បូងហើយមិនត្រូវបានសាធារណជនវៀតណាមចាត់ទុកថាជាការការពារអធិបតេយ្យភាពវៀតណាមនោះ ពួកគេអាចស្ថិតក្នុងភាពគ្រោះថ្នាក់ពិតប្រាកដ»។
ភាពយ៉ាប់យ៉ឺនកាន់តែខ្លាំងឡើងក្នុងទំនាក់ទំនងខាងសមុទ្ររវាងចិននិងវៀត ណាម ថ្វីបើកិច្ចខំប្រឹងប្រែងអស់រយៈពេលជាច្រើនឆ្នាំដើម្បីធ្វើកិច្ចសហប្រតិបត្តិ ការស្តីពីការនេសាទនិងការខួងប្រេងនៅផ្ទៃសមុទ្រ។ ជម្លោះដ៏ខ្លាំងបំផុតរបស់ប្រទេសទាំង២គឺការទាមទារសមុទ្រចិនខាងត្បូងប្រឆាំងគ្នាទៅវិញទៅមក ថ្វីបើមានការធ្វើការងារក្នុងតំបន់ចាប់តាំងពីខែកក្កដា ឆ្នាំ២០១៦មកដើម្បីបញ្ឈប់ការខ្វែងគំនិតទាំងនេះក៏ដោយ។ ភាគីទាំង២បានវាយប្រហារគ្នានៅទសវត្សរ៍១៩៧០។
ប្រទេសប៊្រុយណេ ម៉ាឡេស៊ី កោះតៃវ៉ាន់និងប្រទេសហ្វីលីពីន ក៏បានទាមទារសមុទ្រចិនខាងត្បូងទាំងអស់ឬក៏មួយផ្នែកដែរ។
ពួកអ្នកជំនាញនិយាយថា វៀតណាមមិនត្រូវគេរំពឹងនឹងធ្វើការប្រយុទ្ធតបតប្រឆាំងនឹងចិននៅពេលឥឡូវនេះទេ ប្រសិនបើខ្លួនគិតថា មិនមានការគំរាមកំហែងខ្លាំងទេនោះ។ វៀតណាមខ្វះការគាំទ្រខ្លាំងពីប្រទេសផ្សេងៗទៀតដូចជាសហរដ្ឋអាមេរិកហើយសម្ព័ន្ធភាពដ៏សំខាន់ជាមួយប្រទេសឥណ្ឌាមិនមានភាពរឹងមាំទេ។លោក ទ្រុង ងៀន ជាសាកលវិទ្យាធិការសាលាទំនាក់ទំនងអន្តរជាតិនៅសាកល វិទ្យាល័យវិទ្យាសាស្រ្តសង្គមនិងមនុស្សជាតិក្នុងក្រុងហូជីមិញបាននិយាយថា វៀតណាមមានអារម្មណ៍ថា ខ្លួនឯកោ ដោយមិនមានប្រទេសណាមួយគាំទ្រខ្លួនប្រឆាំងនឹងចិននោះ។
លោក Jonathan Spangler នាយកអង្គការស្រាវជ្រាវសមុទ្រចិនខាងត្បូងនៅក្នុងទីក្រុងតៃប៉ិបាននិយាយថា ពួកមន្រ្តីវៀតណាមក៏ចង់ការពារពាណិជ្ជកម្មជាមួយចិនដែរ។
ការនាំចូលនិងការនាំចេញទំនិញបានឡើងដល់២៥ពាន់៥រយលានដុល្លាររវាងប្រទេសទាំង២ក្នុងរយៈពេល៤ខែដំបូងនៃឆ្នាំនេះ ដោយធ្វើឲ្យប្រទេសចិនជាដៃគូពាណិជ្ជកម្មដ៏ធំបង្អស់របស់វៀតណាម។ ចិនដែលមានសេដ្ឋកិច្ចត្រួតត្រាដោយរដ្ឋអាចសម្របសម្រួលពាណិជ្ជកម្មនិងការវិនិយោគទុនស្របទៅតាមគោលបំណងខាងនយោបាយរបស់ខ្លួន។
លោកងៀងនិយាយទៀតថា ចិនប្រហែលសាកល្បងវៀតណាមបន្តទៅទៀត ប្រសិនបើគណបក្សកុម្មុយនិស្តចិនផ្តល់ការយល់ព្រមថា ប្រធានាធិបតីស៊ី ជីងពីងជាប្រធានគណបក្សរយៈពេល៥ឆ្នាំទៀតរបស់ខ្លួននៅឯសមាជជាតិរបស់ខ្លួននោះ។ សមាជមានកំណត់ពេលធ្វើឡើងនៅថ្ងៃទី១៨ ខែតុលា។មេដឹកនាំគណ បក្សនិងប្រធានាធិបតីរបស់ចិនជាធម្មតាជាមនុស្សតែមួយ។
លោកងៀងនិយាយបន្តទៀតថា «បន្ទាប់ពីសមាជជាតិរបស់គណបក្សកុម្មុយនិស្តចិនមក ប្រធានាធិបតីស៊ី ជីងពីងនឹងមានឥទ្ធិពលនិងអំណាចកាន់កាន់តែខ្លាំងឡើងនៅពេលដែលលោកអាចពង្រឹងអំណាចរបស់លោកនោះ»។លោកងៀងរំពឹងថា នឹងមានការចាត់វិធានការកាន់តែខ្លាំងរបស់ចិនចំពោះវៀតណាមអំពីកិច្ចការសមុទ្រនោះ។
ក៏ប៉ុន្តែ ចិនអាចនឹងបញ្ចៀសការប៉ះទង្គិចកាន់តែខ្លាំងឡើងជាមួយប្រទេសផ្សេងៗទៀត រួមទាំងវៀតណាមដែលគេចាត់ទុកថាជាប្រទេសជិតខាងដែលមានការសហការណ៍គ្នានោះ។
ចិននិងប្រទេសនានានៅតំបន់អាស៊ីអាគ្នេយ៍បានព្យាយាមធ្វើការជាមួយគ្នាស្តីពីសុវត្ថិភាពលើផ្ទៃសមុទ្រហើយនឹងការអភិវឌ្ឍសេដ្ឋកិច្ចចាប់តាំងពីតុលាការពិភព លោកបានសម្រេចកាលពីខែកក្កដា ឆ្នាំ២០១៦ថា ចិនមិនមានមូលដ្ឋានខាងផ្លូវច្បាប់សម្រាប់ការទាមទាររបស់ខ្លួនចំពោះដែនសមុទ្រប្រហែល៩០ភាគរយនៃផ្ទៃសមុទ្រទាំងអស់៣លាន៥សែនគីឡូម៉ែត្រការ៉េ។សមុទ្រនោះសម្បូរទៅដោយត្រី ផ្លូវនាវាចរណ៍ហើយនឹងឥន្ធនៈហ្វូស៊ីល។រដ្ឋាភិបាលក្រុងប៉េកាំងសំអាង កំណត់ត្រាំប្រវត្តិសាស្រ្តធ្វើជាមូលដ្ឋានសម្រាប់ការទាមទាររបស់ខ្លួន។
ជម្លោះព្រំដែន បានបញ្ឈប់ទំនាក់ទំនងជាច្រើនសតវត្សរ៍រវាងចិននិងវៀតណាម។ភាគីទាំង២ឥឡូវនេះបានប្រជែងដណ្តើមតំបន់ដ៏ធំល្វឹងល្វើយនៃសមុទ្រចិនខាងត្បូងទល់មុខផ្ទៃទឹកខាងកើតរបស់វៀតណាម។ប្រទេសទាំង២បានពង្រីកការទាមទារឡើងវិញនូវទឹកដីនៅប្រជុំកោះប៉ារ៉ាសែលនិង Spratly ក្នុងសមុទ្រចិនខាងត្បូង។
លោក Spangler បាននិយាយទៀតថា «ទំនាក់ទំនងរវាងចិននិងវៀតណាមនឹងនៅតែមានភាពយ៉ាប់យ៉ឺនដូចដែលប្រទេសទាំង២មានកាលពីអតីតកាល ក៏ប៉ុន្តែ រដ្ឋាភិបាលទាំង២នឹងត្រូវទប់ចិត្តដោយសាផលប្រយោជន៍ដ៏សំខាន់របស់ខ្លួន»។លោកនិយាយទៀតថា «ចំពោះវៀតណាម លំហូរពាណិជ្ជកម្មសេរីជាមួយចិននឹងនៅតែជាអទិភាពទី១ប្រហែលស្ថេរភាពខាងនយោបាយក្នុងប្រទេសជាអទិភាពទី២។ចំពោះចិន ការថែរក្សាឥទ្ធិពលរបស់ខ្លួនក្នុងកិច្ចការក្នុងតំបន់ហើយនឹងការរារាំងការមូលមតិណាមួយនៅក្នុងតំបន់ដែលនឹងគំរាមកំហែងផលប្រយោជន៍របស់ខ្លួននឹងបន្តជាអទិភាព។
ចិនត្រូវបានគេមើលឃើញជាទូទៅថាមានប្រៀបនៅក្នុងជម្លោះផ្ទៃសមុទ្រដែលមានភាគី៦ពាក់ព័ន្ធ ទោះបីមិនមានការយាមល្បាតឆ្នេរសមុទ្រប្រកបដោយភាពគគ្លើនហើយនឹងគម្រោងចាក់ដីធ្វើកោះសិប្បនិមិត្តដែលអនុញ្ញាតិឲ្យយន្តហោះចំបាំងចុះចតលើកោះសិប្បនិមិត្តទាំងនោះ។ចិនមានអំណាចយោធាលំដាប់ទី៣នៅក្នុងពិភពលោក។
វៀតណាមគិតថា ចិនបានបង្កើនការមានប្រៀបដោយការប្រើប្រាស់យោធាកាន់តែធំឡើងរបស់ខ្លួនដើម្បីត្រួតត្រាប្រជុំកោះប៉ារ៉ាសេលដែលមានការប្រទាញប្រទង់គ្នា។វៀតណាមជាធម្មតាបានតវ៉ាប្រឆាំងសកម្មភាពយោធារបស់ចិនហើយលោកThayerនិយាយថា ការលបចូលក្នុងប្រព័ន្ធកំព្យូទ័របានត្រូវរាយការណ៍កាលពីអតីតកាល។
កុប្បកម្មប្រឆាំងចិនក្នុងប្រទេសវៀតណាមនៅឆ្នាំ២០១៤បានសម្លាប់មនុស្សជាង២០នាក់ហើយបានគំរាមកំហែងបន្លាចពួកអ្នកវិនិយោគទុន។ការដំឡើងការដ្ឋានខួងប្រេងរបស់ចិននៅក្នុងសមុទ្រមានជម្លោះបានបង្កើតឲ្យមានកុប្បកម្មនេះ។
ក៏ប៉ុន្តែ ពួកអ្នកជំនាញជឿថា នៅពេលសព្វថ្ងៃនេះ ពួកមន្រ្តីក្នុងទីក្រុងហាណូយ ប្រហែលកំពុងជួយស្រោចស្រង់ប្រតិកម្មដ៏គួរឲ្យសង្កៀរត្រចៀកចំពោះការគំរាមកំហែងអធិបតេយ្យភាពនោះ។លោកងៀងនិយាយថា «ខ្ញុំគិតថា មេដឹកនាំវៀតណាមមិនអាចដោះស្រាយបូរណភាពទឹកដីនោះទេ»៕
ប្រែសម្រួលដោយជឹង ប៉ូជីន