ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ចិន​ថា​ការ​គំរាម​កំហែង​ពាណិជ្ជកម្ម​របស់​លោក Trump ពាក់ព័ន្ធ​នឹង​បញ្ហា​កូរ៉េ​ខាង​ជើង គឺ​មិន​អាច​ទទួល​យក​បាន​ទេ


លោក Geng Shuang អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន បាន​ថ្លែង​ក្នុង​សន្និសីទ​មួយ​នៅ​ក្នុង​ក្រុង​ប៉េកាំង កាលពី​ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧។

នៅ​ថ្ងៃ​ចន្ទ​នេះ រដ្ឋាភិបាល​ចិន​បាន​រិះគន់​ការ​គំរាម​កំហែង​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump ក្នុង​ការ​កាត់​ផ្ដាច់​ទំនាក់ទំនង​ពាណិជ្ជកម្ម​របស់​សហរដ្ឋ​អាមេរិក​ជាមួយ​នឹង​ប្រទេស​ណា ដែល​មាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​នឹង​ប្រទេស​កូរ៉េ​ខាង​ជើង និង​បាន​បដិសេធ​ចំពោះ​ការ​ដាក់​សម្ពាធ​បន្ថែម​ទៀត​ដើម្បី​រារាំង​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង។

លោក Trump បាន​ប្រកាស​នូវ​ការ​គំរាមកំហែង​ដូច​នេះ បន្ទាប់ពី​កូរ៉េ​ខាង​ជើង​បាន​ធ្វើ​ការ​សាកល្បង​គ្រាប់​នុយក្លេអ៊ែរ​ដ៏​មាន​ឥទ្ធិពល​ខ្លាំង​បំផុត​លើក​ទី ៦ របស់​ខ្លួន កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ។ ការ​គំរាមកំហែង​ដូច​នេះ​ត្រូវ​គេ​មើល​ឃើញ​ថា​ជា​ការ​ព្រមាន​ចំពោះ​ប្រទេស​ចិន ដែល​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ចម្បង​បំផុត និង​ជា​សម្ព័ន្ធមិត្ត​សំខាន់​បំផុត​តែ​មួយ​គត់​របស់​កូរ៉េ​ខាង​ជើង។

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន​លោក Geng Shuang បាន​រិះគន់​ជំហរ​របស់​លោក Trump ថា​ជា​គោល​ជំហរ​មិន​យុត្តិធម៌​សម្រាប់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។

លោក Geng Shuang បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​ជា​ប្រចាំ​មួយ​ថា៖ «អ្វី​ដែល​រដ្ឋាភិបាល​ចិន​មិន​អាច​ទទួល​យក​បាន គឺ​ថា រដ្ឋាភិបាល​ចិន​បាន​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ក្នុង​ការ​ដោះស្រាយ​បញ្ហា​កូរ៉េ​ខាង​ជើង​នេះ​ដោយ​សន្តិវិធី ប៉ុន្តែ​ផល​ប្រយោជន៍​របស់​ចិន​បែរ​ជា​ត្រូវ​បាន​គេ​ដាក់​ទណ្ឌកម្ម និង​ជួប​នឹង​គ្រោះថ្នាក់​ទៅ​វិញ»។

វិធានការ​នេះ​អាច​នឹង​មាន​លទ្ធផល​ធ្ងន់ធ្ងរ​ប្រសិន​បើ​សំដៅ​ដល់​ប្រទេស​ចិន ដោយសារតែ​សហរដ្ឋ​អាមេរិក​នាំ​ទំនិញ​ចូល​មកពី​ប្រទេស​ចិន​ក្នុង​ទឹក​ប្រាក់​ប្រហែល ៤០ ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ៕

XS
SM
MD
LG