ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​ចិន​រិះគន់​វិធាន​ការ​គំរាម​របស់​លោក ​ត្រាំ ​ប្រឆាំង​ប្រទេស​ធ្វើ​ជំនួញ​ជាមួយ​កូរ៉េ​ខាង​ជើង​​​


រូបឯកសារ៖ បណ្តុំ​កុងតឺន័រ​នៅ​លើ​នាវា​ដែល​ចត​នៅ​ឆក​ Elliott ជិត​ក្រុង Seattle ក្នុង​ទីក្រុង​វ៉ាស៊ីនតោន។
រូបឯកសារ៖ បណ្តុំ​កុងតឺន័រ​នៅ​លើ​នាវា​ដែល​ចត​នៅ​ឆក​ Elliott ជិត​ក្រុង Seattle ក្នុង​ទីក្រុង​វ៉ាស៊ីនតោន។

ប្រទេស​ចិន​បាន​រិះគន់​ការ​គំរាម​របស់​លោក​ប្រធានាធិបតី​ស.រ.អា.​ ដូណាល់ ត្រាំ ​ដែល​ថា​ឈប់​ធ្វើ​ពាណិជ្ជកម្ម​ជា​មួយ​ប្រទេស​ណា​ដែល​មាន​ជំនួញជាមួយ​កូរ៉េខាង​ជើង ​ក្រោយ​ពី​ប្រទេស​កុម្មុយនិស្ត​ឯកោ​នេះ​ធ្វើការ​សាក​ល្បង​អាវុធ​នុយក្លេអ៊ែរ​ចុង​ក្រោយ​បំផុត។​

ចិន​និយាយថា​ ចំណាត់​ការ​របស់​ស.រ.អា.នឹង​ធ្វើ​ឲ្យ​គ្រោះ​ថ្នាក់​ដល់ទំនាក់​ទំនង​ពាណិជ្ជកម្ម​រវាងស.រ.អា.និង​ចិន។ ​លោក​ Geng Shuang ​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន​និយាយ​ថា​ វា​ជា​រឿង​មិន​អាច​ទទួលយក​បាន​សម្រាប់​ចិន ​ ម្យ៉ាង​ដោយសារ​ចិន​ខំ​យ៉ាង​ខ្លាំង​រក​ដំណោះ​ស្រាយ​ដោយ​សន្តិភាព​លើ​បញ្ហា​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​កូរ៉េ​ខាងជើង តែ​ផល​ប្រយោជន៍​ចិន​ត្រូវ​រង​ទណ្ឌកម្ម​ឬ​ត្រូវ​ខូច​ខាត​ទៅវិញ។ រឿង​នេះ​មិនត្រឹមត្រូវ​និង​មិន​យុត្តិធម៌​ទេ។​

ក្រោយ​ពី​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​បំផ្ទុះ​សាកល្បង​គ្រាប់​បែក​នុយក្លេអ៊ែរ​ក្រោម​ដី​ធំបំ​ផុត​កាល​ពីថ្ងៃ​អាទិត្យ លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ និយាយ​ថា​ លោក​នឹង​ពិចារណា​ជម្រើស​ជា​ច្រើន​ក្នុង​ការ​ឆ្លើយ​តប​ រួម​មាន​ការ​កាត់ទំនាក់​ទំនង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ណា​ដែល​ធ្វើ​ពាណិជ្ជកម្ម​ជា​មួយ​កូរ៉េ​ខាងជើង។

​វិធានការ​នេះ​អាច​នឹង​ប៉ះ​ពាល់ទំនាក់​ទំនង​ពាណិជ្ជកម្ម​រវាង​ចិន​និង​អាមេរិក​ដែល​មាន​ទឹក​ប្រាក់​ប្រចាំ​ឆ្នាំ​ប្រមាណ​ ៦៥០​ពាន់​លាន​ដុល្លារ ​ព្រោះ​ចិន​គឺ​ជា​សម្ព័ន្ធមិត្តនិង​ជាដៃ​គូពាណិជ្ជកម្ម​ធំបំផុត​តែមួយ​របស់​កូរ៉េ​ខាងជើង៕

XS
SM
MD
LG