ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

លោក Trump ដែល​ធ្វើ​រោគ​វិនិច្ឆ័យ​ឃើញ​​មាន​ជំងឺ​កូវីដ​១៩​ នឹង​​ធ្វើ​ការ​ពី​មន្ទីរពេទ្យ


ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ធ្វើដំណើរចាកចេញពីសេតវិមានឡើងជិះឧទ្ធម្ភាគចក្រ Marine One ទៅកាន់មន្ទីរពេទ្យយោធាជាតិ Walter Reed បន្ទាប់ពីលោកបានធ្វើតេស្តរកឃើញថា បានឆ្លងជំងឺកូវីដ១៩ នៅរដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃសុក្រ ទី២ ខែតុលា ឆ្នាំ២០២០។

កាល​ពី​យប់​ថ្ងៃ​សុក្រ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump ដែល​បាន​ឆ្លង​ជំងឺ​កូវីដ​១៩ បាន​បញ្ជូន​សារ​តាមបណ្តាញសង្គម Twitter ពី​បន្ទប់​ក្នុង​មន្ទីរពេទ្យ​ថា៖

«ខ្ញុំ​គិត​ថា ខ្ញុំ​មាន​សុខភាព​ល្អ។ អគុណ​អ្នក​ទាំងអស់​គ្នា។ ដោយ​ក្តី​ស្រឡាញ់!!»។

លោក​វេជ្ជបណ្ឌិត​Sean Conley ដែល​ជា​វេជ្ជបណ្ឌិត​របស់​លោក​ប្រធានាធិបតី បាន​និយាយ​នៅ​ក្នុង​កំណត់​ហេតុ​ខ្លី​មួយ ផ្ញើ​ទៅ​ជូនលោកស្រី Kayleigh McEnany អ្នក​នាំពាក្យ​សេតវិមាន កាលពី​ថ្ងៃ​សុក្រ​ថា៖

«នៅ​ល្ងាច​នេះ ខ្ញុំ​សប្បាយ​រីករាយនឹង​រាយ​ការណ៍​ជូន​ថា លោក​ប្រធានាធិបតី មាន​សុខភាព​ល្អ ។ លោក​មិន​តម្រូវ​ឲ្យ​ដាក់​ខ្យល់​អុកស៊ីសែន​ទេ ក៏​ប៉ុន្តែដោយ​មានការ​ពិគ្រោះ​យោបល់​ជាមួយ​វេជ្ជបណ្ឌិត​ឯកទេស យើង​បាន​សម្រេចផ្តួចផ្តើម​ឲ្យ​ប្រើ​ថ្នាំ Remdesivir ដើម្បី​ព្យាបាល។ លោក​ប្រធានាធិបតី​បាន​ទទួល​ទាន​ថ្នាំ​នោះ​លើក​ទី១ ហើយ​កំពុង​សម្រាក​យ៉ាង​ស្រួល»។

លោក​ប្រធានាធិបតី Trump បានធ្វើដំណើរ​តាម​ឧទ្ធម្ភាគចក្រ​ចេញ​ពី​សេតវិមាន​ទៅ​កាន់​មន្ទីរពេទ្យ​យោធា​នៅ​ក្បែ​នោះ ​កាល​ពី​រសៀល​ថ្ងៃ​សុក្រ​ ហើយ​លោក​ប្រធានាធិបតី​ ត្រូវ​គេ​រំពឹង​នឹង​ស្ថិត​នៅ​ក្នុង​មន្ទីរពេទ្យនោះ ​យ៉ាង​ហោចណាស់​ក៏​ជាច្រើន​ថ្ងៃ​ដែរ។

លោក​ប្រធានាធិបតី​ ដែល​បាន​បក់​ដៃ​និង​លើក​មេដៃ​ឡើង​លើ ​(ដែល​ជា​កាយវិការបង្ហាញ​ស្មារតី​ល្អ) ទៅ​កាន់អ្នក​យកព័ត៌មាន ​រួច​បាន​ឡើង​ជិះ​ឧទ្ធម្ភាគចក្រ​ Marine One សម្រាប់​ប្រធានាធិបតី​អាមេរិក នៅ​ឧទ្យាន​ខាង​ត្បូង​របស់សេតវិមាន ​ហើយឧទ្ធម្ភាគចក្របាន​ហោះ​ទៅកាន់​មន្ទីរពេទ្យ​យោធា​ជាតិ Walter Reed នៅ​រដ្ឋ Maryland ជាយ​រដ្ឋធានី​វ៉ាស៊ីនតោន។

បន្ទាប់ពី​ឧទ្ធម្ភាគចក្រ​បាន​ចុះ​នៅ​មន្ទីរពេទ្យ​នោះ លោក​ប្រធានាធិបតី Trump បាន​ដើរ​ទៅកាន់​រថយន្ត​ ដែល​ដឹក​លោក​ទៅកាន់​ច្រក​ទ្វារ​ចូល​ក្នុងមន្ទីរពេទ្យ​នៅ​ក្បែរ​នោះ ។

លោកស្រី McEnany ​អ្នក​នាំពាក្យ​សេតវិមាន​បាន​បញ្ជាក់​ក្នុង​សេចក្តីថ្លែងការណ៍​ថា៖ «ដោយ​មាន​ការប្រុង​ប្រយ័ត្ន​ទុក​ជា​មុនយ៉ាងខ្លាំង​ និង​តាម​ការ​ណែនាំ​របស់​វេជ្ជបណ្ឌិត​របស់​លោក​ប្រធានាធិបតី​និង​អ្នក​ជំនាញ​សុខាភិបាល លោក​ប្រធានាធិបតី​នឹង​ធ្វើការ​ពី​ការិយាល័យ​ប្រធានាធិបតី​ នៅ​ឯ​មន្ទីរពេទ្យ Walter Reed ក្នុង​រយៈ​ពេលប៉ុន្មាន​ថ្ងៃខាង​មុខ»។

នៅ​ពេល​នេះ​ មិន​មាន​ការ​ផ្ទេរ​អំណាច​អ្វី​ពី​លោក​ប្រធានាធិបតី​ អាយុ​ ៧៤ ​ឆ្នាំ ​ដែល​ត្រូវ​ចូលសម្រាក​នៅ​មន្ទីរពេទ្យ ទៅ​ឲ្យ​លោក​អនុប្រធានាធិបតី​ Mike Pence នោះ​ទេ​ ដោយ​លោក Pence បន្ត​ស្ថាក់នៅ​គេហដ្ឋានអនុប្រធានាធិបតី​នៅ U.S. Naval Observatory ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។ នេះ​បើ​យោង​តាម​មន្ត្រី​សេតវិមាន៕

XS
SM
MD
LG