ការសិក្សាថ្មីមួយដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ ដោយមជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺឆ្លងសហរដ្ឋអាមេរិក (CDC) បានបញ្ជាក់ថា មនុស្សជិត ៣ សែននាក់នៅក្នុងសហរដ្ឋអាមេរិក បានស្លាប់ថែមទៀត ក្នុងរយៈពេលរវាងចុងខែមករា និងដើមខែតុលា ហើយ ២ ភាគ ៣ នៃអ្នកស្លាប់ទាំងនោះ បណ្តាលមកពីការរាលដាលនៃវីរុសកូរ៉ូណា ដែលបង្កជាជំងឺកូវីដ១៩។
ទីភ្នាក់ងារសុខភាពសហព័ន្ធនោះ បានប៉ាន់ស្មានថា ក្នុងចំណោមចំនួនមនុស្សស្លាប់បន្ថែមជាង ២ សែន ៩ ម៉ឺន ៩ ពាន់ ២៨ នាក់ នៅក្នុងប្រទេសក្នុងអំឡុងពេលនោះ មានជាង ១ សែន ៩ ម៉ឺន ៨ ពាន់នាក់ ឬជាង ២ ភាគ ៣ អាចត្រូវបានសន្មត់ថា បានស្លាប់ដោយសារជំងឺកូវីដ១៩ ថ្វីបើចំនួនអ្នកស្លាប់ទាំងនោះ មិនត្រូវបានកត់ត្រាតាមរបៀបនោះនៅលើលិខិតមរណៈភាពផ្លូវការក៏ដោយ។ ការសិក្សាបានបញ្ជាក់ថា ការស្លាប់បន្ថែមផ្សេងទៀត បណ្តាលមកពីមូលហេតុផ្សេងទៀត។
មជ្ឈមណ្ឌល CDC បានរកឃើញថា ចំនួនមនុស្សស្លាប់បន្ថែមផ្សេងពីនោះគឺ មនុស្សជំទង់ដែលមានអាយុចន្លោះពី ២៥ និង ៤៤ ឆ្នាំ បានកើនឡើង ២៦,៥ ភាគរយ ក្នុងអំឡុងពេលនោះ ដែលជាការកើនឡើងបំផុតក្នុងចំណោមក្រុម ដែលមានអាយុទាំងនោះ។ អត្រាអ្នកស្លាប់ក៏មានកម្រិតខ្ពស់ដែរក្នុងចំណោមមនុស្សមកពីក្រុមជាតិសាសន៍ផ្សេងៗគឺ ជនជាតិ Hispanics បានកើនឡើងចំនួន ៥៦ ភាគរយ ខណៈដែលជនជាតិស្បែកខ្មៅ កើនឡើងចំនួន ៣៣ ភាគរយ គឺ ១២ ភាគរយខ្ពស់ជាងជនជាតិអាមេរិកាំងស្បែកស។
ជនជាតិ Hispanic និងស្បែកខ្មៅនិងពលរដ្ឋអាមេរិកាំងចាស់ៗ បានរងផលប៉ះពាល់ខ្លាំងជាងគេដោយការរាតត្បាតនៃជំងឺកូវីដ១៩។
សាកលវិទ្យាល័យ Johns Hopkins ឲ្យដឹងថា សហរដ្ឋអាមេរិកនាំមុខគេក្នុងពិភពលោក ដោយមានមនុស្សស្លាប់ជាផ្លូវការដោយជំងឺកូវីដ១៩ ចំនួន ២ សែន ២ ម៉ឺន ១ ពាន់នាក់ គិតត្រឹមថ្ងៃពុធ៕