ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ស្រាវ​ជ្រាវ​រក​ថ្នាំ​ព្យាបាល​ជំងឺ​កូវីដ​១៩ និង​​​​ដំណើរ​ការ​សាកល្បង​លើ​វ៉ាក់សាំង​ការពារ​កំពុង​មាន​ដំណើរ​ទៅ​មុខ​យ៉ាង​លឿន


បុគ្គលិក​មន្ទីរពិសោធន៍​ម្នាក់​ពិនិត្យមើល​ដប​ថ្នាំ remdesivir នៅ​រោងចក្រ​កក្រុមហ៊ុន Gilead Sciences នៅ​ក្នុង​ក្រុង La Verne រដ្ឋ California កាលពី​ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០។

អង្គការ​សុខភាព​ពិភព​លោក​ឲ្យ​ដឹង​ថា​ ការ​ស្រាវ​ជ្រាវ​ និង​អភិវឌ្ឍ​ថ្នាំ​ព្យាបាល​និង​វ៉ាក់​សាំង​ការពារ​ជំងឺ​កូវីដ១៩ កំពុង​ដំណើរ​ការ​ទៅ​មុខ​យ៉ាង​លឿន។

ដោយ​មាន​ករណី​ឆ្លង​មេរោគ​កូរ៉ូណា​ជាង១០លាន​នាក់ និង​អ្នក​ស្លាប់​បាន​កើន​លើសកន្លះ​លាន​នាក់​នោះ ប្រទេស​នានា​នៅ​ជុំវិញ​ពិភពលោក​ កំពុង​ត្រូវ​ការ​ជា​ចាំបាច់​នូវ​វ៉ាក់សាំង​ការពារ​មួយ​ដើម្បី​បញ្ចប់​នូវ​ជំងឺ​ឆ្លង​នេះ។ អង្គការ​សុខភាព​ពិភព​លោក​ បាន​ឲ្យ​ដឹង​ពី​ការ​វិវឌ្ឍ​ទៅ​មុខ​ដ៏ឆាប់​រហ័សឆ្ពោះ​ទៅ​រក​ការ​បញ្ចប់​នៃ​ការ​ឆ្លងនេះ​ ប៉ុន្តែ​បាន​និយាយថា វា​មាន​ឧបសគ្គ​ជា​ច្រើន​ដែល​ត្រូវ​ជម្នះ មុន​ពេល​ដែល​វ៉ាក់សាំង​មួយ​ប្រភេទ​ដែល​មាន​សុវត្ថិភាព​និង​ប្រសិទ្ធភាព​ត្រូវ​បាន​គេ​ដាក់​ឲ្យ​ប្រើ​ប្រាស់​នោះ។​

ប្រធាន​អ្នក​វិទ្យាសាស្រ្ត​របស់​អង្គការ​សុខ​ភាព​ពិភព​លោក លោក​ស្រី​ Soumya Swaminathan ប្រាប់ VOA ថា​ យ៉ាង​ហោច​ណាស់​ មាន​វ៉ាក់សាំង​ចំនួន​២០០​ប្រភេទ កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​នៃ​ការ​អភិវឌ្ឍ។ លោក​ស្រី​បន្តថា មាន​វ៉ាក់​សាំង​ចំនួន​ប្រហែល​១០​ប្រភេទ កំពុង​ត្រូវ​បាន​គេ​សាក​ល្បងលើមនុស្ស​ ហើយ​វ៉ាក់​សាំង​ការពារ​ចំនួន​៣​ប្រភេទ​នឹង​ត្រៀម​ខ្លួន​រួច​រាល់​ចូល​ក្នុង​ដំណាក់កាល​ទី​៣​ នៃ​ការ​សាកល្បង​ ក្នុង​រយៈ​ពេល​ពីរ​បី​សប្តាហ៍​ខាង​មុខ​នេះ។

អ្នក​ស្រី​បន្ត​ក្នុង​សម្តី​ដើម​ថា៖ «ដូច្នេះ​យើង​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ថ្មីមួយ​ គឺ​ការ​សាក​ល្បង​ទៅ​លើ​វ៉ាក់​សាំង​ទាំង​នោះ។ ការ​សាក​ល្បង​ក្នុង​ដំណាក់កាល​ទី​៣នេះ​ គឺ​ជា​ជំហាន​មួយ​ដែល​នឹង​បង្ហាញ​ឲ្យ​ដឹង​ច្បាស់​ថា តើ​វ៉ាក់​សាំង​នោះ​មាន​ប្រសិទ្ធភាពនិង​សុវត្ថិភាព​យ៉ាង​ណា​នោះ។ ខ្ញុំ​មាន​សង្ឃឹម និង​មាន​សុទិដ្ឋិនិយម​ក្នុង​រឿង​នេះ។ ប៉ុន្តែ​អ្នក​ដឹង​ទេ​ ការ​អភិវឌ្ឍ​វ៉ាក់​សាំង​ការពារ​ជំងឺ​គឺ​ជា​ការងារ​មួយ​ដ៏​ស្មុគស្មាញ​ និង​មាន​ភាព​មិន​ប្រាកដប្រជា​ជា​ច្រើន»។ ​

លោក​ស្រី Swaminathanលើក​ឡើង​ថា​ គេ​មិន​គួ​អស់​សង្ឃឹម​ទេ​ ប្រសិន​បើ​ការ​សាក​ល្បង​ទៅ​លើ​វ៉ាក់​សាំង​នោះ​ទទួល​បរាជ័យ។ លោក​ស្រី​កត់​សម្គាល់​ថា មានប្រភេទ​និង​ទម្រង់​វ៉ាក់​សាំង​ដទៃ​ផ្សេងៗ​ទៀត​ កំពុង​ឆ្លង​កាត់​នូវ​ដំណាក់កាល​សាក​ល្បង​នេះ​ដែរ។

លោក​ស្រី​បាន​បន្ត​ក្នុង​សម្តី​ដើម​យ៉ាង​ដូច​នេះ​ទៀត​ថា៖ «ប្រសិន​ជា​យើង​មាន​សំណាង​ល្អ​ខ្លាំង​នោះ យើងនឹង​មានវ៉ាក់​សាំង​ការពារ​មួយ​ឬ​ពីរ​ប្រភេទ​ ដែល​ទទួល​ជោគ​ជ័យ​នៅ​មុន​ដំណាច់​ឆ្នាំនេះ។​ ប៉ុន្តែយើងត្រូវ​រង់​ចាំ​មើលលទ្ធផល​នៃ​ការសាក​ល្បង​ទាំង​នោះ ។ យើង​ដឹង​ហើយ​ថា​វាមាន​ការ​លំបាក​ ពី​ព្រោះ​ការ​សាក​ល្បង​ត្រូវ​ធ្វើ​នៅ​កន្លែង​ដែល​កំពុង​តែ​មាន​ជំងឺ​ឆ្លង។ ឧទាហរណ៍​ ប្រសិន​បើមាន​ប្រទេស​មួយ​ដែល​បាន​អភិវឌ្ឍ​រក​វ៉ាក់​សាំង​ការពារ​ជំងឺ​នេះ​ ប៉ុន្តែ​ប្រទេសនេះ​មិន​មាន​លទ្ធភាព​ក្នុង​ការ​គ្រប់​គ្រង​នូវ​អត្រា​ឆ្លង​របស់​ខ្លួន​ទេ អ៊ីចឹង​គេ​ត្រូវ​រក​កន្លែង​ផ្សេង​ទៀតក្នុង​ការ​ធ្វើ​តេស្ត​សាកល្បង​នេះ»។

ក្នុង​គ្រា​ដែល​ការ​ស្រាវ​ជ្រាវ​រក​វ៉ាក់​សាំង​ការពារ​ជំងឺ​កំពុង​តែ​ដំណើរ​ការ​ទៅ​មុខ គេ​ក៏មាន​លទ្ធផល​ជា​ទី​សង្ឃឹម​ផង​ដែរ​ ចំពោះ​ថ្នាំ​ព្យាបាល​ជំងឺ​កូវីដ១៩​នេះ។ ការ​សាក​ល្បង​ក្នុង​ការ​ព្យាបាល​បាន​បង្ហា​ញ​ថា ថ្នាំ​ព្យាបាល​ជំងឺ Ebola ឈ្មោះ Remdesivir អាច​ជួយ​កាត់​បន្ថយពេល​វេលា​នៃ​ការ​ជា​សះ​ស្បើយ​របស់​អ្នក​ជំងឺ​កូវីដ១៩​មួយ​ចំនួន។

ទន្ទឹម​នឹង​នេះ​ដែរ​ ថ្នាំ​មួយ​ប្រភេទ​ទៀត​ឈ្មោះ dexamethasone ដែល​ជា​ថ្នាំ​ប្រឆាំង​បញ្ហា​ការរលាក​ផ្សេងៗ​ក្នុង​រាង​កាយ​មនុស្សហាក់​បី​ដូច​ជា​អា​ច​ជួយ​កាត់​បន្ថយ​ចំនួនស្លាប់នៃ​អ្នក​ជំងឺកូវីដ​១៩​ដែល​មាន​អាការ​រោគ​ធ្ងន់ធ្ងរ​បាន​យ៉ាង​ច្រើន។ ថ្នាំ​ប្រភេទ​នេះ ដែល​មាន​ក្នុង​ទី​ផ្សារ​ជា​យូរ​មក​ហើយ មាន​តម្លៃ​ថោកដែល​អាច​ជួយ​ឲ្យ​អ្នក​ក្រ​អាច​មាន​លទ្ធ​ភាព​ទិញ​យក​មក​ប្រើ​ប្រាស់​បាន។

ការ​សាក​ល្បង​ការ​ប្រើប្រាស់​ទៅ​លើ​ថ្នាំ​គ្រុន​ចាញ់ hydroxycholoroquine បាន​បង្ហាញ​ថា មិន​មាន​ផល​ប្រយោជន៍នោះ​ទេ​ ហើយ​ក្នុង​ករណី​ខ្លះ​ទៀត អាច​បណ្តាល​ឲ្យ​អ្នក​ជំងឺ​មួយ​ចំនួន​ដែល​ឆ្លង​មេរោគ​កូរ៉ូណា​ស្លាប់ទៀតផង។ ទោះ​បី​ជាយ៉ាង​នេះ​ក៏​ដោយ ក៏​អ្នក​វិទ្យា​សាស្រ្ត​ជឿ​ជាក់​ថា ថ្នាំ​ប្រភេទ​នេះ​អាច​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ជួយ​ការពារ​ជំងឺ​នេះ​ផង​ដែរ។ ​ការ​សាក​ល្បង​ក្នុង​កំរិត​ធំ​មួយ​កំពុង​ដំណើរ​ការ​ទៅ​លើថ្នាំ​ប្រភេទ​នេះ​ ដើម្បីរក​មើល​ថា​តើ​វាពិត​ជា​អាច​ជួយ​ការពារ​ជំងឺ​កូវីដ​១៩​ មែន​ឬ​ទេ​នោះ៕

ប្រែ​សម្រួល​ដោយ​ ជ្រា​ វណ្ណារិទ្ធ

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG