អ្នកស្រី ភឹម ម៉ៅ ភរិយាលោក ស៊ុម ម៉ឺន ដែលកំពុងបាត់ខ្លួនបានបញ្ជាក់ឲ្យដឹងនៅថ្ងៃពុធនេះថា អាជ្ញាធរខេត្តព្រះវិហារ រួមមានអភិបាលរងខេត្តមួយរូប និងអភិបាលស្រុកជាំក្សាន្ត បានប្រាប់អ្នកស្រីថា នឹងមានការដោះលែងកូនប្រុសអ្នកស្រីឈ្មោះ ម៉ឺន មាន នៅថ្ងៃពុធ ឬថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ តែអ្នកស្រីត្រូវឈប់តវ៉ារឿងបាត់ប្តីអ្នកស្រី។
អ្នកស្រី ភឹម ម៉ៅ វ័យ ៥១ឆ្នាំ មិនអាចបញ្ជាក់ច្បាស់ថា អាជ្ញាធរបានដាក់គំនាបអ្នកស្រីមិនឲ្យតវ៉ារឿងបាត់ខ្លួនស្វាមីអ្នកស្រី ដើម្បីជាថ្នូរនឹងការដោះលែងកូនប្រុសអ្នកស្រីនោះទេ។
ស្ត្រីដែលជាម្តាយកូនប្រាំបីនាក់រូបនេះគ្រាន់តែពន្យល់ថា បើអាជ្ញាធរខេត្តពិតជាអន្តរាគមន៍ជួយឲ្យមានការដោះលែងកូនប្រុសអ្នកស្រី និងអ្នកជាប់ពន្ធនាគារ១៣នាក់ផ្សេងទៀត ក្នុងទំនាស់ដីធ្លីរវាងពលរដ្ឋជាង៣០០គ្រួសារ និងក្រុមហ៊ុនមេត្រីភាពកសិឧស្សាហកម្មមែន នោះអ្នកស្រីនឹងឈប់តវ៉ាចំពោះរឿងបាត់ខ្លួនស្វាមីអ្នកស្រី ដែលអ្នកស្រីថា នឹងបន្តតាមរកតទៅទៀត។
អ្នកស្រីបានប្រាប់ VOA នៅថ្ងៃពុធនេះថា៖
«ខ្ញុំនឹងឈប់ប្តឹងហើយឲ្យតែថា គាត់ដោះលែងទាំងអស់ហ្នឹងហើយ គឺខ្ញុំនឹងចប់។ ខ្ញុំសុំតែអារឿងដោះស្រាយឲ្យប្រជាពលរដ្ឋ ៣០០ គ្រួសារ ៣៣៩ គ្រួសារហ្នឹង»។
យ៉ាងណាក៏ដោយ អ្នកស្រី ភឹម ម៉ៅ អះអាងថា ទាំងអភិបាលរងខេត្តព្រះវិហារលោក អ៊ុង វុទ្ធី និងលោក វុធ តារ៉ា អភិបាលស្រុកជាំក្សាន្ត ត្រូវជួយដោះស្រាយបញ្ចប់ទំនាស់ដីធ្លីឲ្យពលរដ្ឋជាង ៣០០ គ្រួសារនោះ ដែលកំពុងប្រឈមការធ្វើបាបពីក្រុមទាហាន បន្ថែមលើការដោះលែងកូនប្រុសអ្នកស្រី ប្រសិនបើអាជ្ញាធរខេត្តចង់ឲ្យអ្នកស្រីបញ្ឈប់ការតវ៉ារឿងបាត់ខ្លួនស្វាមីអ្នកស្រី ដែលអ្នកស្រីក៏មិនទាន់ដឹងថា កំពុងស្ថិតនៅទីណានោះដែរ។
«ប្រជាពលរដ្ឋ ៣៣៩ គ្រួសារនេះកំពុងពិបាកវេទនាណាស់ លោកគ្រូ រងទុក្ខ។ ណាមួយអត់ទឹក ណាមួយប្តីជាប់គុក ណារាល់ថ្ងៃនេះ ទាហានក៏វានៅធ្វើបាប។ អ៊ីចឹងខ្ញុំក៏បានដាក់ខសន្យាគេ ខ្ញុំថា ខ្ញុំក៏ឈប់ប្តឹង ហើយក៏ខ្ញុំឈប់ផ្សាយទៅណាទៀត ក៏ខ្ញុំឈប់ ឲ្យគាត់ទាំងអស់គ្នាធ្វើសំបុត្រកិច្ចសន្យាដាក់រៀងខ្លួន ក៏គាត់បានព្រមកិច្ចសន្យាជាមួយខ្ញុំអ៊ីចឹង»។
អ្នកស្រីបានបន្ថែមថា មេធាវីការពារក្តីកូនប្រុសអ្នកស្រីបានឲ្យដឹងថា តុលាការខេត្តនឹងសាកសួរកូនប្រុសអ្នកស្រីបន្ថែម នៅថ្ងៃពុធនេះ ពាក់ព័ន្ធនឹងការស្នើសុំស្ថិតនៅក្រៅឃុំ។
VOA មិនទាន់អាចទាក់ទងសុំការអធិប្បាយពីលោក សំ ទិត្យសីហា មេធាវីការពារក្តីលោក ម៉ឺន មាន បាននៅឡើយទេ មកដល់ល្ងាចថ្ងៃពុធនេះ។
កាលពីខែមករា លោក ម៉ឺន មាន វ័យ២៦ឆ្នាំ ដែលជាកូនប្រុសរបស់លោក ស៊ុម ម៉ឺន ត្រូវបានគេរាយការណ៍មកថា រងការវាយដំ និងចាប់ឃុំខ្លួនដោយក្រុមទាហាន ក្នុងទំនាស់ដីធ្លីដែលស្ថិតនៅលើទីតាំងដីសម្បទានផ្តល់ទៅឲ្យក្រុមហ៊ុនមេត្រីភាពកសិឧស្សាហកម្ម។ ក្រុមហ៊ុននេះមានទំនាក់ទំនងជាមួយនឹងឧកញ៉ា អាន ម៉ាឌី។ នេះបើយោងតាមរបាយការណ៍មួយរបស់អង្គការសិទ្ធិមនុស្សក្នុងស្រុកលីកាដូ (Licadho)។
អង្គការលីកាដូបានពណ៌នាក្នុងរបាយការណ៍ខ្លួនថា តាមព័ត៌មានដែលទទួលបាន លោក ស៊ុម ម៉ឺន និងកូនប្រុសគាត់ត្រូវបានចាប់ខ្លួន ពេលកំពុងបើកគោយន្តដឹកសម្ភារៈលក់ដូរកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ ដោយយោធាមកពីទីបញ្ជាការវរៈសេនាតូចអន្តរាគមន៍លេខ ២៦១ ស្ថិតនៅក្រោមទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ ៦ នៃកងយោធពលខេមរភូមិន្ទ (យោធាទំាងនោះជាកងសន្តិសុខរបស់ក្រុមហ៊ុន ដែលទទួលបានដីសម្បទាននៅឃុំយាង ស្រុកជំាំក្សាន្ត)។
របាយការណ៍របស់អង្គការលីកាដូដដែលបានបញ្ជាក់ទៀតថា សាក្សីមួយចំនួនបានរាយការណ៍ថា លោក ស៊ុម ម៉ឺន និងកូនប្រុសលោក ត្រូវបានវាយដំក្រោយពេលអ្នកទាំងពីរត្រូវបានចាប់ខ្លួន។ បន្ទាប់មកអ្នកទាំងពីរត្រូវបានបញ្ជូនទៅកាន់ការិយាល័យដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ជាទីកន្លែងដែលអ្នកទាំងពីរត្រូវបានឃុំខ្លួនអស់រយៈពេលមួយយប់។
របាយការណ៍បានរៀបរាប់ទៀតថា នាព្រឹកថ្ងៃទី២១ ខែមករា លោក ស៊ុម ម៉ឺន បានបាត់ខ្លួនពីការិយាល័យដែនជម្រកសត្វព្រៃ ហើយការបាត់ខ្លួនរបស់លោកបានកើតឡើងអស់រយៈពេលពីរខែមកហើយ។ មន្ត្រីការិយាល័យដែនជម្រកសត្វព្រៃ បានអះអាងថា បុរសដែលមានអាយុ ៥៤ ឆ្នាំ នោះបានលោតចេញពីរបងនិងរត់គេចខ្លួន។ ប៉ុន្តែភ្លាមៗនោះ មិនមានដីកាចាប់ខ្លួន ចោទប្រកាន់ទាក់ទងនឹងការរត់គេចនោះទេ។
លោក វុធ តារ៉ា អភិបាលស្រុកជាំក្សាន្ត មានប្រសាសន៍បញ្ជាក់ប្រាប់ VOA នៅថ្ងៃពុធនេះថា ខាងភាគីអាជ្ញាធរខេត្តនឹងសហការជាមួយខាងភាគីតុលាការខេត្តដើម្បីជួយឲ្យកូនប្រុសលោក ស៊ុម ម៉ឺន បានស្ថិតនៅក្រៅឃុំ។
«អាហ្នឹងទុកលទ្ធភាពឲ្យខាងអាជ្ញាធរដែនដីធ្វើការសម្របសម្រួលជាមួយតុលាការ បាទ។ ខ្ញុំមានយោបល់តែប៉ុណ្ណឹងទេ»។
នៅពេល VOA សួរលោកអំពីថា អាជ្ញាធរនឹងចាត់ការយ៉ាងណាចំពោះការបាត់ខ្លួនលោក ស៊ុម ម៉ឺន នោះ លោកអភិបាលស្រុកថា លោកមិនទាន់មានព័ត៌មានអំពីរឿងនេះទេ។
«អាហ្នឹងជាការងារដែលខ្ញុំអត់ អត់ អត់ ខ្ញុំអត់បានស៊ីជម្រៅរឿងហ្នឹង ហ្នឹងអីទេ ហើយបើសួររឿងតែមួយ ខ្ញុំឆ្លើយមួយសិនណ៎ា»។
លោកបន្តទៀតថា ភរិយាលោក ស៊ុម ម៉ឺន បានប្រាប់អាជ្ញាធរថា លោក ស៊ុម ម៉ឺន មិនទាន់ស្លាប់នោះទេ។
លោក អំ សំអាត ប្រធានការិយាល័យបច្ចេកទេសស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូ បានថ្លែងថា តុលាការខេត្តត្រូវពិចារណាដោះលែងលោក ម៉ឺន មាន និងជនដែលរងការចោទប្រកាន់ ១៣ នាក់ផ្សេងទៀត ដើម្បីអាចឲ្យពួកគេមានពេលចរចាជាមួយភាគីពាក់ព័ន្ធ បញ្ចប់ទំនាស់ដីធ្លីដែលបានកើតឡើងតាំងពីឆ្នាំ ២០១៨ មក ពោលគឺនៅពេលក្រុមហ៊ុនមេត្រីភាពកសិឧស្សាហកម្មចួលមកឈូសឆាយក្នុងដីទំនាស់។
ចំពោះករណីបាត់ខ្លួនលោក ស៊ុម ម៉ឺន នោះ មន្ត្រីសិទ្ធិមនុស្សជាន់ខ្ពស់រូបនេះលើកឡើងថា អាជ្ញាធរខេត្តត្រូវបញ្ជាក់ឲ្យបានថា លោក ស៊ុម ម៉ឺន នៅឯណា ដើម្បីជម្រះមន្ទិលនានារបស់ក្រុមគ្រួសារ និងបង្ហាញពីការទទួលខុសត្រូវរបស់អាជ្ញាធរមូលដ្ឋានក្នុងខេត្តព្រះវិហារ។
«ខ្ញុំគិតថា វាមិនអាចបញ្ចប់ទៅបានទេ ពីព្រោះមនុស្សមិនទាន់រកឃើញ អ៊ីចឹងអាជ្ញាធរលោកគួរតែស្វែងរកព័ត៌មានអំពីលោក ស៊ុម ម៉ឺន ហ្នឹង ដើម្បីផ្តល់ជូនក្រុមគ្រួសារ ហើយក៏ជាការមួយធានាអះអាងដែរថា លោក ស៊ុម ម៉ឺន ហ្នឹងនៅឯណាឲ្យប្រាកដ? តើការបាត់ខ្លួនរបស់គាត់ហ្នឹង វានៅកន្លែងណា? ឬក៏[...] យើងគិតថា បាត់ទៅ ចុះ។ បើគេសង្ស័យថា ស្លាប់ ថា អីទៅ អាហ្នឹង វាពាក់ព័ន្ធ នាំឲ្យគេសង្ស័យទៅលើការបាត់ខ្លួននៅកន្លែងអាជ្ញាធរហ្នឹង។ អ៊ីចឹងគឺអាជ្ញាធរលោកអាចនឹងស្វែងរកព័ត៌មាន ដើម្បីផ្តល់ជូនអំពីបញ្ហាទាំងអស់ហ្នឹង ហើយវាជាតម្លាភាព ហើយនឹងបញ្ជាក់ថា ឆន្ទៈរបស់អាជ្ញាធរគឺខិតខំក្នុងការស្វែងរកលោក ស៊ុម ម៉ឺន ហ្នុងដែរបាទ»។
យោងតាមរបាយការណ៍របស់អង្គការលីកាដូចេញផ្សាយកាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ ក្រោយមានការចាប់ខ្លួនប្រជាពលរដ្ឋជាច្រើននាក់ក្នុងខែមករានោះ មនុស្សចំនួន ១៤ នាក់ត្រូវបានឃុំខ្លួនបណ្តោះអាសន្ន រង់ចំាសវនាការនៅក្នុងពន្ធនាគារខេត្តព្រះវិហារ ក្នុងនោះរួមមានកូនប្រុសរបស់លោក ស៊ុម ម៉ឺន ឈ្មោះ ម៉ឺន មាន ផងដែរ។ អ្នកទាំងនោះត្រូវបានចោទប្រកាន់តាមមាត្រា៦២ និងមាត្រា៥៤នៃច្បាប់ស្តីពីតំបន់ការពារធម្មជាតិ (ទាក់ទងនឹងការកាប់គាស់រុករានដីព្រៃ) ហើយអាចប្រឈមនឹងការជាប់ពន្ធនាគារ ១០ ឆ្នាំ និងពិន័យជាប្រាក់ ១៥០ លានរៀល។
របាយការណ៍បញ្ជាក់ទៀតថា ការចាប់ខ្លួននេះកើតឡើង បន្ទាប់ពីមានការធ្វើទុក្ខបុកម្នេញពីសំណាក់សន្តិសុខក្រុមហ៊ុននិងអាជ្ញាធរ ទៅលើអ្នកភូមិដែលរស់នៅក្នុងសហគមន៍នេះជាច្រើនឆ្នាំកន្លមកហើយ ដោយរួមមានការដុតផ្ទះប្រជាពលរដ្ឋ ដែលគេចោទថា មានការចាប់ខ្លួនតាមអំពើចិត្ត និងការបន្តគំរាមកំហែងប្រជាពលរដ្ឋដែលជាប់ទាក់ទងនឹងទំនាស់ដីធ្លីនេះ។
ក្នុងសំណុំរឿងលោក ស៊ុម ម៉ឺន នេះ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកកាលពីសប្តាហ៍មុន បានអំពាវនាវឲ្យអាជ្ញាធរកម្ពុជាបើកកិច្ចស៊ើបអង្កេតទៅលើការបាត់ខ្លួនសកម្មជនដីធ្លីមួយរូបឈ្មោះ ស៊ុម ម៉ឺន នេះផងដែរ។
អង្គការឃ្លាំមើលសិទ្ធិមនុស្សក៏បានទាមទារឲ្យអាជ្ញាធរកម្ពុជាបង្ហាញខ្លួនជនឈ្មោះ ស៊ុម ម៉ឺន ដែលបាត់ខ្លួននោះ ក្រោយអាជ្ញាធរបានចាប់ខ្លួនលោក និងកូនប្រុសលោកឈ្មោះ ម៉ឺន មាន។
លោក Brad Adams នាយកអង្គការឃ្លំាមើលសិទ្ធិមនុស្ស (Human Rights Watch) ប្រចាំតំបន់អាស៊ី ត្រូវបានស្រង់សម្តីក្នុងសេចក្តីប្រកាសមួយជាភាសាអង់គ្លេស និងត្រូវបានប្រែសម្រួលជាភាសាខ្មែរថា៖
«រដ្ឋាភិបាលកម្ពុជាចាំបាច់ត្រូវបង្ហាញខ្លួនលោក ស៊ុម ម៉ឺន នៅតុលាការ ហើយចោទប្រកាន់លោកតាមច្បាប់ឲ្យត្រឹមត្រូវ ឬក៏បញ្ជូនលោកទៅក្រុមគ្រួសាររបស់លោកវិញ»៕