អ្នកស្រី ឃាន ណារុំ អាយុ៤២ឆ្នាំ បានរងរបួសដោយសារគ្រាប់កាំភ្លើង ត្រង់ត្រគាកខាងឆ្វេងកាលពីខែមីនាឆ្នាំមុន ខណៈប្រជាជនរាប់រយនាក់បានតវ៉ារឿងដីធ្លីរបស់ពួកគេជាមួយក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចមួយក្នុងស្រុកស្នួល ខេត្តក្រចេះ។
កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៨ កងកម្លាំងចម្រុះប្រមាណ១៥០នាក់ រួមមាននគរបាល ទាហាន និងកងរាជអាវុធហត្ថ បានចុះបង្ក្រាបការតវ៉ារឿងដីធ្លីមួយ ដោយបានបាញ់គ្រាប់ពិតទៅលើក្រុមអ្នកតវ៉ា ដែលបានបិទផ្លូវ។ ពលរដ្ឋបានអះអាងថា ផ្ទះរាប់រយខ្នង និងដំណាំរបស់ពួកគេ ត្រូវបានដុតបំផ្លាញ ហើយពលរដ្ឋមួយចំនួន ត្រូវបានចាប់ខ្លួន អំឡុងពេលមានការបណ្ដេញពួកគេចេញពីដីសម្បទានចម្ការកៅស៊ូរបស់ក្រុមហ៊ុន។
រស់នៅក្នុងភូមិជ្រោះជ្រៅ ឃុំក្រញូងសែនជ័យ អ្នកស្រី ណារុំ ជាជនរងគ្រោះម្នាក់ក្នុងចំណោម៣នាក់ មានប្រសាសន៍ថា រហូតមកដល់ពេលនេះ អ្នកស្រីបានធូរស្រាលពីរបួស ក្រោយបានវះកាត់ និងសម្រាកព្យាបាលប្រមាណ៧ខែ។ ប៉ុន្តែអ្នកស្រីអាចបំពេញការងារស្រាលៗតែប៉ុណ្ណោះ។
អ្នកស្រីបានថ្លែងប្រាប់ VOA នៅផ្ទះរបស់អ្នកស្រីថា៖ «យើងចេះតែធ្វើទៅ មើលទៅ ធ្វើកើត ចេះតែធ្វើទៅ។ ធ្វើចម្ការធ្វើស្អី មានតែដាំដំឡូង ដាំស្អី។ ជម្រះក៏ជម្រះមិនកើត គ្រាន់ដើរបោចតិចតួច។ តិចតួចៗ ចេះតែទៅៗ។ ដាំបាយឲ្យកូន»។
អ្នកស្រីបន្ថែមថា៖ «ជួនកាលទៅ ហូបសាច់គោ សាច់អីចឹងទៅ ប៉ះពាល់តិចតួច ក៏យើងលែងហូបទៅ»។
ផ្ទះរបស់អ្នកស្រី ណារុំ ស្ថិតនៅក្នុងភូមិជ្រោះជ្រៅ ឃុំក្រញូងសែនជ័យ ស្រុកស្នួល ដែលមានចម្ងាយពីរបីគីឡូម៉ែត្រពីដីដែលមានជម្លោះជាមួយក្រុមហ៊ុន។ តំបន់ដែលអ្នកស្រីកំពុងរស់នៅ ជាតំបន់ដាច់ស្រយាលមួយ ហើយនៅមានកង្វះខាតសាលារៀនសម្រាប់ក្មេងៗនៅឡើយ។
បន្ទាប់ពីរងរបួសដោយសារគ្រាប់កាំភ្លើង អ្នកស្រី ណារុំ និងជនរងគ្រោះផ្សេងទៀត បានព្យាយាមលាក់ខ្លួន ដោយសារពួកគេខ្លាចមានការតាមដាន និងគំរាមកំហែងពីអាជ្ញាធរ។
ស្វាមីរបស់ជនរងគ្រោះ លោក សៅ ហ៊ា អាយុ៤៤ឆ្នាំ មានប្រសាសន៍ថា លោកបានព្យាយាមយកភរិយាទៅព្យាបាលនៅមន្ទីរពេទ្យចំនួន២ គឺមួយក្នុងខេត្តក្រចេះ និងមួយទៀត ក្នុងខេត្តកំពង់ចាម។ ប៉ុន្តែលោកអះអាងថា មន្ទីរពេទ្យមិនចង់ព្យាបាលនោះទេ ដោយសារពួកគេបារម្ភខ្លាចអាជ្ញាធរតាមដាន។
ខណៈអង្គុយក្បែរភរិយារបស់លោក លោកបានថ្លែងប្រាប់ VOAនៅផ្ទះរបស់លោកថា ភរិយារបស់លោកបានរងរបួសប្រហែលជាម៉ោង១រសៀលនៅថ្ងៃទី៨ ខែមីនា ឆ្នាំមុន តែការវះកាត់យកគ្រាប់ចេញ គឺធ្វើឡើងនៅមន្ទីរពេទ្យ ក្នុងរាជធានីភ្នំពេញនៅវេលាម៉ោង៤រសៀល នៅថ្ងៃបន្ទាប់។
លោកមានប្រសាសន៍ថា៖ «យកទៅដល់ណា ក៏ប៉ូលិសទាហានគេតាមដាន។ គេតាមមែន តាមឡានខ្ញុំរហូត ខ្ញុំដូរឡានបីបួន។ ម៉ាបងប្អូនខ្ញុំដូរទាំងអស់។ វាកាក់ៗឡាន ឡានតាមភូមិហ្នឹងណា។ កាក់ដូរឡានរហូត»។
លោកបញ្ជាក់បន្ថែមថា៖ «បានបងប្អូនខ្ញុំទៅពីហ្នឹងទៅ ជិះម៉ូតូហូរហែទៅ ស្ដីឲ្យទៀត បានឡើងទៅកំពង់ចាម។ ចូលកំពង់ចាម គេអត់ទៀត។ ព្រឹកឡើងគេអត់មើលទៀត គេថាគង់តែប៉ូលិសទាហានគេតាមទេ ប្អូនខ្ញុំស្ដីឲ្យប៉ូលិសមួយសាទៀត បានព្រឹកឡើងចេញទៅភ្នំពេញតែម្ដង»។
លោកមានប្រសាសន៍ថា ភរិយារបស់លោកត្រូវបានបញ្ជូនមកដល់ពេទ្យកាល់ម៉ែត្រនៅភ្នំពេញនៅម៉ោងប្រមាណ៣រសៀល ហើយនៅម៉ោង៤ ពេទ្យចាប់ផ្ដើមវះកាត់។
អ្នកស្រី ណារុំ មានប្រសាសន៍ថា ការរងរបួសដោយសារគ្រាប់កាំភ្លើងនេះ ធ្វើឲ្យអ្នកស្រីមិនអាចបំពេញការងារជិត៧ខែ ហើយបានចំណាយថវិកាប្រមាណ១ម៉ឺនដុល្លារសម្រាប់ការព្យាបាលមួយនេះ។ អ្នកស្រីបានខ្ចីលុយពីបងប្អូន សម្រាប់ការវះកាត់ និងការព្យាបាលភ្លាមៗ។
កាលពី២ឆ្នាំមុន អ្នកស្រី ណារុំ បានខ្ចីលុយពីធនាគារចំនួន២៥០០០ដុល្លារអាមេរិក ដើម្បីបានជាទុនក្នុងការរៀបចំដីចម្ការ និងដាំដំណាំនៅលើដីដែលអ្នកស្រីបានបាត់បង់ទៅឲ្យក្រុមហ៊ុនរួចទៅហើយ។
អ្នកស្រីបានយកលុយដែលត្រូវបង់សងធនាគារវិញនាពេលនោះ សងបងប្អូន ប៉ុន្តែអ្នកស្រីត្រូវបង់ធនាគារចំនួន៣ឆ្នាំទៀត។
នៅក្នុងខែមិថុនាឆ្នាំនេះ អ្នកស្រីត្រូវបង់ប្រាក់រំលស់ដើមចំនួន៦ពាន់ដុល្លារទៅធនាគារ។ ប៉ុន្តែអ្នកស្រីមានប្រសាសន៍ថា អ្នកស្រីមិនមានថវិកាគ្រប់នៅឡើយ ហើយប្រហែលមិនអាចរកលុយបានបង់នោះទេ។
អ្នកស្រីបម្រុងនឹងលក់ដីជាកេរទុកឲ្យកូននាពេលខាងមុខ។ អ្នកស្រីមានប្រសាសន៍ថា៖ «លក់ដីមួយកន្លែងចេញ ដីកូន។ ឥឡូវមើលទៅ ដកលក់វិញសិនហើយ»។
អ្នកស្រីបន្ថែមថា ជារៀងរាល់ខែ អ្នកស្រីត្រូវបង់ប្រាក់ចំនួនជាង៣០០ដុល្លារទៅធនាគារ ជាថ្លៃការប្រាក់។
អ្នកស្រី ណារុំ បានឲ្យដឹងទៀតថា អ្នកស្រី រួមទាំងកូនប្រុស២នាក់ និងកូនស្រីម្នាក់ បច្ចុប្បន្ននេះ កំពុងតែធ្វើការស៊ីឈ្នួលបេះផ្លែម្រេចនៅចម្ការរបស់អ្នកភូមិក្បែរនោះ។ សរុបចំណូលទាំងអស់គ្នា ពួកគេអាចរកបានប្រមាណ១០ម៉ឺនរៀលក្នុងមួយថ្ងៃ។ ប៉ុន្តែអ្នកស្រីបញ្ជាក់ថា លុយទាំងនោះ គឺទុកសងធនាគារ។
កូនរបស់អ្នកស្រី៥នាក់ រៀនបានត្រឹមថ្នាក់ទី៥ និងទី៦ រួចក៏ឈប់រៀន ដោយសារសាលារៀននៅឆ្ងាយ និងអ្នកស្រីមិនមានថវិកាសម្រាប់ពួកគេបន្តការសិក្សា។
ជនរងគ្រោះដោយសារគ្រាប់កាំភ្លើងម្នាក់ទៀត លោក សេង អ៊ិន អាយុ៣៣ឆ្នាំ បានថ្លែងប្រាប់ VOA ថា លោកបានរងរបួសត្រង់ភ្លៅខាងស្ដាំ។ ប៉ុន្តែលោកបានជាសះស្បើយហើយរហូតមកដល់ពេលនេះ។ បច្ចុប្បន្ននេះ លោកកំពុងធ្វើការជាកម្មករសំណង់នៅក្នុងខេត្តកំពង់ចាម ដោយរកចំណូលបានប្រមាណ២៥០០០រៀលក្នុងមួយថ្ងៃ។
លោកមានប្រសាសន៍ថា លោកបានឆ្ការព្រៃ ហើយកាន់កាប់ដីចំនួន៤ហិកតា កាលពី៣ឆ្នាំមុន ដោយចេះតែធ្វើតាមប្រជាពលរដ្ឋផ្សេងៗ ដែលបានកាន់កាប់ដីនៅទីនោះ។
លោកមានប្រសាសន៍ថា៖ «មានប្លង់មានអី ដីព្រៃចឹងអ្ហា។ យើងកាប់យ៉ាងរេចរឹលអស់អាលីងហើយហ្នឹង។ បានដាំ បានអីខ្លះហើយ ដាំដំឡូង ចេក។ ចេះតែសោកស្ដាយ ស្ដាយដំណាំអី ដែលយើងខំចំណាយពេលវេលារបស់យើង។ ប្រឹងកាប់ប្រឹងអី ដល់មានរឿងទៅ ខកខានការរកស៊ីអស់។ ទំនេរឡើងមួយឆ្នាំ មានធ្វើអី»។
លោកមានប្រសាសន៍បន្តថា អាជ្ញាធរមិនដែលមកសាកសួររូបលោក ក្រោយមានការបាញ់ប្រហារនោះទេ ហើយលោកក៏មិនមានបំណងប្ដឹងផ្ដល់អ្វីឡើយ។
លោកមានប្រសាសន៍ថា៖ «ស្ងាត់ជ្រាបទាំងអស់ ក្រោយមានរឿងហ្នឹងស្ងាត់ឈឹង មិនមកសួរនាំយើង។ យើងប្ដឹងគេ យើងមានធនធានណាដូចគេ រកតែអង្ករច្រកឆ្នាំងមិនចង់បានផង»។
លោក សេង អ៊ិន បានលើកឡើងទៀតថា ប្រជាជនដែលតវ៉ាពិតជាកាន់ឧបករណ៍មួយចំនួន ជាការការពារខ្លួន តែមិននឹកស្មានកម្លាំងសន្តិសុខ បាញ់គ្រាប់កាំភ្លើងពិតនោះទេ។
លោកបានថ្លែងថា៖ «មានតែព្រនង់ ហើយនិងកាំបិត តែ២ហ្នឹង។ ហើយយើងទៅហ៊ានអីជាមួយកាំភ្លើង យើងគ្រាន់តែកាន់ៗ ដែលទៅហ៊ានកាប់គេ គេសុទ្ធតែកាំភ្លើងឯណោះ។ កាន់ដើម្បីការពារខ្លួនឯង»។
លោក ទីវ វុធធេន អ្នកនាំពាក្យរបស់តុលាការខេត្តក្រចេះ មានប្រសាសន៍ថា ករណីនេះកំពុងត្រូវបានស៊ើបអង្កេតបន្ត តែលោកមិនចាំព័ត៌មានលម្អិតនោះទេ។
លោកបានថ្លែងប្រាប់ VOA តាមទូរសព្ទថា៖ «តុលាការប្រហែលជាបានស៊ើបអង្កេតហើយរឿងហ្នឹងបង។ វាដូចជាមានព្រះរាជអាជ្ញាចោទប្រកាន់មក។ ចោទប្រកាន់អ្នកប្រឆាំងនឹងការអនុវត្តហ្នឹង»។
លោកបញ្ជាក់បន្ថែមថា៖ «ក្នុងរឿងនីតិវិធី តែមានរឿងតុលាការចុះទៅស៊ើបអង្កេតហើយ។ គ្រាន់តែគេស៊ើបមិនទាន់ដល់ ឬយ៉ាងម៉េច។ មានរឿងគេត្រូវស៊ើបអង្កេតហើយ ពាក់ព័ន្ធការស្លាប់ ការអី គេត្រូវស៊ើបអង្កេតហើយ»។
លោក អំ សំអាត មន្រ្តីជាន់ខ្ពស់នៃអង្គការលីកាដូ មានប្រសាសន៍ថា តុលាការមិនមានចេតនាក្នុងការស៊ើបអង្កេតរកជនដៃដល់នោះទេ។
លោកមានប្រសាសន៍ថា៖ «ចំណុចត្រង់នេះហើយ ដែលយើងសង្គមស៊ីវិល យើងបានទាមទារតាំងពីដើមថា ដូចជានៅខេត្តក្រចេះហ្នឹង សូមឲ្យមានការស៊ើបអង្កេត និងស្រាវជ្រាវ ដើម្បីរកយុត្តិធម៌ដល់ជនរងគ្រោះ ដើម្បីទប់ស្កាត់ការរាលដាលនៃអំពើហិង្សា ដោយសារការបាញ់ប្រជាពលរដ្ឋហ្នឹង ហើយនិងទប់ស្កាត់អំពើនិទណ្ឌភាពជាបន្តតទៅទៀត»។
ស្វាមីរបស់អ្នកស្រី ណារុំ គឺលោក សេង ហ៊ា មានប្រសាសន៍ថា លោកនិងភរិយា បានចាកចេញពីភូមិកំណើត ក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃុំ កាលពីជាង១០ឆ្នាំមុន ដើម្បីស្វែងរកការងារ និងចាប់ដីនៅក្នុងស្រុកស្នួល ខេត្តក្រចេះ។
លោកមានប្រសាសន៍ថា៖ «ពីដើមមកគ្មាន ក្រ ចេះដើរសួរតាមព្រៃហ្នឹង។ ឭគេកាប់ៗព្រៃ ចេះតែមកៗតាមគេ។ ឃើញគេចូលគគ្រឹកគគ្រេង មករកដីរកធ្លីហ្នឹងគេទៅ។ ស៊ីឈ្នួលគេទៅ ឃើញគេចាប់ គេប្រាប់ថា យកកន្លែងហ្នឹងមួយប្លង់ទៅ កាប់តាមគេទៅ ស៊ីឈ្នួលគេថ្ងៃ ល្ងាចមកធ្វើខ្លួនឯងទៅ»។
លោកបញ្ជាក់ថា លោកបានទិញដីមួយកន្លែងដែលមានទទឹង២០០ម៉ែត្រ និងបណ្ដោយ១ពាន់ម៉ែត្រ ក្នុងតម្លៃសរុបតែ១ពាន់ដុល្លារប៉ុណ្ណោះ ដោយមិនមានប្លង់កម្មសិទ្ធិអ្វីនោះទេ។ លោកបានឆ្ការព្រៃ និងបានដាំដំឡូង ចេក ខ្នុរ មុនត្រូវបានដុតកម្ទេចចោលដោយក្រុមហ៊ុន ពេលមានការបណ្ដេញប្រជាពលរដ្ឋចេញពីដីនោះ។
នៅស្រុកកំណើត លោក សេង ហ៊ា ជាអ្នករកលៀស និងខ្ចៅ តាមស្ទឹងបឹងបួ ហើយភរិយារបស់លោក ជិះកង់លក់នៅតាមភូមិ ដែលអាចរកចំណូលចន្លោះពី៣ទៅ៤ម៉ឺនរៀលក្នុងមួយថ្ងៃ។
ក្រោយការបង្ក្រាបដោយប្រើគ្រាប់កាំភ្លើងពិតនោះមក ក្រុមហ៊ុនចម្ការកៅស៊ូមេមត់ដែលមានជម្លោះជាមួយប្រជាពលរដ្ឋ បានចេញសេចក្ដីប្រកាសព័ត៌មានមួយ ដោយអះអាងថា ចាប់តាំងពីក្រុមហ៊ុនបានទទួលសិទ្ធិវិនិយោគអភិវឌ្ឍលើវិស័យកសិឧស្សាហកម្មពីរដ្ឋាភិបាលក្នុងឆ្នាំ២០០៨ ក្រុមហ៊ុនមិនដែលបានរំលោភបំពាន ឬប៉ះពាល់ដីប្រជាពលរដ្ឋឡើយ។
ប៉ុន្តែក្រុមហ៊ុនបានរងគ្រោះធ្ងន់ធ្ងរ ដោយការកាប់ព្រៃទន្ទ្រានយកដី ពីក្រុមជនអនាធិបតេយ្យជាបន្តបន្ទាប់។ ក្រុមហ៊ុនបានបញ្ជាក់ថា កន្លងទៅ ពួកគេធ្លាប់កាត់ឆ្វៀលដីជិត៣ពាន់ហិកតា សម្រាប់ដោះស្រាយជូនប្រជាពលរដ្ឋផងដែរ។
ការតវ៉ាដីធ្លីនៅតំបន់ផ្សេងទៀត ក៏រងការបង្ក្រាបដោយការបាញ់គ្រាប់កាំភ្លើងផងដែរ។ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ មានករណីផ្ទុះការតវ៉ាក្នុងជម្លោះដីធ្លីមួយនៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលនាំឲ្យមានការបាញ់គ្រាប់កាំភ្លើងពិតពីសំណាក់កងកម្លាំងសមត្ថកិច្ចចម្រុះដែលបានចុះអនុវត្តសាលដីកាស្ថាពររបស់តុលាការកំពូល។ ការបាញ់ប្រហារនេះ នាំឲ្យបុរសម្នាក់ជាកម្មករសំណង់ និងជាអ្នកធ្វើដំណើរកាត់នោះ គឺលោក ពៅ សារ័ត្ន អាយុ២៨ឆ្នាំ បានរងរបួសដោយសារគ្រាប់កាំភ្លើង។
ចំណែកកាលពីឆ្នាំ២០១២ ក្មេងស្រីម្នាក់អាយុ១៤ឆ្នាំនៅក្នុងខេត្តក្រចេះ ត្រូវបានបាញ់ស្លាប់នៅក្នុងព្រឹត្តិការណ៍តវ៉ារឿងដីធ្លី។
មន្ត្រីជាន់ខ្ពស់របស់អង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ក្នុងករណីរងគ្រោះដោយគ្រាប់កាំភ្លើងបែបនេះ ជនរងគ្រោះមិនហ៊ានដាក់ពាក្យបណ្ដឹងនោះទេ ប៉ុន្តែលោកថា ត្រូវតែមានការស៊ើបអង្កេតពីសំណាក់អាជ្ញាធរ និងតុលាការ។
អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន មានប្រសាសន៍ថា រដ្ឋាភិបាលបានប្ដេជ្ញាដោះស្រាយរឿងដីធ្លី និងនាំបុគ្គលពាក់ព័ន្ធមកទទួលខុសត្រូវ ប្រសិនបើពួកគេប្រព្រឹត្តខុស។ លោកថ្លែងបែបនេះបញ្ជាក់លើចំណាត់ការរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីចុងខែកុម្ភៈ ដែលបានសម្រេចដកតំណែងអភិបាលរងខេត្តព្រះសីហនុ ចំនួន២រូប។
លោកបន្ថែមថា ក្នុងករណីបាញ់ប្រហារលើពលរដ្ឋក្នុងការតវ៉ាដីធ្លី ជារឿងមិនអាចទទួលយកបាននោះទេ។
លោកបានថ្លែងប្រាប់ VOA តាមទូរសព្ទថា៖ «យើងយល់ថា ដូចប្រជាពលរដ្ឋអញ្ចឹងវាអត់សមរម្យ។ អញ្ចឹងហើយបានយើងដាក់ទណ្ឌកម្ម»។ ប៉ុន្តែនៅពេលសួរអំពីករណីបាញ់ប្រហារនៅក្នុងខេត្តក្រចេះកាលពីឆ្នាំមុន លោក ផៃ ស៊ីផាន មានប្រសាសន៍ថានេះជាចំណាត់ការបន្តរបស់តុលាការ ដែលរដ្ឋាភិបាលមិនអាចលូកដៃបាននោះទេ។
ត្រឡប់មកជនរងគ្រោះដោយសារគ្រាប់កាំភ្លើងវិញ អ្នកស្រី ណារុំ បានខំធ្វើការងារស៊ីឈ្នួលនៅចម្ការម្រេច ដើម្បីរកប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ និងបង់រំលស់បំណុល។
អ្នកស្រីបានបង្ហាញការសោកស្ដាយដែលមានរឿងអាក្រក់កើតឡើងចំពោះអ្នកស្រី ហើយធ្វើឲ្យបាត់បង់ប្រាក់ដែលបានចំណាយលើចម្ការ និងថ្លៃព្យាបាលជំងឺ។
អ្នកស្រីមានប្រសាសន៍ថា៖ «ស្តាយៗហើយ លុយយើងទម្រាំបានមួយម៉ឺនពីរម៉ឺន ឲ្យតែមានជីវិតនៅរស់ នៅចិញ្ចឹមកូន នៅរកបានទៀត»។
អ្នកស្រីនិងស្វាមីរបស់អ្នកស្រីមានប្រសាសន៍ថា ពួកគេមិនចង់ប្ដឹងផ្ដល់បន្តករណីនេះទេ ហើយស្នើសុំបញ្ចប់ត្រឹមនេះ។
អ្នកស្រីបានថ្លែងថា៖ «និយាយទៅដូចថាគ្មានប្រយោជន៍អី។ មិនដឹងទៅនិយាយធ្វើអី។ កន្លងហួស ខ្ជិលឲ្យចប់ត្រឹមហ្នឹងទៅ។ ខ្ញុំខ្ជិល ប៉ុណ្ណឹងឲ្យវារួច ចាត់ទុកថាស៊យទៅចុះ»៕