ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ស ខេង​​ព្រមាន​អាជ្ញាធរ​ខេត្ត​ឱ្យ​ឈប់​ប្រើ​កង​កម្លាំង​យោធា​បង្រ្កាប​បាតុកម្ម​របស់​ប្រជាពលរដ្ឋ


រូប​ឯកសារ៖ លោក ពៅ សារ័ត្ន អាយុ២៨ឆ្នាំ រងរបួសដោយសារគ្រាប់កាំភ្លើងនៅកន្លែងប្រជាពលរដ្ឋតវ៉ា ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ (រូបភាពពីអង្គការលីកាដូ)
រូប​ឯកសារ៖ លោក ពៅ សារ័ត្ន អាយុ២៨ឆ្នាំ រងរបួសដោយសារគ្រាប់កាំភ្លើងនៅកន្លែងប្រជាពលរដ្ឋតវ៉ា ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ (រូបភាពពីអង្គការលីកាដូ)

បន្ទាប់​ពី​មាន​ប្រតិកម្ម​រិះគន់​ពី​សំណាក់​សង្គម​ស៊ីវិល​​និង​ពល​រដ្ឋ​​លើ​ករណី​បាញ់​​បង្ក្រាប​បាតុកម្ម​ដីធ្លី​មួយ​កន្លែង​ក្នុង​ខេត្ត​ព្រះ​សីហនុ​ ​លោក​​ស ខេង​ ​រដ្ឋមន្រ្តី​ក្រសួង​មហា​ផ្ទៃ​បាន​លើក​ឡើង​ថា​ ​ការ​ប្រើ​ប្រាស់​កងកម្លាំង​យោធា​ពី​សំណាក់​រដ្ឋបាល​ខេត្ត​គឺ​ជា​អំពើ​ផ្ទុយ​ពី​ច្បាប់។

នា​ព្រឹក​ថ្ងៃ​ពុធ​នេះ​ លោក​ស ខេង​រដ្ឋ​មន្រ្តី​ក្រសួង​មហាផ្ទៃ​ ​បាន​ព្រមាន​មន្ត្រី​ក្រោម​បង្គាប់​របស់​ខ្លួន​នៅ​តាម​បណ្តា​ខេត្ត​នានា​ឱ្យ​ឈប់​ប្រើប្រាស់​កង​កម្លាំង​យោធា​ដើម្បី​បង្រ្កាប​សកម្មភាពបាតុកម្មរបស់​ប្រជា​ពល​រដ្ឋ​នៅ​តាម​មូល​ដ្ឋាន​របស់​ខ្លួន។

ការ​លើក​ឡើង​ពី​សំណាក់​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​រូប​នេះ​បាន​ធ្វើ​ឡើង​ ​បន្ទាប់​ពីមាន​ករណី​យោធា​ចុះ​បង្រ្កាប​ពលរដ្ឋ​ធ្វើ​បាតុកម្ម​ពាក់ព័ន្ធ​នឹង​បញ្ហា​ដី​ធ្លី​នៅ​ខេត្ត​ក្រចេះ ​និង​ខេត្ត​ព្រះ​សីហនុ ​ដែល​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ពីសំណាក់​អង្គការ​សង្គម​ស៊ីវិល​ និង​ពល​រដ្ឋ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក។​

ក្នុង​ពិធី​បើក​សន្និបាត​ត្រួត​ពិនិត្យ​ការងារ​ឆ្នាំ​២០១៨​លើក​ទិស​ដៅ​ការ​ងារ​ឆ្នាំ​២០១៩​ កាល​ពី​ព្រឹក​ថ្ងៃ​ពុធ​ ​លោក​ស ខេង​ ​រដ្ឋមន្រ្តី​ក្រសួង​មហា​ផ្ទៃ​ បាន​និយាយ​ថា៖​

«ឥឡូវ​យើង​ចង់​និយាយ​ថា​ ​យើង​អ្នក​ច្បាប់​ណា៎។ ​អ្នក​រដ្ឋបាល​ អ្នក​ច្បាប់ត្រូវ​ដឹង។​ គាត់​ទៅ​យក​កម្លាំង​អនុវត្ត​ច្បាប់ នរបាល​ និង​ប៉េអឹម​ត្រូវ​ហើយ។​ ប៉ុន្តែ​បើ​គាត់​ទៅ​យក​កម្លាំង​យោធា​ ខុស។​ គេ​មិន​យក​កម្លាំង​យោធា​ទៅ​អនុវត្ត​ដី​កា​ទេ»។

លោក​បាន​បន្ត​ថា៖​

«រឿង​ហ្នឹង​កើត​នៅ​ក្រចេះ​មួយ ​កើត​នៅ​ខេត្ត​ព្រះសីហនុ​មួយ។​ ហ្នឹង​មាន​ន័យ​ថា​ យើង​រដ្ឋបាល​ខេត្ត​ប៉ុនណា​ណី ​អត់​ដឹង​ច្បាប់?​ តែ​ប្រយ័ត្ន​ដល់​ខេត្ត​ផ្សេង​ទៀត​ណា៎។ ​មិន​បាន​ប្រាប់​អ៊ីចឹង​ រមៀល​ទៅ​ទៀត ​មានអី​ទៅ​ប្រើ​យោធា​អនុវត្ត​ច្បាប់​បន្ត​ទៀត​ហ្អា»។

កាល​ពី​ថ្ងៃ​ទី២៤​ខែ​មករា​កន្លង​ទៅ​នេះ​ មាន​ករណី​ផ្ទុះ​ការ​តវ៉ា​ក្នុង​ជម្លោះ​ដី​ធ្លី​មួយ​នៅ​ស្រុកព្រៃ​នប់​ខេត្ត​ព្រះ​សីហនុ​ ដែល​នាំ​ឲ្យ​មាន​ការ​បាញ់​កាំភ្លើង​ពិត​ពី​សំណាក់​កង​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ដែល​បាន​ចុះ​អនុវត្ត​សាលដីកា​ស្ថាពរ​របស់​តុលាការ​កំពូល។​ នៅ​ក្នុង​ហេតុ​ការណ៍​នោះ​ ប្រជា​ពល​រដ្ឋ​ម្នាក់​បាន​រង​របួស​ពី​គ្រាប់​កាំភ្លើង​របស់​សមត្ថកិច្ច។​ ក្រោយ​ពី​ហេតុ​ការណ៍​នោះ​ ​អាជ្ញាធរ​ខេត្ត​បង្ហាញ​ទឡ្ហីករណ៍​ខុស​ ហើយ​បាញ់​លើ​ពល​រដ្ឋ​នោះ។​

បន្ទាប់​ពី​មាន​ហេតុ​ការណ៍​បង្រ្កាប​ដោយ​ហិង្សា​ពី​សំណាក់​សមត្ថកិច្ចលើ​ពលរដ្ឋ​នៅ​ខេត្ត​ព្រះ​សីហនុ ​ក្រុម​តំណាង​រាស្រ្ត​ចំនួន១៧​នាក់​នៃ​គណបក្ស​សង្រ្គោះ​ជាតិ​ ដែល​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​ចោល​កាល​ពី​ឆ្នាំ​២០១៧ ​ក៏​បាន​ដាក់​លិខិត​ទៅ​កាន់​មេ​ដឹកនាំ​គោល​នយោបាយ​ និង​ពាណិជ្ជ​កម្ម​របស់​សហភាព​អឺរ៉ុប​ រៀបរាប់​ពី​ហេតុ​ការណ៍​បង្រ្កាប​នេះ។​

នៅ​ក្នុង​ហេតុការណ៍​បង្រ្កាប​ដោយ​ឡែក​មួយ​ផ្សេង​ទៀត​ ប្រជា​ពលរដ្ឋ​នៅ​ស្រុក​ស្នួល​ ខេត្ត​ក្រចេះ​បាន​រង​ការ​បង្រ្កាប​ដោយ​អាវុធ​ពី​អាជ្ញាធរ។​ ប្រជា​ពល​រដ្ឋ​យ៉ាង​តិច៣​នាក់​បាន​រងរបួស​ ដោយ​សារ​គ្រាប់​កាំភ្លើង​ និង​មួយ​ចំនួន​ទៀត​រង​របួស​ ដោយ​សារ​ការ​វាយដំ​ដោយ​សមត្ថកិច្ច​ ហើយប្រជា​ពល​រដ្ឋ៨​នាក់​ត្រូវ​បាន​ចាប់​ខ្លួន។​

រូប​ឯកសារ៖ រូបភាពថតពីវីដេអូ​ដែល​ត្រូវ​បាន​ចែកចាយ​តាម​ទំព័រ​បណ្តាញ​សង្គម Facebook បង្ហាញ​ពី​ការប៉ះទង្គិចគ្នា​ដោយ​ហិង្សា​រវាង​អាជ្ញាធរ​ខេត្ត​ក្រចេះ ​ជាមួយ​ពលរដ្ឋ​រងគ្រោះ​ដោយ​ការរំលោភ​ដី​ធ្លី​នៅ​ក្នុង​ខេត្ត​ក្រចេះ​នៅ​ថ្ងៃទី ០៨ ខែមីនា ឆ្នាំ២០១៨។ (រូបភាព៖ ថត​ពីទំព័រ Facebook)
រូប​ឯកសារ៖ រូបភាពថតពីវីដេអូ​ដែល​ត្រូវ​បាន​ចែកចាយ​តាម​ទំព័រ​បណ្តាញ​សង្គម Facebook បង្ហាញ​ពី​ការប៉ះទង្គិចគ្នា​ដោយ​ហិង្សា​រវាង​អាជ្ញាធរ​ខេត្ត​ក្រចេះ ​ជាមួយ​ពលរដ្ឋ​រងគ្រោះ​ដោយ​ការរំលោភ​ដី​ធ្លី​នៅ​ក្នុង​ខេត្ត​ក្រចេះ​នៅ​ថ្ងៃទី ០៨ ខែមីនា ឆ្នាំ២០១៨។ (រូបភាព៖ ថត​ពីទំព័រ Facebook)

លោកមាស នី​ អ្នក​សិក្សា​ខាង​ផ្នែក​អភិវឌ្ឍន៍​សង្គម ​គាំទ្រ​ការ​លើក​ឡើង​ពី​សំណាក់​លោក​ស ខេង​ រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ។​ លោកមាស នី​បានសំដៅ​ទៅ​ការ​ប្រើប្រាស់​កម្លាំង​សមត្ថ​កិច្ច​ ដើម្បី​បង្រ្កាប​ប្រជា​ពលរដ្ឋ​តវ៉ា។ លោក​និយាយក្នុង​ន័យ​ដើម​ថា៖​

«ហាក់​ដូច​ជា​ពឹង​ផ្អែក​លើ​ខ្នង​អ្នក​មាន​អំណាច​ក្នុង​តំបន់​នីមួយៗ​ច្រើន​ជា​ជាង​ការ​យក​អ្វី​ដែល​ជា​នីតិវិធី​របស់​ប្រព័ន្ធ​រដ្ឋ»។​

លោក​បាន​និយាយ​ថា៖​

«យើង​សម្លឹង​មើល​ ឧទាហរណ៍​ករណី​ដី​ធ្លី​នោះ វា​ប៉ះពាល់​ដល់​ឧកញ៉ា​មួយ​ ដែល​គេ​មាន​ខ្នង​ ឬ​កងទ័ព​ កង​កម្លាំង​ណា​មួយ​ទៅ​ គឺគេ​ហៅ​គ្នា​គេ​ទៅ»។​

លោក​មាស នីបាន​បន្ត​ថា​ ​ក្រសួង​ការពារ​ជាតិ​មាន​តួនាទី​ការពារ​ទឹកដី ​ហើយ​ការ​ប្រើប្រាស់​យោធា​គឺ​សម្រាប់​តែ​ក្នុង​ករណី​បះបោរ​ប្រដាប់​អាវុធ​ ​ដូចជា​ការ​ធ្វើ​រដ្ឋប្រហារ​ជា​ដើម​តែ​ប៉ុណ្ណោះ។ ​ចំពោះ​តួនាទី​របស់​រដ្ឋាភិបាល​នៅ​ក្នុង​ការ​គ្រប់គ្រង​អាជ្ញាធរ​មាន​សមត្ថកិច្ច​ លោកមាស នីបាន​លើក​ឡើង​ថា៖​

«ប្រសិន​បើ​រដ្ឋាភិបាល​នៅ​តែ​មិន​មើល​ឲ្យ​បាន​ច្បាស់​អំពី​របៀប​ដែល​ ឬ​ក៏​មិនមើល​ឡើង​វិញ​អំពី​តួនាទីរបស់​កងកម្លាំង​ ដែល​ត្រូវ​យក​មក​ប្រើ​បង្រ្កាប​មហាជន​ទេ​នោះ​ ខ្ញុំ​គិត​ថា​ ​វា​នឹង​បង្ក​ឲ្យ​មាន​អំពើ​អយុត្តិធម៌​ និង​អំពើ​ហិង្សា​ហ្នឹង​ច្រើន​ទៅ​ទៀត​ទៅ​ថ្ងៃ​ខាង​មុខ​ ​ហើយ​ធ្វើ​ឲ្យ​ការ​ខឹងសម្បារ​របស់​ពលរដ្ឋ​ហ្នឹង​វា​ចេះតែ​មាន​ខ្លាំង​ទៅៗ ​ដែល​អាច​ដល់​ពេលណា​មួយ​គេ​ថា​ ដល់​ក​រៀង​ខ្លួន​គឺ​វា​នឹង​អាច​មាន​បញ្ហា ​ឬ​វាសនា​អាក្រក់​អី​កើត​ឡើង​សម្រាប់​ការ​តវ៉ា​របស់​ពលរដ្ឋ»។​

អ្នក​វិភាគ​សង្គម​ លោកមាស នីយល់​ឃើញ​ថា​ ការ​អនុវត្ត​ច្បាប់​នៅ​កម្ពុជា​នៅ​ទន់​ខ្សោយ​នៅ​ឡើយ ​ហើយ​លោក​ស្នើ​ឲ្យ​មាន​ការ​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​ដើម្បី​ជា​ប្រយោជន៍រួម​ដល់​ពលរដ្ឋ​ខ្មែរ​ទាំងអស់​ផង​ដែរ៕

XS
SM
MD
LG