ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​បរាជ័យ​នៃ​កិច្ច​ប្រជុំ​រវាង​លោក Trump និង​លោក Kim Jong Un នៅ​វៀតណាម អាច​បើក​ឲ្យ​មាន​ការ​ចរចា​នុយក្លេអ៊ែរ​ប្រកប​ដោយ​ផ្លែផ្កា


លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​ជាមួយ​នឹង​មេដឹកនាំ​កូរ៉េ​ខាង​ជើង Kim Jong Un កាលពី​ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩។
លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​ជាមួយ​នឹង​មេដឹកនាំ​កូរ៉េ​ខាង​ជើង Kim Jong Un កាលពី​ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩។

ជម្លោះ​ពាក់ព័ន្ធ​នឹង​ការ​ដក​ទណ្ឌកម្ម​នេះ ប្រហែលជា​បង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​មាន​កំណត់​នៃ​វិធីសាស្ត្រ​បែប​ការទូត​ផ្ទាល់​ខ្លួន​របស់​លោក Trump ដែល​នោះ​គឺ​ការ​ព្យាយាម​ដើម្បី​ធ្វើ​ឲ្យ​ទំនាក់ទំនង​ជាមួយ​នឹង​លោក Kim Jong Un មាន​ភាព​ប្រសើរ​ឡើង ដើម្បី​ទទួល​បាន​នូវ​ការ​ធ្វើ​សម្បទាន​ពី​កូរ៉េ​ខាង​ជើង។

នៅ​ក្នុង​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម កាល​ពី​ថ្ងៃ​ទី ២៨ ខែ​កុម្ភៈកន្លង​ទៅ​នេះ ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​ដើរ​ចេញ​ពី​កិច្ច​ប្រជុំ​លើក​ទី​ពីរ​របស់​លោក​ជាមួយ​នឹង​មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក Kim Jong Un ក្រោម​ហេតុផល​ដែល​លោក​បញ្ជាក់​ថា ដោយសារតែ​លោក Kim Jong Un ចង់​ឲ្យ​មាន​ការ​ដក​ទណ្ឌកម្ម​ទាំង​អស់​ចេញ​ជា​ថ្នូរ​នឹង​ការ​លុប​បំបាត់​នុយក្លេអ៊ែរ​បន្តិច​ម្ដងៗ។

លោក Trump និយាយ​ដូច្នេះ​ថា៖ «និយាយ​រួម ប្រទេស​កូរ៉េ​ខាង​ជើង​ចង់​ឲ្យ​សហរដ្ឋ​អាមេរិក​ដក​ទណ្ឌកម្ម​ទាំង​អស់​ចេញ ប៉ុន្តែ យើង​មិន​អាច​ធ្វើ​ដូច្នេះ​ទេ។ កូរ៉េ​ខាង​ជើង​មាន​ឆន្ទៈ​លុប​បំបាត់​តំបន់​ផលិត​អាវុធ​នុយក្លេអ៊ែរ​មួយ​ផ្នែក​ធំ​ដែល​ពួក​យើង​ចង់​បាន ប៉ុន្តែ​ពួក​យើង​នឹង​មិន​លះបង់​ការ​ដាក់​ទណ្ឌកម្ម​ទាំង​អស់​ជា​ថ្នូរ​នឹង​រឿង​នេះ​ទេ។ ដូច្នេះ យើង​នឹង​នៅតែ​បន្ត​ធ្វើ​ការ​លើ​រឿង​នេះ និង​ចាំ​មើល​ថា​តើ​នឹង​មាន​អ្វី​កើត​ឡើង‍»។

ប្រទេស​កូរ៉េ​ខាង​ជើង​បាន​បញ្ជាក់​ថា ខ្លួន​ចង់​ឲ្យ​មាន​ការ​ដក​ទណ្ឌកម្ម​មួយ​ចំនួន​ដែល​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​របស់​ខ្លួន​ចេញ​តែ​ប៉ុណ្ណោះ។ ប៉ុន្តែ ឥទ្ធិពល​មាន​ប្រៀប​ដ៏​សំខាន់​បំផុត​មួយ ដែល​លោក Trump នៅ​ទុក​ក្នុង​រឿង​ចរចា​នេះ គឺ​ប្រហែលជា​ទណ្ឌកម្ម​របស់​អង្គការ​សហប្រជាជាតិ ដែល​កំពុង​ដាក់​លើ​កូរ៉េ​ខាង​ជើង​សព្វថ្ងៃ ដែល​ទណ្ឌកម្ម​នេះ​បាន​រារាំង​ការ​នាំ​ចូល​ប្រេង និង​រារាំង​ការ​នាំ​ចេញ​ទំនិញ​ភាគ​ច្រើន​របស់​កូរ៉េ​ខាង​ជើង។

អ្នកស្រី Jenny Town អ្នក​វិភាគ​ផ្នែក​កិច្ច​ការ​កូរ៉េ​នៃ​មជ្ឈមណ្ឌល Stimson និយាយ​ថា៖ «គេ​នៅ​មិន​ទាន់​ច្បាស់​ទេ​អំពី​អ្វី​ដែល​បាន​ស្នើ​ឡើង ប៉ុន្តែ​វា​គឺ​ជា​អ្វី​ដែល​ហួស​ពី​ការ​ដែល​អាច​ទទួល​យក​បាន​សម្រាប់​ការ​ផ្ដោះប្ដូរ​ដែល​ពួកគេ​បាន​ស្នើ​ឡើង​នោះ‍»។

ជម្លោះ​ពាក់ព័ន្ធ​នឹង​ការ​ដក​ទណ្ឌកម្ម​នេះ ប្រហែលជា​បង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​មាន​កំណត់​នៃ​វិធីសាស្ត្រ​បែប​ការទូត​ផ្ទាល់​ខ្លួន​របស់​លោក Trump ដែល​នោះ​គឺ​ការ​ព្យាយាម​ដើម្បី​ធ្វើ​ឲ្យ​ទំនាក់ទំនង​ជាមួយ​នឹង​លោក Kim Jong Un មាន​ភាព​ប្រសើរ​ឡើង ដើម្បី​ទទួល​បាន​នូវ​ការ​ធ្វើ​សម្បទាន​ពី​កូរ៉េ​ខាង​ជើង។

អ្នកស្រី Katharine Moon អ្នក​វិភាគ​កិច្ចការ​កូរ៉េ​នៃ​វិទ្យាស្ថាន Brookings និយាយ​ថា៖ «នៅ​ទី​បំផុត លោក Trump យល់​ថា វិធីសាស្ត្រ​ទាក់ទាញ​របស់​លោក​មិន​ទាន់​គ្រប់គ្រាន់​ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​ការ​លុប​បំបាត់​នុយក្លេអ៊ែរ​នោះ​ទេ‍»។

គេ​ជឿ​ថា ប្រទេស​កូរ៉េ​ខាង​ជើង​មាន​អាវុធ​នុយក្លេអ៊ែរ​ពី ២០ ទៅ ៦០ និង​ថែម​ទាំង​មាន​សមត្ថភាព​បាញ់​មីស៊ីល​ចម្ងាយ​ឆ្ងាយ ដែល​អាច​ហោះ​ដល់​ដែនដី​សហរដ្ឋ​អាមេរិក​បាន​ទៀត​ផង‍។

នៅ​ក្នុង​អំឡុង​ពេល​កិច្ច​ប្រជុំ​លើក​ទី​មួយ​រវាង​លោក Trump និង​លោក Kim Jong Un ក្នុង​ប្រទេស​សិង្ហបុរី កាល​ពី​ខែ​មិថុនា ឆ្នាំ​មុន លោក Kim Jong Un បាន​ប្ដេជ្ញា​យ៉ាង​ទូលំទូលាយ​ថា​នឹង​ព្យាយាម​លុប​បំបាត់​នុយក្លេអ៊ែរ​ទាំង​ស្រុង។

កាល​ពី​កិច្ច​ប្រជុំ​នៅ​ក្នុង​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម មេដឹកនាំ​ទាំង​ពីរ​ត្រូវ​គេ​រំពឹង​ថា នឹង​ឯកភាព​គ្នា​លើ​វិធានការ​ជាក់​ច្បាស់​មួយ​ចំនួន​ដូចជា ការ​កម្ទេច​ចោល​នូវ​រោងចក្រ​នុយក្លេអ៊ែរ Yongbyon ដែល​កំពុង​ផលិត​ប្រេង​ភ្លុយតូនីញ៉ូម និង​ការ​ធ្វើ​ឲ្យ​ទំនាក់ទំនង​មាន​ភាព​ប្រសើរ​ជាង​មុន​ដោយ​ការ​ចុះ​ហត្ថលេខា​លើ​សេចក្ដី​ប្រកាស​សន្តិភាព។

ការ​ចរចា​នានា​នៅ​មុន​ពេល​កិច្ច​ប្រជុំ​លើក​ទី​ពីរ​នេះ​ចូល​មក​ដល់ ក៏​ទំនងជា​បាន​បង្ហាញ​សញ្ញា​ថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​មាន​ឆន្ទៈ​សម្រប​សម្រួល​មួយ​ចំនួន​ទាក់ទិន​នឹង​ការ​ទាមទារ​ជា​យូរ​មក​ហើយ​របស់​ខ្លួន​ដែល​ចង់​ឲ្យ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​កម្ទេច​ចោល​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​ទាំង​ស្រុង​ជា​មុន​សិន មុន​ពេល​មាន​ការ​ធ្វើ​សម្បទាន​ណា​មួយ។

លោក James McKeon នៃ​មជ្ឈមណ្ឌល​គ្រប់គ្រង​អាវុធ និង​ការ​ធ្វើ​មិន​ឲ្យ​រីក​សាយភាយ​អាវុធ (Center for Arms Control and Non-Profliferation) បាន​និយាយ​ថា៖ «វា​បង្ហាញ​ថា សហរដ្ឋ​អាមេរិក​មាន​ចំណាប់​អារម្មណ៍​នៅ​ក្នុង​វិធីសាស្ត្រ​មួយ​ជំហាន​ម្ដង​មួយ​ជំហាន​ម្ដង ក្នុង​ការ​ចរចា​ជាមួយ​កូរ៉េ​ខាង​ជើង ដែល​នេះ​គឺ​ជា​អ្វី​ដែល​អង្គការ​របស់​ខ្ញុំ និង​អង្គការ​ផ្សេង​ទៀត​បាន​ផ្ដល់​ជា​អនុសាសន៍​អស់​រយៈពេល​ជា​យូរ​មក​ហើយ។ វិធីសាស្ត្រ​គ្មាន​ការ​សម្របសម្រួល​នេះ​នឹង​មិន​ទទួល​បាន​ជោគជ័យ​នោះ​ទេ‍»។

សម្រាប់​ពេល​បច្ចុប្បន្ន​នេះ ភាគី​ទាំង​ពីរ​ទំនងជា​នៅ​បើក​ចំហ​បន្ត​ការ​ចរចា​រឿង​នុយក្លេអ៊ែរ​នេះ ប៉ុន្តែ​អ្នក​វិភាគ​នានា​បាន​បញ្ជាក់​ថា វា​ប្រហែល​ជា​ដល់​ពេល​នៃ​ការ​ចរចា​កម្រិត​ការងារ​ហើយ ដើម្បី​ស្វែង​រក​ដំណោះស្រាយ​នៃ​ការ​ខ្វែង​គំនិត​គ្នា​ផ្នែក​គោល​នយោបាយ​ដ៏​ស្មុគស្មាញ​នេះ មុន​ពេល​មេដឹកនាំ​ទាំង​ពីរ​ប្ដេជ្ញា​រៀបចំ​កិច្ច​ប្រជុំ​មួយ​លើក​ទៀត៕

ប្រែ​សម្រួល​ដោយ ភី សុភាដា

វីដេអូថ្មីៗបំផុត

XS
SM
MD
LG