ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកវិភាគ​សម្តែង​មតិ​ចម្រុះ​រឿង​ជំនួប​រវាង​លោក​ ត្រាំ ​និង​លោក​គីម​នៅ​វៀតណាម


លោក​ប្រធានាធិបតី​អាមេរិក​ ដូណាល់​ត្រាំ ​(ឆ្វេង) ចាប់រលាក់ដៃ​ជាមួយនឹង​លោក ​គីម ជុងអ៊ុន​ មេដឹកនាំ​កូរ៉េ​ខាងជើង​ក្រោយពី​កិច្ចប្រជុំ​មួយ នៅ​សណ្ឋាគារ Sofitel Legend Metropole ក្នុងទីក្រុងហាណូយ​ ប្រទេស​វៀតណាម នៅ​ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០១៩។
លោក​ប្រធានាធិបតី​អាមេរិក​ ដូណាល់​ត្រាំ ​(ឆ្វេង) ចាប់រលាក់ដៃ​ជាមួយនឹង​លោក ​គីម ជុងអ៊ុន​ មេដឹកនាំ​កូរ៉េ​ខាងជើង​ក្រោយពី​កិច្ចប្រជុំ​មួយ នៅ​សណ្ឋាគារ Sofitel Legend Metropole ក្នុងទីក្រុងហាណូយ​ ប្រទេស​វៀតណាម នៅ​ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០១៩។

លោក​បណ្ឌិត​ ឈាង វណ្ណារិទ្ធ​ អ្នកវិភាគ​កិច្ចការ​តំបន់ ​បានថ្លែង​ប្រាប់ ​VOA ​នៅមុន ជំនួប​រវាង​មេដឹកនាំ​ទាំងពីរ​កាលពី​ថ្ងៃ​ពុធថា​ ការរំសាយ​អាវុធ​នុយ​ក្លេអ៊ែរ​ដូចការ​រំពឹងទុក ​ទំនង​ជាមិន​អាច​ទៅរួច​ទេ​នៅ​លើក​នេះ ​ក្រៅតែ​ពីការ​សម្តែង​ឲ្យឃើញ​ពីផលវិជ្ជមាន​ជា​នយោបាយ។

ដោយ​មិន​ទាន់​គិតដល់​លទ្ធផល​នៃជំនួប​រវាង​លោក​ប្រធានាធិបតី​អាមេរិក​ ដូណាល់​ត្រាំ ​និង​ លោក ​គីម ជុងអ៊ុន​ មេដឹកនាំ​កូរ៉េ​ខាងជើង​នៅ​វៀតណាម​ថានឹង​ចេញ​ជា​យ៉ាង​ណា​ជា​ប្រាកដ​នោះ​ អ្នកវិភាគ​ខ្លះ​បាន​ផ្តល់​អត្ថាធិប្បាយ​ផ្សេងៗគ្នា​ទាក់ទង​នឹង​ជំនួប​ដែល​ត្រូវ​គេ​រំពឹង​ថា នឹង​ឈាន​ទៅ​រំសាយ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉​ខាងជើង​ ឬ ដំណោះ​ស្រាយ​បញ្ហា​ឧបទ្វីប​កូរ៉េ​ នៅពេល​ណា​មួយ​នោះ។

ក្រុម​អ្នក​វិភាគ​កិច្ចការ​តំបន់​និង​កម្ពុជា​ បាន​បង្ហាញ​នូវទស្សន​ចម្រុះគ្នា​រឿង​ជំនួប​កំពូល រវាង​លោក ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ ដូណាល់ ត្រាំ ​និង ​មេដឹកនាំ​កូរ៉េ​ខាង​ជើង គីម ជុងអ៊ុន​ ដោយ​និយាយ​ថា​ ភាព​វិជ្ជមាន​ទំនង​ជាធ្ងន់​លើ​បញ្ហា​នយោបាយ​ច្រើន​ជាង ការ​រំសាយ​អាវុធ​នុយក្លេអ៊ែរ​ នៅមុន​ពេល​លទ្ធផល​នៃជំនួប​កំពូល​លើក​ទី២​នេះ ​ដែល កំពុង​ប្រព្រឹត្ត​ទៅក្នុង​ទីក្រុង​ហាណូយ ​ប្រទេស វៀតណាម។

រូបឯកសារ៖ លោក​ ​ឈាង វណ្ណារិទ្ធ​ ​អ្នកវិភាគ​កិច្ចការ​តំបន់ ក្នុង​ពេល​លោក​អញ្ជើញ​មកនៅ​ទីស្នាក់ការ​ VOA នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧។ (ទែន សុខស្រីនិត/VOA)
រូបឯកសារ៖ លោក​ ​ឈាង វណ្ណារិទ្ធ​ ​អ្នកវិភាគ​កិច្ចការ​តំបន់ ក្នុង​ពេល​លោក​អញ្ជើញ​មកនៅ​ទីស្នាក់ការ​ VOA នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧។ (ទែន សុខស្រីនិត/VOA)

លោក​បណ្ឌិត​ ឈាង វណ្ណារិទ្ធ​ អ្នកវិភាគ​កិច្ចការ​តំបន់ ​បានថ្លែង​ប្រាប់ ​VOA ​នៅមុន ជំនួប​រវាង​មេដឹកនាំ​ទាំងពីរ​កាលពី​ថ្ងៃ​ពុធថា​ ការរំសាយ​អាវុធ​នុយ​ក្លេអ៊ែរ​ដូចការ​រំពឹងទុក ​ទំនង​ជាមិន​អាច​ទៅរួច​ទេ​នៅ​លើក​នេះ ​ក្រៅតែ​ពីការ​សម្តែង​ឲ្យឃើញ​ពីផលវិជ្ជមាន​ជា​នយោបាយ។

«អញ្ចឹង​វាអាច​មាន​ភាព​ប្រាកដ​ប្រជា​ខ្លះ​ទាក់ទង​ទៅនឹង​ដំណើរ​នៃការ​រំសាយ​អាវុធ​នុយ ក្លេអ៊ែរនៅ​កូរ៉េ​ខាងជើង​ក៏ដូច​ជាការ​ដាក់នូវ​ពេល​វេលា​ជា​លក្ខណៈ បណ្តើរៗ​ដើម្បី​ឈាន ទៅរក​ការ​រំសាយ​អាវុធ​ហ្នឹង​ក៏ដូច​ជាការនូវ​ទណ្ឌកម្ម​សេដ្ឋកិច្ច​ហ្នឹង‍»។

លោក​ថា​ ភាគី​ទាំងពីរ​ទំនង​ជាអាច​មាន​ជាការ​ចេញ​សេចក្តី​ថ្លែងការណ៍​រួម ​តែ​ទំនង ជាមិន​អាច​ជាកិច្ច​ព្រមព្រៀង​សន្តិភាព​ ដែលជា​កិច្ច​ព្រមព្រៀង​មិន​អាច​ផ្លាស់ប្តូរ​បាន ហើយ​មាន​ជាប់​ទាក់​ទងនឹង​ភាគី​ពាក់ព័ន្ធ​ដូចជា​កូរ៉េ​ខាងត្បូង​ជាដើម។

«អីចឹងទេ​ រឿង​ហ្នឹង​ប្រហែល​ត្រូវការ​រយះពេល​បន្តបន្ទាប់​ទៅទៀត‍»។

លោកថា​មេដឹកនាំ​ទាំងពីរ​ នឹង​នៅមាន​ការ​ថ្លឹងថ្លែង​ពីការ​រំសាយ​អាវុធ​នុយក្លេអ៊ែរ ប្រល័យ​លោក​ នៅ​ពេល​ណា ​មាន​សម្បទាន​យ៉ាងណា​ សម្រប​សម្រួល​ប៉ុណ្ណា ​ទទួល យក​ប៉ុណ្ណា​ ហើយ​តើ​អាមេរិក​និង​លោក​ខាង​លិច​នឹង​បន្ធូរបន្ថយ​ទណ្ឌកម្ម​ប៉ុណ្ណា​ ពេល ណា​ ចាប់ផ្តើម​ពេលណា​ដើម្បី​ឲ្យកូរ៉េ​ខាងជើង​អភិវឌ្ឍ​ប្រទេស​ខ្លួន​ជាដើម​នោះ។ តែលោក​ ដូណាល់ ត្រាំ ​ដែល​កំពុង​ប្រឈមមុខ​នឹង​បញ្ហា​នយោបាយ​ផ្ទៃក្នុង​ យ៉ាង​ធ្ងន់ ធ្ងរ​នោះ ​ទំនង​ជាអាច​ប្រើប្រាស់​រឿងនេះ​ដើម្បី​ទាញ​យក​ការគាំទ្រ​លោក។

រូបឯកសារ៖ លោក សុខ ទូច ប្រធាន​រាជបណ្ឌិត​សភា​។ (VOA)
រូបឯកសារ៖ លោក សុខ ទូច ប្រធាន​រាជបណ្ឌិត​សភា​។ (VOA)

ប្រធាន​រាជបណ្ឌិត​សភា​គឺលោក​បណ្ឌិត ​សុខ ទូច ​ដែល​និយាយ​ក្នុងនាម​ជាអ្នក​វិភាគ នយោបាយ​នៅ​កម្ពុជា​បាន​អះអាង​ថាវា​ជារឿង​មិនអាច​ទៅរួចទេ​ក្នុងការ​ប៉ុនប៉ង រំសាយ​អាវុធ​នុយក្លេអ៊ែរ​ជាមួយ​កូរ៉េ​ខាងជើង​ដែលជា​ប្រទេស​កុម្មុយនីស្ត​តពូជ​នោះ វាជា​រឿង​មិនអាច​ទៅរួច​ឡើយ។

«តែបើ​គ្រាន់តែ​បន្ធូរបន្ថយ​ភាព​តានតឹង​រវាង​កូរ៉េ​ខាង​ជើង​និង​កូរ៉េ​ខាងត្បូង​ គឺ​ឧបទ្វីប កូរ៉េហ្នឹង​បាន។​ តែទៅ​ដាក់​លក្ខខណ្ឌ​ណាមួយ​ទាក់ទិន​ទៅនឹង​ការ​រំលាយ​នុយក្លេអ៊ែរ ខ្ញុំជឿ​ជាក់ថា​វាជា​ការ​លំបាក‍»។

លោក​ សុខ ទូច​ បាន​បន្ត​ថា ​សហរដ្ឋ​អាមេរិក​យក​ប្រទេស​វៀតណាម​ដើម្បី​ជាទី​កន្លែង ជំនួប​កំពូល​លើកទី២ ​បន្ទាប់ពី​ប្រទេស​សីង្ហបូរី​នោះ ​គឺជា​សញ្ញា​នៃទំនាក់​ទំនង​ដែល អាមេរិក​មាន​ជាមួយ​វៀតណាម​ ដែលជា​ប្រទេស​កុម្មុយនីស្ត។

«អាមេរិក​ចង់បង្ហាញ ​គីម ជុងអ៊ុន ​រឿង​ជំនួយ​នៅ​វៀតណាម​ហ្នឹង​ថា​ នែ ​វៀតណាម​ជា​ប្រទេស​កុំម្មុយនិស្ត ​ជាប្រទេស​ឯកបក្ស ​ប៉ុន្តែ​គេត្រូវ​ជាមួយ​អាមេរិក ​សំខាន់​យើង​ត្រូវគ្នា មិន​សំខាន់​មនោគម​ទេ ​ព្រោះ​មនោគម​វាបាន​សាបហើយ។ ​នេះគឺ​លោក ​ត្រាំ​ចង់ បង្ហាញអីចឹង​ តែបង្ហាញ​អីចឹង​សម្រាប់​ប្រទេស​កុម្មុយនីស្ត​ដែលគ្មាន​តំណ​ពូជ ​ប៉ុន្តែ​រឿង គីម ជុងអ៊ុន​គឺជារឿង​តំណ​ពូជ ​ហើយជា​រឿង​រនាំង​របស់ចិន​ដ៏ធំមួយ​សម្រាប់​ទប់ ​ជាមួយ ជប៉ុន​ និង​កូរ៉េខាងត្បូង‍»។

ក្នុង​ពេល​តែ​ប៉ុន្មាន​ម៉ោង​មុន​ជំនួប​កំពូល​លើក​ទី​ពីរ​របស់​លោក​ជាមួយ​មេដឹកនាំ​នៃ​ប្រទេស​កូរ៉េខាង​ជើង​ លោក​ប្រធានាធិបតី​ស.រ.អា​ Donald Trump ​បាន​សុំ​ដល់​ «មិត្ត» របស់​លោក​គឺ​លោក ​Kim Jong Un ​ឱ្យ​បោះបង់​ឃ្លាំង​អាវុធ​នុយក្លេអ៊ែរ​របស់​លោក​ដើម្បី​ធ្វើ​ឱ្យ​ប្រាកដ​ប្រជា​ថា​ ប្រទេស​លោក​នឹង​មាន​អនាគត​ «គួរ​ឱ្យ​ស្ងើច​សរសើរ» ។

នៅ​ក្នុង​សារ​តាម​ប្រព័ន្ធ​ទ្វីធឺ​ (Twitter) មួយ​កាលពី​ព្រឹក​ថ្ងៃ​ពុធ​ពី​ក្រុង​ហាណូយ ​លោក​ប្រធានាធិបតី​ Trump ​បាន​និយាយ​ថា​ លោក​ Kim គួរ​ដេញ​តាមភាព​ជោគជ័យ​នៃ​ប្រទេស​វៀតណាម ​ដែល​ជា​ប្រទេស​កុម្មុយនីស្ត​ដែរ ​ដែល​លោក​និយាយ​ថា​ «ចម្រើន​លូត​លាស់​ដូច​កន្លែង​ពីរ​បី​នៅលើ​ពិភព​លោក»។

លោក​ Trump ​បាន​និយាយ​ថា​ «សក្តានុពល​គួរ​ឱ្យ​ស្ងើច​សរសើរ វា​ជា​ឱកាស​ធំមួយ សឹង​តែ​គ្មាន​ក្នុង​ប្រវត្តិសាស្ត្រ ​សម្រាប់​មិត្តខ្ញុំ ​Kim Jong Un»។

នៅ​ក្នុង​ Tweet មួយ​ទៀត​នៅ​ពេល​បន្ទាប់​ លោក​ប្រធានាធិបតី​អាមេរិក​បាន​និយាយ​ថា​លោក​និង​លោក​ Kim​ «នឹង​ខិត​ខំ​ធ្វើការ​ខ្លាំង​អំពី​ការ​ធ្វើកុំ​ឱ្យមាន​អាវុធ​នុយក្លេអ៊ែរ» និងធ្វើ​របប​គ្រប់គ្រង​សង្កត់សង្កិននេះ ​ក្លាយ​ទៅ​ជា​ «មហា​អំណាច​សេដ្ឋកិច្ចមួយ»។ លោក​ Trump បាន​សរសេរ​ថា​លោក​មានជំនឿ​ថា​ប្រទេស​ចិន រុស្សី ​ជប៉ុន​និង​ប្រទេស​កូរ៉េខាង​ត្បូង​ដែល​ជា​ប្រទេស​ជាតិ​បួន​មាន​ទាក់ទិន​ជាមួយ​ស.រ.អា​ក្នុង​កិច្ចចរចា​គ្មាន​ជោគជ័យ​កាល​ពី​ពេលមុនៗ​ នឹង​និយាយ​បញ្ចុះ​បញ្ចូល ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ឱ្យ​បោះបង់​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួនដែល​ជា​ «ការ​មាន​ប្រយោជន៍​ណាស់»។

នាយក​កម្មវិធី​គោល​នយោបាយ​អាមេរិក ​កូរ៉េ នៃ​អង្គការ​តាក់តែង​គោល​នយោបាយ​អាមេរិក​មួយ​ ហៅថា​ ក្រុមប្រឹក្សា​ទំនាក់​ទំនង​អន្តរជាតិ​ (Council ​on Foreign ​Relations)
នាយក​កម្មវិធី​គោល​នយោបាយ​អាមេរិក ​កូរ៉េ នៃ​អង្គការ​តាក់តែង​គោល​នយោបាយ​អាមេរិក​មួយ​ ហៅថា​ ក្រុមប្រឹក្សា​ទំនាក់​ទំនង​អន្តរជាតិ​ (Council ​on Foreign ​Relations)

លោក ​ស្គត់ ស្នៃឌឺ ​(Scott Snyder)​ នាយក​កម្មវិធី​គោល​នយោបាយ​អាមេរិក ​កូរ៉េ នៃ​អង្គការ​តាក់តែង​គោល​នយោបាយ​អាមេរិក​មួយ​ ហៅថា​ ក្រុមប្រឹក្សា​ទំនាក់​ទំនង​អន្តរជាតិ​ (Council ​on Foreign ​Relations) ​បាន​អះអាង​ថា​មេដឹកនាំ​ទាំងពីរ​បាន បង្ហាញ​នូវកាយ​វិការ​ល្អចំពោះ​កិច្ចប្រជុំ​កំពូល​ ហើយ​បង្ហាញ​ពីការ​រីកចម្រើន​ក្នុង​ការ​បង្កើត​អាថ៌កំបាំង​ផ្ទាល់ខ្លួន​ផងដែរ។

«លោក​ គីម ជុងអ៊ុន ​ក្នុងជំនួប​លើកនេះ ​ហាក់​ដូចជា​មាន​កាយ​វិការឆ្គង​តិចជាង​ជំនួប កំពូល​លើក​មុន​ ហើយ​លោក​គីម​ទំនង​ជាត្រូវ​បាន​ធានា​ និង ​អស់សំណើច​ខ្លះ​ដោយ ការបញ្ជាក់​របស់​លោក ​ត្រាំ​អំពី​សក្តានុពល​សេដ្ឋកិច្ច​នៃប្រទេស​កូរ៉េ​ខាងជើង។ ​មេដឹកនាំ​ទាំងពីរ​ហាក់ដូច​ជា​ទទួល​ស្គាល់​ថាពួក​អស់លោក​នឹង​ឈាន​ដល់ការ​រីកចំរើន​នៅ ដំណាក់ ​កាល​ខ្ពស់​ជាងមុន​ក្នុង​កិច្ចប្រជុំ​លើកនេះ​ដែលត្រូវ​គេរំពឹង​ថានឹង​ទទួល​បាន ជោគជ័យ​នោះ ។​ ហើយ​យើងនឹង​បាន​ឃើញ»។

មេដឹកនាំ​ទាំង​ពីរ​នាក់នេះ​បាន​ជួប​គ្នា​ក្នុង​រយៈពេល​ខ្លី​នៅ​ថ្ងៃ​ពុធ​នៅមុន​ពេល​ពិសារ​អាហារ​ពេល​យប់ដោយ​មាន​ការ​ចូល​រួម​ពី​សហការី​សំខាន់ៗពីរ​នាក់ ​និង​អ្នកបកប្រែ​ភាសា​ម្នាក់ពី​ភាគី​នីមួយៗ ។​ មន្ត្រី​សំខាន់​ពីររូប​របស់​អាមេរិក​នោះគឺ​មាន​ការចូល​រួមពី​សំណាក់​លោករដ្ឋមន្ត្រី​ការបរទេស​ Mike Pompeo ​និង​លោក ​Mick Mulvaney ​នាយ​ខុទ្ទកាល័យ​ស្តី​ទី​សេតវិមាន។ ​លោក​ Trump ​និង​លោក​ Kim នឹង​ធ្វើ​ការចរចា​ជា​ផ្លូវការ​ថែម​ទៀតនៅ​ថ្ងៃព្រហស្បតិ៍​នេះ​។​

លោក​ Donald Trump ​បាន​ចំណាយ​ពេលពាក់​កណ្តាល​ថ្ងៃដោយ​លោក​បាន​ជួប​ជាមួយ​ពួកមេដឹកនាំ​វៀតណាម។​ ភាគី​ទាំង​ពីរ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្មមួយ​ដោយ​ប្រទេស​វៀតណាម​នឹង​ទិញ​យន្តហោះ​ប្រតិកម្ម ​Boeing ​មានទឹក​ប្រាក់​រាប់ពាន់​លាន​ដុល្លារ៕

XS
SM
MD
LG