ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មករ​រោងចក្រ​ប្រាក់​ខែ​ទាប​បំផុត​១៩០ ដុល្លារ នៅឆ្នាំ​២០២០


រូបឯកសារ៖ កម្មការិនីកំពុង​ធ្វើការ​នៅ​ក្នុង​រោងចក្រ​កាត់ដេរ​មួយនៅ​រាជធានី​ភ្នំពេញ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦។
រូបឯកសារ៖ កម្មការិនីកំពុង​ធ្វើការ​នៅ​ក្នុង​រោងចក្រ​កាត់ដេរ​មួយនៅ​រាជធានី​ភ្នំពេញ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦។

សម្រាប់​ឆ្នាំ​២០២០​ខាងមុខ​នេះ ​កម្មករ​ដែល​​កំពុង​បម្រើ​ការ​ក្នុង​វិស័យ​​វាយនភណ្ឌ​ដែល​រួម​មាន​ផ្នែក ​កាត់ដេរ​សម្លៀកបំពាក់ និង​ស្បែកជើង​នឹង​ទទួល​បាន​ប្រាក់​ខែ​​គោល​ចំនួន​​​១៩០​ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ។ ពោល​គឺ​ច្រើន​ជាង​​ប្រាក់​ខែ​គោល​ក្នុង​ឆ្នាំ​២០១៩ ចំនួន​ប្រាំ​បី​ដុល្លារ។

បន្ទាប់​ពី​ជួប​ជុំ​ពិភាក្សា​គ្នាយ៉ាង​ស្វិត​ស្វាញ​ចំនួន​៦លើក តាំង​ពី​ចុងខែ​សីហា​មក ភាគី​ពាក់​ព័ន្ធ​នានា​បាន​សម្រេច​ដំឡើង​ប្រាក់​ខែ​គោល​ដល់​កម្មករ​កម្មការនី​រោង​ចក្រ​នៅ​កម្ពុជា​ចំនួន​ដល់​ចំនួន​១៩០​ដុល្លារ​ក្នុង​មួយ​ខែ។ រដ្ឋា​ភិបាល​និងតំណាងក្រុម​ថៅ​កែ​រោង​ចក្រអះអាង​ថា កម្មករ​រោង​ចក្រ​អាច​នឹង​ទទួល​ប្រាក់​ខែច្រើន​ជាង​ប្រាក់​ខែគោល​របស់​ពួកគេ ពោល​គឺ​រហូត​ដល់២០៧​ដុល្លារ​ឬ​២៦០​ដុល្លារ​ដោយ​បូក​ផ្សំ​ជាមួយ​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ។ ប៉ុន្តែ​តំណាង​សហជីព​មិន​ទាន់​ពេញ​ចិត្ត​នឹង​ការ​ដំឡើង​ប្រាក់ខែ​នេះទេ។

សម្រាប់​ឆ្នាំ​២០២០​ខាងមុខ​នេះ ​កម្មករ​ដែលកំពុង​បម្រើ​ការ​ក្នុង​វិស័យវាយនភណ្ឌ​ដែល​រួម​មាន​ផ្នែក ​កាត់ដេរ​សម្លៀកបំពាក់ និង​ស្បែកជើង​នឹង​ទទួល​បាន​ប្រាក់​ខែគោល​ចំនួន​១៩០​ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ។ ពោល​គឺ​ច្រើន​ជាងប្រាក់​ខែ​គោល​ក្នុង​ឆ្នាំ​២០១៩ ចំនួន​ប្រាំ​បី​ដុល្លារ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​ងារ​និងបណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​ តំណាង​សហជីព​កម្មករ ​តំណាង​ភាគី​និយោជក​ និង​ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ បាន​បោះឆ្នោត​កំណត់ប្រាក់​ឈ្នួល​អប្បបរមាខាង​លើ​សម្រាប់​កម្មករ​កម្មការនី​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ ក្រោយ​ពីភាគី​ទាំង​បួន​បាន​ចរចា​គ្នា​យ៉ាង​ស្វិត​ស្វាញចាប់​តាំង​ពី​ខែ​សីហា​មក។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​គូស​បញ្ជាក់​ថា ក្នុង​ប្រាក់​ឈ្នួល​ទាប​បំផុត​សម្រាប់​ក្រុម​កម្មករ​កម្មការនី​ចំនួន​១៩០​ដុល្លារ​នេះ មាន​បី​ដុល្លារ​គឺ​ជា​ជំនួយ​ពី​ខាង​ភាគី​រដ្ឋា​ភិបាល។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បន្តថា​ ដោយ​បូក​ផ្សំ​ជាមួយ​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​ដូចជា

ប្រាក់​ថ្លៃ​បាយ​ ប្រាក់​សោហ៊ុយ​ថ្លៃ​ធ្វើ​ដំណើរ ប្រាក់​ស្នាក់​នៅ​និង​ប្រាក់​រង្វាន់​ការងារ កម្មករ​កម្មការនី​ម្នាក់​ៗ​អាច​ទទួល​បាន​ប្រាក់​ខែ​ជាមធ្យមទាប​បំផុត​ពី​២០៧​ដុល្លារ​ដល់​២១៨​ដុល្លារ​ក្នុង​មួយ​ខែ​នៅ​ឆ្នាំក្រោយ។

ប៉ុន្តែ​ លោក ​ខេន លូ ​អគ្គលេខាធិការ​សមាគម​រោង​ចក្រ​កាត់ដេរ​នៅ​កម្ពុជា ​ហៅ​កាត់​ថា​ GMAC បាន​អះអាងប្រាប់​ ​VOA នៅថ្ងៃ​នេះដែរថា កម្មករ​កម្មការនី រោងច​ក្រ​នៅ​កម្ពុជា​អាច​នឹង​ទទួល​ប្រាក់​ខែ​ទាប​បំផុត​ជា​មធ្យម​ក្នុង​រង្វង់​២៦០​ដុល្លារ​អាមេរិក​ ក្នុងមួយ​ខែ ប្រសិន​បើ​បូក​រួម​នឹង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗនិង​ប្រាក់​បន្ថែម​ម៉ោង​ការងារ។

ទោះ​យ៉ាង​ណា​លោក​ អាត ធន់ ​ប្រធាន​សហភាព​ការងារ​កម្ពុជា​ ​មិន​ពេញ​ចិត្ត​ចំពោះ​តួលេខ​នេះ​ឡើយ​។

«មូលហេតុ​ដែល​យើង​អត់​ពេញ​ចិត្ត​នៅ​លទ្ធផល​នេះ​ដោយសារតែ​ស្ថានភាព​សេដ្ឋកិច្ចក៏​ដូចជា​ស្ថានភាព​នៅ​ក្នុង​សង្គម​នៅ​មាន​សក្តានុពល​ច្រើន​ដែល​អាច​តំឡើង​ប្រាក់​ឈ្នួល​ហ្នឹង​បាន​ច្រើន​ជាង​នេះ»។

លោក​ហេង សួ អ្នក​នាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាលវិជ្ជាជីវៈ​បាន​ប្រាប់​VOA​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ ថា​តួលេខ​ដែល​ត្រូវ​បាន​កំណត់​នេះ​គឺ​ភាគី​ពាក់ព័ន្ធ​វាយតម្លៃ​ផ្អែក​លើ​ស្ថានភាព​សេដ្ឋកិច្ច​ជាក់ស្តែង​រួច​ហើយ។

«ហើយ​មុន​នឹង​ឈាន​ទៅដល់​នេះគឺ​ភាគី​ពាក់ព័ន្ធ​ទាំង​សងខាង គឺ​ភាគីកម្មករនិយោជិត​និង​ភាគី​និយោជកគឺ​បានពិនិត្យ​យ៉ាងល្អិត​ល្អន់ទៅលើ​លក្ខណៈវិនិ​ច្ឆ័យ​ដែល​រួម​មាន​ការ​ប្រកួត​ប្រជែង ការ​បម្រែបម្រួល​នៃ​តម្លៃ​ទំនិញ​ហើយ​និង​ផលិត​ភាព​ផងដែរ»។

វិស័យកាត់​ដេរ​សម្លៀក​បំពាក់​និង​ស្បែក​ជើង​គឺជា​ក្បាល​រថភ្លើង​នៃ​ការ​នាំចេញ​ធំ​បំផុត​លំដាប់​ទី​១​របស់​កម្ពុជា។ កាល​ពី​ឆ្នាំ​២០១៨ ការ​នាំចេញ​សម្លៀក​បំពាក់​និង​ស្បែកជើង​របស់​កម្ពុជា​មាន​ទំហំ​១០ ពាន់​លាន​ដុល្លារ​អាមេរិក។ វិស័យ​នេះ​បាន​ស្រូប​យកកម្លាំង​ពល​កម្ម​ប្រមាណ​ជាង​៧០​ម៉ឺន​នាក់ ដែល​ភាគ​ច្រើន​គឺជា​ប្រជាពល​រដ្ឋ​មក​ពី​បណ្តា​ខេត្ត​និង​ជន​បទ។

ទី​ផ្សារ​សំខាន់​របស់​វិស័យ​វាយនភណ្ឌនេះ​គឺ​នាំចេញ​សម្រាប់​សហភាព​អឺរ៉ុប ដែល​ជា​ទី​ផ្សារ​ធំទី១ និង​សម្រាប់​អាមេរិក ដែល​ជា​ទី​ផ្សារ​ធំ​លំដាប់​ទី២។ ក៏ប៉ុន្តែ​ក្នុង​ពេល​ថ្មីៗនេះ​វិស័យ​នេះ​កំពុង​រងការ​គំរាម​ពី​ការ​កាត់​ផ្តាច់​ពន្ធ​អនុគ្រោះ​ពី​អឺរ៉ុប​និង​ពី​សហរដ្ឋ​អាមេរិក ដែល​អាច​ធ្វើ​ឲ្យ​វិស័យ​នេះ​ខាត​បង់​ផល​ប្រយោជន៍​ពី​ការ​អនុគ្រោះ​ពន្ធ​យ៉ាង​តិច​៧០០​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ។

ការ​គំរាម​ពី​ការ​កាត់ផ្តាច់​ពន្ធអនុគ្រោះ​គឺ​ដោយសារ​ស្ថាន​ភាពនយោបាយ​និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG