ជនបរទេសនឹងមិនអាចរត់តាក់ស៊ី មិនអាចរត់រ៉ឺម៉កកង់បី ឬទុកទុក (tuk tuk) មិនអាចលក់ដូរតាមចិញ្ចើមផ្លូវ ឬក៏ការប្រកបអាជីវកម្មខ្នាតតូចមួយចំនួន។
ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈគ្រោងនឹងដាក់ប្រកាសស្តីពីការកំណត់មុខរបរលើជនបរទេសនេះសម្រាប់ពិភាក្សាជាមួយអន្តរក្រសួងនៅដើមខែសីហាខាងមុខនេះ។ នេះបើយោងតាមលោកហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃព្រហស្បតិ៍នេះ។
ឆ្លើយតបទៅនឹងសំណួរ VOA តាមបណ្តាញទំនាក់ទំនងសង្គម WhatsApp លោកហេង សួរឲ្យដឹងថា ប្រកាសនេះនឹងហាមឃាត់មិនឲ្យជនបរទេសប្រកបរបររកស៊ីប្រមាណជា១០ប្រភេទ។
លោកបញ្ជាក់បន្ថែមថា ក្នុងពេលនេះ ក្រសួងការងារកំពុងព្រាងប្រកាសនោះ។ ហើយប្រកាសនេះអាចនឹងឆ្លងអន្តរក្រសួងនៅសប្តាហ៍ទី១ខែសីហា មុននឹងឆ្លងគណៈកម្មការប្រឹក្សាការងារដែលរួមមានវិស័យឯកជនផងដែរ នៅសប្តាហ៍ទី២ខែនោះ។
លោកហេង សួរមិនបានផ្តល់សេចក្តីលម្អិតបន្ថែមនោះទេ។ ប៉ុន្តែបណ្តាញផ្សព្វផ្សាយនានាបានស្រង់សម្តីលោកថា ប្រកាសដែលនឹងចេញឲ្យប្រើប្រាស់ក្នុងពេលខាងមុខក៏នឹងត្រូវហាមឃាត់មិនឲ្យជនបរទេសកាន់មុខតំណែងជាអ្នកគ្រប់គ្រងផ្នែកធនធានមនុស្ស ឬផ្នែករដ្ឋបាលនៅតាមសហគ្រាស ឬក្រុមហ៊ុនឯកជននោះទេ។
មានជនបរទេសចំនួនជាង១៦ម៉ឺននាក់កំពុងធ្វើការក្នុងប្រទេសកម្ពុជា។ ពួកគេមកពីប្រទេសចំនួន៩៣។ ក្នុងចំណោមជនបរទេសទាំងនេះមានជនជាតិចិនជាង១០ម៉ឺននាក់។ ក្រៅពីនោះមានវៀតណាម ហ្វីលីពីន ថៃ ឥណ្ឌូណេស៊ី តៃវ៉ាន់ ម៉ាឡេស៊ី កូរ៉េខាងត្បូង ឥណ្ឌានិងជនជាតិអង់គ្លេសជាដើម។
លោកឃុន ថារ៉ូ មន្ត្រីសម្របសម្រួលការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់ថា អង្គការសង់ត្រាល់ (Central)យល់ថា រដ្ឋាភិបាលកម្ពុជាគួរផ្តោតការយកចិត្តទុកដាក់លើការគ្រប់គ្រងជនអន្តោប្រវេសន៍ឲ្យបានច្បាស់លាស់ ជាជាងហាមឃាត់ពួកគេមិនឲ្យដណ្តើមការងារ និងមុខរបរតូចតាចពីប្រជាពលរដ្ឋខ្មែរ។
«ការហាមឃាត់ប្រភេទមុខរបរហ្នឹង វាមិនមែនជាដំណោះស្រាយទេ។ ដំណោះស្រាយដែលសំខាន់ហ្នឹងថា តើជនបរទេសដែលមកស្រុកខ្មែរហ្នឹង គាត់អាចមាននូវក្របខណ្ឌគតិយុត្តផ្លូវច្បាប់ដែលមកស្រុកខ្មែរហ្នឹង ធ្វើការងារ ហើយឲ្យមានការធានាថា រាល់គ្រប់ជនបរទេសទាំងអស់ ដែលគាត់មកធ្វើការងារហ្នឹងត្រូវមានកាតព្វកិច្ចនៅក្នុងការបង់ពន្ធអីចឹង»។
លោក វន់ ពៅ ប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឬហៅថា IDEA មានប្រសាសន៍ថា រដ្ឋាភិបាលគួរធ្វើជាច្បាប់ហាមឃាត់មិនឲ្យជនបរទេសដណ្តើមការងារ និងមុខរបរតូចតាចរបស់ពលរដ្ឋកម្ពុជា ដូចអ្វីដែលប្រទេសថៃ និងម៉ាឡេស៊ីបានធ្វើនោះ។
«នៅម៉ាឡេអី គេមានច្បាប់គេគឺជនបរទេសមិនអាចប្រកបមុខរបរ ឧទាហរណ៍ថា គេមានកិច្ចសន្យាធ្វើការរោងចក្រ គឺធ្វើការរោងចក្រ ទៅធ្វើការតាមផ្ទះគឺធ្វើការតាមផ្ទះ មិនអាចឲ្យជនជាតិទាំងឡាយណា ប្រកបមុខរបរលក់ដូរ ដូចជាជនជាតិម៉ាឡេបានទេ»។
នៅក្រសួងមហាផ្ទៃ ក្នុងការប្រកាសលទ្ធផលស្តីពីការគ្រប់គ្រងឯកសារស្នាក់នៅ និងរស់នៅរបស់ជនអន្តោប្រវេសន៍ កាលពីថ្ងៃពុធ លោកនាយឧត្តមសេនីយ៍គៀត ច័ន្ទថារិទ្ធ អគ្គនាយក អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ បានថ្លែងថា ក្រសួងមិនទាន់បានតម្រូវឲ្យធ្វើបណ្ណការងាររបស់ជនបរទេសអន្តោប្រវេសន៍នៅឡើយទេនៅក្នុងពេលនេះ ដោយត្រូវដោះស្រាយបញ្ហាការគ្រប់គ្រងការស្នាក់នៅរបស់ពួកគេជាមុនសិន៕