នៅព្រឹកថ្ងៃចន្ទនេះ កម្មករកម្មការិនីប្រមាណជា៥០០នាក់ មកពីរោងចក្រ W&D Cambodia Co., LTD បានប្រមូលផ្ដុំគ្នាតវ៉ានៅមុខគេហដ្ឋានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីទាមទារឲ្យរោងចក្រ ទទួលយកកម្មករជាង១ពាន់នាក់ចូលធ្វើការវិញ។
នេះជាលើកដំបូងដែលក្រុមកម្មករកម្មការិនីរាប់រយនាក់ ភាគច្រើនជាស្ត្រី អាចប្រមូលផ្ដុំគ្នានៅខាងមុខគេហដ្ឋានរបស់លោកនាយករដ្ឋមន្ត្រី ដើម្បីសុំឲ្យលោកអន្តរាគមន៍បញ្ចប់វិវាទការងាររបស់ពួកគេដែលបានអូសបន្លាយពេលជាច្រើនខែមកហើយ។ ការ តវ៉ារបស់ពួកគេ ក៏មានការឃ្លាំមើលពីក្រុមកងសន្តិសុខខណ្ឌ និងសមត្ថកិច្ចចម្រុះប្រមាណជា១០០នាក់ផងដែរ។
អ្នកស្រី ណយ ធារ៉ា កម្មការិនីរោងចក្រ W&D មួយរូបដែលអះអាងថាត្រូវបានរោងចក្របញ្ឈប់ ប្រាប់ VOA ថា អ្នកស្រី និងកម្មករកម្មការិនីផ្សេងទៀតមកតវ៉ានៅមុខគេហដ្ឋានលោកនាយករដ្ឋមន្ត្រី ដើម្បីទាមទារឲ្យរោងចក្រទទួលយកកម្មករចំនួន១២០០នាក់ចូលធ្វើការវិញ បន្ទាប់ពីរោងចក្របញ្ឈប់ពួកគេដោយមិនមានមូលហេតុ។ អ្នកស្រីបន្តថាអ្នកស្រីនឹងបន្តតវ៉ារហូតមានដំណោះស្រាយ។
ដោយឈរកាន់បដាសុំអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អ្នកស្រី ណយ ធារ៉ា ថ្លែងថា៖
«ពួកខ្ញុំទាមទារហ្នឹងទាមទារចូលធ្វើការវិញទេ មិនមែនដូចបងអ្នកកាសែតមុនហ្នឹងគាត់បំផ្លើសថាពួកខ្ញុំហ្នឹងទាមទារអតីតភាព តាមពិតអត់ទេ ពួកខ្ញុំសុំចូលធ្វើការវិញ។ ពួកខ្ញុំទាមទារចូលធ្វើការវិញ។ ពួកខ្ញុំកូដកម្មហ្នឹងតាំងពីថ្ងៃ២៤ ខែ១២ ហើយចាប់ផ្ដើមកូដកម្មហ្នឹង គាត់បញ្ឈប់ហ្នឹងថ្ងៃ៤ ខែមួយ បញ្ឈប់កម្មករ១២០០នាក់ចោល»។
ចំណែកលោក សុខ ជា កម្មករម្នាក់ទៀតដែលបានចូលរួមតវ៉ានៅខាងមុខគេហដ្ឋានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែរនោះ ប្រាប់ថា ចាប់តាំងពីខែធ្នូរហូតមកដល់ខែមីនានេះ ក្រុមកម្មករកម្មការិនី បានដាក់ញត្តិ និងតវ៉ានៅមុខស្ថាប័នពាក់ព័ន្ធជាច្រើន ដើម្បីសុំឲ្យមានដំណោះស្រាយពីការបញ្ឈប់កម្មករកម្មការិនីទាំងជាង១២០០នាក់។
លោកបន្ថែមថា ការបន្តការតវ៉ារបស់ពួកគេនៅពេលនេះ គឺជាការទាមទារឲ្យយកកម្មករកម្មការិនីទាំងជាង១២០០នាក់ចូលធ្វើការវិញ មិនមែនជាការទាមទារប្រាក់អតីតភាពការងារទៀតនោះទេ។
កម្មករផ្នែកអ៊ុតក្នុងរោងចក្រ W&D រូបនេះបញ្ជាក់ថា៖
«សូមឲ្យក្រុមហ៊ុនហ្នឹងមានជំហរក្នុងការដោះស្រាយជូនកម្មករ ហើយយកកម្មករចូលធ្វើការវិញ។ តែបើសិនជាអ្នកឯងខ្លាំង អ្នកឯងគិតថាអញមិនយកពួកអ្ហែងទេ អញ្ចឹងសូមឲ្យគិត៥ចំណុចឲ្យពួកខ្ញុំមក ពួកខ្ញុំនឹងដើរចេញ។ ខ្ញុំមិនឈររ៉ាំរ៉ៃនៅមុខរោងចក្រ៣ខែហ្នឹងទេ។ ៥ចំណុចហ្នឹង យើងមានក្នុងច្បាប់ការងារ ដូចថាប្រាក់ជូនដំណឹង ប្រាក់បណ្ដេញចេញ ជំងឺចិត្ត ប្រាក់ខែចុងក្រោយនិងប្រាក់ដំណាច់ឆ្នាំ»។
វិវាទរវាងក្រុមកម្មករ និងថៅកែរោងចក្រ W&D ដែលមានទីតាំងស្ថិតក្នុងខណ្ឌមានជ័យ បានផ្ទុះឡើងតាំងពីចុងឆ្នាំ២០១៨ បន្ទាប់ពីក្រុមកម្មករជិត២ពាន់នាក់ បានទាមទារឲ្យថៅកែរោងចក្រនេះបើកប្រាក់អតីតភាពដល់ពួកគេនៅមុនឆ្នាំ២០១៩នេះ។
VOA បានទាក់ទងទៅអ្នកស្រី មាស សារ៉េត តំណាងរោងចក្រ W&D ដែលមានលេខទំនាក់ទំនងក្នុងគេហទំព័ររបស់សមាគមរោងចក្រកាត់ដេរកម្ពុជា ហៅកាត់ថា GMAC ប៉ុន្តែអ្នកស្រី សារ៉េត បដិសេធមិនធ្វើអត្ថាធិប្បាយ។
លោក ហែម ហឿន អគ្គលេខាធិការរងគណៈកម្មការដោះស្រាយកូដកម្មបាតុកម្មគ្រប់មុខសញ្ញានៃក្រសួងការងារ ប្រាប់អ្នកសារព័ត៌មាននៅកន្លែងតវ៉ានោះថា ករណីវិវាទការងារនៅរោងចក្រ W&D បានដល់ដៃតុលាការហើយ។ លោកថា ក្រសួងការងារមិនមានសិទ្ធិអ្វីក្រៅតែពីជួយសម្របសម្រួលនោះទេ។
លោកបញ្ជាក់ថា៖
«ក្រសួងមានគឺតែសម្របសម្រួល មិនមែនដូចគាត់ថាមិញ ក្រសួងមានសិទ្ធិ ម៉េចមិនហៅរោងចក្រមកអញ្ចេះមកអញ្ចុះ។ មានមាត្រាណាមួយដែលក្រសួងត្រូវចាប់រោងចក្រ? មានមាត្រាណាមួយដែលក្រសួងត្រូវចាប់កម្មករ? ច្បាប់ស្ដីពីការងារ វាអត់មាន។ មានតែតុលាការមួយគត់ដែលនិយាយថា អ្នកនេះខុសច្បាប់ អ្នកនោះខុសច្បាប់»។
ខណៈក្រុមកម្មករកម្មការិនីកំពុងតវ៉ានៅខាងមុខគេហដ្ឋានរបស់លោកនាយករដ្ឋមន្ត្រី លើសួនច្បារចន្លោះរូបសំណាកព្រះមហាវីរក្សត្រ និងវិមានឯករាជ្យ លោក ហ៊ុន សែន ក៏បានថ្លែងក្នុងពិធីចែកសញ្ញាប័ត្រដល់និស្សិតក្នុងវិទ្យាស្ថានជាតិអប់រំដែលមានទីតាំងក្បែរនោះដែរថារដ្ឋមន្ត្រីក្រសួងការងារ លោក អ៊ិត សំហេង ប្រាប់លោកថា កម្មកររោងចក្រ W&D មកតវ៉ាព្រឹកនេះ មានចំនួនប្រមាណជា១០០នាក់ ដោយទាមទារប្រាក់អតីតភាពការងារ។
លោក ហ៊ុន សែន ក៏បានស្នើទៅលោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា ឲ្យប្រាប់ទៅក្រុមកម្មករទាំងនោះ ឈប់ទាមទារប្រាក់អតីតភាពបែបនេះតទៅទៀត ដោយលោកថា ការទាមទារប្រាក់អតីតភាពបែបនេះគឺជាការទាមទារ «ខុសច្បាប់» និងថា ករណីនេះអាចធ្វើឲ្យថៅកែរត់ចោលរោងចក្រ។
លោកបញ្ជាក់ថា៖
«អានេះ! តាមដឹងថាជាសហជីពជាសមាជិករបស់លោក អាត់ ធន់។ ខ្ញុំសុំស្នើឲ្យមានការយោគយល់អំពីបញ្ហានេះ ហើយបន្តទទួលយកទៅតាមច្បាប់ដែលបានកំណត់។ យើងកំពុងទាមទារខុសច្បាប់។ គឺមិនអាចដោះស្រាយជូនបានទេ ព្រោះបើសិនជាដោះស្រាយបាន គេដោះស្រាយហើយ គេមិនចាំបាច់ឲ្យយើងធ្វើបាតុកម្មទេ ប៉ុន្តែដោយសារតែរឿងយើងគិតគូរសព្វគ្រប់ហើយថាបើសិនជាចេញមួយព្រឹប វាប្រមាណជា២ពាន់លានដុល្លារនោះ»។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជាប្រាប់ VOA នារសៀលថ្ងៃចន្ទនេះថា ការថ្លែងរបស់លោកនាយករដ្ឋមន្ត្រី គឺជាការភាន់ច្រឡំដ៏ធំមួយដែលលោកថា កើតឡើងដោយសារការផ្ដល់ព័ត៌មានពីមន្ត្រីថ្នាក់ក្រោមរបស់លោក ហ៊ុន សែន។
លោកបន្ថែមថា សហជីពរបស់លោកមិនបានដឹកនាំឲ្យកម្មករទៅតវ៉ានោះទេ ហើយថា កម្មករទាំងនោះតវ៉ាទាមទារឲ្យមានការទទួលយកពួកគេចូលធ្វើការវិញ មិនមែនទាមទារអតីតភាពការងារដូចការថ្លែងរបស់លោកនាយករដ្ឋមន្ត្រីឡើយ។
លោកបញ្ជាក់ថា៖
«កម្មករនៅកូដកម្មជាង១ពាន់នាក់ ហើយគេរាយការណ៍តែមួយរយនាក់ទេ ហើយកម្មករលែងទាមទារអតីតភាពការងារសរុបទៀតហើយ ហើយឥលូវនៅតែថាកម្មករនៅទាមទារអតីតភាពការងារសរុប។ អញ្ចឹងខ្ញុំគិតថា រឿងនេះជាការភាន់ច្រឡំដ៏ធំមួយដែលខាងក្រសួងការងារត្រូវត្រួតពិនិត្យឡើងវិញចំពោះមន្ត្រីរបស់ខ្លួន»។
ក្រុមកម្មករកម្មការិនី ដែលតវ៉ានៅមុខគេហដ្ឋានរបស់លោកនាយករដ្ឋមន្ត្រីនៅថ្ងៃចន្ទនេះអះអាងថា ការតវ៉ារបស់ពួកគេ គឺទទួលបានជំនួយផ្លូវច្បាប់ពីសហជីពស៊ីខៅឌូអំពីការបញ្ឈប់កម្មករ ប៉ុន្តែមិនមានតំណាងណាមួយក្នុងការដឹកនាំតវ៉ានោះទេ។
ក្រុមកម្មករទាំងនោះ ក៏បានបញ្ជាក់ថា មូលហេតុដែលក្រុមហ៊ុនបញ្ឈប់កម្មករកម្មការិនី គឺដោយសារកម្មករទាមទារប្រាក់អតីតភាពការងារ និងប្រាក់អត្ថប្រយោជន៍ផ្សេងៗ នៅមុនឆ្នាំ២០១៩។
ក្រុមកម្មករទាំងនោះបន្តថា ក្រោយការបញ្ឈប់កម្មករ ក្រសួងការងារក៏បានចេញលិខិតតម្រូវឲ្យរោងចក្របង់ប្រាក់អតីតភាពការងារដល់កម្មកររៀងរាល់៦ខែម្ដង ទើបពួកគេប្ដូរការទាមទារឲ្យរោងចក្រដោះស្រាយការបញ្ឈប់ពួកគេវិញ។
តាមប្រកាសរបស់ក្រសួងការងារចុះថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ និងមានហត្ថលេខារបស់លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារបានបញ្ជាក់ថា ដំណើរការនៃការផ្ដល់ប្រាក់បំណាច់អតីតភាពការងារត្រូវធ្វើឡើងពីរដងក្នុងមួយឆ្នាំ។
ការផ្ដល់ប្រាក់បំណាច់អតីតភាពការងារពីរដងក្នុងមួយឆ្នាំ ត្រូវអនុវត្តចាប់ពីឆ្នាំ២០១៩តទៅ ដោយនិយោជកត្រូវផ្ដល់ឲ្យកម្មករនិយោជិត ដែលកំពុងបម្រើការងារនូវប្រាក់បំណាច់អតីតភាពការងារដែលស្មើនឹងប្រាក់ឈ្នួលនិងប្រាក់បន្ទាប់បន្សំចំនួន១៥ថ្ងៃក្នុងមួយឆ្នាំ។
ប្រាក់បំណាច់នេះ ត្រូវបើកជូនកម្មករនិយោជិត ចំនួន៧,៥ (ប្រាំពីរកន្លះ) ថ្ងៃ នៅក្នុងខែមិថុនានៃឆ្នាំនីមួយៗ និងចំនួន៧,៥ (ប្រាំពីរកន្លះ) ថ្ងៃ នៅក្នុងខែធ្នូនៃឆ្នាំនីមួយៗ៕