ស្រ្តីម្នាក់ ដែលប្រឈមនឹងគ្រោះថ្នាក់ធ្ងន់ធ្ងរពេលទទួលសេវារំលូតកូនក្នុងប្រទេសកម្ពុជា ត្រូវបានបញ្ជូនទៅព្យាបាលនៅប្រទេសថៃ ដោយសារត្រូវតពោះវៀនឡើងវិញ។ ក្រុមគ្រួសារកំពុងព្រួយបារម្ភអំពីការចំណាយខ្ពស់នៅទីនោះ។ នេះបើតាមស្វាមីរបស់ស្រ្តីជាជនរងគ្រោះ។
កាលពីខែវិច្ឆិកា អ្នកស្រី សឿន ស្រីអូន ដែលជាជនរងគ្រោះ បានទៅពិនិត្យអេកូនៅមន្ទីរសម្រាកព្យាបាល និងសម្ភពដើមអង្ក្រង ក្នុងស្រុងគងពិសី ខេត្តកំពង់ស្ពឺ ដោយគ្រូពេទ្យបញ្ជាក់ថា ចង្វាក់បេះដូងកូនក្នុងផ្ទៃដែលមានអាយុ១៨សប្តាហ៍ លែងដើរ ឬហៅថាស្លាប់ក្នុងផ្ទៃ។ ប៉ុន្តែពេលទទួលសេវានៅទីនោះ ឆ្មបម្នាក់មានការធ្វេសប្រហែសក្នុងការបំពេញការងារ រហូតបណ្តាលឱ្យស្រ្តីនោះធ្លាក់ឈាម និងមានអាការៈកាន់តែធ្ងន់ធ្ងរ។
ក្រោយពីមានហេតុការណ៍នេះ អ្នកស្រី ប៊ុន រ៉ានី ភរិយារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានធានាឧបត្ថម្ភទាំងស្រុងរាល់ការចំណាយនានាក្នុងការសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល កាលពីកន្លងទៅ។
ស្វាមីរបស់ស្ត្រីរងគ្រោះ លោក កេង វឿន បានបញ្ជាក់ថា មកដល់ថ្ងៃអង្គារនេះ ភរិយារបស់លោកមានអាការៈធូរស្បើយបន្តិចហើយ ក្រោយបញ្ជូនមកព្យាបាលនៅប្រទេសថៃ ប៉ុន្តែលោកព្រួយបារម្ភចំពោះការចំណាយខ្ពស់សម្រាប់ថ្លៃព្យាបាល ជាពិសេសការតភ្ជាប់ពោះវៀនថ្មីដល់ភរិយារបស់លោក។
លោកបន្ថែមថា ដោយសារតែនៅមន្ទីរពេទ្យកាល់ម៉ែត្រមិនមានលទ្ធភាពតពោះវៀនរបស់ភរិយាលោកឡើងវិញបាន ស្របពេលលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង អតីតរដ្ឋមន្រ្តីការបរទេសកម្ពុជា បានចូលទៅសួរសុខទុក្ខភរិយារបស់លោកនៅមន្ទីរពេទ្យកាល់ម៉ែត្រ លោកក៏បានសួរនាំលោកឧបនាយករដ្ឋមន្ត្រីថា ចង់នាំភរិយាទៅតពោះវៀននៅប្រទេសថៃ ក៏លោកឧបនាយករដ្ឋមន្ត្រីបានជួយសម្របសម្រួលការងារនេះ និងសន្យាថា នឹងជួយឧបត្ថម្ភនៅពេលដែលលោកចំណាយលុយផ្ទាល់ខ្លួនអស់ ដែលលោកមានជាង៤ម៉ឺនដុល្លារបានពីប្រាក់ឧបត្ថម្ភនានា។
លោកប្រាប់វីអូអេថា៖ «ពេលមុនមកថៃ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង គាត់ចូលទៅសួរសុខទុក្ខ ដល់ពេលហើយខ្ញុំក៏សាកសួរគាត់នៅខាងមន្ទីរពេទ្យថៃ គេមានលទ្ធភាពតពោះវៀនឬអត់? ពេលហ្នឹង គាត់ក៏ទាក់ទងមកស្ថានទូតខ្មែរនៅថៃ [ហើយ]គាត់ប្រាប់ថា នៅស្រុកគេ [គឺ]គេអាចមាន អ៊ីចឹង[តពោះវៀនបាន]។ ពេលហ្នឹងហើយ គាត់ក៏រៀបចំឱ្យយើងមកពេទ្យថៃ ហ្នឹង»។
លោក កេង វឿន បន្ថែមថា លោកទៅដល់មន្ទីរពេទ្យក្នុងប្រទេសថៃ កាលពីថ្ងៃទី១២ ខែធ្នូ ហើយមកដល់ថ្ងៃអង្គារនេះ ភរិយារបស់លោកបានធូរស្បើយបន្តិចហើយ ប៉ុន្តែនៅរង់ចាំការតពោះវៀនឡើងវិញ។
លោកបន្តថា៖ «ហ៊ឹម អាហ្នឹងខាងលោកគ្រូពេទ្យគាត់ប្រាប់ថា គាត់ទាក់ទងទៅខាងកាកបាទក្រហម។ គេនៅស្រុកថៃហ្នឹង ស្រុកគេមានបរិច្ចាគអីអ៊ីចឹង ដូចថា មានមនុស្សឧបទ្ទវហេតុរឿងអីផ្សេងៗ គេអាចយកមកជំនួស ដោយសារយើងបាត់បង់ច្រើនពេក អត់មានដាក់[ពោះវៀន] សិប្បនិម្មិតកើតទេ»។
លោក កេង វឿន មានការព្រួយបារម្ភខ្លាំងលើការចំណាយនានា ជាពិសេសថ្លៃសម្រាកព្យាបាល ដោយលោកថា ក្នុងរយៈពេលប្រមាណ១សប្តាហ៍ តាំងពីមកដល់ប្រទេសថៃនេះ គឺលោកបានចំណាយប្រាក់អស់ជាង៣ម៉ឺនដុល្លារអាមេរិករួចមកហើយ។ ប៉ុន្តែលោកជឿជាក់ថា លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង នឹងជួយលើថ្លៃចំណាយបន្តទៀត ដូចអ្វីដែលលោកបានសន្យា ដើម្បីព្យាបាលភរិយារបស់លោកឱ្យបានជាសះស្បើយឡើងវិញ។
វីអូអេមិនទាន់អាចអាចសុំការបញ្ជាក់ពីលោក ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត្រ និងអ្នកស្រី យក់ សម្បត្តិ អ្នកនាំពាក្យក្រសួងសុខាភិបាលបាននៅឡើយទេ។
លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព ថ្លែងថា រដ្ឋាភិបាលត្រូវតែហ៊ានទទួលស្គាល់ការណ៍ពិតថា ប្រព័ន្ធសុខាភិបាលនៅកម្ពុជាមានភាពទន់ខ្សោយជាងប្រទេសជិតខាង ដើម្បីអាចពង្រឹង និងកែលម្អហេដ្ឋារចនាសម្ព័ន្ធវិស័យសុខាភិបាលនេះឱ្យល្អដូចប្រទេសជិតខាង។ លោកបន្ថែមថា ការបញ្ជូនអ្នកស្រី សឿន ស្រីអូន ទៅព្យាបាលនៅប្រទេសថៃនៅក្នុងដំណាក់កាលនេះគឺជារឿងល្អ ពីព្រោះអាចជួយសង្គ្រោះជីវិតមនុស្សបាន។
លោកថ្លែងថា៖ «ការដែលបញ្ជូនទៅ[ប្រទេសថៃ]នេះ ទំនងជាហេដ្ឋារចនាសម្ព័ន្ធសុខាភិបាលរបស់យើងមិនគ្រប់គ្រាន់ដែលអាចធានាដល់អាយុជីវិតរបស់គាត់បាន។ អ៊ីចឹងការបញ្ជូននេះ វាក៏ជារឿងមួយដែលរដ្ឋក៏ត្រូវតែធ្វើដែរ ឧបមាថា ក្រោយៗទៀត បើសិនជាឃើញថា យើងអត់មានលទ្ធភាពទេ យើងទៅរកដៃគូយើងទៅ ដើម្បីបញ្ជូនទៅជាការប្រសើរដែរ»។
លោកកត់សម្គាល់ថា ការថែទាំ និងការយកចិត្តទុកដាក់របស់វេជ្ជបណ្ឌិតនៅតាមពេទ្យរដ្ឋ លើអ្នកជំងឺ គឺមិនបានដិតដល់ ដូចប្រទេសជិតខាងនោះទេ ហើយវេជ្ជបណ្ឌិតមួយចំនួនធ្វើការកន្លះថ្ងៃនៅពេទ្យរដ្ឋ ហើយបែរបើកកន្លែងសម្រាកព្យាបាល និងទៅធ្វើការនៅកន្លែងខ្លួនឯងទៅវិញ ដែលការណ៍នេះធ្វើឱ្យវិស័យសុខាភិបាលនេះមិនរីកចម្រើនដូចប្រទេសជិតខាង។ ដូច្នេះលោកថា រដ្ឋាភិបាលត្រូវតែផ្តល់ការឧបត្ថម្ភដល់គ្រូពេទ្យឱ្យសមរម្យ និងរស់នៅស្រួល ដើម្បីអាចឱ្យគ្រូពេទ្យ និងវេជ្ជបណ្ឌិតអាចធ្វើការពេញលេញនៅតាមមន្ទីរពេទ្យរដ្ឋនីមួយៗ និងដើម្បីភាពរីកចម្រើននៃវិស័យសុខាភិបាលនេះ។
លោកបញ្ជាក់ថា៖ «Doctor [វេជ្ជបណ្ឌិត] គ្រាន់តែដើរសួរនាំ២ [ឬ] ៣ម៉ាត់ ប៉ុន្តែមិនដល់ជម្រៅនៃជំងឺដើម្បីធ្វើការវិភាគឱ្យបានចប់ចុងចប់ដើម ដើម្បីផ្តល់ការវិភាគត្រឹមត្រូវ ដើម្បីធ្វើការព្យាបាល ដូច្នេះហើយដែលធ្វើឱ្យមានការលំបាក ដែលធ្វើឱ្យមានបញ្ហាសម្រាប់អ្នកជំងឺ និងធ្វើឱ្យពួកគាត់មិនមានទំនុកចិត្ត។ ហើយយើងឃើញវេជ្ជបណ្ឌិតភាគច្រើន តែងតែបើកគ្លីនិក បើកអី នៅផ្ទះអីអ៊ីចឹងទៅ ហើយមិនសូវបានចំណាយពេលវេលានៅមន្ទីរពេទ្យបានច្រើន ដើម្បីតាមដាន ដើម្បីពិនិត្យមើលទៅលើអ្នកជំងឺ»។
លោកបន្ថែមថា គ្រូពេទ្យខ្មែរមានសមត្ថភាពណាស់ ប៉ុន្តែការរៀបចំរចនាសម្ព័ន្ធមិនទាន់មានភាពល្អប្រសើរ ហើយបើសិនជាក្រឡេកមើលទៅអ្នកមានលុយ ឬអ្នកមានតួនាទីធំមួយចំនួន ក៏នៅតែចំណាយលុយទៅព្យាបាលនៅស្រុកគេ ដែលវាបង្ហាញរូបភាពនេះដល់ប្រជាពលរដ្ឋ ឱ្យឃើញពីវិស័យសុខាភិបាលកម្ពុជា។
លោកបន្តថា បើសិនចង់ឱ្យពលរដ្ឋជឿជាក់លើវិស័យសុខាភិបាលកម្ពុជា នោះអ្នកមានតួនាទីធំក្នុងរដ្ឋ ត្រូវតែហ៊ានព្យាបាលនៅក្នុងមន្ទីរពេទ្យរដ្ឋក្នុងប្រទេសកម្ពុជា។
គួរបញ្ជាក់ថា ក្រោយមានហេតុការណ៍នេះកើតឡើង មន្ទីរសម្រាកព្យាបាល និងសម្ភពដើមអង្ក្រង ដែលផ្តល់សេវារំលោះគត៌ដល់ស្ត្រីរូបនោះ ត្រូវបានក្រសួងសុខាភិបាលបិទទ្វារ និងដកហូតលិខិតអនុញ្ញាត ហើយបានដាក់ទណ្ឌកម្មខាងវិន័យទៅលើឆ្មបឈ្មោះ អ៊ុង ធារិន ដោយផ្អាកការប្រកបវិជ្ជាជីវៈឆ្មបជាបណ្តោះអាសន្នរយៈពេល២ឆ្នាំ យោងតាមមាត្រាទី១៥នៃច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល កាលពីកន្លងទៅ៕