មន្ត្រីសុខាភិបាលនិងអាជ្ញាធរពាក់ព័ន្ធនៅកម្ពុជា ចាប់ផ្តើមពង្រឹងចំណាត់ការផ្សេងៗ ក្រោយរកឃើញករណីអ្នកជំងឺអុតស្វាម្នាក់ចូលក្នុងប្រទេសជាលើកដំបូង ខណៈអង្គការសុខភាពពិភពលោក(WHO)បានចាត់ទុកជំងឺនេះ ជាភាពអាសន្នពិភពលោកដែលបង្កជាហានិភ័យដល់សុខភាពសាធារណៈ។
បន្ទាប់ពីទទួលបានព័ត៌មានពីអាជ្ញាធរសុខាភិបាលថៃ អាជ្ញាធរកម្ពុជាបានឃាត់ខ្លួនបុរសជនជាតិនីហ្សេរីយ៉ាម្នាក់ ដែលត្រូវបានរាយការណ៍ថាកើតជំងឺអុតស្វា និងបានរត់គេចពីប្រទេសថៃចូលមកកម្ពុជា ហើយបានស្នាក់នៅផ្ទះសំណាក់មួយ ក្នុងសង្កាត់ទួលទំពូង ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែកក្កដា។ នេះបើតាមការបញ្ជាក់ពីក្រសួងសុខាភិបាលក្នុងសេចក្តីប្រកាសមួយកាលពីថ្ងៃទី២៣ ខែកក្កដា។
យោងតាមសេចក្តីប្រកាសនេះ បុរសជនជាតិនីហ្សេរីយ៉ា អាយុ២៧ឆ្នាំ ជាអ្នកទេសចរ និងមានប្រវត្តិធ្វើដំណើរចូលមកកោះភូកេត ប្រទេសថៃ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១។ ហើយក្រោយពីត្រូវបានរកឃើញដោយអាជ្ញាធរកម្ពុជា បុរសរូបនេះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យនេះ។
រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងសុខាភិបាល អ្នកស្រី ឱ វណ្ណឌីន បានបញ្ជាក់នៅលើគណនី Twitter របស់អ្នកស្រី កាលពីថ្ងៃអាទិត្យថា កាលពីថ្ងៃទី២៤ ខែកក្កដា ក្រសួងសុខាភិបាលបានរកឃើញអ្នកពាក់ព័ន្ធសរុប៥នាក់ ដែលបានប៉ះពាល់ជាមួយបុរសជនជាតិនីហ្សេរីយ៉ាខាងលើ។ អ្នកស្រីបន្តថាអ្នកពាក់ព័ន្ធទាំងនោះមិនទាន់បង្ហាញសញ្ញាណាមួយពីការឆ្លងនៅឡើយទេ និងត្រូវបានណែនាំឲ្យនៅដោយឡែក ដើម្បីតាមដានសុខភាព។
វីអូអេមិនអាចទាក់ទងសុំការអធិប្បាយបន្ថែមពីរដ្ឋលេខាធិការនិងអ្នកនាំពាក្យក្រសួងសុខាភិបាល អ្នកស្រី ឱ វណ្ណឌីន បាននៅឡើយទេ នាថ្ងៃចន្ទនេះ។
រដ្ឋមន្ត្រីសុខាភិបាលថៃ លោក Anutin Charnvirakul បាននិយាយថា រដ្ឋាភិបាលថៃមិនមានផែនការនាំយកបុរសជនជាតិនីហ្សេរីយ៉ា ដែលកើតជំងឺអុតស្វា ត្រឡប់មកប្រទេសថៃវិញនោះទេ។ លោក Anutin បន្តថា លោកសង្ឃឹមថា អ្នកជំងឺអុតស្វានេះនឹងទទួលបានការព្យាបាលនៅកម្ពុជា និងរំពឹងថា ស្ថានភាពសុខភាពរបស់បុគ្គលនេះនឹងមានភាពប្រសើរឡើង។ នេះបើតាមការដកស្រង់សម្តីដោយសារព័ត៌មាន Bangkok Post កាលពីថ្ងៃទី២៤ ខែកក្កដា។
ក្រោយពីការរកឃើញអ្នកជំងឺអុតស្វាដំបូងនៅកម្ពុជា ក្រសួងសុខាភិបាលបានចេញសេចក្តីណែនាំមួយ កាលពីថ្ងៃទី២៤ ខែកក្កដា ដោយតម្រូវឲ្យមានការពិនិត្យសុខភាព ពេលមានរោគសញ្ញាសង្ស័យ ការគោរពវិធានការការពារនិងអនាម័យ និងការបង្កើនការត្រួតពិនិត្យលើអ្នកធ្វើដំណើរពីបណ្តាប្រទេសនៅតំបន់អាហ្វ្រិក ដែលមានការរាតត្បាតជំងឺអុតស្វា។
កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ អង្គការសុខភាពពិភពលោកបានប្រកាសចាត់ទុកជំងឺអុតស្វា ជាភាពអាសន្នពិភពលោក ដែលបង្កជាហានិភ័យដល់សុខភាពសាធារណៈ ជាពិសេសនៅតំបន់អឺរ៉ុប។
លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព ចាត់ទុកជំងឺអុតស្វាជា «ការព្រួយបារម្ភមួយ» និងជា«រឿងសោកស្តាយមួយ» ដែលមានករណីអ្នកកើតជំងឺនេះរត់គេចពីថៃមកកម្ពុជា។ លោកបន្តថា ការរាតត្បាតជំងឺអុតស្វា អាចដាក់សម្ពាធបន្ថែមលើវិស័យសុខភាពសាធារណៈនៅកម្ពុជា ដែលធ្លាប់រងការប៉ះពាល់ខ្លាំងកាលពីពេលកន្លងមក ដោយសារជំងឺកូវីដ១៩។
លោកថ្លែងថា៖«ការប្រឹងប្រែងទប់ស្កាត់ជំងឺអុតស្វានេះ ក៏វាជារឿងសំខាន់នៅក្នុងការបង្កើតនូវក្តីសង្ឃឹមសម្រាប់ប្រជាពលរដ្ឋ ក៏ដូចជាការរកស៊ីទទួលទានរបស់ប្រជាពលរដ្ឋផងដែរ។ ប្រសិនបើយើងមិនអាចទប់ស្កាត់បានធ្វើឲ្យវាមានបញ្ហា ឬក៏ការអាចរីករាលដាលហ្នឹង នឹងជាបញ្ហាធំណាស់បាទ»។
ដំណាលគ្នានេះ លោក យង់ គិមអេង ក៏ជំរុញឲ្យមានការពង្រឹងការត្រួតពិនិត្យតាមច្រកព្រំដែន និងចំណាត់ការផ្សេងៗពាក់ព័ន្ធនឹងអំពើពុករលួយពីសំណាក់អាជ្ញាធរក្នុងការសម្របសម្រួលឲ្យជនបរទេសចូលមកកម្ពុជា ដោយខុសច្បាប់។
ប្រធានសមាគមគ្រូពេទ្យគុណធម៌កម្ពុជា លោក អ៊ូច វុទ្ធី ឲ្យដឹងថា រោគសញ្ញារវាងជំងឺអុតស្វាយ និងជំងឺអុតស្វា មានភាពស្រដៀងគ្នា ដែលអាចបង្កឲ្យមានការភ័ន្តច្រឡំ និងស្នើឲ្យមានការពិនិត្យសុខភាពឲ្យបានសមស្រប និងទាន់ពេលវេលា។
លោកថ្លែងថា៖ «អាអុតស្វា និងអុតស្វាយហ្នឹង បើនិយាយ វាស្រដៀងគ្នាទេ អាចនឹងច្រឡំ។ ហើយគួរណាបងប្អូនប្រុងប្រយ័ត្ន។ បើសិនជាក្នុងគ្រួសារយើងមានអ្នកកើតអុតស្វាយ យើងគួរណាទៅយកទៅឲ្យពេទ្យជំនាញរោគសើស្បែក និងជំងឺឆ្លងហ្នឹង ឲ្យគាត់ចូលឡាបូ (មន្ទីរពិសោធន៍)មើល ដើម្បីពិនិត្យមើលថា វាជាអុតស្វាយ ឬវាជាអុតស្វា»។
បើតាមក្រសួងសុខាភិបាល រោគសញ្ញានៃជំងឺអុតស្វាមានដូចជា ចេញកន្ទួលរមាស់បែបពងទឹកលើដងខ្លួន បាតដៃ បាតជើង និងផ្ទៃមុខ អមដោយរោគសញ្ញាក្តៅខ្លួនលើសពី ៣៨,៥ អង្សាសេ និងមានឈឺក្បាល ហើមកូនកណ្តុរ ឈឺសាច់ដុំនិងខ្លួនប្រាណ ឈឺចង្កេះ និងអស់កម្លាំង។
គួរបញ្ជាក់ថា គិតរវាងថ្ងៃទី១ ខែមករា ឆ្នាំ២០២២ និងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ មានករណីឆ្លងជំងឺអុតស្វាចំនួន ១៤.៥៣៣ករណី និងការស្លាប់ ៥ករណី ក្នុងចំណោម ៧២ប្រទេសទូទាំងសាកលលោក។ ភាគច្រើននៃករណីឆ្លងដែលត្រូវបានរាយការណ៍ គឺក្នុងចំណោមបុរសដែលស្រឡាញ់ភេទដូចគ្នា។ នេះបើយោងតាមការលើកឡើងរបស់អង្គការសុខភាពពិភពលោក(WHO)៕