ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​សុខា​ភិបាល​បិទ​បណ្តោះ​អាសន្ន​សម្ភព​មួយ​កន្លែង​នៅ​ខេត្ត​កំពង់ស្ពឺ ​ក្រោយ​មាន​ភាព​មិន​ប្រក្រតី​នៃ​ការ​រំលូត​កូន


លោក កេង វឿន ថតរូបជាមួយភរិយា គឺ អ្នកស្រី សឿន ស្រីអូន ពេលធ្វើដំណើរក្នុងរថយន្តពេទ្យ ត្រឡប់ពីប្រទេសវៀតណាម​មក​ផ្ទះវិញ​ ក្រោយ​ទទួល​ការ​ព្យាបាល​នៅ​ទីនោះ កាលពីថ្ងៃ២៤ ខែវិច្ឆិកា ឆ្នាំ២០២២។ (រូបភាពផ្តល់ឱ្យ​ដោយ លោក កេង វឿន)

រដ្ឋ​លេខាធិការ​ក្រសួង​សុខា​ភិបាល​ អ្នក​ស្រី ​ឱ វណ្ណឌីន ​បាន​សម្រេច​បិទ​សម្ភព​ឯក​ជន​មួយ​កន្លែង​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ​ ជា​បណ្តោះ​អាសន្ន​ បន្ទាប់​ពី​មាន​សេចក្តី​រាយ​ការណ៍​ថា​ ស្ត្រី​ម្នាក់​ដែល​ជា​កម្មការិនី​រោងចក្រ​បាន​ធ្លាក់​ឈាម​ច្រើន​ នៅ​ពេល​ទៅ​ទទួល​សេវា​រំលូត​កូន​ស្លាប់​ក្នុង​ផ្ទៃ​នៅ​ទីនោះ។​

សេចក្តី​សម្រេច​របស់​ក្រសួង​សុខាភិបាល​ ចុះ​ថ្ងៃ​ទី​២៩ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០២២ ​បញ្ជាក់​ថា៖​ «បិទ​បណ្តោះ​អាសន្ន​មន្ទីរ​សម្រាក​ព្យាបាល​ឯកជន​ឈ្មោះ ​ដើម​អង្គ្រង ​ដែល​មាន​ទីតាំង​នៅ​ផ្ទះ​គ្មាន​លេខ ​ផ្លូវ​ជាតិ​លេខ​៣ ​ឃុំ​អង្គ​ពពេល​ ស្រុក​គងពិសី ​ខេត្ត​កំពង់ស្ពឺ ​របស់​លោក​ស្រី​វេជ្ជ​បណ្ឌិត​ សួស ច័ន្ទរស្មី ​ជា​អ្នក​ទទួល​ខុស​ត្រូវ​ ដើម្បី​សិក្សា​ស្រាវ​ជ្រាវ​ឱ្យ​បាន​ច្បាស់​លាស់​តាម​ច្បាប់​ជា​ធរមាន​អំពី​ហេតុ​ការណ៍​ដែល​បណ្តាល​មក​ពី​ករណី​រំលូត​កូន​ស្លាប់​ក្នុង​ផ្ទៃ​នេះ»។​

ស្វាមី​របស់​ស្ត្រី​រូប​នេះ ​គឺ​លោក​ កេង វឿន ​ប្រាប់​វីអូអេ​ថា ​មុន​ថ្ងៃទី​១០​ ខែ​វិច្ឆិកា ភរិយា​របស់​លោក​គឺ​អ្នកស្រី ​សឿន ស្រីអូន ​បាន​ទៅ​ពិនិត្យ​អេកូ​នៅ​មន្ទីរ​សម្រាក​ព្យាបាល ​និង​សម្ភព​ដើម​អង្គ្រង​ ដោយ​គ្រូ​ពេទ្យ​បញ្ជាក់​ថា​ចង្វាក់​បេះ​ដូង​កូន​ក្នុង​ផ្ទៃ​ដែល​មាន​អាយុ​១៨​សប្តាហ៍​លែង​ដើរ ​ឬ​ហៅ​ថា​ស្លាប់​ក្នុង​ផ្ទៃ។​ លោក​បន្ថែម​ថា​ ​លោក​បាន​ទៅ​ពិនិត្យ​នៅ​គ្លីនិក​មួយ​កន្លែង​ផ្សេង​ទៀត​ វេជ្ជ​បណ្ឌិត​ក៏​លើក​ឡើង​ដូច​គ្នា។​

លោក​ និង​ភរិយា​ក៏​សម្រេច​ចិត្ត​ឱ្យ​សម្ភព​ដើម​អង្គ្រង​ រំលូត​កូន​ក្នុង​ផ្ទៃ​នោះ ​នៅ​ថ្ងៃ​ទី​១០​ ខែ​វិច្ឆិកា​ ក្នុង​តម្លៃ​៤០០​ដុល្លារ។​

បុរស​រូប​នោះ​បន្ត​ថា​នៅ​ពេល​មក​ដល់​ផ្ទះ ​ កាក​សំណល់​ដែល​សម្អាត​យក​កូន​ដែល​ស្លាប់​ក្នុង​ផ្ទៃ​ចេញ​នោះ ​គឺ​នៅ​មាន​ធ្លាក់​ចេញ​មក​ក្រៅ​បន្តិច​បន្តួច​ ទើប​លោក​ និង​ភរិយា​ទៅ​សម្ភព​ដើម​អង្គ្រង​ម្តង​ទៀត ​នៅ​ថ្ងៃ​ទី​២២​ ខែ​វិច្ឆិកា ​ដើម្បី​ឱ្យ​សម្អាត​ស្បូន​ឡើង​វិញ។ លោក​បន្ត​ថា​ នៅ​ថ្ងៃ​ទី​២២​នោះ​ ​ពេទ្យ​ថា​ស្បូន​ គឺ​ស្អិត​រមួត ​ពិបាក​លាង​សម្អាត ​ស្រាប់​តែ​មួយ​សន្ទុះ​ក្រោយ​មក ​ក៏​ឃើញ​មាន​ការ​ធ្លាក់​ឈាម​យ៉ាង​ច្រើន។​

លោក​បញ្ជាក់​ថា៖ ​«ដោយសារ​អ្នក​គ្រូ​ពេទ្យ​ គ្រាន់​តែ​សម្អាត​សោះ​ ថា​សល់​កាក​សំណល់​បន្តិច​សោះ​ នៅ​ពេល​ដែល​គាត់​យក​មក​នៅ​តែ​បោច​យក​មក​ច្រើន។​ ខ្ញុំ​ ហើយ​ប្រពន្ធ​នៅ​ទី​នោះ​ផ្ទាល់ ​ ដល់​អ៊ីចឹង​ ខ្ញុំ​ហើយ​ប្រពន្ធ​សួរ​អ្នក​គ្រូ​ថា​ ម៉េច​សល់​ច្រើន​ម៉េស?​អ្នក​គ្រូ គាត់​ថា​ទង​សុក​ពិបាក​យក។​ វា​នៅ​ជាប់​ជាមួយ​ជញ្ជាំង​ស្បូន ​[ហើយ]។​ យើង​អត់​ដឹង​ទេ។​ អ្នក​ជំងឺ​ចេះ​តែ ​នៅ​ជាមួយ​គាត់ ​[ហើយ]​គាត់​ថា​ទង​សុក​ជាប់​ជា​មួយ​ដៃ​ស្បូន ​ដៃ​អី​ ស្អិត​ ពិបាក​យក។​ គាត់​ក៏​ទាញ​យក​ខ្លាំង​មែន​ទែន ​ទាញ​យក ​...​ទាញ​យក ​ស្រាប់​តែ​ចេញ​ស្អី​ហ្ហេ​ធ្លាក់​មក​យ៉ាង​វែង​ ប្រវែង​ប្រហែល​ជា​កន្លះ​ហត្ថ​ [ឬ]​ប្រហែល​មួយ​ហត្ថ​ដៃ​យើង​ [ឬ] ​៦​ឬ​៧​តឹក ​...​វែង​មែន​ទែន!​ ហើយ​ធ្លាក់​ឈាម​មក​បណ្តោយ»។​

លោក​បញ្ជាក់​ថា​ ភរិយា​របស់​លោក​មាន​បណ្ណ​ធានា​រ៉ាប់​រង​ ប.ស.ស. ​របស់​ក្រសួង​ការងារ​ ព្រោះ​ជា​កម្មការិនី​នៅ​រោងចក្រ​ជិត​សម្ភព​នោះ ​ តែ​លោក​ថា​ ដោយ​សារ​មន្ទីរ​ពេទ្យ​ ដែល​មាន​សេវា​ប.ស.ស. ​នៅ​ឆ្ងាយ​ ក៏​លោក​ និង​ភរិយា​សម្រេច​ចិត្ត​បង់​លុយ​ព្យាបាល​ខ្លួន​ឯង​នៅ​សម្ភព​នេះ ​ដែល​ជិត​កន្លែង​ការងារ។​

លោក​បញ្ជាក់​ថា៖​ «ប.ស.ស.​ នៅ​រាង​ឆ្ងាយ​អ៊ីចឹង​បង។ ​ហើយ​នៅ​ទីនោះ​វា​ជិត​កន្លែង​យើង​ធ្វើ​ការ​ ហើយ​ដោយ​សារ​ខ្ញុំ​ធ្វើ​ការ​រោងចក្រ​ដូច​គ្នា ​ តែ​ខ្ញុំ​[ធ្វើ​ការ]​ស៊ីឡូ​ ខ្ញុំ​ចេញ​ចូល​អត់​ទៀង។ ​ ហើយ​វា​ជាប់​នៅ​កន្លែង​បន្ទប់​យើង​នៅ​ គ្រាន់​តែ​យើង​ដើរ​ឆ្លង​ផ្លូវ។ ​ខ្ញុំ​សុខ​ចិត្ត​អត់​ប្រើ​ប.ស.ស.​ ទេ​ ដឹង​តែ​ប្រើ ​ប.ស.ស.​ អត់​សូវ​អស់​លុយ​ហើយ ​ ប៉ុន្តែ​វា​ឆ្ងាយ​ ពិបាក​ទៅ​មក។​ ពេល​ហ្នឹង​ក៏​សម្រេច​ចិត្ត​ដូច​ថា​ អស់​លុយ​ក៏​អស់​ចុះ​ ឱ្យ​តែ​ប្រពន្ធ​យើង​សុខ ​ហើយ​ជិត​កន្លែង​ទៅ​មក»។​

បើ​តាម​លោក​ កេង វឿន ​កូន​ក្នុង​ផ្ទៃ​នេះ ​គឺ​ជា​កូន​ទី២ ​ហើយ​កូន​ស្រី​ច្បង​មាន​អាយុ​ជាង​៣​ឆ្នាំ។ ​លោក​ថា​ រហូត​មក​ដល់​ពេល​នេះ ភរិយា​របស់​លោក​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​កាល់ម៉ែត្រ។​

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​បញ្ជាក់​ពី​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​កំពង់ស្ពឺ​លោក​វេជ្ជ​បណ្ឌិត​ ហុក គ្រី ​និង​ម្ចាស់​មន្ទីរ​សម្រាក​ព្យាបាល​ និង​សម្ភព​ដើម​អង្គ្រង​បាន​នៅ​ឡើយ​ទេ។​

ប្រធាន​សមាគម​គ្រូពេទ្យ​គុណធម៌​កម្ពុជា​ លោក​ អ៊ូច វុទ្ធី ​ប្រាប់​វីអូអេ​ថា ​ក្រសួង​ត្រូវ​ចុះ​អង្កេត​ឱ្យ​បាន​ច្បាស់​លាស់​លើ​ករណី​នេះ ​ព្រោះ​មិន​មាន​អ្នក​ណា​ម្នាក់​ចង់​ឱ្យ​កើត​រឿង​នេះ​ទេ តែ​លោក​ស្នើ​ឱ្យ​គ្រូ​ពេទ្យ​កាន់​ខ្ជាប់​គុណ​ធម៌។ ​លោក​បន្ត​ថា​ ស្ត្រី​ដែល​មាន​គភ៌​ ក៏​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ ពិនិត្យ​ផ្ទៃ​ពោះ​ជា​ប្រចាំ​ដើម្បី​ធានា​ថា​ ​ម្តាយ ​និង​ទារក​មាន​សុខភាព​ល្អ។​

លោក​ថ្លែង​ថា​៖ ​«គួរ​ណា​តែ​យើង​តាម​ដាន​ និង​ស្រាវ​ជ្រាវ​ទាំង​អស់​គ្នា​ កុំ​ដាក់​កំហុស​ទៅ​លើ​អ្នក​ណា​មួយ​ ដោយ​គ្មាន​កំហុស​ ព្រោះ​ទូទៅ​ ​គ្រូ​ពេទ្យ​មុន​នឹង​យក​សញ្ញា​បត្រ ​គោរព​ក្រម​សីលធម៌​ ចង់​ឱ្យ​តែ​អ្នក​ជំងឺ​រស់​ទេ ​ ​មិន​ចង់​ឱ្យ​ស្លាប់​ទេ។ ​ប៉ុន្តែ​ខ្ញុំ​សូម​អំពាវនាវ​ដល់​គ្រូពេទ្យ​ទាំង​អស់​មេត្តា​មាន​មនុស្ស​ធម៌​នៅ​ក្នុង​ខ្លួន​ សប្បុរស​ធម៌​ គុណ​ធម៌ ​មនុស្ស​ធម៌...។​ យើង​ឃើញ​អ្នក​អត់​ហើយ​ យើង​ជួយ​សិន​ទៅ​...​ជួយ​សិន​ទៅ​ចាំ​គិត​លុយ​ក្រោយ។​ នេះ​ជា​យោ​បល់​ខ្ញុំ»។​

ចំណែក​ប្រធាន​មជ្ឈ​មណ្ឌល​ប្រជា​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​និង​សន្តិ​ភាព ​លោក ​យង់ គិមអេង ​ថ្លែង​ថា​ក្រសួង​សុខាភិបាល​ត្រូវ​តែ​ត្រួត​ពិនិត្យ​នៅ​តាម​គ្រប់​មន្ទីរ​ពេទ្យ​ជា​ប្រចាំ​ ជា​ពិសេស​នៅ​តាម​មន្ទីរ​ពេទ្យ​ឯក​ជន​ ដើម្បី​ធានា​ថាបុគ្គលិក​ពេទ្យ​ ដែល​កំពុង​បំពេញ​ការងារ ​ពិត​ជា​មាន​វិជ្ជាជីវៈ។​

លោក​ថ្លែង​ថា៖​ «ស្វាគមន៍​ហើយ​ការ​បើក​មន្ទីរ​ពេទ្យ​ ​វិស័យ​ឯក​ជន​អីហូរ​ហែ។​ វា​ជា​រឿង​មួយ​ប្រសើរ​ហើយ​ ប៉ុន្តែ​រដ្ឋ​របស់​យើង​គឺ​មាន​តួនាទី​នៅ​ក្នុង​ការ​រៀប​ចំ​គោល​នយោបាយ​ មាន​តួនាទី​នៅ​ក្នុង​ការ​ត្រួត​ពិនិត្យ​មើល​គុណ​ភាព​ ដើម្បី​កែ​លម្អ​គុណ​ភាព​ឱ្យ​កាន់​តែ​ប្រសើរ»។​

គួរ​បញ្ជាក់​ថា​ បើ​សិន​ជា​ក្រសួង​សុខាភិបាល​រក​ឃើញ​ថា​ មណ្ឌល​សុខភាព​នាំ​មាន​ភាព​មិន​ប្រក្រតី​នៃ​ការ​រំលូត​កូន​ ដែល​ធ្វើ​ឱ្យ​ស្ត្រី​មាន​គត៌ ​មាន​ជំងឺ​រ៉ាំរ៉ៃ​ ឬ​ពិការ​នោះ​ នោះ​មណ្ឌល​សុខភាព​នេះ​នឹង​ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី​១​ឆ្នាំ​ទៅ​៥​ឆ្នាំ។​ ចំណែក​ការ​រំលូត​កូន​បណ្តាល​ឱ្យ​ស្ត្រី​មាន​គភ៌​គ្រោះ​ថ្នាក់​ដល់​ស្លាប់​ ត្រូវ​ផ្តន្ទា​ទោស​ពី​៥​ឆ្នាំ​ទៅ​១០​ឆ្នាំ។ ​នេះ​បើ​យោង​តាម​ច្បាប់​ស្តីពី​ការ​រំលូត​កូន៕

XS
SM
MD
LG