ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការផ្ទុះ​នៅ​ខាង​ក្រៅ​ផ្ទះ​របស់​មេដឹកនាំ​ក្រុម​សកម្ម​ប្រយុទ្ធ​ឥស្លាម​សម្លាប់​មនុស្ស​៣នាក់


ក្រុម​ការងារ​ជួយ​សង្គ្រោះ​ និង​មន្ត្រី​សន្ដិសុខ កំពុង​ស្ថិត​នៅ​កន្លែង​ដែល​ហេតុការណ៍​ផ្ទុះមួយ​បាន​កើតឡើង​នៅ​ក្នុង​​ក្រុង Lahore ប្រទេស​ប៉ាគីស្ថាន ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១។

មនុស្ស​យ៉ាង​តិច​ណាស់​៣នាក់បាន​ស្លាប់ ​ហើយ​ជាង​១០​នាក់បាន​រងរបួស​នៅ​ក្នុង​ការ​ផ្ទុះ​មួយ​នៅទីក្រុង ​Lahore ប្រទេស​ប៉ាគីស្ថាន​ នៅ​ខាង​ក្រៅ​ផ្ទះ​របស់​ឈ្មោះ Hafiz Mohammad​ Saeed ​ជា​អ្នក​ដែល​បាន​ជាប់​ទាក់ទិន​ទៅ​នឹង​ការ​វាយ​ប្រហារ​នៅ​ឆ្នាំ​២០០៨ ​នៅ​ក្នុង​ទីក្រុង​ Mumbai ​ប្រទេស​ឥណ្ឌា​ ដែល​បាន​សម្លាប់​មនុស្ស​ជាង​១៧០​នាក់។ ​

លោក​ Saeed ជា​មេដឹកនាំ​នៃ​ក្រុម ​Jamaat-ud-Dawa​ ជា​ក្រុម​សកម្ម​ប្រយុទ្ធ​ឥស្លាម​ ​ដែល​ប្រតិបត្តិការ​នៅ​ក្នុង​តំបន់​អាស៊ី​ខាង​ត្បូង។​ គេ​មិនទាន់​ដឹង​ច្បាស់​ទេ​ថា ​តើ​លោក​ Saeed​ ស្ថិត​នៅ​ក្នុង​ចំណោម​អ្នក​ស្លាប់​ និង​រង​របួស​ដែរ​ឬ​ទេ។ ​

សាក្សី​និយាយ​ថា ​ការផ្ទុះ​នោះ​មាន​កម្លាំង​ខ្លាំង​ដែល​ធ្វើ​ឲ្យ​ខូច​ខាត​ផ្ទះ​និង​រថយន្តជា​ច្រើននៅ​តាម​ផ្លូវ​ក្បែរ​នោះ។​

VOA ជា​ភាសា ​Urdu ​បាន​ឲ្យ​ដឹង​ថា ប៉ូលិស ​សមាជិក​កង​កម្លាំង​ល្បាត កង​កម្លាំង​ប្រឆាំង​ភេរវកម្ម​ និង​ឆ្មាំ​សន្តិសុខ​ផ្ទាល់​ខ្លួន​របស់​លោក​ Saeed ​បាន​ឡោម​ព័ទ្ធ​ផ្ទះ​នោះ​ភ្លាមៗ​ ​បន្ទាប់​ពី​ការ​ផ្ទុះ។ ​

សាក្សី​ និង​អ្នក​កាសែត​ត្រូវ​បាន​គេ​ប្រាប់​ឲ្យ​នៅ​ឲ្យ​ឆ្ងាយ​ ហើយ​សេវា​ទូរស័ព្ទ​ចល័ត​បាន​គាំង​នៅ​ក្នុង​តំបន់​ជុំវិញ​នោះ។

លោក​ Ghulam Mehmood Dogar​ ប្រធាន​ប៉ូលិស​ក្រុង ​Lahore ​បាន​និយាយ​ថា​ រហូត​មក​ទល់​ពេល​នេះ ​មិនទាន់អាច​និយាយ​អ្វី​ទាំង​អស់​អំពី​ការ​ផ្ទុះ​នេះ។ ​

លោក​ Saeed ​មាន​ឈ្មោះ​ក្នុង​បញ្ជី​នៃ​ការ​ដាក់​ទណ្ឌកម្ម​របស់​សហ​រដ្ឋ​អាមេរិក ​និង​អង្គការ​សហ​ប្រជាជាតិ។​ ក្រសួង​យុត្តិធម៌សហរដ្ឋ​អាមេរិក​ចាត់​ទុក​លោក​ជាភេរវជន។​

សហរដ្ឋ​អាមេរិក​ប្រកាស​ផ្តល់​រង្វាន់​១០​លាន​ដុល្លារ​ដល់​អ្នក​ដែល​ផ្តល់​ព័ត៌មាន​ដែល​នាំ​ឲ្យ​មាន​ការ​កាត់​ទោស​ឈ្មោះ​ Saeed ​នៅ​ក្នុង​សំណុំ​រឿង​នៃ​ការ​វាយប្រហារ​នៅ​ក្នុង​ទីក្រុង​ Mumbai៕

XS
SM
MD
LG