ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​កំពូល​ប៉ាគីស្ថាន​សម្រេច​ឲ្យ​ជនសង្ស័យ​សំខាន់​នៅ​ក្នុង​ឃាតកម្ម​អ្នក​កាសែត​អាមេរិក​រួចខ្លួន


រូបឯកសារ៖ លោក Ahmed Omar Saeed Sheikh ដែលត្រូវបានចោទប្រកាន់ថាជាមេខ្លោងនៅពីក្រោយការចាប់ជំរិតសម្លាប់អ្នកកាសែត Wall Street Journal បង្ហាញខ្លួននៅឯតុលាការនៅទីក្រុងការ៉ាជី ប្រទេសប៉ាគីស្ថានថ្ងៃទី ២៩ ខែមីនាឆ្នាំ ២០០២ ។ (AP)
រូបឯកសារ៖ លោក Ahmed Omar Saeed Sheikh ដែលត្រូវបានចោទប្រកាន់ថាជាមេខ្លោងនៅពីក្រោយការចាប់ជំរិតសម្លាប់អ្នកកាសែត Wall Street Journal បង្ហាញខ្លួននៅឯតុលាការនៅទីក្រុងការ៉ាជី ប្រទេសប៉ាគីស្ថានថ្ងៃទី ២៩ ខែមីនាឆ្នាំ ២០០២ ។ (AP)

តុលាការ​កំពូល​ប៉ាគីស្ថាន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​បាន​សម្រេច​ឲ្យ​ជនជាតិ​អង់គ្លេស​ម្នាក់​ដែល​ត្រូវ​បាន​កាត់ទោស​កាល​ពី​ឆ្នាំ ២០០២ ពី​បទ​រៀបចំ​គម្រោង​ចាប់​ជំរិត និង​កាត់​ក្បាល​អ្នក​កាសែត​អាមេរិក​Daniel Pearl ឲ្យ​រួច​ខ្លួន។​

តុលាការ​កំពូល​ប៉ាគីស្ថាន​បាន​សម្រេច​ឲ្យ​លោក Ahmed Omar Sheikh និង​អ្នក​រួមគំនិត​របស់​លោក​បីនាក់​ទៀតរួច​ខ្លួន​ពីបទ​ចោទ​ទាំងអស់​ក្នុងសំណុំ​រឿងនេះ​ដោយ​បញ្ជា​ឲ្យ​ដោះលែង​លោក Sheikh និង​អ្នក​ទាំង​បី​ពី​ពន្ធនាគារ​ជា​បន្ទាន់​ប្រសិន​បើ​ពួកគេ​មិន​ពាក់ព័ន្ធ​នៅ​ក្នុង​ករណី​ផ្សេង​ទៀត​ទេ​នោះ។

លោក​ Steven Butler ​អ្នកសម្រប​សម្រួល​កម្មវិធី​តំបន់​អាស៊ី​នៃ​គណ:កម្មាការ​ការពារ​អ្នក កាសែត​ The Committee to Protect Journalists​ បាន​រិះគន់​ការ​សម្រេច​ឲ្យជន​ជាប់ចោទ​រួចខ្លួន ដោយ​និយាយ​ថា៖​

«យើងមាន​ការខកចិត្ត​យ៉ាងខ្លាំង​ដែល​តុលាការ​កំពូល​ប៉ាគីស្ថាន​បាន​ដោះលែង​ហើយនិង​បញ្ជា​ឲ្យដោះលែង​ Ahmad Saeed Omar Sheikh ​ទោះជា​មានព័ស្តុតាង​លើសលុប​ពីការ​ពាក់ព័ន្ធ​របស់​Sheikh​ក្នុងអំពើ​ចាប់ជំរិត​Daniel Pearl ​ហើយនាំ​ទៅដល់​ការសម្លាប់​ដោយ​ផ្ទាល់ក្តី»។

លោក​បន្ថែមថា៖​ «Daniel Pearl ​សមនឹង​ទទួល​បានយុត្តិធម៌​ហើយ Sheikh​ សមនឹង​ទទួលទោស​ចំពោះ​ឧក្រិដ្ឋកម្ម​ដែល​បានប្រព្រឹត្ត។ អ្នក​កាសែត​នៅគ្រប់កន្លែង​ទទួល​បាន​សុវត្ថិភាព​កាន់តែ​តិចទៅ​ដោយសារ​តែការ​សម្រេច​ក្តីនេះ»។

បុរស​ទាំង​បួន​នាក់​នោះ​បាន​ជាប់​ពន្ធនាគារ​អស់រយៈពេល១៨ ឆ្នាំ​នៅក្នុង​ប្រទេស​ប៉ាគីស្ថាន​ចំពោះ​អំពើ​ឃាតកម្ម​ដ៏​រន្ធត់​ទៅ​លើ​អ្នក​កាសែត Wall Street Journal។​

តុលាការ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម​ក្នុង​ខេត្ត Sindh នៃ​ប្រទេស​ប៉ាគីស្ថាន ដែល​ឃាតកម្ម​នេះ​បាន​កើតឡើង​កាល​ពី ​១៨ ​ឆ្នាំ​មុន បាន​កាត់​ទោស​លោក Sheikh ដែល​កើត​នៅ​អង់គ្លេស​ប្រហារ​ជីវិត​ចំពោះ​តួនាទី​ជា​មេខ្លោង​នៅក្នុង​ការ​សម្លាប់​លោក Pearl៕

XS
SM
MD
LG