ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប៉ាគីស្ថាន​សម្រេច​ចិត្ត​មិន​ប្រើ​ប្រាស់​ថាមពល​ចេញ​ពី​ធ្យូងថ្ម


រូបឯកសារ៖ ផ្សែងខ្មៅបានភាយចេញពីរោងចក្រដុតឥដ្ឋដែលប្រើធ្យូងថ្ម នៅអ៊ីស្លាម៉ាបាត ប្រទេសប៉ាគីស្ថាន កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៧។
រូបឯកសារ៖ ផ្សែងខ្មៅបានភាយចេញពីរោងចក្រដុតឥដ្ឋដែលប្រើធ្យូងថ្ម នៅអ៊ីស្លាម៉ាបាត ប្រទេសប៉ាគីស្ថាន កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៧។

នាយក​រដ្ឋ​មន្ត្រីប៉ាគីស្ថាន​លោក Imran Khan​ បាន​ប្រកាស​កាលពី​ថ្ងៃទី​១២ ខែធ្នូ ថា ​ប្រទេស​របស់​លោក ​នឹងមិន​ផលិត​ថាមពល​ធ្យូងថ្មទេ ​ដើម្បី​ជាការ​ចូល​រួម​ចំណែក​ក្នុង​កិច្ច​ខិតខំ​ប្រឹង​ប្រែងរបស់​សកល​លោក ​ប្រឆាំង​នឹងការប្រែប្រួល​អាកាសធាតុ។​

លោក​ Khan បាន​ពណ៌នាអំពី​កិច្ចការ​សំខាន់ៗ​ជាក់ស្តែង​ នៅពេល​ដែល​លោក​កំពុង​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​កំពូល​មហិច្ឆតា​អាកាសធាតុ​អន្តរជាតិ​ឆ្នាំ ២០២០ ដែល​ធ្វើ​ឡើង​តាម​អនឡាញ​ ដោយសារ​ជំងឺរាតត្បាត​កូវីដ១៩។

អង្គការ​សហប្រជាជាតិ ចក្រភព​អង់គ្លេស បារាំង ឈីលី និង​អ៊ីតាលី​ បាន​រៀបចំ​កម្មវិធី​នោះ ដោយប្រមូល​មេដឹកនាំ​ពិភពលោក​មក​ជួបជុំ​គ្នា​ ដើម្បី​ជំរុញ​ឲ្យ​មាន​កិច្ច​ខិត​ខំ​ប្រឹងប្រែង​កាន់តែ​ខ្លាំង​ជាង​មុន​ ដើម្បី​ទប់​ស្កាត់​ការ​ឡើង​កម្តៅ​សាកល។

លោក Khan បាន​ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​នោះថា៖ «យើង​បាន​សម្រេច​ចិត្ត​ថា​ យើង​នឹង​មិន​ផលិត​ថាមពលណា​ទៀត​ ដែល​ពឹង​លើ​ធ្យូង​ទេ។ យើង​បានបោះ​បង់ចោលគម្រោង​ថាមពល​ធ្យូង​ចំនួនពីរ ដែល​គ្រោង​នឹង​ផលិត​ថាមពល​ ២៦០០ ​មេហ្គាវ៉ាត់​ ហើយប្រើ​ទំនប់​វារី​អគ្គិសនី​ជំនួស​វិញ»។

លោក Khan និយាយ​ថា ត្រឹម​ឆ្នាំ​ ២០៣០ ៦០ ភាគរយ​នៃ​ថាមពល​ទាំង​អស់​ដែល​ផលិត​នៅ​ក្នុង​ប្រទេស​របស់​លោក​ នឹង​ជា​ថាមពល​ស្អាត​ ហើយ​ទទួល​បាន​ធនធាន​កកើត​ឡើង​វិញ​ នៅពេលដែល​ ៣០ ​ភាគរយនៃយានយន្ត​គ្រប់ប្រភេទ ​នឹង​ដំណើរ​ការ​ដោយ​អគ្គិសនី។

លោក​នាយករដ្ឋ​មន្ត្រី​និយាយ​ថា​ ខណៈ​ដែល​ប៉ាគីស្ថាន​រួម​ចំណែក​តិច​ជាង ​១ ភាគរយ​នៃ​ការ​បញ្ចេញ​ឧស្ម័ន​កាបូន​ក្នុង​សាកល​លោក ប្រទេសនេះ​ជា​ប្រទេស​ដែល​ងាយ​នឹង​រងគ្រោះបំផុតទី ៥ ​ដោយសារ​ផល​ប៉ះពាល់​នៃ​ការប្រែប្រួល​អាកាសធាតុ។ នេះ​បើ​យោងតាម​ទិន្នន័យ​នៃ​របាយការណ៍​សន្ទស្សន៍​ហានិភ័យ​អាកាស​ធាតុសកល ​ឆ្នាំ ២០១៩។

លោក Khan បាន​និយាយ​ថា៖ «ខ្ញុំសូមធានា​អ្នក​ថា ​ប្រទេសប៉ាគីស្ថាន នឹង​ប្រឹង​ឲ្យ​អស់​ពី​សមត្ថភាព​ដើម្បី​ចូល​រួម​ចំណែកក្នុង​ការ​កាត់បន្ថយ​ផល​ប៉ះពាល់ ដោយសារការប្រែប្រួល​អាកាសធាតុ»។

ប្រទេស​ប៉ាគីស្ថាន មាន​រោងចក្រ​ថាមពល​ធ្យូង​តែ​មួយ​ប៉ុណ្ណោះ ​រហូត​ដល់ឆ្នាំ ២០១៦។ ប្រទេស​ចិន​បាន​វិនិយោគ​រាប់ពាន់​លានដុល្លារ​ក្នុង​ប្រជាជាតិ​នៅ​តំបន់អាស៊ីអាគ្នេយ៍ ដោយ​បាន​បង្កើត​រោងចក្រ​ថាមពល​ធ្យូង​ចំនួន ​៩ ​ហើយ​រោងចក្រ​ជាច្រើន​ទៀត​កំពុង​ត្រូវបាន​សាងសង់។

ទិន្នន័យ​ផ្លូវការ​បង្ហាញថា ​ការ​ផលិត​ថាមពលធ្យូង​ក្នុង​ប្រទេស​ប៉ាគីស្ថាន​បាន​ឡើងដល់ ​៥៧ ​ភាគ​រយ​ក្នុង​ឆ្នាំ​សារពើ​ពន្ធ​ ២០២០ ដែល​បានបញ្ចប់កាល​ពី​ខែមិថុនា ដោយសារ​តែ​ការ​វិនិយោគ​របស់​ទីក្រុង​ប៉េកាំង ក្រោម​គម្រោង​ខ្សែក្រវ៉ាត់​ពាណិជ្ជកម្ម។ ការ​សហការ​នេះ​ជួយ​ឲ្យ​រដ្ឋាភិបាល​ក្រុងអ៊ីស្លាម៉ាបាត ​រួច​ផុត​ពី​ឆ្នាំ​ដែល​មាន​កង្វះ​ថាមពល​ក្នុង​ប្រទេស។

រដ្ឋាភិបាល​លោក Khan ដែល​បាន​កាន់កាប់អំណាច​ជាងពីរ​ឆ្នាំ​មក​ហើយ បានអនុវត្ត​យុទ្ធនាការ​ដាំ​ដើម​ឈើ​ឡើងវិញ​ ជាង ​៣ ពាន់​លាន​ដើម​ត្រឹម​ពាក់កណ្តាល​ឆ្នាំ ២០២៣ ​ទូទាំង​ប្រទេស ដើម្បី​កាត់​បន្ថយ​ផល​ប៉ះ​ពាល់​ដោយ​ការប្រែ​ប្រួល​អាកាស​ធាតុ។ កម្មវិធី​ដ៏​ធំ​នេះ​ដែល​ត្រូវបាន​ដាក់ឈ្មោះ​ថា ​Ten Billion Tree Tsunami បាន​ចាប់ផ្តើម​កាលពី​ឆ្នាំ​មុន​ ហើយ​មន្ត្រី​និយាយ​ថា​ កូន​ឈើ​ច្រើនជាង ​៥០០​ លាន​ដើម ត្រូវបាន​ដាំ​ទូទាំង​ប្រទេស​ប៉ាគីស្ថាន។​

ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​នោះ នាយក​នៃ​អង្គការ​សហប្រជាជាតិ​លោក Antonio Guterres​អំពាវនាវ​ឲ្យ​មេដឹកនាំ​ពិភពលោក​ប្រកាស​ «ស្ថានភាព​អាសន្ន​នៃ​អាកាសធាតុ» នៅ​តាមប្រទេស​រៀងខ្លួន។ លោកថា៖ «បើ​សិន​ជា​យើង​មិន​ផ្លាស់​ប្តូរ​ស្ថានភាព​ទេ យើង​ប្រហែល​នឹង​ឆ្ពោះ​ទៅ​រក​កំណើន​សីតុណ្ហភាព​ដ៏​មហន្តរាយ​មួយ​គឺ​៣​អង្សារសេ ក្នុង​សតវត្សរ៍​នេះ»។

កិច្ច​ប្រជុំ​កំពូល​នេះ​បាន​សម្គាល់​រយៈពេល ​៥ ឆ្នាំ ​តាំងពី​កិច្ច​ព្រមព្រង​ទីក្រុង​ប៉ារីសស្តី​ពី​ការ​ប្រែប្រួល​អាកាស​ធាតុ ដែល​ព្យាយាម​កំណត់​ការឡើង​កម្តៅ​សកល​ត្រឹម ​១.៥ ​អង្សាសេ បៀបធៀប​នឹង​កម្រិត​កាលពី​មុន​មាន​បដិវត្ត​ន៍ឧស្សាហកម្ម៕

ប្រែសម្រួ​លដោយ ទុំ ម្លិះ

XS
SM
MD
LG