ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប៉ាគីស្ថាន​អនុម័ត​ច្បាប់​ថ្មី​ដើម្បី​ធានា​ឱ្យ​មាន​ការ​កាត់ទោស​ភ្លាមៗ​និង​ធ្ងន់ធ្ងរ​ចំពោះ​ជនល្មើស​រំលោភ​សេពសន្ថវៈ


រូបឯកសារ៖ ក្រុមបាតករដែលភាគច្រើនជាស្ត្រីបានចេញបាតុកម្មប្រឆាំងនឹងការរំលោភសេពសន្ថវៈលើស្ត្រីនិងកុមារ នៅទីក្រុង Karachi ប្រទេសប៉ាគីស្ថាន កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០។

នៅ​ថ្ងៃទី១៥ ខែធ្នូ ប្រធានាធិបតី​ប៉ាគីស្ថាន​បាន​ចុះ​ហត្ថលេខា​លើ​វិធានការ​ថ្មី​ប្រឆាំង​នឹង​ការ​រំលោភ​សេពសន្ថវៈ​ ដែល​នឹង​ក្លាយ​ទៅ​ជា​ច្បាប់​មួយ​ដែល​អនុញ្ញាត​ឱ្យ​ពន្លឿន​ការ​កាត់​ទោស​និង​បន្ថែម​ការ​កាត់ទោស​ឲ្យ​កាន់​តែ​ធ្ងន់​លើ​ជនល្មើស​រំលោភ​សេពសន្ថវៈ។​

អនុក្រឹត្យ​ឬ​បទបញ្ជា​ប្រធានាធិបតី​តម្រូវ​ឱ្យ​រដ្ឋាភិបាល​បង្កើត​តុលាការ​កូនកាត់ ​ដែល​មាន​នីតិវិធី​លឿន​នៅ​ទូទាំង​ប្រទេស ​ដើម្បី​កាត់​ទោស​លើ​រឿងក្តី​រំលោភបំពាន​ផ្លូវ​ភេទ​លើ​ស្ត្រី​និង​កុមារ។ ខុទ្ទកាល័យ​របស់​លោក​ប្រធានាធិបតី​ Arif Alvi បាន​និយាយ​ថា តុលាការ​នេះ​នឹង​ត្រូវ​សម្រេច​លើ​ការ​កាត់​ទោស​ជន​សង្ស័យ​ ហើយត្រូវ​ចេញ​ដីកា​សម្រេច​ក្នុង​រយៈពេល​ពេល ៤ ខែ។

ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​បាន​រាយការណ៍​ថា បទបញ្ជា​នេះ​អំពាវនាវ​ឱ្យ​មាន​ការ​កាត់ទោស​យ៉ាង​តឹងរ៉ឹង រួម​ទាំង​ការ​ចាក់​ធាតុ​គីមី​សម្លាប់​ប្រដាប់​ភេទលើ​ជន​ល្មើស​ដែល​រក​ឃើញ​ថា​បាន​ប្រព្រឹត្ត​បទល្មើស​នេះ​ម្តង​ហើយ​ម្តង​ទៀត។ បទបញ្ជា​នេះ​ក៏​តម្រូវ​ឱ្យ​បញ្ឈប់​ការ​បង្ហាញ​អត្តសញ្ញាណ​របស់​ជនរងគ្រោះ​ផង​ដែរ។

អនុក្រឹត្យ​នេះ​នឹង​បង្កើត «អង្គភាព​ដោះស្រាយ​វិបត្តិ​ប្រឆាំង​អំពើ​រំលោភ​សេពសន្ថវៈ» ពិសេស​នៅ​ទូទាំង​ប៉ាគីស្ថាន​ សម្រាប់​ការពារ​ទាំង​ជនរងគ្រោះ និង​សាក្សី។ អនុក្រឹត្យ​នេះ​សរសេរ​ថា អង្គភាព​ដោះស្រាយ​វិបត្តិ​នេះ​នឹង​ទទួល​ខុសត្រូវ​លើ​ការ​ស៊ើបអង្កេត និង​ធ្វើ​កោសល្យវិច័យ​ផ្នែក​វេជ្ជសាស្ត្រ​លើ​ជនរងគ្រោះ​ក្នុង​រយៈពេល​ ៦ ម៉ោង​ បន្ទាប់​ពី​មាន​បទល្មើស។

បញ្ជី​ឈ្មោះ​អ្នក​រំលោភបំពាន​ផ្លូវ​ភេទ​នៅ​ទូទាំង​ប្រទេស ​ក៏​នឹង​ត្រូវ​រក្សា​ទុក​ផង​ដែរ ​ដោយ​មាន​ជំនួយ​ពី​អាជ្ញាធរ​គ្រប់គ្រងទិន្នន័យ​ជាតិ។

បទបញ្ជា​ប្រធានាធិបតី​នឹង​មាន​អានុភាព​ជា​ធរមាន​ក្នុង​ប្រទេស​ប៉ាគីស្ថាន​ រយៈពេល ​១២០ ថ្ងៃ ហើយ​រដ្ឋាភិបាល​ត្រូវ​ស្នើសុំ​ការ​អនុម័ត​ជា​ដាច់ខាត​ពី​សភា ដើម្បី​ធ្វើ​ឱ្យ​បទបញ្ជា​នេះ​ក្លាយ​ទៅ​ជា​ច្បាប់​អចិន្ត្រៃយ៍​មួយ។​

រហូត​មក​ដល់​ពេល​នេះ ជនល្មើស​រំលោភ​សេពសន្ថវៈ​ដែល​ត្រូវ​បាន​កាត់ទោស​ប្រឈម​មុខ​នឹង​ការ​ជាប់​ពន្ធនាគារ​ ២៥ ឆ្នាំ ឬ​ទោស​ប្រហារ​ជីវិត ខណៈ​ដែល​ការ​រំលោភបូក​ ឬរំលោភ​ជាក្រុម​ត្រូវ​កាត់ទោស​ប្រហារ​ជីវិត ឬ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត។

ទោះ​ជា​យ៉ាង​នេះ​ក្តី អ្នក​ជំនាញ​ផ្នែក​ច្បាប់​និយាយ​ថា ករណី​បែប​នេះ​នៅ​ប៉ាគីស្ថាន​អាច​នឹង​ចំណាយ​ពេល​រាប់​ឆ្នាំ​ដើម្បី​កាត់ទោស ហើយ​ជនល្មើស​រំលោភ​សេពសន្ថវៈ​ជារឿយៗ​គេច​ផុត​ពី​ការ​កាត់ទោស ដោយសារ​ឥទ្ធិពល​នយោបាយ​ធ្វើ​ឱ្យ​ការ​ស៊ើបអង្កេត​របស់​ប៉ូលិស​មាន​កំហុស។ លើស​ពី​នេះ អំពើ​ពុករលួយ​ដែល​មិន​អាច​គ្រប់គ្រង​បាន​នៅ​ក្នុង​ប្រព័ន្ធ​យុត្តិធម៌​ថ្នាក់​ក្រោម​ ក៏​ជួយ​ជនល្មើស​រំលោភ​សេពសន្ថវៈ​ឱ្យ​ស្វែងរក​ដីកា​សម្រេច​ដែល​ល្អ​សម្រាប់​ខ្លួន​ផង​ដែរ។

ក្រុម​អ្នក​រិះគន់​និយាយ​ថា ស្ថានភាព​នេះ​បង្អាក់​ទឹកចិត្ត​ស្ត្រីមិន​ឱ្យ​ស្វែងរក​យុត្តិធម៌​ ដោយសារ​តែ​ការ​ខ្លាច​អាម៉ាស់មុខ ឬ​រងការ​មាក់ងាយ​ពី​ប៉ូលិស ឬ​សូម្បី​តែ​សាច់ញាតិ​របស់​ខ្លួន​នៅ​ក្នុង​សង្គម​ប៉ាគីស្ថាន​ដែល​សម្បូរ​អ្នក​អភិរក្ស​និយម​មួយ​នេះ។

គណៈរដ្ឋមន្ត្រី​របស់​លោក​នាយករដ្ឋមន្ត្រី Imran Khan បាន​អនុម័ត​យល់​ព្រម​លើ​ច្បាប់​ថ្មី​នេះ​កាលពី​ចុង​ខែ​វិច្ឆិកា​ ដើម្បី​ទប់ស្កាត់​ឧប្បត្តិហេតុ​នៃ​ការ​រំលោភ​ស្ត្រី និង​កុមារ​ដែល​កំពុង​តែ​កើន​ឡើង​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។

បទល្មើស​រំលោភ​ចុងក្រោយ​គេ​បង្អស់​កើត​ឡើង​ នៅ​ក្នុង​ខែកញ្ញា នៅ​ពេល​បុរស​ ២ នាក់​បាន​រំលោភ​បូក​លើ​ស្ត្រី​ម្នាក់​នៅ​ពី​មុខ​កូនៗ​របស់​នាង បន្ទាប់​ពី​រថយន្ត​របស់​នាង​អស់​សាំង​នៅ​លើ​មហាវិថី​ដ៏​ស្ងាត់​មួយ​នៅ​ក្បែរ​ក្រុង Lahore នៅ​ភាគ​ខាង​កើត​នៃ​ប្រទេស។ ប៉ូលិស​បាន​តាម​ស្វែងរក​និង​បាន​ចាប់​ខ្លួន​ជនល្មើស​ទាំង​ពីរ​នាក់​នេះ។

ប៉ុន្តែ​កំហឹង​របស់​សាធារណជន​ចំពោះ​ឧប្បត្តិហេតុ​នេះ​បាន​ធ្វើ​ឱ្យ​លោក​នាយករដ្ឋមន្ត្រី Khan សម្រេច​ចិត្ត​នៅ​ក្នុង​បទសម្ភាសន៍​តាម​ទូរទស្សន៍​មួយ​ថា រដ្ឋាភិបាល​របស់​លោក​នឹង​អនុម័ត​ «បទបញ្ជា​ប្រឆាំង​អំពើ​រំលោភ​ទាំង​អស់​ដោយ​លុបចោល​នូវ​ចន្លោះប្រហោង​ទាំង​អស់» ក្នុង​ពេល​ឆាប់ៗ។ លោក​នាយករដ្ឋមន្ត្រី​ក៏​បាន​អំពាវនាវ​ឱ្យ​ការ​ដាក់​ទោស​ជា​សាធារណៈ​លើ​ជនល្មើស​រំលោភ​សេពសន្ថវៈ និង​ការ​ចាក់​ធាតុ​គីមី​ ដើម្បី​សម្លាប់​ប្រដាប់​ភេទ​របស់​ពួកគេ។

ទោះ​ជា​យ៉ាង​នេះ​ក្តី ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​បាន​ស្រង់​សម្តី​របស់​រដ្ឋមន្ត្រី​យុត្តិធម៌​ប៉ាគីស្ថាន លោក Farogh Nasim ដោយ​បាន​ថ្លែង​ថា «គំនិត​នៃ​ការ​ចាក់​ធាតុ​គីមី​ដើម្បី​សម្លាប់ប្រដាប់​ភេទ​ត្រូវ​ធ្វើ​ឡើង​ក្នុង​ទម្រង់​ស្តារ​នីតិសម្បទា​និង​ជា​កម្មវត្ថុ​នៃ​ការ​យល់ព្រម​ពី​អ្នក​ទោស» ដើម្បី​ឱ្យ​ស្រប​ទៅ​នឹង​ច្បាប់​អន្តរជាតិ។

លោក​បាន​បកស្រាយ​ថា ប្រសិនបើ​អ្នក​ទោស​មិន​យល់ព្រម​នោះ​ទេ គេ​អាច​នឹង​ត្រូវ​ប្រឈម​មុខ​តាម​ច្បាប់ និង​អាច​ប្រឈម​មុខ​នឹង​ទោស​ប្រហារ​ជីវិត ការ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត ឬ​ការ​ជាប់​ពន្ធនាគារ​ ២៥ ឆ្នាំ៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-២០២០

XS
SM
MD
LG