អំឡុងកិច្ចប្រជុំកំពូលអាកាសធាតុនៃអង្គការសហប្រជាជាតិ (COP 27) កាលពីពេលថ្មីៗនេះនៅប្រទេសអេហ្ស៊ីប ប្រទេសកោះតូចៗបានស្នើឱ្យប្រទេសអភិវឌ្ឍនានានិងប្រទេសបញ្ចេញកាបូនធំៗបង់ការខូចខាតលើបណ្តាប្រទេសងាយរងគ្រោះដោយសារពួកគេតែងតែរងផលប៉ះពាល់ដោយការប្រែប្រួលអាកាសធាតុមុនគេ។
គម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗក្នុងប្រទេសកោះតូចៗ ក្រោមគម្រោងក្រវាត់ផ្លូវពាណិជ្ជកម្មរបស់ចិនដែលហៅកាត់ថា BRI ប្រហែលនឹងមានហានិភ័យចំពោះបរិស្ថានច្រើនជាងមុន នេះបើយោងតាមលោក Kalim Shah សាស្ត្រាចារ្យជំនួយនៅសាកលវិទ្យាល័យ Delaware ដែលមានជំនាញផ្នែកអភិបាលកិច្ចនៅប្រទេសកោះតូចៗ។
លោក Shah បាននិយាយថា៖ «ប្រទេសកោះនានាពឹងផ្អែកលើធនធានធម្មជាតិខ្លាំង។ ដូច្នេះគេមិនអាចឱ្យមានកំហុសកើតឡើងក្នុងគម្រោងធំៗទាំងនេះ បើសិនជាអ្នកចង់ទប់ស្កាត់ផលប៉ះពាល់បរិស្ថានដែលមិនអាចស្រោចស្រង់បាន»។
រហូតមកដល់ពេលនេះប្រទេសចិនបានវិនិយោគ២.៧២០ លានដុល្លារក្នុងបណ្តាប្រទេសកោះប៉ាស៊ីហ្វិក និង១០ពាន់លានដុល្លារនៅប្រទេសកោះ Caribbean (ការ៉ាអ៊ីប) ដើម្បីសាងសង់គម្រោងហេដ្ឋារចនាសម័្ពន្ធ សម្រាប់ពង្រឹងវិស័យទេសចរណ៍និងការបង្កើតថាមពល។
ប៉ុន្តែគម្រោងមួយចំនួនបានបង្កឱ្យមានភាពចម្រូងចម្រាស។
ឧទាហរណ៍ ក្រុមហ៊ុនចិន អន្តរជាតិ YIDA គ្រោងនឹងសង់ឆ្នេរសមុទ្រថ្មីនិងសណ្ឋាគារពីរសម្រាប់វិស័យទេសចរនៅកោះ Guiana ក្នុងភាគខាងជើងប្រទេសអង់ទីហ្គា និង បាប៊ុយដា។ ការណ៍នេះនឹងតម្រូវឱ្យគេត្រូវកាប់ចោល ដើមកោងកាងដែលត្រូវបានជឿថាបានបង្ការគ្រោះធម្មជាតិក្នុងប្រទេសនេះ ប៉ុន្តែគម្រោងនៅតែត្រូវបានអនុម័ត។
លោក Shah និយាយថា គម្រោងក្រវាត់ផ្លូវពាណិជ្ជកម្មរបស់ចិននឹងលើកស្ទួយវិស័យទេសចរណ៍និងសេដ្ឋកិច្ចក្នុងប្រទេសកោះតូចៗដែលកំពុងអភិវឌ្ឍ ប៉ុន្តែវាក៏នឹងបង្កឱ្យមានផលប៉ះពាល់អាកាសធាតុដែរ។
ប្រទេសចិនបានយកចិត្តទុកដាក់ចំពោះការស្នើរបស់អន្តរជាតិ ហើយបានចេញសេចក្តីណែនាំដើម្បីជំរុញគម្រោង BRI បៃតងមួយនិងបង្កើតភាពជាដៃគូដើម្បីបន្ថយការបញ្ចេញឧស្ម័នកាបូនរបស់គម្រោង BRI។
លោក James Ellsmoor នាយកអង្គការថាមពលពន្លឺព្រះអាទិត្យ Solar Head of State បាននិយាយថា ការអនុវត្តវិធានការបៃតងថ្មីនេះនឹងត្រូវបានត្រួតពិនិត្យជិតដិត។
លោកថ្លែងថា៖ «គេត្រូវឱ្យមានការទទួលខុសត្រូវមួយចំនួន ដើម្បីធានាថា ហានិភ័យនឹងត្រូវបានកាត់បន្ថយពីគម្រោងហេដ្ឋារចនាសម័្ពន្ធទាំងនេះ។ ខ្ញុំចង់ឃើញឱ្យមានគម្រោងដែលសម្របតាមការប្រែប្រួលអាកាសធាតុទទួលមូលនិធិកាន់តែច្រើនជាងមុនសម្រាប់គម្រោង BRI ដោយសារវាមានសារៈសំខាន់សម្រាប់ប្រទេសកោះតូចៗ»។
លោក Shah បានបន្ថែមថា ប្រទេសកោះតូចៗក៏នឹងត្រូវពង្រឹងច្បាប់បរិស្ថានរបស់ពួកគេឱ្យបានតឹងរ៉ឹងជាងមុន ហើយលោកបានស្នើឱ្យមានការស្រាវជ្រាវបន្ថែមលើអត្ថប្រយោជន៍និងហានិភ័យលើបរិស្ថាន ពីគម្រោង BRI ក្នុងប្រទេសទាំងនេះ៕
ប្រែសម្រួលដោយកញ្ញា ទុំ ម្លិះ