លោក Manasseh Sogavare នាយករដ្ឋមន្ត្រីនៃប្រជុំកោះ Solomon បានជួបជាមួយពួករដ្ឋមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលអូស្ត្រាលីកាលពីថ្ងៃព្រហស្បតិ៍ ទី៦ ខែតុលា នៅពេលរដ្ឋាភិបាលក្រុងកាបេរ៉ាធ្វើការដើម្បីរារាំងពួកប្រទេសជិតខាងខ្លួនក្នុងមហាសមុទ្រប៉ាស៊ីហ្វិកមិនឱ្យមានចំណងជិតស្និទ្ធជាមួយប្រទេសចិន។
អូស្ត្រាលីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខមួយជាមួយប្រជុំកោះ Solomon កាលពីឆ្នាំ២០១៧ តែទំនាក់ទំនងរវាងប្រទេសទាំងពីរនេះមានការរអាក់រអួលដោយសារមានកិច្ចព្រៀងព្រៀងមួយដែលប្រទេសជាប្រជុំកោះក្នុងមហាសមុទ្រប៉ាស៊ីហ្វិកនេះបានធ្វើជាមួយប្រទេសចិនកាលពីដើមឆ្នាំនេះ។
មានកង្វល់ក្នុងក្រុងកង់បេរ៉ាថា កិច្ចព្រមព្រៀងនោះអនុញ្ញាតឱ្យរដ្ឋាភិបាលក្រុងប៉េកាំងកសាងមូលដ្ឋានយោធាមួយក្នុងមហាសមុទ្រប៉ាស៊ីហ្វិកហើយអាចធ្វើឱ្យមានអស្ថិរភាពដល់តុល្យភាពភូមិសាស្ត្រនយោបាយក្នុងតំបន់នោះ។ ប្រទេសចិនបាននិយាយថា កិច្ចព្រមព្រៀងនេះអាចជួយឆ្លើយតបដល់មហន្តរាយធម្មជាតិនិងថែរក្សា«សណ្តាប់ធ្នាប់សង្គម»។
ប្រជុំកោះ Solomon ដែលភាគច្រើនជាប្រជុំកោះម៉េឡាណេស៊ីនៅឦសានប្រទេសអូស្ត្រាលីមានប្រវត្តិអស្ថិរភាព។ រដ្ឋាភិបាលក្រុងកង់បេរ៉ាបានដឹកនាំបេសកកម្មថែរក្សាសន្តិភាពពហុភាគីមួយនៅឆ្នាំ២០០៣បន្ទាប់ពីមានអំពើហិង្សានយោបាយកាលពីចុងទសវត្សរ៍១៩៩០។
ពួកអ្នកវិភាគនិយាយថា ទស្សនកិច្ចដោយលោកនាយករដ្ឋមន្ត្រី Manasseh Sogavare នៃប្រជុំកោះ Solomon ទៅអូស្ត្រាលីកាលពីថ្ងៃព្រហស្បិ៍ទី៦ ខែតុលានឹងផ្តល់ឱកាសឱ្យភាគីទាំងពីរនេះចាត់ចែងទំនាក់ទំនងគ្នាជាថ្មីឡើងវិញ។ ការណ៍នេះក៏នឹងអនុញ្ញាតឱ្យរដ្ឋាភិបាលកង់បេរ៉ាមានឱកាសទប់ស្កាត់មហិច្ឆតាខាងការទូតនិងខាងពាណិជ្ជកម្មរបស់ប្រទេសចិនក្នុងតំបន់នោះដែរ។
អ្នកស្រី Meg Keen នាយិកាកម្មវិធីស្តីពីពួកកោះក្នុងមហាសមុទ្រប៉ាស៊ីហ្វិកនៅវិទ្យាស្ថាន Lowy បាននិយាយប្រាប់វីអូអេថា ផលប្រយោជន៍របស់ប្រទេសចិនក្នុងមហាសមុទ្រប៉ាស៊ីហ្វិកកំពុងកើនច្រើនជាងមុន។ អ្នកស្រីបានថ្លែងថា៖ «ផលប្រយោជន៍នេះជាផ្នែកមួយនៃការពង្រីកឥទ្ធិពលរបស់ប្រទេសចិនដើម្បីឈោងដៃទៅកាន់ប្រទេសច្រើនជាងមុនក្នុងសាកលលោកដើម្បីឱ្យមានឥទ្ធិពលច្រើនជាងមុន ក្នុងឋានៈជាមហាអំណាចមួយដូចដែលចិនយល់ឃើញខ្លួនឯង ហើយក៏មានឆ្នោតជាច្រើនរបស់ពួកប្រទេសឯករាជ្យជាក្រុមកោះក្នុងមហាសមុទ្រប៉ាស៊ីហ្វិកផងដែរ។ ដូច្នេះនេះជាការមានប្រយោជន៍សម្រាប់ចិនសម្រាប់ឱ្យមានការគាំទ្រខ្លួនច្រើននៅអ.ស.ប.។ នៅតំបន់ម៉េឡាណេស៊ីមានប្រភពធនធានធម្មជាតិច្រើនសម្រាប់ចិនដូចជាការនេសាទត្រី ព្រៃឈើ និងរ៉ែជាដើម»។
នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Anthony Albanese បានជួបលោក Sogavare កាលពីខែកក្កដានៅក្នុងវេទិកាពួកកោះក្នុងមហាសមុទ្រប៉ាស៊ីហ្វិកនៅប្រទេសហ្វីជី។
លោក Sogavare ក៏បានធ្វើដំណើរកាលពេលថ្មីៗនេះទៅកាន់រដ្ឋធានីវ៉ាស៊ីនតោន ដើម្បីចូលរួមក្នុងជំនួបកំពូលពួកមេដឹកនាំប្រទេសក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។ លោកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយសន្យាថា អនុញ្ញាតឱ្យ«លទ្ធិប្រជាធិបតេយ្យរីកចម្រើន» និងទុកបញ្ហាប្រែប្រួលអាកាសធាតុជាអាទិភាព។
ស.រ.អ.ក៏បានបង្កើនការទាក់ទងរបស់ខ្លួនជាមួយពួកប្រទេសជាកោះក្នុងមហាសមុទ្រប៉ាស៊ីហ្វិកដែរ តាំងពីមានកិច្ចព្រមព្រៀងរវាងប្រជុំកោះ Solomon និងប្រទេសចិនមក។
អាមេរិកគ្រោងបើកស្ថានទូតខ្លួនជាថ្មីក្នុងរដ្ឋធានី Honiara នៃប្រជុំកោះSolomon និងផ្តល់ជំនួយរាប់រយលានដុល្លារដល់ប្រទេសនេះផងដែរ៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ