ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ជំនាញ​ថា​អាមេរិក​គួរ​អនុវត្ត​វិធីសាស្ត្រ​សេដ្ឋកិច្ច​ដើម្បី​អន្ទង​អាស៊ីអាគ្នេយ៍


រូបឯកសារ៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Joe Biden ថ្លែង​ក្នុង​ជំនួប​តាម​អនឡាញ​​អាស៊ាន-អាស៊ី​ខាង​កើត​ ជាមួយ​នឹង​បណ្ដា​មេដឹកនាំ​នានា ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១។ (Brunei ASEAN Summit via AP)
រូបឯកសារ៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Joe Biden ថ្លែង​ក្នុង​ជំនួប​តាម​អនឡាញ​​អាស៊ាន-អាស៊ី​ខាង​កើត​ ជាមួយ​នឹង​បណ្ដា​មេដឹកនាំ​នានា ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១។ (Brunei ASEAN Summit via AP)

មិន​មែន​ជា​ការបញ្ជូន​នាវាចម្បាំង​ផ្ទុកយន្ត​ហោះប្រតិកម្ម​ហើយ​ក៏​មិន​មែន​ជា​ការ​បញ្ជូន​កង​នាវា​ពិឃាដ​នោះ​ដែរ​តែ​គឺ​ជា​លំហូរ​វិនិយោគ​ចេញ​ចូល​និង​ការបើក​ចំហ​ជំនួញ​សេរី​ឆ្លង​ព្រំ​ដែន​ចូល​ទៅ​ទីផ្សារ​អាមេរិក​ទៅ​វិញ​ទេ​ដែល​នឹង​ជួយ​កាន់​ខ្នង​រង​មុខទីក្រុង​វ៉ាស៊ីនតោន​ក្នុង​ការ​ប្រជែង​យុទ្ធសាស្ត្រ​ជាមួយ​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​របស់​ចិន​នៅ​តំបន់​អាស៊ី​អាគ្នេយ៍។ នេះ​បើតាម​ការ​លើក​ឡើង​របស់​អ្នក​ជំនាញ​ការ​ភូមិសាស្ត្រ​នយោបាយ​នៅ​ក្នុង​តំបន់​នេះ។

អ្នកជំនាញ​បាន​ពណ៌នា​យ៉ាងដូច្នេះ​នៅ​កិច្ច​ពិភាក្សា​តាម​អនឡាញ​មួយ​រៀប​ចំ​ដោយ​វិទ្យាស្ថាន ​Quincy ​ដើម្បី​ការ​សិក្សា​រដ្ឋ​សាស្ត្រ​ប្រកប​ដោយ​ទំនួល​ខុស​ត្រូវ ដែល​បាន​ជជែក​អំពី​ប្រធាន​បទ​«មិន​មែន​ជា​កូន​អុក៖​អាស៊ី​អាគ្នេយ៍​ក្នុង​ពិភព​នៃ​កំណើន​ភាព​តាន​តឹង​រវាង​មហា​អំណាច»​កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ម៉ោង​នៅ​ប្រទេស​កម្ពុជា។

សាស្ត្រាចារ្យ Kishore Mahbubani អតីត​អ្នក​ការ​ទូត​ចាស់​វស្សា​របស់​សិង្ហបុរី ដែល​ស្ថិត​ក្នុង​ចំណោម​វាគ្មិន​ចំនួន​បីនាក់​ក្នុង​កិច្ច​ពិភាក្សា​ខាង​លើ បាន​លើក​ឡើង​ថា​អាស៊ីអាគ្នេយ៍​ពិត​ជា​ត្រូវ​ការ​អាមេរិកដោយខ្វះមិន​បាន។

លោក​ថ្លែង​ថា៖ «យើង​បាន​សង្កត់​ធ្ងន់​ថា​តំបន់​របស់​យើង​ចង់​ឃើញ​វត្តមាន​ដ៏​រឹង​មាំ​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​តំបន់​នេះ​តែ​តំបន់​យើង​ក៏​ចង់ឃើញ​វត្តមាន​ដ៏​រឹង​មាំ​មួយ​របស់​សហរដ្ឋ​អាមេរិក​ដែល​មាន​ការ​យល់​ដឹង​អំពី​តំបន់​យើង​ដែរ»។

អ្នក​ជំនាញ​រូប​នេះ​បាន​ស្នើ​ថា​សហរដ្ឋ​អាមេរិក​គួរ​វិល​ត្រឡប់​មក​ចូល​រួមជាមួយនឹង​កិច្ច​ព្រម​ព្រៀង​ទូលំ​ទូលាយ​និង​ជឿន​លឿន​ទៅ​មុខ​នៃ​ភាព​ជា​ដៃគូ​ជុំវិញ​មហា​សាគរ​ប៉ាស៊ីហ្វិក (CPTPP) ដែល​ផ្ដួច​ផ្ដើម​គំនិត​ដោយ​រដ្ឋការ​លោក Barrack Obama តែ​អាមេរិក​បាន​ដក​ខ្លួន​ចេញ​វិញ​ក្នុង​ជំនាន់​រដ្ឋការ​លោក Donald Trump។ រំពេច​នោះ​អ្នក​សម្រប​សម្រួល​បាន​និយាយ​កាត់​ថា លទ្ធភាព​នៃ​ការ​វិល​ចូល​CPTPPវិញ​នោះ​មិន​ស្ថិត​នៅ​លើ​តុ​នៃ​ការ​ពិចារណា​នោះ​ទេ​ក្នុង​បរិបទ​នៃ​នយោបាយ​ផ្ទៃក្នុង​គាំពារនិយម​របស់​រដ្ឋាភិបាល​នៃរដ្ឋធានី​វ៉ាស៊ីនតោន។

សាស្ត្រាចារ្យ ​Kishore​Mahbubani​ បាន​តប​វិញ​ថា៖ «អ្វី​ដែល​មិន​ស្ថិត​នៅ​លើ​តុ​ក្នុង​រដ្ឋធានី​វ៉ាស៊ីន​តោន​ឌី​ស៊ី​គឺ​ជា​អ្វី​ដែល​ត្រូវ​តែ​នៅ​លើ​តុ​ក្នុង​តំបន់​អាស៊ី​បូព៌ា​បើ​សិន​ជា​អាមេរិក​នៅ​តែ​ចង់​បន្ត​មាន​វត្តមាន​ក្នុង​ល្បែង​យុទ្ធសាស្ត្រ​នៅ​ទី​នេះ»។

អ្នក​ជំនាញ​រូប​នេះ​បន្ត​ថា​បើ​អាមេរិក​មិន​ជឿ​ចូរ​បន្ត​បញ្ជូន​នាវា​ដឹក​យន្តហោះ​ឬ​នាវាមុជទឹក​ទៀត​ចុះ​ក្នុង​១០​ឬ​២០​ឆ្នាំ​ទៀត​អាមេរិក​ខ្លួន​ឯង​នឹង​ឃើញ​ឥទ្ធិពល​ចិន​កាន់​តែ​ខ្លាំង​ឡើង​តាម​រយៈ​សេដ្ឋកិច្ច​ហើយ​អាមេរិក​នឹងមិនពេញ​ចិត្ត​លទ្ធផល​នៅ​ពេល​នោះ​ទេ។

អតីត​អ្នក​ការ​ទូត​និង​ជា​អតីត​បេក្ខជន​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​បណ្ឌិត Dino Patti Djalal បាន​លើក​ឡើង​ថា​ទោះ​បី​សហរដ្ឋ​អាមេរិក​ជា​ប្រភព​វិនិយោគ​ធំ​បំផុត​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ក៏ដោយ​លោក​អង្កេត​ឃើញ​ថា ចិន​ហាក់​មាន​ប្រៀប​ជាង​សហរដ្ឋអាមេរិក​ខាងជំនួញ​ឆ្លង​ព្រំដែន​និង​ការ​ផ្ដល់​ហិរញ្ញប្បទាន​លើ​ហេដ្ឋា​រចនាសម្ព័ន្ធ។

លោក​ថ្លែង​ថា៖ «ដូច្នេះ​វា​ជា​អ្វី​ដែល​ច្បាស់​ណាស់​ថា​ចិន​កំពុង​ធ្វើ​បាន​ល្អ​ជាង​សហរដ្ឋ​អាមេរិកហើយ​យើង​ចង់​បាន​នូវ​ការ​ប្រាស្រ័យ​ទាក់​ទង​ផ្នែក​សេដ្ឋកិច្ច​កាន់​តែ​ធំ​ធេង​ជាង​នេះ​រវាង​តំបន់​របស់​យើង​និង​សហរដ្ឋ​អាមេរិក»។

បណ្ឌិត Dino Patti Djalal ក៏​បាន​ស្រង់​សម្ដី​លោក​រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក Anthony Blinken ថ្លែង​លើ​កោះ​ជ្វា​ប្រទេស​ឥណ្ឌូណេស៊ី​កាល​ពី​ខែ​ធ្នូ​កន្លង​ទៅ​ដែរ​អំពីអ្វី​ដែល​ត្រូវ​បាន​បរិយាយ​ថា​ជាក្រប​ខណ្ឌ​សេដ្ឋកិច្ច​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ហើយ​ថា​លោក​និង​ភាគី​ពាក់​ព័ន្ធ​ផ្សេង​ទៀត​ក្នុង​តំបន់​រំពឹង​រង់​ចាំ​ការ​លេច​រូប​រាង​ជាក់​ស្ដែង​នៃ​យុទ្ធសាស្ត្រ​សេដ្ឋកិច្ច​អាមេរិក​ដែល​គេ​គ្រប់​គ្នា​ប្រាថ្នា​ចង់​បាន​នេះ។

​អ្នកស្រី Elina Noor ​នាយិកា​ផ្នែក​ស្រាវជ្រាវ​កិច្ច​ការ​នយោបាយ​សន្តិសុខ​នៅ​វិទ្យាស្ថាន​គោលនយោបាយ​សង្គម​អាស៊ី (Asia Society Policy Institute) បាន​ថ្លែង​ក្នុង​កិច្ច​ពិភាក្សា​ខាង​លើ​ដោយ​ឯក​ភាព​ថា​អាមេរិក​ចាំ​បាច់​ត្រូវ​តែ​វិល​ត្រឡប់​ចូល​ក្នុង ​CPTPP។

តែ​អ្នក​ស្រី​បង្ហាញ​ក្ដី​បារម្ភ​ថា៖ «ខ្ញុំ​គិត​ថា​សហរដ្ឋ​អាមេរិក​គួរ​តែ​ខិតខំ​ត្រឡប់​មក​កាន់​តុ​[ចរចាCPTPP]​វិញ​តែ​មិន​មែន​មក​បង្កើត​ល្បែង​ថ្មី​នោះ​ទេ។ ខ្លឹម​សារ​ CPTPP បាន​ស្ថិត​មាន​វត្តមាន​រួច​ជាស្រេច​ហើយ។ ច្បាប់​ទម្លាប់​ក៏​ត្រូវ​បាន​គូស​បង្ហាញ​ហើយ​ដែរ។ ប្រសិន​បើ​អាមេរិក​ចង់​ត្រឡប់​មក​កាន់ CPTPP វិញ​នោះ​ខ្ញុំ​គិត​ថា​ក្ដី​កង្វល់​ក្នុង​ចំណោម​មនុស្ស​មួយ​ចំនួន​ដែល​អាច​ថា​ក្នុង​ចំនួន​ច្រើន​ផង​ក៏​ថា​បាន​ក្នុង​ចំណោម​សមាជិក CPTPP​នោះ​គឺ​ជាមួយ​សំណួរ​ថា​តើ​អាមេរិក​នឹង​ចូល​មក​ផ្លាស់​ប្ដូរ​អ្វី​ដែល​គេ​ព្រម​ព្រៀង​គ្នា​ហើយ​និង​ព្យាយាម​ផ្លាស់​ប្ដូរ​អ្វី​គ្រប់​យ៉ាង​ឡើង​វិញ​ឬ​យ៉ាង​ណា»។

ក្រោយ​ការ​ដក​ខ្លួន​របស់​សហរដ្ឋ​អាមេរិក​ក្រោម​រដ្ឋការ​លោកប្រធានាធិបតី​Trump កាល​ពី​ឆ្នាំ២០១៧​នោះ CPTPP នៅ​សល់​រដ្ឋ​ហត្ថលេខី​ចំនួន​១១​រួមមាន​ អូស្ត្រាលី​ ព្រុយណេ​កាណាដា​ឈីលី ​ជប៉ុន ម៉ាឡេស៊ី ​ម៉ិកស៊ិក​នូវែលសេឡង់ ​ប៉េរូ ​សិង្ហបុរី​វៀតណាម​ ដែល​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​នៅ​ថ្ងៃ​ទី០៨ ខែ​មីនា​ឆ្នាំ​២០១៨​កន្លង​ទៅ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG