ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឯកអគ្គរាជទូត​កម្ពុជា​ថ្មី​ប្តេជ្ញា​​ជំរុញ​ទំនាក់ទំនង​ពាណិជ្ជកម្ម​និង​វប្បធម៌​​ជាមួយ​អាមេរិក​


ឯកអគ្គរាជទូត​កម្ពុជា​ថ្មី​ប្រចាំ​នៅ​សហរដ្ឋ​អាមេរិក​លោក កែវ ឈា ទទួល​ជួប​លោក John Goyer នាយកផ្នែក​អាស៊ីអាគ្នេយ៍​នៃ​សភា​ពាណិជ្ជកម្ម​អាមេរិក នៅ​ស្ថានទូត​កម្ពុជា​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០២២។ (Facebook/Cambodian Embassy DC)

ឯកអគ្គរាជទូត​កម្ពុជា​ថ្មី​ប្រចាំ​នៅ​សហរដ្ឋ​អាមេរិក​ប្តេជ្ញា​ពង្រឹង​ទំនាក់​ទំនង​រវាង​រដ្ឋាភិបាល​ក្រុងភ្នំពេញ​និង​ក្រុង​វ៉ាស៊ីនតោន​ដោយ​ផ្តោត​សំខាន់​លើ​ផ្នែក​ពាណិជ្ជកម្ម​និង​វប្បធម៌។

លោក កែវ ឈា​ ឯកអគ្គរាជទូត​កម្ពុជា​បាន​ប្រាប់​វីអូអេ​ខេមរភាសា​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​អង្គារ​ថា៖ «គោលបំណង​គឺ​ដើម្បី​ពង្រីក​ទំនាក់​ទំនង​ហើយ​បើ​សិន​ជា​យក​ល្អ​ដើម្បី​សម្រួល​ទំនាក់​ទំនង​នយោបាយ​ឲ្យ​កាន់តែ​ល្អ​យើង​ខ្ញុំ​ជំរុញ​ទំនាក់​ទំនង​ផ្នែក​វប្បធម៌​ហើយ​នឹង​ទំនាក់​ទំនង​ពាណិជ្ជកម្ម​ឲ្យ​មាន​ទំនាក់​ទំនង​ល្អ​ជាងមុន​ គឺ​យើង​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ល្អ​ទៅ​ថ្ងៃមុខ»។ ​

ចាប់តាំង​ពី​មកដល់​សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃទី២​ខែ​កុម្ភៈ​ លោក​កែវ ឈា ​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​នឹង​មន្ត្រី​សហរដ្ឋ​អាមេរិក​និង​តំណាង​ក្រុមហ៊ុនជាច្រើន​ក្នុង​នោះ​មាន​ ឧបការី​រដ្ឋមន្ត្រី​ការបរទេស​ លោក​ Daniel Kritenbrink​ ដើម្បី​ជំរុញ​ទំនាក់​ទំនង​ទ្វេភាគី ​កម្ពុជា-អាមេរិក​ និង​អាស៊ាន-អាមេរិក​ដោយសារ​ឆ្នាំ​នេះ​កម្ពុជា​គឺ​ជា​ប្រធាន​ប្តូរវេន​របស់​អាស៊ាន។ នេះ​បើតាម​គេហទំព័រ​របស់​ស្ថានទូត​កម្ពុជា។

លោក កែវ ឈា ឯកអគ្គរាជទូត​កម្ពុជា​ថ្មី​ប្រចាំ​នៅ​សហរដ្ឋ​អាមេរិក (រូប​ផ្តល់​ឱ្យ​ដោយ​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​សហរដ្ឋ​អាមេរិក)
លោក កែវ ឈា ឯកអគ្គរាជទូត​កម្ពុជា​ថ្មី​ប្រចាំ​នៅ​សហរដ្ឋ​អាមេរិក (រូប​ផ្តល់​ឱ្យ​ដោយ​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​សហរដ្ឋ​អាមេរិក)

ស្ថានឯកអគ្គរាជទូត​កម្ពុជា​បាន​បញ្ជាក់​បន្ថែម​ក្រោយ​ពី​ជំនួប​កាលពី​ថ្ងៃទី​២២​ខែ​កុម្ភៈ​ថា​កម្ពុជា​និង​អាមេរិក​ បាន​«ឯកភាពគ្នា​ថា​នឹង​ជំនះ​លើ​ការងារ​លំបាក​នានា ​ដើម្បី​ជំរុញ​ឲ្យ​ទំនាក់ទំនង​ទ្វេភាគី​មានសន្ទុះ ​និង​មាន​ផលប្រយោជន៍​ទាំងសងខាង»។

លោក​ឯកអគ្គរាជទូត​ក៏បាន​ជួប​លោក John Goyer ជា​នាយក​ប្រតិបត្តិ​នៃ​សភា​ពាណិជ្ជកម្ម​អាមេរិក​ក្រុមប្រឹក្សា​ធុរកិច្ច​អាមេរិក-អាស៊ាន (U.S.-ASEAN Business Council-US-ABC)​និង​ក្រុមហ៊ុន​ធំៗ​របស់​អាមេរិក​ជាច្រើន​ដូចជា​ក្រុមហ៊ុន​រថយន្ត​ហ្វ័រដ៍ (Ford) ​និង​ក្រុមហ៊ុន​ថាមពល​កូនូកូហ្វីលីព ជាដើម។

លោក​ឯកអគ្គរាជទូត កែវ ឈា​ ក៏​បាន​ជួប​ពិភាក្សា​ជាមួយ​នឹង​លោកស្រី Tess Davis ​នាយិកា​ប្រតិបត្តិ​នៃ​អង្គការ​ Antiquities Coalition (AC) ​អំពី​សហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​ការជួញដូរ​វត្ថុបុរាណ​ និង​សម្បតិ្ត​បេតិកភណ្ឌ​នៅក្នុង​តំបន់​អាស៊ី ​និង​ប៉ាស៊ីហ្វិក។ ក្នុង​ពេល​កន្លង​មក​ អង្គការ​ Antiquities Coalition (AC) ​បាន​រួមចំណែក​ជួយ​កម្ពុជា​ក្នុង​ការប្រមូល​ត្រឡប់​មក​វិញ​នូវ​វត្ថុបុរាណ​ខ្មែរ ​ដែល​ត្រូវ​បាន​ជួញដូរ​ខុសច្បាប់​ជាច្រើន​ រួមទាំង​វត្ថុបុរាណ ​២៧ ​ដុំ ​ដែល​កម្ពុជា​ទើប​ទទួលបាន​ពី​ការិយាល័យ​រដ្ឋអាជ្ញា​ទីក្រុង New York ក្នុង​ពេល​ថ្មីៗ​នេះ។

ឯកអគ្គរាជទូត​កម្ពុជា​ថ្មី​ប្រចាំ​នៅ​សហរដ្ឋ​អាមេរិក​លោក កែវ ឈា ជួប​បានទទួលជួបលោកស្រី Tess Davis នាយកប្រតិបត្តិ​នៃ​អង្គការ Antiquities Coalition (AC) នៅ​ស្ថានទូត​កម្ពុជា​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២២។ (Facebook/Cambodian Embassy DC)
ឯកអគ្គរាជទូត​កម្ពុជា​ថ្មី​ប្រចាំ​នៅ​សហរដ្ឋ​អាមេរិក​លោក កែវ ឈា ជួប​បានទទួលជួបលោកស្រី Tess Davis នាយកប្រតិបត្តិ​នៃ​អង្គការ Antiquities Coalition (AC) នៅ​ស្ថានទូត​កម្ពុជា​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២២។ (Facebook/Cambodian Embassy DC)

ទំនាក់ទំនង​ផ្នែក​ពាណិជ្ជកម្ម​រវាង​សហរដ្ឋ​អាមេរិក​និង​កម្ពុជាបាន​កើន​ឡើង​ខ្លាំង​ក្នុង​រយៈពេល​ជាង​៤ឆ្នាំ​នេះ​បើទោះបីជាកម្ពុជា​បាន​ប្រើវិធានការ​បង្ក្រាប​ក្រុមអ្នកនយោបាយ​ប្រឆាំង​និង​អង្គការ​សង្គម​ស៊ីវិល​នៅ​ឆ្នាំ​២០១៧​ហើយ​នាំ​ឲ្យ​អ្នកតាក់តែង​ច្បាប់​សហរដ្ឋ​អាមេរិក​មិន​ពេញចិត្ត​ក្តី។

តួលេខ​របស់​ការិយាល័យ​ជំរឿន​របស់​អាមេរិក​បាន​ឲ្យ​ដឹង​ថា​ក្នុង​ឆ្នាំ​២០២១​ទំហំ​ពាណិជ្ជកម្ម​ទ្វេ​ភាគីគឺ​មាន​ចំនួន៩១៥៩​លាន​ដុល្លារ​ ដោយ​កើន​ឡើង​ពី​ចំនួន​៤២០០​លាន​ដុល្លារ​ ក្នុង​ឆ្នាំ​២០១៨។​

ក្នុង​ឆ្នាំ​២០២១​ កម្ពុជា​បាន​ទាក់ទាញ​ទុនវិនិយោគ​ថ្មី​បាន​ចំនួន​៤.៣៥០​លាន​ដុល្លារ​ក្នុងនេះ​ចំនួន​៥៣,៤%​មកពី​ប្រទេស​កុម្មុយនិស្ត​ចិន​ដែល​ជាប់​លំដាប់​លេខមួយ​ ​ខណៈដែល​សហរដ្ឋ​អាមេរិកជាប់​លេខ​២​ដោយ​មាន​ចំនួន​១៦៣​លាន​ដុល្លារ​និង​សិង្ហបុរី​ជាប់​លេខ៣​ដោយ​មាន​ចំនួន​១២១​លាន​ដុល្លារ។ នេះ​បើតាម​ទិន្នន័យ​ចងក្រ​ដោយ​ក្រុមប្រឹក្សា​ធុរកិច្ច​អាមេរិក​-អាស៊ាន​ដែល​ចេញផ្សាយ​នៅដើម​ខែមីនា​នេះ។

លោក កែវ ឈា​បាន​បន្ថែម​ប្រាប់​វីអូអេ​ថា៖​ «ខ្ញុំ​សូម​ជម្រាប​ថា​ខ្ញុំ​មក​នេះ​ ទិសដៅ​ធំ​ចម្បង​ជា​ភារកិច្ចរបស់​ខ្ញុំ​គឺ​បង្កើន​ទំនាក់ទំនង​ល្អ​រវាង​ប្រទេស​ទាំងពីរ​ សហរដ្ឋ​អាមេរិក​និង​កម្ពុជា​ហើយ​យើង​ចង់​ផ្សព្វផ្សាយ​ថា​យើង​មិន​ដែល​ចង​សត្រូវ​ជាមួយ​អ្នកណា​មួយ​ទេ។ ប្រទេស​ណា​ក៏​យើង​ចងមិត្ត​ទាំងអស់។ នយោបាយ​យើង​គឺ​នយោបាយ​អព្យាក្រិត​ មាន​ន័យ​ណា​អ្នកណា​ក៏​ជាមិត្ត​របស់​យើង​ដែរ»។

យ៉ាងណាក៏ដោយ​ បរិយាកាស​វិនិយោគ​ទុន​នៅ​កម្ពុជា​ត្រូវបាន​បង្ក​ការលំបាក​ដោយ​បញ្ហា​ជាច្រើន​ក្នុង​នោះ​មាន​តម្លៃ​ថាមពល​និង​ការដឹកជញ្ជូន​ខ្ពស់​ អំពើ​ពុករលួយ​ តុលាការ​មិន​ឯករាជ្យ​និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​រូបវ័ន្ត​មិន​ល្អ។

របាយការណ៍​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក​ឆ្នាំ​២០២១​បាន​ឲ្យ​ដឹង​ថា៖ «ទាំង​ក្រុមហ៊ុន​ក្នុងស្រុក​និង​បរទេស​បាន​បញ្ជាក់​ថា​អំពើ​ពុករលួយ​ក្នុង​ប្រទេស​កម្ពុជា​គឺ​ជា​ឧបសគ្គ​ដ៏ធំ​ដល់​ការប្រកប​អាជីវកម្ម​និង​រារាំង​ដល់​ការវិនិយោគ​ ដោយ​ប្រព័ន្ធ​តុលាការ​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​ស្ថាប័ន​ពុករលួយ​ជាងគេ​បំផុត​នៅ​ក្នុង​ប្រទេស»។

សហរដ្ឋ​អាមេរិក​ក៏​មិនទាន់​អនុញ្ញាត​ឲ្យ​កម្ពុជា​បាន​ទទួល​ឋានៈ​អនុគ្រោះពន្ធ ​GSP ​ដែល​បាន​ផុត​តាំងពី​ចុងឆ្នាំ​២០២០​ដោយសារតែ​ការធ្លាក់ចុះ​នៃ​ការគោរព​សិទ្ធិមនុស្ស​និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។

ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​ថ្លែង​កាលពី​ខែវិច្ឆិកា​ឆ្នាំ​២០២១​ថា៖ «មន្ត្រី​សហរដ្ឋ​អាមេរិក​បាន​លើក​ពី​កង្វល់​នេះ​ជា​ប្រចាំ​ជាមួយ​នឹង​មេដឹកនាំ​កម្ពុជា​ប៉ុន្តែ​គួរឲ្យ​សោកស្តាយ​ គឺ​នៅតែ​មិន​ទាន់​មាន​ការផ្លាស់ប្តូរ​ប្រកបដោយ​អត្ថន័យ​ទេ»៕

XS
SM
MD
LG