ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

​​​​លោក ហ៊ុន សែន​ ចំអក​អ្នកវិភាគ​មួយ​ចំនួន​ថា​«ល្ងង់»​ពាក់​ព័ន្ធនឹង​ការ​លើក​ពេល​ប្រជុំ​អាស៊ាន​ជា​មួយ​អាមេរិក​​


រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួម​ក្នុង​កិច្ចប្រជុំ​អាស៊ី-អឺរ៉ុប​លើក​ទី១៣ តាម​អនឡាញ ពី​រាជធានី​ភ្នំពេញ កាល​ពី​ចុង​ឆ្នាំ​២០២១ ដោយសារ​តែ​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩។ (An Khoun Sam Aun/Ministry of Information of Cambodia via AP)

មេដឹកនាំរដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ​លោក ​ហ៊ុន សែន បាន​ប្រតិកម្ម​ខ្លាំងៗទៅនឹង​អ្នក​វិភាគ​មួយ​ចំនួនដែល​ថា​ប្រធាន​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ហៅកាត់​ថា​ (អាស៊ាន)ក្រោម​ការ​ដឹកនាំ​ដោយ​កម្ពុជា​មិន​ចង់​ចូល​រួម​ប្រជុំ​ជាមួយ​សហរដ្ឋ​អាមេរិក​បន្ទាប់​ពីការ​ប្រជុំ​កំពូលអាស៊ាន-អាមេរិក​ដែល​គ្រោង​ធ្វើ​នៅចុង​ខែ​មីនា​នេះត្រូវ​បាន​សម្រេចលើក​ពេល។

លោក ​ហ៊ុន សែន បាន​ផ្តល់​ការ​ពន្យល់​ថា​ប្រធាន​អាស៊ាន​គ្មាន​សិទ្ធិ​ផ្តាច់​មុខ​ក្នុង​ការកំណត់​កាល​បរិច្ឆេទ​សម្រាប់​ការ​ប្រជុំ​ជាមួយ​ដៃគូ​អាស៊ាន​និង​បាន​ចំអក​ទៅ​អ្នក​វិភាគ​ដែល​លោក​មិន​បាន​បញ្ចេញ​ឈ្មោះ​ចំៗ​នោះ​ថា​ជា​បុគ្គល​គ្មានការ​យល់​ដឹង​អំពីទំនាក់​ទំនង​ការទូត​និង​កិច្ច​ការ​អាស៊ាន ហើយ​ពួក​គេគួរ​តែ​មក​រៀន​សូត្រ​ពី​ចៅៗ​របស់​លោក​ក្នុង​ជំនាញ​ការ​ទូត​នេះ។

នៅឯពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​ «ភូមិ​កុមារ​ SOS ​ព្រៃវែង» ​ក្នុង​ខេត្ត​ព្រៃវែង កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​១៧​ខែ​មីនា​ លោក​ហ៊ុន សែន ​លើក​ឡើងយ៉ាង​ដូច្នេះ៖ «កម្ពុជា​ជា​សមា​ជិក​ម្នាក់ ប៉ុន្តែ​ជា​ប្រធាន​អាស៊ាន។​ប្រធាន​អាស៊ាន​នេះ​គ្មា​នសិទ្ធិ​ក្នុង​ការ​កំណត់​កាល​បរិច្ឆេទ​ទេ។ ប្រធាន​អាស៊ាន​មាន​សិទ្ធិ​ត្រឹមតែ​បញ្ចេញ​យោបល់​លើការ​សម្រប​សម្រួល​អំពី​ពេល​វេលា​ដើម្បី​មាន​កុង​សង់​ស៊ីស​ជា​មួយ​អាស៊ាន​១០ ឯ​អ្នក​ត្រូវ​សម្រប​សម្រួលគឺ​ឥណ្ឌូណេស៊ី​ទេ។ សូម​កុំ​ភាន់ច្រឡំ​ហើយ​សូម​អ្នកដែល​មិន​យល់​សូម​ទៅ​រៀន​ពីការ​ងារ​អា​ស៊ាន​ឡើង​វិញ។​សង្ឃឹម​ថា​អស់​លោក​បណ្ឌិត​ឬ​អស់​លោក​សាស្ត្រាចារ្យ​កិច្ច​ការ​អន្តរ​ជាតិ​ជា​ដើម​...​រៀន​សូត្រ​ឱ្យចេះដឹង​ច្រើនជាង​នេះ កុំ​ឱ្យគេ​ហៅ​ថា​ អាល្ងង់​ទូ»។

លោក​ហ៊ុន សែន បន្ថែមថា៖ «កាល​ពី​ប៉ុន្មាន​ខែ​មុន [លោក ហ៊ុន សែន]សួរ​ចៅ​[ដែល]​ចៅ​កំពុង​សសេរ​សារ​ណា​សួរ​ថា​ចៅ​សរសេរ​ពីអី ចៅ​សរសេរ​ពីការ​ខុសគ្នា​រវាង​អាស៊ាន និង​EU​[សហភាពអឺរ៉ុប]។​អើ បើអ៊ីចឹង​ចៅ​កំពុង​រៀន​តាម​ដាន​កិច្ច​ការ​របស់​អាស៊ាន​ហើយ​តើ!​បើ​អ៊ី​ចឹង​ទេ ប្រហែល​ជា​ចៅខ្ញុំ​អាច​បង្រៀន​សាស្ត្រា​ចារ្យ​និង​បណ្ឌិត​មួយ​ចំនួន​ដែល​កំពុង​ធ្វើ​ការ​វិភាគ​បែប​ឆ្កុយ​មក ​[ដែលថា] ប្រធាន​អាស៊ាន​អត់​ចង់​ប្រជុំ​ជា​មួយ​អាមេរិក»។​

ការ​អត្ថាធិប្បាយ​របស់​លោក ហ៊ុន សែន​ ​ជុំវិញ​ការលើកពេល​ប្រជុំកំពូល​អាស៊ាន អាមេរិក​កើត​មាន​ឡើងបន្ទាប់​ពីអ្នកធ្វើ​អត្ថាធិប្បាយ​អំពី​នយោបាយ​កម្ពុជា​មួយរូបគឺ​លោក​សូ ណារ៉ូ​ បាន​រិះគន់​តាម​វិទ្យុអាស៊ីសេរី​ថា​ការ​លើក​ពេល​ប្រជុំ​នោះ​អាច​បណ្តាល​មក​ពី​កម្ពុជា​រង​ឥទ្ធិពល​របស់​ប្រទេសចិន។​ដំណាល​គ្នា​នឹង​ការអធិប្បាយ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​គេ​ហ​ទំព័រ​របស់​គណ​បក្ស​កាន់​អំណាច​ក៏​បាន​ដក​ស្រង់​ឈ្មោះ​លោក​សូ ណារ៉ូ​ នៅ​ក្នុង​ការ​ចេញ​ផ្សាយ​ព័ត៌មាន​របស់​ខ្លួន​ពាក់​ព័ន្ធ​នឹងកិច្ច​ប្រជុំ​កំពូល​នោះ​ដែរ។

បើ​តាម​សេចក្តី​រាយការណ៍​របស់វិទ្យុ​អាសេរី​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃទី​១០​ខែ​មីនា​ លោក​សូ ណារ៉ូ​ ថា​ការ​លើ​ក​ពេល​ប្រជុំ​នោះ​មិន​ពាក់​ព័ន្ធនឹង​រឿង​បច្ចេក​ទេស​ទេ​តែ​អាច​ជា​រឿង​នយោបាយ​ពោល​គឺ​ចិន​ឡប់​ប៊ី​[បញ្ចុះ​បញ្ជូល​]​លោក​ហ៊ុន សែន​ និង​រដ្ឋមន្ត្រីការ​បរទេស​កម្ពុជា​លោក​ប្រាក់ សុខុនឱ្យ​ពន្យារ​ពេលកិច្ច​ប្រជុំ​នោះដើម្បី​ទុក​ឱ្យ​ចិន​មាន​ពេល​ទំនេរ​សម្រាប់​ធ្វើ​កិច្ច​ការ​យុទ្ធសាស្ត្រ​ទប់ស្កាត់​ឬ​វាយ​បក​ជួយ​រុស្ស៊ី​ដែល​ជា​សម្ពន្ធមិត្ត​របស់​ចិន​ក្នុងការ​ទប់​កុំ​ឱ្យសេដ្ឋ​កិច្ច​រុស្ស៊ី​ដួល​រលំ​ក្នុងជម្លោះរុស្ស៊ី​រវាង​អ៊ុយក្រែន។​

សាស្ត្រា​ចារ្យ​វិទ្យាសាស្ត្រ​នយោបាយ លោក​ ឯម សុវណ្ណារ៉ា​ បាន​កត់​សម្គាល់​ថាកម្ពុជា​ហាក់​មិន​មាន​រង​សម្ពាធ​នយោ​បាយ​ពី​ប្រទេស​ណា​មួយ​នោះទេ និងថា​កម្ពុជាក៏​ចង់​ជួបប្រជុំ​ជាមួយ​សហ​រដ្ឋ​អាមេរិក​ផង​ដែរ​ដើម្បី​អាច​បង្កើន​កិច្ច​សហ​ប្រត្តិការ​ទំនាក់​ទំនង​ទាំង​ក្រប​ខណ្ឌ​អាស៊ាន និង​ទ្វេ​ភាគី​ជា​ពិសេស​កាត់​បន្ថយ​ការ​រើស​អើងនិង​ទទួល​បាន​ការ​រាប់​អាន​ដោយ​មុខ​មាត់​រវាង​រដ្ឋ និង​រដ្ឋ។

លោកថ្លែង​ថា៖​ «រឿង​ប្រជុំជាមួយ​អាមេរិកនេះ គឺ​កម្ពុជា​ចង់ ដើម្បី​ទី១​បង្កើន​ទំនាក់​ទំនង​អង្គការ​តំបន់​អាស៊ាន​ជាមួយសហរដ្ឋ​អារមរិក ទី២​ក្នុង​ក្រប​ខណ្ឌ​កម្ពុជា​ជាមួយ​អាមេរិក​ពីព្រោះក្នុង​ជំនួប​ដោយ​ផ្ទាល់​ក្រៅពីកិច្ច​ប្រជុំ​ផ្លូវ​ការ​ក្រប​ខណ្ឌ​អាស៊ាន​ខ្ញុំគិត​ថា​ប្រហែល​ជា​អាច​មា​នកិច្ច​ប្រជុំ​ក្រៅផ្លូវ​ការ​រវាង​ប្រទេស​ទាំង​២ រវាង​មន្ត្រី​ថ្នាក់​ក្រោម​ដើម្បី​លាង​ជម្រះ​ភាព​មិន​ចុះ​សម្រុង​គ្នា​នៃ​ទំនាក់​ទំនង​ទ្វេភាគី កម្ពុជា-អាមេរិក​កន្លង​មក។ ឧទាហរណ៍ ពាក់​ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ថា អាមេរិក​នៅ​ពីក្រោយ​នៃការ​ផ្តួល​រលំ​រដ្ឋាភិបាល​ជាមួយ​លោក កឹម សុខា រហូត​ដល់​មាន​លោក Donald Trump សរសេរ​លិ​ខិត ឆ្លើយ​ឆ្លង​ជាមួយ​លោក​នាយករដ្ឋ​មន្ត្រី​»។

លោក​បន្ថែម​ថា​ជំហរ​របស់​កម្ពុជា​ដែល​បានគាំទ្រលើ​សេចក្តីសម្រេច​របស់​មហា​សន្និ​បាត​របស់​អង្គការ​សហ​ប្រជា​ជាតិ​ក្នុង​នាម​កម្ពុជា​ជា​សមា​ជិក និង​សហ​ស្ថាបនិក​ដើម្បី​ជំទាស់​នឹង​ការវាយប្រហារ​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែន​កាលពី​កន្លងមក​នោះ ក៏បង្ហាញ​ថា​កម្ពុជា​ចង់​រក្សា​បន្ទាត់​នយោបាយ​ការ​បរទេស​មិនលម្អៀង​ទៅ​រក​ភាគី​ណាមួយ​នៅក្នុង​វិបត្តិ​អ៊ុយក្រែន។​

ងាក​មក​កាល​កំណត់​ពេល​ប្រជុំ​កំពូល​អាស៊ាន​-អាមេរិក​ ​លោក ​ហ៊ុន សែន ​ថ្លែង​នៅ​ថ្ងៃព្រហស្បតិ៍​ដដែល​នេះថា​ការ​ប្រជុំ​មិន​ទាន់​ដឹង​ថា​កើត​ឡើងនៅពេល​ណា​នោះ​ទេ ខណៈ​ទុក​លទ្ធភាព​ឱ្យ​ឥណ្ឌូណេស៊ី​ដែល​ជា​អ្នកទទួល​បន្ទុក​កិច្ចការ​នេះធ្វើការ​សម្រប​សម្រួល​ហើយ​នៅ​ពេល​មាន​កុងសង់ស៊ីស​ឬ​ការ​ស្រុះ​ស្រួល​គ្នា​រួម​មួយ​របស់​ប្រទេស​សមាជិក​អាស៊ាន​ទើប​រៀប​ចំដាក់​ពេល​វេលា​ជាក់​លាក់​ប្រជុំ​នេះ​សារ​ជាថ្មី​ម្តង​ទៀត។

ក៏ប៉ុន្តែ​លោក ​ហ៊ុន សែន ​អះអាងថា​ប្រសិន​បើ​ការ​ប្រជុំ​នេះ​លើក​ពេល​ចំ​ចុង​ខែ​ឧសភា​និង​ខែ​មិថុនា​លោក​មិន​អាច​ចេញ​ពី​ប្រទេស​ចូល​រួម​បាន​ទេ ដោយ​សារ​ចំពេល​បោះ​ឆ្នោត​ឃុំ​សង្កាត់​ដែលតម្រូវឱ្យ​លោក​ត្រូវ​ស្ថិត​ក្នុង​ប្រទេស​កម្ពុជា៕

XS
SM
MD
LG