ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ជំនាញ​សង្ឃឹម​ថា​ សៀវភៅ​ថ្មី​ពី​​អំពើ​ប្រល័យ​ពូជសាសន៍​លើ​ពិភព​លោក​នឹង​ជួយ​ព្យាបាល​ក្តី​ឈឺចាប់​របស់​ជន​រងគ្រោះ​ពី​របប​ខ្មែរ​ក្រហម


កម្រប​សៀវភៅ​ «អំពើ​ប្រល័យ​ពូជសាសន៍ និង​ការ​សម្លាប់​រង្គាល​នៅ​ក្នុង​ប្រវត្តិសាស្រ្ត​ពិភពលោក» របស់​​លោក Chris Dearing។ (Courtesy Image)
កម្រប​សៀវភៅ​ «អំពើ​ប្រល័យ​ពូជសាសន៍ និង​ការ​សម្លាប់​រង្គាល​នៅ​ក្នុង​ប្រវត្តិសាស្រ្ត​ពិភពលោក» របស់​​លោក Chris Dearing។ (Courtesy Image)

អ្នក​រៀបរៀង​សៀវភៅ​មួយ​ក្បាល​ក្រោម​ចំណង​ជើង​ថា «អំពើ​ប្រល័យ​ពូជសាសន៍​និង​ការ​សម្លាប់​រង្គាល​នៅ​ក្នុង​ប្រវត្តិសាស្រ្ត​ពិភព​លោក» បាន​បង្កប់​ប្រវត្តិសាស្រ្ត​កម្ពុជា​អំឡុង​ពេល​របប​ខ្មែរ​ក្រហម​​​នៅ​ក្នុង​សៀវភៅ​នេះ។

ការ​សិក្សា​ពី​ប្រវត្តិសាស្រ្ត​ខ្មែរ​ក្រហមនៅ​តែ​ដើរ​តួ​សំខាន់​នៅ​ក្នុង​សង្គម​កម្ពុជា​ បើ​ទោះ​បី​ជា​មក​ទល់​ពេល​នេះ របប​ខ្មែរ​ក្រហម​បាន​ដួល​រំលំ​ជាង​៤០​ឆ្នាំ​ក៏ដោយ។ អ្នក​រៀបរៀង​សៀវភៅ​មួយ​ក្បាល​ក្រោម​ចំណង​ជើង​ថា «អំពើ​ប្រល័យ​ពូជសាសន៍​និង​ការ​សម្លាប់​រង្គាល​នៅ​ក្នុង​ប្រវត្តិសាស្រ្ត​ពិភព​លោក» បាន​បង្កប់​ប្រវត្តិសាស្រ្ត​កម្ពុជា​អំឡុង​ពេល​របប​ខ្មែរ​ក្រហម​នៅ​ក្នុង​សៀវភៅ​នេះ ក្នុង​ក្តី​សង្ឃឹម​ថា អ្នក​សិក្សា​នឹង​អាច​ធ្វើ​ការ​ប្រៀបធៀប និង​យល់ដឹង​ពី​ភាព​ខុសគ្នា​នៃ​អំពើប្រល័យ​ពូជសាសន៍​នៅ​កម្ពុជា​ទៅ​នឹង​អំពើ​ប្រល័យ​ពូជសាសន៍​ និង​ការ​សម្លាប់​រង្គាល​នៅ​ប្រទេស​ដទៃ​ទៀត​លើ​សកល​លោក។

សៀវភៅ​ ​«អំពើ​ប្រល័យ​ពូជសាសន៍​ ​និង​ការ​សម្លាប់​រង្គាល​ក្នុង​ប្រវត្តិសាស្រ្ត​ពិភព​លោក» ​ឆ្លុះ​បញ្ចាំង​ពីហេតុ​ផល​នា​នា​ នៃ​ព្រឹត្តិការណ៍​កើតមាន​ជា​បន្តបន្ទាប់ ​និង​ផលវិបាក​ពី​ការ​សម្លាប់​រង្គាល​ និង​អំពើ​ប្រល័យ​ពូជសាសន៍​នៅ​ក្នុង​ប្រទេស​ចំនួន​៥​ ​នៅ​លើ​ពិភព​លោក។​ ​ប្រទេស​ទាំង​នេះ​រួម​មាន​ ​ប្រទេស​អាមេនី​ អាល្លឺម៉ង់​ បូស្ន៊ី ​ហេហ្សាហ្គោវីណា​ ​និង​រវ៉ាន់ដា។​ ​សៀវភៅ​នេះមាន​ជា​ភាសា​អង់គ្លេស​ ​និង​ភាសាខ្មែរ​ ហើយត្រូវ​បាន​ចុះ​ផ្សាយ​ជា​ផ្លូវ​ការ​នៅ​ខែ​មេសា​នេះ។​

ជំពូក​មួយ​រៀបរាប់ពី​កម្ពុជា​នៅ​ក្នុង​សៀវភៅ​ដែល​ត្រូវ​បាន​ចងក្រង​ដោយ​លោក Chris Dearing​ ​និយាយ​ពី​អំពើប្រល័យ​ពូជសាសន៍​ក្រោម​របប​ខ្មែរ​ក្រហម​នៅ​ក្នុង​ទសវត្សរ៍​ឆ្នាំ​ ១៩៧០​ ដោយ​ពណ៌នា​ពី​ព្រឹត្តិ​ការណ៍​ប្រទាក់​ក្រឡាជា​បន្ត​បន្ទាប់​ ដើម្បី​ឲ្យ​អ្នក​អាន​ឃើញ​ពី​ទំហំ​នៃ​ភាព​អមនុ​ស្សធម៌​ក្នុង​ករណី​ដែល​ការ​ស្អប់​គុំគួន ការ​ព្រងើយ​កណ្តើយ​ និង​ការ​រើសអើង​មិន​ត្រូវ​បាន​យក​ចិត្ត​ទុកដាក់។​​

រូបថត​ផ្តល់​ដោយ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​បង្ហាញ​ពី​បាតុកម្ម​ធ្វើ​ឡើង​ដោយ​និស្សិត​នៅ​ពហុកីឡាដ្ឋាន​ជាតិ​ នៅ​ទសវត្ស​ឆ្នាំ ១៩៧០។ (Documentation Center of Cambodia Archives)
រូបថត​ផ្តល់​ដោយ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​បង្ហាញ​ពី​បាតុកម្ម​ធ្វើ​ឡើង​ដោយ​និស្សិត​នៅ​ពហុកីឡាដ្ឋាន​ជាតិ​ នៅ​ទសវត្ស​ឆ្នាំ ១៩៧០។ (Documentation Center of Cambodia Archives)

​លោក​ Dearing​ ដែល​លោក​ជា​ទីប្រឹក្សា​ផ្នែក​ផ្លូវ​ច្បាប់នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ផង​ដែរ​បាន​និយាយ​ថា គោល​ដៅ​នៃ​សៀវភៅ​នេះ​គឺ​ដើម្បី​បង្ហាញ​ពី​អំពើ​ហិង្សាផ្សេងៗ​និង​ការ​សម្លាប់​រង្គាល​នៅ​លើ​សកល​លោក​ក្នុង​ថ្នាក់​រៀន​នៅ​កម្ពុជា ដោយ​សារ​តែ​មិន​មាន​ឯកសារ​គ្រប់គ្រាន់​ទាក់ទិន​នឹង​ការ​សម្លាប់​រង្គាល​នៅ​ក្នុង​កម្មវិធី​សិក្សា។ ហើយ​ការណ៍​នេះ​នឹង​អាច​ឲ្យ​សិស្សប្រៀប​ធៀប និង​ឃើញ​ភាព​ខុស​គ្នា​នានា​រវាង​ប្រវិត្តសាស្រ្ត​របស់​កម្ពុជា​និង​ប្រទេស​ដទៃ​ទៀត​ ពាក់ព័ន្ធ​ការ​សម្លាប់​រង្គាល និង​អំពើ​ប្រល័យ​ពូជសាសន៍។​

លោក Chris Dearing អ្នក​ចងក្រង​សៀវភៅ​«អំពើ​ប្រល័យ​ពូជសាសន៍ និង​ការ​សម្លាប់​រង្គាល​នៅ​ក្នុង​ប្រវត្តិសាស្រ្ត​ពិភពលោក» ​ចូលរួម​នៅ​ក្នុង​វគ្គ​បណ្តុះបណ្តាល​មួយ​នៅ​ទីក្រុង​ភ្នំពេញ នៅ​ខែ​មេសា ឆ្នាំ​២០១៩។ (ណឹម សុភ័ក្រ្តបញ្ញា​/VOA)
លោក Chris Dearing អ្នក​ចងក្រង​សៀវភៅ​«អំពើ​ប្រល័យ​ពូជសាសន៍ និង​ការ​សម្លាប់​រង្គាល​នៅ​ក្នុង​ប្រវត្តិសាស្រ្ត​ពិភពលោក» ​ចូលរួម​នៅ​ក្នុង​វគ្គ​បណ្តុះបណ្តាល​មួយ​នៅ​ទីក្រុង​ភ្នំពេញ នៅ​ខែ​មេសា ឆ្នាំ​២០១៩។ (ណឹម សុភ័ក្រ្តបញ្ញា​/VOA)

លោក​ Dearing ​បាន​ប្រាប់​ VOA ថា៖​

«រឿង​រ៉ាវ​ពី​ប្រទេស​ផ្សេងៗ​នៅ​ក្នុង​សៀវភៅ​នេះ​គឺ​ ផ្តល់​ឱកាស​ដល់​សិស្ស​យល់​ដឹង​ពី​ការ​គំរាម​គំហែង​ផ្សេងៗ ហើយ​សំខាន់​ជាង​នេះ​គិត​ពី​របៀប​ដែល​សង្គម​របស់​ពួកគេ​អាច​ចាត់​វិធាន​ការ​ផ្សេងៗ​ ដើម្បី​បង្ការ​ភាព​ឃោឃៅ និង​ភាព​អមនុស្សធម៌​កុំឲ្យ​កើត​មាន​ឡើង​សារជាថ្មី​នៅ​ក្នុង​សង្គម»។

លោក​ Dearing​ បាន​បន្ថែម​ថា សៀវភៅ​នេះ​ក៏​ពិភាក្សា​ពី​បែបផែន​ផ្សេងៗ​ ដែល​សង្គម​នានា​ប្រកាន់​យក​ដើម្បី​ទទួល​បាន​យុត្តិធម៌ និង​ជួយ​ឲ្យ​សិស្ស​វាយតម្លៃ​ពី​របៀប​ដែល​សង្គម​មួយ​ ដែលរង​គ្រោះ​ពី​ជម្លោះ​ព្យាយាម​ធ្វើ​ការ​ផ្សះផ្សា​ចំពោះអ្វី​ដែល​បាន​កើត​ឡើង។​

​លោក​ Dearing​ បាន​និយាយ​ថា៖

«ផ្នែក​ដ៏​សំខាន់​បំផុត​នៃ​កម្មវិធី​សិក្សា​ណា​មួយ​ពាក់ព័ន្ធ​នឹង​ការ​សម្លាប់​រង្គាល​គឺ​ការ​ទទួល​ស្គាល់​ និង​ដោះ​ស្រាយចំពោះ​ការ​កើត​មាន​ភាព​អមនុស្សធម៌​ និង​មូលហេតុ​ដើម​ចម​ដែល​នាំ​ឲ្យ​កើត​មាន​ភាព​អមនុស្ស​ធម៌​នោះ។ តាមរយៈ​ការ​ដោះស្រាយ​នេះ អ្នក​បាន​ផ្តល់​ឱកាស​ដល់​អ្នក​រៀន​សូត្រ​គិត​ពិចារណា​អំពី​បរិយាកាសសង្គមនា​ពេល​បច្ចុប្បន្ន​ និងទិដ្ឋភាព​ផ្សេងៗ​នៅ​ក្នុង​ប្រវត្តិសាស្រ្ត​ដែលត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​បរិយាកាសសង្គមនា​ពេល​បច្ចុប្បន្ន»។

នៅ​ក្នុង​អារម្ភក​ថា​នៃ​សៀវភៅ​ «អំពើ​ប្រល័យ​ពូជសាសន៍ និង​ការ​សម្លាប់​រង្គាល​នៅ​ក្នុង​ប្រវត្តិសាស្រ្ត​ពិភព​លោក» លោក​ ឆាំង យុ​ នាយកមជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​បាន​សង្កត់​ធ្ងន់​ពី​សារៈសំខាន់​នៃ​ការ​អប់រំ និង​ការ​សិក្សា​អំពី​ប្រវត្តិសាស្រ្ត។​

​លោក ឆាំង យុ​ បាន​សរសេរ​ថា៖

«គ្រប់​សង្គម​ទាំងអស់​ត្រូវ​ការ​កម្មវិធី​សិក្សា​ ដែល​បំផុស​គំនិត និង​នាំ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ ពីព្រោះ​គោល​ដៅ​ចម្បង​បង្អស់​នៃ​ការ​អប់រំ​ គឺ​មិន​ត្រឹម​តែ​បង្ហាញ​ឲ្យ​ឃើញ​ពីអ្វី​ដែល​មាន​ការ​ដឹង​ឮ​ពី​មុន​មក​ទេ​ ប៉ុន្តែ​ត្រូវ​តែ​ប្រជែង​តស៊ូ​មតិ​លើ​ការ​សន្មត់​ និង​ចំណេះដឹង​ផ្សេងៗ ដោយ​ប្រើ​ព័ត៌មាន និង​ទស្សនៈ​ផ្សេងៗ»។

លលាដ៍​ក្បាល​របស់​ជនរងគ្រោះ​ក្នុង​របប​ខ្មែរក្រហម ដែល​ត្រូវ​បាន​តម្កល់​ទុក​នៅ​វាលពិឃាត​ជើងឯក ក្នុងរាជធានីភ្នំពេញ។ (ស៊ុន ណារិន/VOA)
លលាដ៍​ក្បាល​របស់​ជនរងគ្រោះ​ក្នុង​របប​ខ្មែរក្រហម ដែល​ត្រូវ​បាន​តម្កល់​ទុក​នៅ​វាលពិឃាត​ជើងឯក ក្នុងរាជធានីភ្នំពេញ។ (ស៊ុន ណារិន/VOA)

ការ​សិក្សា​ប្រវត្តិសាស្រ្ត​ខ្មែរ​ក្រហម​នៅ​តែ​ជា​ប្រធាន​បទ​រំញោច​ផ្នែក​នយោបាយ​មួយ​នៅ​កម្ពុជា ដោយ​សារ​តែ​មន្រ្តី​រដ្ឋាភិបាល​មួយ​ចំនួន​មាន​ឬសគល់​នៅ​ក្នុង​របប​ខ្មែរ​ក្រហម ហើយ​រហូត​មក​ដល់​ពេល​នេះ មិនមា​ន​វគ្គសិក្សា​ណា​មួយ​ដែល​សិក្សា​លម្អិត​និង​ស៊ីជម្រៅ​អំពី​របប​ខ្មែរ​ក្រហម​នៅ​កម្ពុជា​នោះ​ទេ។

ក្រោយ​ពី​របប​ខ្មែរ​ក្រហម​ត្រូវ​បាន​ផ្តួល​រំលំនៅ​ឆ្នាំ​ ១៩៧៩ ដោយ​រដ្ឋាភិបាល​កម្ពុជា​មួយ​ ក្រោម​ជំនួយ​ពី​វៀតណាម​ ប្រវត្តិសាស្រ្ត​ខ្មែរ​ក្រហម​ត្រូវ​បាន​បង្រៀន​ក្នុង​ទម្រង់​បែប​ឃោសនាដើម្បី​ផល​ចំណេញ​នយោបាយ។​

ប្រជាជន​ខ្មែរ​ប្រមាណ​ ១,៧ លាន​នាក់​បាន​ស្លាប់​នៅ​ក្នុង​របប​ខ្មែរ​ក្រហមដោយសារ​ការ​កាប់​សម្លាប់​ ការ​ធ្វើ​ទារុណកម្ម ការ​ឃុំឃាំង ការ​ធ្វើ​ទាសកម្ម និង​ការ​បង្អត់​អាហារ។​

លោក ឆាំង យុ នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា(DC-Cam)​ និង​ក្រុម​ការងារ​ ចាប់​ផ្ដើម​មើល​ប័ណ្ណសារ​ផ្ទាល់​ខ្លួន​របស់​ឧត្ដមសេនីយ៍ ឡេះ កូសែម​ ដែល​ត្រូវ​បាន​បរិច្ចាគ​នា​ពេល​ថ្មី​ៗ​ដល់​មជ្ឈមណ្ឌល​នេះ​ សម្រាប់​ការសិក្សា​ស្រាវជ្រាវ កាល​ពី​ថ្ងៃ​ទី​៧ ខែ​ឧសភា​ ឆ្នាំ​២០១៨​។ (អូន ឆេងប៉រ/VOA)
លោក ឆាំង យុ នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា(DC-Cam)​ និង​ក្រុម​ការងារ​ ចាប់​ផ្ដើម​មើល​ប័ណ្ណសារ​ផ្ទាល់​ខ្លួន​របស់​ឧត្ដមសេនីយ៍ ឡេះ កូសែម​ ដែល​ត្រូវ​បាន​បរិច្ចាគ​នា​ពេល​ថ្មី​ៗ​ដល់​មជ្ឈមណ្ឌល​នេះ​ សម្រាប់​ការសិក្សា​ស្រាវជ្រាវ កាល​ពី​ថ្ងៃ​ទី​៧ ខែ​ឧសភា​ ឆ្នាំ​២០១៨​។ (អូន ឆេងប៉រ/VOA)

​លោក ​ឆាំង យុ​ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ បាន​លើកឡើងពី​ការ​គិត​ដែល​នាំ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​នៅ​ក្នុង​ចំណោម​ប្រជាជន​កម្ពុជា​នៅ​ក្នុង​អារម្ភកថា​នៃសៀវភៅ​ «អំពើ​ប្រល័យ​ពូជសាសន៍ និង​ការ​សម្លាប់​រង្គាល​នៅ​ក្នុង​ប្រវត្តិ​សាស្រ្ត​ពិភពលោក»។​

លោក​ ឆាំង​ យុ​បាន​សរសេរ​ថា៖

​«ប្រជាជន​កម្ពុជា​អាច​អះអាង​ពី​សារៈសំខាន់​នៃ​ការ​រិះគិត​ដែល​ជំរុញ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ។ ប៉ុន្តែ​សកម្មភាព​និង​គំនិត​ ជា​ទូទៅ​តែងតែ​ត្រូវ​បាន​បំពេញ​ដោយ​ក្តី​ប្រាថ្នា​យ៉ាង​មុតមាំ​ចំពោះ​បញ្ហាសន្តិសុខ​ដែល​កើត​ចេញ​ពី​ការ​ជំរុញ​ចិត្ត និង​ការ​បង្កើត​ថ្មី។​ ភព​លូតលាស់​ទៅ​មុខ និង​ភាព​ច្នៃ​ប្រឌិត​របស់​មនុស្ស​ គឺ​អាស្រ័យ​លើ​អ្នក​ដឹកនាំ ហើយ​យើង​ត្រូវ​តែ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​វិធី​សាស្រ្ត ដែល​អាច​លើក​កម្ពស់​ការ​គិត​ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត​ និង​ប៉ិន​ប្រសព្វ»។

​លោក​ Chris Dearing​ សង្ឃឹម​ថា​ តាមរយៈ​សៀវភៅ​នេះ​លោក​អាច​ជំរុញ​ភាព​ជា​មេដឹកនាំ​នៅ​ក្នុង​ចំណោម​សិស្ស​នៅ​កម្ពុជា និង​ធ្វើ​ឲ្យ​ពួកគេ​មាន​អារម្មណ៍​សម្រប​តាម​ការ​យល់​ដឹង​ពី​ប្រវត្តិសាស្រ្ត។ សម្រាប់​លោក​ ការ​ជំរុញ​ឲ្យ​មាន​សីលធម៌​ខ្ពស់​គួរ​តែ​ស្ថិត​ជា​របៀបវារៈ​អាទិភាព​របស់រដ្ឋាភិបាល​ចំពោះ​ប្រជាជន​ និង​ក្នុង​ចំណោម​ប្រជាជន។​

​លោក​ Dearing​ បាន​ប្រាប់​ VOA​ ថា៖​

​«មនុស្ស​គ្រប់គ្នា​អាច​បំពេញ​ភាព​ជា​មេដឹកនាំ​តាមរយៈ​ការ​ក្រសោប​យក​ការ​ប្រកាន់សីលធម៌​ខ្ពស់។ ហើយ​ខ្ញុំ​គិត​ថា នៅ​ថ្នាក់​កំពូល​នៃ​អង្គភាព ឬ​សង្គម​មួយ​ រដ្ឋាភិបាល​ត្រូវ​តែ​មាន​ភាព​លេចធ្លោ​នៅ​ក្នុង​ផ្នែក​ភាព​ជា​មេដឹកនាំ និងផ្នែកសីលធម៌ ក៏ដូចជា ធ្វើ​ជា​ឧទាហរណ៍​ពី​ការ​ប្រព្រឹត្ត​ដាក់​លើ​ពលរដ្ឋ​ទូទៅ។ មិន​ត្រឹម​តែ​រវាង​រដ្ឋាភិបាល​ និង​ប្រជាជន​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​នៅ​ក្នុង​ចំណោម​ប្រជាជន​និង​ប្រជាជន​ផង​ដែរ»។​

​នៅ​ពេល​សួរ​ថា​តើ​សៀវភៅ​«អំពើប្រល័យ​ពូជសាសន៍ និង​ការ​សម្លាប់​រង្គាល​នៅ​ក្នុង​ប្រវត្តិសាស្រ្ត​ពិភពលោក» ឆ្លុះ​បញ្ចាំង​ថា យុត្តិធម៌​គួរ​តែ​ផ្តល់​ឲ្យ​យ៉ាង​ដូចមេ្តច​នៅ​ពេល​មាន​ការ​ប្រព្រឹត្ត​ភាព​សាហាវ​យង់ឃ្នង លោក​ Dearing ​បាន​ចង្អុល​បង្ហាញ​ថា ការ​អប់រំ​គឺ​ជា​ វិធី​សាស្រ្ត​បង្កា​រមួយ​ ក៏​ដូច​ជា​ វិធាន​ការ​ចាត់​ឡើង​ក្រោយ​ជម្លោះ​នៅ​ក្នុង​បរិបទ​ផ្សះផ្សាក្នុង​ចំណោម​ប្រជាជន។

​ដោយ​យល់ស្រប​ជាមួយ​ការ​លើក​ឡើង​របស់​ លោក​ Dearing​ ​លោក ​ឆាំង យុ​ បាន​សរសេរ​ថា៖​

​«ការ​សិក្សា​អំពី​ប្រវត្តិសាស្រ្ត​គឺ​ជា​សមាសធាតុ​ដ៏​សំខាន់​សម្រាប់​ចក្ខុវិស័យ​នៃ​ការ​អប់រំ។ ប្រវត្តិសាស្រ្ត​អាច​ត្រូវ​បាន​សិក្សា​ដើម្បី​បណ្តុះ​ការ​យល់ដឹង​ និង​ការ​ឆ្លុះបញ្ចាំង​ប្រកប​ដោយ​ការ​ត្រិះរិះ​ពិចារណា តាមរយៈ​គំនិត​ពី​អតីត​កាល​ មនុស្ស​និង​ស្ថាប័ន។ ប្រវត្តិសាស្ត្រ​អាច​ជា​មូលដ្ឋាន​គ្រឹះ​នៃ​ក្តី​សង្ឃឹម​ ជា​កត្តា​ជំរុញ​ទឹកចិត្ត​ និង​ជា​ការ​សណ្តោស​ប្រណី។ ទន្ទឹម​នឹង​នេះ​ដែរ ប្រវត្តិសាស្រ្ត​ក៏​អាច​ត្រូវ​បាន​ប្រើប្រាស់​ជា​សម្ភារៈ​សម្រាប់​ការ​អប់រំ​ ដើម្បី​ពន្យល់​ពី​កំហុស​ គុណវិបត្តិ និង​អំពើ​ខុសឆ្គង​ក្នុង​សង្គម»។​

កាល​ពីខែ​វិច្ឆិកា ឆ្នាំ​២០១៨ ​កន្លង​ទៅ​ ការ​ផ្តន្ទាទោស​ទៅ​លើ​ជន​ទទួល​ខុសត្រូវ​ខ្ពស់​បំផុត​នៅ​ក្នុង​របប​ខ្មែរ​ក្រហម​គឺ នួន ជា​ និង​ខៀវ សំផន​បាន​ជំរុញ​ឲ្យ​តុលាការ​ខ្មែរ​ក្រហម​ដែល​ធ្លាប់​រង​ភាព​ចម្រូង​ចម្រាស​គៀក​នឹង​បញ្ចប់​ជា​ស្ថាពរ។

នៅ​ក្នុង​ដំណើរការ​សវនាការ​អស់រយៈពេល​ជិត​១០​ឆ្នាំ និង​មាន​ការ​ចំណាយ​ជាង​៣០០ លាន​ដុល្លារ​មក​ តុលាការ​ខ្មែរ​ក្រហម​បាន​រក​ឃើញ​ជន​ជាប់​ចោទ​ឈ្មោះ​ កាំង​ ហ្គិច​អៀវ​ ហៅ​ឌុច​ ដែល​ដឹកនាំ​គុក​ស២១​អំឡុងពេល​របប​ខ្មែរ​ក្រហម​ថា​ មាន​ទោស ហើយ​នៅ​ទី​បំផុត ​ឌុច​ត្រូវ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត។

ករណី​នៃ​ជន​សង្ស័យ​នៅ​ថ្នាក់​កណ្តាល​ក្នុង​របប​ខ្មែរ​ក្រហម​ចំនួន​បួន​នាក់​ផ្សេង​ទៀតកំពុង​តែ​ត្រូវ​បាន​សិក្សា​ដើម្បី​ធ្វើ​ការ​កាត់​ទោស​ ក៏​ប៉ុន្តែ​ធ្លាប់​បាន​រង​ការ​អាក់ខាន ឬ​ភាព​មិន​ច្បាស់លាស់ផង​ដែរ។ ដោយ​មិន​មាន​កិច្ច​សហការ​ពី​សមាជិក​មក​ពី​ភាគី​កម្ពុជា​នៅ​ក្នុង​ដំណើរ​ការ​តុលាការ​នោះ​ទេ គឺ​គ្មាន​រឿងក្តី​ណា​មួយ​អាច​បន្ត​ទៅ​មុខ​បាន​ឡើយ។

លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន​ ដែល​បាន​ស្ថិត​ក្នុង​អំណាច​ជាង​៣ទសវត្សរ៍ ​បាន​លើក​ឡើង​ម្តង​ហើយ​ម្តង​ទៀត​ថា នឹង​មិនមាន​ការ​កាត់​ទោសលើ​អតីត​យុទ្ធជន​ខ្មែរ​ក្រហម​បន្ត​ទៀត​ឡើយ ដោយ​លោក​លើក​ឡើង​ថា ការ​កាត់ទោស​បន្ត​ទៀត​អាច​បង្ក​ឲ្យ​មាន​ភាព​ចលាចល។ លោក​ ហ៊ុន សែន​ ខ្លួន​ឯង​ផ្ទាល់​ធ្លាប់​ជា​មេ​បញ្ជាការ​ថ្នាក់​កណ្តាល​នៃ​ពួក​ខ្មែរ​ក្រហម មុន​ពេល​ផ្តាច់​ខ្លួន​ នៅ​ពេល​ដែល​ខ្មែរ​ក្រហម​នៅ​មាន​អំណាច​នៅ​ឡើយ។

​នៅ​ពេល​សួរថា​តើ​ផលវិបាក​មាន​អ្វី​ខ្លះប្រសិន​បើ​ពលរដ្ឋ​មាន​អារម្មណ៍​ថា យុត្តិធម៌​ជា​ទូទៅ​មាន​ភាពស្រពិចស្រពិល​ លោក ​ឆាំង​ យុ​ បាន​សរសេរ​ប្រាប់​ VOA​ តាមរយៈ​អ៊ីម៉ែល​ថា៖

​«ប្រសិន​បើ​អ្នក​សម្លឹងមើល​ប្រវត្តិសាស្រ្ត​នៅ​កម្ពុជា​ចាប់​តាំង​ពី​ឆ្នាំ​១៩៤៥​មក​ ពលរដ្ឋ​បានចេញ​ដើរតាម​ផ្លូវ និង​បាន​ទាមទារ​យុត្តិធម៌។ ហើយ​នៅ​ក្នុង​ករណី​ខ្លះ​ ការណ៍​នេះ​នាំឲ្យ​មាន​អំពើហិង្សា ឬ​សង្រ្គាម​ ដែល​ក្នុង​នោះ​រួម​មាន​អំពើ​ប្រល័យ​ពូជសាសន៍​ផង​ដែរ»។​

លោក Dearing​ អះអាង​ថា ភាព​ស្របច្បាប់​ និង​ជំនឿ​ជាក់​ពី​សាធារណជន​លើស្ថាប័ន​នានា​ដើរ​តួ​សំខាន់​នៅ​ក្នុង​ការ​រក្សា​សន្តិភាព​នៅ​ក្នុង​សង្គម។​

លោក​ Dearing​ បាន​និយាយ​ថា៖​

«គ្រប់​សង្គម​ទាំងអស់​ពឹងផ្អែក​លើ​ទម្រង់​ជាក់លាក់​មួយ​នៃ​ភាពស្របច្បាប់​នៃ​ស្ថាប័ន​នានា ហើយ​ប្រសិន​បើ​មិនមាន​ការ​ជឿជាក់​ពីសាធារណជន​ទេ​ ការណ៍​នេះ​ងាយ​បង្ក​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​ស្ថាប័ន​ទាំងនោះ​ទាំង​ដោយ​សន្តិវិធី និង​ដោយ​ប្រើ​ហិង្សា»។

ក្នុង​ការ​ឆ្លើយ​តប​នឹង​សំណួរ​ថា​តើមានសេណារីយ៉ូ​ណាមួយ​ដែល​បង្ហាញថា​ យុត្តិធម៌​មិន​ត្រូវ​បាន​ផ្តល់​ឲ្យ​ត្រឹមត្រូវ​ លោក​ Dearing​ បាន​អំពាវនាវ​ឲ្យ​មាន​ការ​សញ្ជឹង​គិត​ និង​ចាត់​វិធានការផ្សេងៗ​នៅ​ក្នុង​ចំណោម​ពលរដ្ឋ។​

លោក​បាន​និយាយ​ថា៖​

«ជំនឿ​ជាក់​ដែល​ថា អ្នក​អាចបំបាត់​អតីតកាលគឺ​ តែងតែ​បង្ក​ជា​បញ្ហា​សម្រាប់​យុត្តិធម៌។​ អតីតកាល​មិន​អាច​ត្រូវ​បាន​កប់​ចោល​ទាំងស្រុង​នោះ​ទេ។​ តាមរយៈ​ការ​ព្យាយាម​លុប​បំបាត់​អតីតកាល​ អ្នក​កំពុង​បំបិទ​ការ​សញ្ជឹង​គិត​ ដែល​ត្រូវ​តែ​ធ្វើ​ឡើង​ ដើម្បី​បញ្ចៀសការ​កើតឡើង​វិញ​នូវ​ភាពសាហាវ​ឃោឃៅ​ដែល​ធ្លាប់​បាន​កើត​ឡើង​កាល​ពី​អតីតកាល»។​

លោក​ ហង់ ជួន​ណារ៉ុន រដ្ឋ​មន្រ្តី​ក្រសួង​អប់រំ យុវជន​និង​កីឡា ថ្លែង​សុន្ទរកថា​នៅ​ក្នុង​មហោស្រពជាតិ​ស្តី​ពីវិទ្យាសាស្រ្ត​និងវិស្វកម្ម​លើកទី​៥​ឆ្នាំ​២០១៩​កាលពី​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ២០១៩​ នៅ​ពហុ​កីឡដ្ឋាន​អូឡាំពិក​ រាជធានី​ភ្នំពេញ​ប្រទេស​កម្ពុជា។ (ទុំ ម្លិះ/VOA Khmer)
លោក​ ហង់ ជួន​ណារ៉ុន រដ្ឋ​មន្រ្តី​ក្រសួង​អប់រំ យុវជន​និង​កីឡា ថ្លែង​សុន្ទរកថា​នៅ​ក្នុង​មហោស្រពជាតិ​ស្តី​ពីវិទ្យាសាស្រ្ត​និងវិស្វកម្ម​លើកទី​៥​ឆ្នាំ​២០១៩​កាលពី​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ២០១៩​ នៅ​ពហុ​កីឡដ្ឋាន​អូឡាំពិក​ រាជធានី​ភ្នំពេញ​ប្រទេស​កម្ពុជា។ (ទុំ ម្លិះ/VOA Khmer)

​រដ្ឋមន្រ្តី​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា លោក​ ហង់​ ជួន​ណារ៉ុន ​បាន​ចែករំលែកគំនិត​របស់​លោក​នៅ​ក្នុង​អារម្ភក​ថានៃ​សៀវភៅ​ «អំពើ​ប្រល័យ​ពូជសាសន៍ និង​ការ​សម្លាប់​រង្គាល​នៅ​ក្នុង​ប្រវត្តិសាស្រ្ត​ពិភព​លោក» ដោយលោក​បាន​កោះហៅ​ឲ្យ​មាន​ការ​ប្តេជ្ញា​ដើម្បី​អនាគត​ប្រសើរ​ជាង​មុន​សម្រាប់​ជនជំនាន់​ក្រោយ។​

លោក​បាន​សរសេរ​ថា៖

​«ទោះ​បី​ជា​យើង​ពុំ​មាន​ដំណោះស្រាយ​ទំនើប​បែប​វិទ្យាសាស្រ្ត​ ឬ​ការ​បង្វិល​ពេលវេលា​ថយក្រោយ​ក៏​ពិត​មែន ក៏​យើង​មាន​អំណាច​ផ្នែក​ប្រវត្តិសាស្រ្ត ការ​អប់រំ​ និង​ការ​ប្តេជ្ញាចិត្ត​ចំពោះ​អនាគត​របស់​យើង។ យើង​មាន​កាតព្វកិច្ច​ផ្តល់​ដល់​មនុស្ស​ជំនាន់​ក្រោយ​នូវ​ពិភពលោក​ដ៏​ប្រសើរ​មួយ​ ដែល​គ្មាន​អំពើ​ប្រល័យ​ពូជសាសន៍​ និង​ការ​សម្លាប់​រង្គាល​អាច​យាយី​ដល់​អ្នក​ទាំង​នោះ​»។

ដោយ​គាំទ្រ​ការ​យល់​អារម្មណ៍ និង​ការ​សម្រុះសម្រួល​ លោក​រដ្ឋមន្រ្តី​ ហង់ ជួន​ណារ៉ុន​ បាន​សរសេរ​បន្ថែម​ថា៖ «ការ​អប់រំ​ពុំ​អាច​ជា​ឱសថ​ព្យាបាល​រាល់​អំពើ​អមនុស្សធម៌​ទាំងអស់​បាន​ទេ ក៏​ប៉ុន្តែ​ការ​អប់រំ​គឺ​ជា​ កត្តា​ដ៏​សំខាន់​មួយ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​ជា​រួម​របស់​យើង ក្នុង​ការ​កសាង​ពិភពលោក​ដ៏​ប្រសើរ​មួយ​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ»៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG