ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធី​ទូរស័ព្ទ​និង​គេហទំព័រ​«ទី​ចង​ចាំ»​ ចងក្រង​រឿងរ៉ាវ​របប​ខ្មែរ​ក្រហម


អ្នកប្រើប្រាស់​កំពុង​បើក​មើល​កម្មវិធី​ទូរសព្ទ​ដែល​មាន​ឈ្មោះ​ថា​ «ទីចងចាំ» ក្នុង​ពិធី​សម្ពោធ​គម្រោង​កម្មវិធី​ទូរស័ព្ទ និង​គេហទំព័រ «ទីចងចាំ» ឬ​ Mapping Memories Cambodia (MMC) ក្នុង​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ នា​ថ្ងៃទី​២ ខែកុម្ភៈ ឆ្នាំ២០១៩។  (កាន់ វិច្ឆិកា/VOA)

កាលពី​ថ្ងៃសៅរ៍​សប្តាហ៍​មុន​ ​ដេប៉ាតឺម៉ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ​និង​សារគមនាគមន៍ បាន​សម្ពោធ​កម្មវិធី​ទូរស័ព្ទ និង​គេហទំព័រ​ឈ្មោះ​ថា​ ​«ទីចងចាំ»​ ​​ក្នុង​គោល​បំណង​ជំរុញ​ឲ្យ​យុវជន​ខ្មែរ​ជំនាន់​ក្រោយ​ ប្រើប្រាស់​បច្ចេកវិទ្យា​ដើម្បី​​សិក្សា​ស្រាវជ្រាវ​អំពី​រឿងរ៉ាវ​ខ្មែរ​ក្រហម។

កម្មវិធី​ទូរស័ព្ទ ​និង​គេហទំព័រ​ស្តីអំពី​រឿងរ៉ាវ​ ​និង​ប្រវត្តិ​នៃ​ទីតាំង​សំខាន់ៗ​ក្នុង​របប​ខ្មែរ​ក្រហម​ ដែល​មាន​ឈ្មោះ​ថា​ ​«ទីចងចាំ»​ ឬ​ «Mapping Memories Cambodia (MMC)»​ ​ទើប​ត្រូវ​បាន​សម្ពោធ​ឲ្យ​ប្រើប្រាស់​កាលពី​ថ្ងៃសៅរ៍​ដោយ​ដេប៉ាតឺម៉ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ​និង​សារគមនាគមន៍​នៃ​សាកល​វិទ្យា​ល័យ​ភូមិន្ទ​ភ្នំពេញ។​

ក្នុង​កម្មវិធី​ទូរស័ព្ទ​ និង​គេហទំព័រ ដែល​មាន​រៀបរាប់​អំពីរឿងរ៉ាវ​ស្តីពី​ទីតាំង​សំខាន់ៗក្នុង​សម័យ​ខ្មែរ​ក្រហម​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​តាមរយៈ​បទ​សម្ភាសន៍​ជាមួយ​អ្នក​នៅ​រស់រាន​ពី​របប​ខ្មែរ​ក្រហម ​និង​តាមរយៈ​ការ​ដកស្រង់​ចេញ​ពី​ឯកសារ​និង​សៀវភៅ​ប្រវត្តិសាស្ត្រ​នា​នា​ ​ស្តីអំពី​របប​កម្ពុជា​ប្រជាធិបតេយ្យ​។​ ​កម្មវិធី​ទូរស័ព្ទ​ និង​គេហទំព័រ​នេះ​ ក៏​មាន​ការ​កំណត់​ទីតាំង​សំខាន់ៗ​នៃ​សម័យ​ខ្មែរ​ក្រហម​លើ​ផែនទី​កម្ពុជា និង​ណែនាំ​អ្នកប្រើ​ទៅ​កាន់​ទីកន្លែង​ដែល​ប្រវត្តិ​បាន​កើត​ឡើង​ផង​ដែរ។

កញ្ញា ចាន់ មុយ​ហុង ប្រធាន​គម្រោង ថ្លែង​ក្នុង​ពិធី​សម្ពោធ​គម្រោង​កម្មវិធី​ទូរស័ព្ទ និង​គេហ​ទំព័រ​ស្តីអំពី​រឿងរ៉ាវ និង​ប្រវត្តិ​នៃ​ទីតាំង​សំខាន់ៗ​ក្នុង​របប​ខ្មែរក្រហម ដែល​មាន​ឈ្មោះ​ថា​ «ទីចងចាំ» ឬ​ «Mapping Memories Cambodia (MMC)» ក្នុង​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៩។
កញ្ញា ចាន់ មុយ​ហុង ប្រធាន​គម្រោង ថ្លែង​ក្នុង​ពិធី​សម្ពោធ​គម្រោង​កម្មវិធី​ទូរស័ព្ទ និង​គេហ​ទំព័រ​ស្តីអំពី​រឿងរ៉ាវ និង​ប្រវត្តិ​នៃ​ទីតាំង​សំខាន់ៗ​ក្នុង​របប​ខ្មែរក្រហម ដែល​មាន​ឈ្មោះ​ថា​ «ទីចងចាំ» ឬ​ «Mapping Memories Cambodia (MMC)» ក្នុង​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៩។

​កញ្ញា​ ​ចាន់ មុយ​ហុង​ ​ប្រធាន​គម្រោង​បាន​លើកឡើង​ថា ​គម្រោង​ទី​ចងចាំ​ឬ​ ​Mapping Memories​ Cambodia (MMC) ត្រូវ​បាន​ផលិត​ឡើង​ដោយ​និស្សិត​ដេប៉ាតឺម៉ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សារ​គមនាគមន៍​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ​(DMC)។​ ​កញ្ញា​បន្ត​ថា​ គម្រោង​នេះ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ជំរុញ​ឲ្យ​យុវជន​ខ្មែរ​ជំនាន់​ក្រោយ​ ​ប្រើប្រាស់​បច្ចេកវិទ្យា​ដើម្បីសិក្សា​ស្រាវជ្រាវ​អំពី​រឿងរ៉ាវ​ខ្មែរ​ក្រហម​ ​និងជួយ​ឲ្យ​ប្រជាជន​កម្ពុជាចងចាំ​ ​និង​ទប់ស្កាត់​ការ​ត្រឡប់​មក​វិញ​នូវ​របប​ប្រល័យ​ពូជ​សាសន៍​ដ៏​ឃោរឃៅ​មួយ​នេះ។​

កញ្ញា​បញ្ជាក់​ក្នុង​ពិធី​សម្ពោធ​កម្មវិធី​ទូរស័ព្ទ​ ​និង​គេហទំព័រ​នោះ​ក្នុង​បរិវេណ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ថា៖​

«យើង​ខ្លាច​ថា ​ភស្តុតាង​ ​ឬ​ក៏​ទីតាំង​សារៈសំខាន់ ដែល​យើង​អាច​យក​មក​ជា​ការ​ចងចាំ​អំពី​សម័យ​នោះ​ហ្នឹងគឺ​បាត់បង់​អស់ ហើយ​ណាមួយ​អ្នក​រស់​រាន​ពី​សម័យ​ខ្មែរក្រហម​គាត់​ក៏​អាយុ​ច្រើន​ដែរ​ បើ​គិត​ទៅ​គឺ​បូក​៤០ឆ្នាំ​ពី​ពេល​ហ្នឹង​មក។ អីចឹង​បើ​យើង​អត់​ធ្វើការ​ឥឡូវ​ហ្នឹង​ទេ ​យើង​នឹង​បាត់បង់​ឱកាស​មួយ​ដើម្បី​យុវជន​ជំនាន់​ក្រាយ​អាច​រៀន​សូត្រ​ពី​ជីវិត បទពិសោធន៍​នៃ​ការ​រស់នៅ​ក្នុង​របប​ហ្នឹង​តែ​ម្តង»។

ប្រ​ធាន​គម្រោង​វ័យ​២៨​ឆ្នាំ​រូបនេះ​ បន្ថែម​ថា​ ក្នុង​រយៈពេល​ជាង​មួយឆ្នាំ​ ចាប់​ពី​ដើម​ឆ្នាំ​២០១៨​មក និស្សិត​ជំនា​ន់ទី​១៥ និង​ទី​១៦​នៃ​ដេប៉ាតឺម៉ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សារគមនាគមន៍ បាន​ចុះ​ស្រាវជ្រាវ​ផ្ទាល់​នៅ​នឹង​កន្លែង​ចំនួន​ជាង​៥០ ក្នុង​រាជធានី​ខេត្ត​ចំនួន​១៨​ ព្រមទាំង​បាន​សម្ភាសន៍​អ្នក​នៅ​រស់រាន​មាន​ជីវិត​ពី​របប​នោះ ដើម្បី​ផ្សព្វផ្សាយ​ក្នុង​គម្រោង​ថ្មី​នេះ​។ កញ្ញា​បន្ថែមថា គម្រោង​នេះ​ផ្តោត​សំខាន់​ក្នុង​ការ​ជំរុញ​ឲ្យ​យុវជន​ដែល​មិនធ្លាប់​ឆ្លង​កាត់​របប​ខ្មែរក្រហម ឲ្យ​ងាក​មក​សិក្សា​ពី​ប្រវត្តិសាស្រ្ត​នៅ​កម្ពុជា។​

កញ្ញា​និយាយ​ថា៖​

«ភាគ​ច្រើន​ប្រធាន​បទ​អំពី​អតីត​កាល អំពី​ប្រវតិ្តសាស្រ្ត​អីចឹង ពុំសូវ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ប៉ុន្មាន​ទេ​ ដោយ​សារ​តែ​រវស់​គិតច្រើន​រឿង​ការ​អភិវឌ្ឍ​សង្គម​ ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​អី​ជាដើម។ អីចឹង​គម្រាង​ហ្នឹង​យើង​ចង់​ទាញ​អារម្មណ៍​មក​ចាប់ផ្ដើម​មក​សិក្សា​ ព្រោះ​ប្រវត្តិសាស្រ្ត​ការពិត​ទៅ​នៅ​ពេល​ដែល​យើង​ដឹង​ប្រវតិ្តសាស្ត្រ​ យើង​យល់ថា​ហេតុអី​បាន​ជា​សង្គម​យើង​នៅ​ពេល​បច្ចុប្បន្ន​មាន​ស្ថានភាព​បែប​ហ្នឹង អញ្ចឹង​វា​នឹង​អាច​ជួយ​ពួកគាត់​អាច​ចាប់ផ្តើម​គិត ហើយ​មាន​ការ​ប្តេជ្ញា​ក្នុង​ការ​កសាង​សង្គម​មួយ​ដែល​មាន​សនិ្តភាព​នៅ​ពេល​ក្រាយ»។​

កញ្ញា​ ​ចាន់ មុយហុង​ ​បន្ត​ថា​ ​សាធារណ​ជន​អាច​ចូល​ទស្សនា ស្តាប់ និង​អាន សាច់​រឿង​ទាំងអស់​ជា​ភាសា​ខ្មែរ​ឬ​អង់គ្លេស​ ​តាមរយៈ​គេហទំព័រ mappingmemoriescambodia.com ឬ​កម្មវិធី​ទូរស័ព្ទ ទី​ចង​ចាំ​ ​ឬ Mapping Memories Cambodia (MMC)។ កញ្ញាថា អ្នក​ប្រើប្រាស់​កម្មវិធី​ទូរស័ព្ទ និង​គេហទំព័រ​នេះ ​ក៏​អាច​ចែក​រំលែក​បទ​ពិសោធន៍​ផ្ទាល់​ខ្លួន​ក្នុង​សម័យ​ខ្មែរ​ក្រហម​បាន​ផង​ដែរ។

អ្នកចូលរួម​កំពុង​មើល​រូប​ថត​ដែល​រៀបរាប់​អំពី​ទីតាំង​បន្សល់ពីសម័យ​ខ្មែរ​ក្រហម ក្នុង​ពិធី​សម្ពោធ​គម្រោង​កម្មវិធី​ទូរសព្ទ និង​គេហទំព័រ​ស្តីអំពី​រឿងរ៉ាវ និង​ប្រវត្តិ​នៃ​ទីតាំង​សំខាន់ៗ​ក្នុង​របប​ខ្មែរ​ក្រហម ដែល​មាន​ឈ្មោះ​ថា​ «ទីចងចាំ» ឬ​ «Mapping Memories Cambodia នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៩។
អ្នកចូលរួម​កំពុង​មើល​រូប​ថត​ដែល​រៀបរាប់​អំពី​ទីតាំង​បន្សល់ពីសម័យ​ខ្មែរ​ក្រហម ក្នុង​ពិធី​សម្ពោធ​គម្រោង​កម្មវិធី​ទូរសព្ទ និង​គេហទំព័រ​ស្តីអំពី​រឿងរ៉ាវ និង​ប្រវត្តិ​នៃ​ទីតាំង​សំខាន់ៗ​ក្នុង​របប​ខ្មែរ​ក្រហម ដែល​មាន​ឈ្មោះ​ថា​ «ទីចងចាំ» ឬ​ «Mapping Memories Cambodia នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៩។

ក្នុង​កម្មវិធី​ទូរស័ព្ទ​ និង​គេហទំព័រ​នោះ គេ​ឃើញ​មាន​វីដេអូ​ឯកសារ​ចំនួន​៣០ កម្រង​រូបភាព​ចំនួន​៥ អត្ថបទ​បែប​ជា​បទ​យកការណ៍​ចំនួន​៣ និង​បទ​យក​ការណ៍​វិទ្យុ​ចំនួន​២០​ ព្រម​ទាំង​ផែនទី​អំពី​ទីតាំង​ប្រវត្តិសាស្រ្ត​ក្នុង​របប​ខ្មែរក្រហម​ចំនួន​ជាង​៥០​ទីតាំង។​

ក្នុង​ពិធី​សម្ពោធ​កាលពី​ថ្ងៃសៅរ៍​នោះ​ ​គេ​ឃើញ​មាន​ការ​ចូលរួម​ពី​មន្រ្តី​ស្ថាប័ន​រដ្ឋ​ ​និង​ឯកជន​ទាំង​ជាតិ និង​អន្តរជាតិ ព្រមទាំង​មាន​សិស្ស និស្សិត និង​សាធារណជន​មួយ​ចំនួន​ ដោយ​មាន​ទាំង​ការ​សម្តែង​របាំដែល​មាន​ចំណង​ជើង​ថា «ផ្កាស្លា» រៀបរាប់​អំពី​ជីវិត​គូស្រករ​ក្នុង​សម័យ​ខ្មែរ​ក្រហម​ ព្រមទាំង​ការ​ចាក់​បញ្ចាំង​វីដេអូ​ឯកសារ​ពាក់ព័ន្ធ​នឹង​របប​អាវ​ខ្មៅ​នោះ មួយ​ចំនួន​ផង។​

កញ្ញា​ ​ហ៊ឹម ស្រីនា​ ​បុគ្គលិក​អង្គការ​មួយរូប​ដែល​បាន​ចូលរួម​សម្ពោធ​គម្រោង​កម្មវិធី​ទូរស័ព្ទ និង​គេហទំព័រ​នោះ ប្រាប់ ​VOA ថា ការ​បង្កើត​គេហទំព័រ និង​កម្មវិធី​ទូរស័ព្ទ​ដែល​ផ្សព្វផ្សាយ​អំពី​ប្រវត្តិ​ពាក់ព័ន្ធ​នឹង​ខ្មែរក្រហម​នេះ ធ្វើ​ឲ្យ​មាន​ភាព​ងាយស្រួល​សម្រាប់​អ្នកប្រើប្រាស់ ពិសេស​សិស្ស និស្សិត​ដែល​ត្រូវ​ការ​សិក្សា​ ​និង​ស្រាវជ្រាវ។

កញ្ញា​បញ្ជាក់​ថា៖​

«ខ្ញុំ​ឃើញ​គេ​ដាក់​ជា​ភាពយន្តឯកសារ​ ​មាន​ជា​វីដេអូ​ខ្លីៗ​មាន​អី​អញ្ចឹង​ ខ្ញុំ​គិតថា ​វា​ល្អ​ដែរ​ ពីព្រោះ​ដោយ​សារ​វា​ជា​រឿង​ពិត​ផ្ទាល់របស់​ពុកម៉ែ​បងប្អូន​យើង​ ដែល​គាត់​ឆ្លង​កាត់​នូវ​រឿងរ៉ាវ​ផ្ទាល់​ ​អីចឹងខ្ញុំ​គិត​ថា​អាច​ធ្វើ​ឱ្យ​យើង​ដឹងតែ​ច្បាស់​ មាន​ន័យ​ថា​ ជា​ឧទាហរណ៍​ជាក់ស្ដែង​ដែល​ពួក​គាត់​ឆ្លង​កាត់។​ សម្រាប់​ខ្ញុំ​ពេល​មើល​វីដេអូ​វា​ម្យ៉ាង ​ពេល​ដែល​យើង​អានឯកសារ ឬ​សៀវភៅ​ម្យ៉ាង​ អញ្ចឹង​វា​ពិតជា​មាន​នៅ​ក្នុង​ហ្នឹង​ទាំងអស់ វា​ពិតជា​មាន​ភាព​ងាយ​ស្រួល ហើយ​ល្អ​មែនទែន​សម្រាប់​ខ្ញុំ»។​

បុគ្គលិក​អង្គការ​វ័យ​២៦​ឆ្នាំ​រូប​នេះ​បន្ថែម​ថា ​ផែនទី​បង្ហាញ​ពី​ទីតាំងស្តីពី​តំបន់​ខ្មែរ​ក្រហម​ក្នុង​គេហទំព័រ និង​កម្មវិធី​ទូរស័ព្ទ​នេះ ក៏​ជា​ផ្នែក​នៃ​ការ​កំសាន្ត​សម្រាប់​អ្នកប្រើប្រាស់​ផង​ដែរ។​

កញ្ញា​និយាយ​ថា៖​

«ពេលខ្លះ​យើង​គិតថា​ យើង​ដឹង​ពី​ប្រវតិ្តសា្រស្ត​ធំៗ​ ​ដូចថា​តំបន់​ហ្នឹង​ធ្លាប់​មាន​បញ្ហា​ជា​តំបន់​ប្រវតិ្ត​សាស្រ្ត​អីអញ្ចឹង។​ ពេលខ្លះ​ខ្ញុំ​មិនមែន​ជា​អ្នកស្រាវជ្រាវ​ខ្ញុំ​អត់​ដឹង​ថា ​តំបន់​ជិត​ខ្លួន​ជា​ប្រវតិ្តសាស្ត្រ​ដែរ​ទេ​ អញ្ចឹង​អាច​ថា ​វា​ល្អ​ដែរ​សម្រាប់​ការ​ដែល​មាន​ ​(map)​ ​ផែនទី​មើល»។​

របប​កម្ពុជា​ប្រជាធិបតេយ្យ​ ​ឬ​ខ្មែរ​ក្រហម​ ​ដែល​មាន​ការ​គាំទ្រ​ពី​ប្រទេស​ចិន​ និង​ប្រទេស​កុម្មុយនីស្ត​មួយ​ចំនួន​ ​បាន​គ្រប់គ្រង​ប្រទេស​កម្ពុជា​ចាប់​ពី​ខែ​មេសា ​ឆ្នាំ​ ​១៩៧៥ដល់​ខែ​មករា ​ឆ្នាំ​១៩៧៩​ ​អស់​រយៈ​ពេល​ជាង​៣​ឆ្នាំ។​ ​របប​កុម្មុយនីស្ត​មួយ​នេះ​បាន​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​ប្រមាណ​ជា​១,៧​លាន​នាក់​ ដោយសារ​ការ​សម្លាប់ ​ការ​ធ្វើ​ទារុណកម្ម ​ការ​បង្អត់​អាហារ​ ​ជំងឺ​រ៉ាំរ៉ៃ និង​ការ​បង្ខំ​ឲ្យ​ប្រជាជន​ធ្វើការ​ហួស​កម្លាំង​ជាដើម។​

ក្រោយ​ការ​បង្កើត​អង្គជំនុំ​ជម្រះ​វិសាមញ្ញ​ដែល​ហៅ​កាត់​ថា​សាលាក្តី​ខ្មែរក្រហម​ គេ​ឃើញ​អ្នក​ទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យមួយ​ចំនួន​ ដែល​រួម​មាន ​នួន​ ជា ​អតីត​ប្រធាន​រដ្ឋសភា អៀង ​សារី ​អតីត​រដ្ឋមន្ត្រី​ការបរទេស ​និង​ខៀវ ​សំផន​ អតីត​ប្រមុខរដ្ឋ ​ជាដើម ត្រូវយក​មក​កាត់ទោស​ជាបន្ត​បន្ទាប់។​

លោក​ ​នេត្រ ភក្រ្តា​ ​អ្នកនាំពាក្យ​សាលាក្តី​ខ្មែរ​ក្រហម ដែល​បាន​ចូលរួម​ក្នុង​ពិធី​សម្ពោធ​នោះ ថ្លែង​ថា គម្រោង​នេះមាន​សារសំខាន់​សម្រាប់ការ​សិក្សា និង​ពង្រឹង​ការ​យល់​ដឹង​ពី​របប​ខ្មែរ​ក្រហម ដើម្បីទប់ស្កាត់​មិន​ឲ្យ​មាន​ការ​វិល​ត្រឡប់​មក​វិញ​នៃ​របប​ប្រល័យ​ពូជសាសន៍​បែប​នេះ។

លោក​បញ្ជាក់​ថា៖​

«App​ ​(កម្មវិធី​ទូរស័ព្ទ)​ ​នេះ​ ​ក៏​ដើរ​តួនាទី​សំខាន់​នៅ​ក្នុង​ការ​ពង្រឹង​ការ​យល់​ដឹង​សាធារណជន។​ អីចឹង​គឺជា​ផ្នែក​នៃ​ការ​ចូលរួម​ពង្រឹង ការ​ទប់​ស្កាត់​ និង​កុំ​ឲ្យ​មាន​អំពើ​ឧក្រិដ្ឋកម្ម​សាហាវ​ឃោរឃៅ​ដូច​របប​ខ្មែរ​ក្រហម​ ​វិល​មក​ប្រទេស​កម្ពុជា​វិញ។​ ​អីចឹង​ ​App​ នេះ​គឺ​ជា​ផ្នែក​តូច​មួយ​មែន​ ​ក៏​ប៉ុន្តែ​ជាផ្នែក​មួយ​នៃ​ការ​ពង្រឹង​ការ​យល់​ដឹង​យូរ​អង្វែង​សម្រាប់​មនុស្ស​ជាតិ​យើង»។

លោក នេត្រ ភក្រ្តា អ្នកនាំពាក្យ​សាលាក្តី​ខ្មែរ​ក្រហម​ប្រាប់ VOA ក្នុង​ពិធី​សម្ពោធ​គម្រោង​កម្មវិធី​ទូរស័ព្ទ និង​គេហទំព័រ​ស្តីអំពី​រឿងរ៉ាវ និង​ប្រវត្តិ​នៃ​ទីតាំង​សំខាន់ៗ​ក្នុង​របប​ខ្មែរក្រហម ដែល​មាន​ឈ្មោះ​ថា​ «ទីចងចាំ» ឬ​ «Mapping Memories Cambodia (MMC)» នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៩។
លោក នេត្រ ភក្រ្តា អ្នកនាំពាក្យ​សាលាក្តី​ខ្មែរ​ក្រហម​ប្រាប់ VOA ក្នុង​ពិធី​សម្ពោធ​គម្រោង​កម្មវិធី​ទូរស័ព្ទ និង​គេហទំព័រ​ស្តីអំពី​រឿងរ៉ាវ និង​ប្រវត្តិ​នៃ​ទីតាំង​សំខាន់ៗ​ក្នុង​របប​ខ្មែរក្រហម ដែល​មាន​ឈ្មោះ​ថា​ «ទីចងចាំ» ឬ​ «Mapping Memories Cambodia (MMC)» នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៩។

លោក​ ​នេត្រ ភក្រ្តា​ ​បន្ថែម​ដោយ​រំពឹង​ថា​ ​អង្គភាព​គាំពារ​ជនរង​គ្រោះ​សាលាក្តី​ខ្មែរ​ក្រហម អាច​ស្នើ​សុំ​គម្រោង​នេះ​ធ្វើ​ជា​ផ្នែក​មួយ​នៃ​សំណង​សមូហភាព​ក្រៅ​តុលាការ​ ​ដើម្បី​ផ្សះផ្សារ​ផ្លូវ​ចិត្ត​របស់​ជន​រង​គ្រោះ​ពី​សម័យ​ខ្មែរ​ក្រហម។

ចាប់​តាំង​ពី​ឆ្នាំ​២០០៦​ ​រហូត​ដល់​ឆ្នាំ​២០១៧​ ​សាលា​ក្តី​ខ្មែរក្រហម​ ​បាន​ចំណាយ​ថវិកា​អស់​២៩៧​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ ​ដែល​ជា​ថវិកា​បាន​មក​ពី​រដ្ឋាភិបាល​កម្ពុជា​ ​និង​ម្ចាស់​ជំនួយ​អន្តរ​ជាតិ​ផ្សេងៗ។​

សាលា​ក្តី​កូនកាត់​មួយ​នេះ​បាន​ជំនុំជម្រះ​ ​និង​ផ្តល់​សំណង​ដល់​ដើម​បណ្តឹងរ​ដ្ឋប្បវេណី​ជា​សំណង​ផ្លូវចិត្ត​ ​និង​សំណង​សមូហភាព​ ​តាម​រយៈ​ការ​ទទួលស្គាល់​ជនរងគ្រោះ​ជា​ដើម​បណ្តឹង​ ​ការ​សាងសង់​ស្តូប​រំឭក​វិញ្ញាណក្ខន្ធ​ ​ការ​បញ្ចូល​កម្មវិធី​ផ្សព្វផ្សាយ​និង​អប់រំ​ជាដើម។ យ៉ាងណា​ក្តី​ ​នៅ​មាន​ដើម​បណ្តឹង​រដ្ឋប្បវេណី​មួយ​ចំនួន​ ​ទទូច​ចង់​បាន​សំណង​ជា​ទឹកប្រាក់​សម្រាប់​បុគ្គល​ម្នាក់ៗ ​ប៉ុន្តែ​សំណើ​នេះ​ត្រូវ​បាន​អង្គ​ជំនុំជម្រះ​ច្រាន​ចោល ​ដោយ​អះ​អាង​ថា ​មិន​មាន​លទ្ធភាព​ផ្តល់​ឲ្យ៕

XS
SM
MD
LG